ភាពយន្ត​ឯកសារ​ ​«ភាព​វិល​វល់​នៃ​យុត្តិធម៌»​ ​រៀបរាប់​ពី​ស្រ្តី​រង​គ្រោះ​ពី​របប​ខ្មែរ​ក្រហម​នឹង​ចាក់​បញ្ចាំង​តាម​ទូរទស្សន៍​ជាតិ​អាមេរិក

សាស្ត្រាចារ្យ នូវ លក្ខិណា និង​ស្ត្រី​បីនាក់នៃ​ខ្សែភាពយន្ត​ឯកសារ "Daze of Justice" នៅ​វត្ត​ព្រះពុទ្ធ​មួយ​កន្លែង។ (រូបភាព​ផ្តល់​ឲ្យលោក Michael Siv)

គេ​រឹពឹង​ថា​ ភាពយន្តនេះនឹង​ជួយ​លើក​កម្ពស់​ការ​យល់ដឹង​បន្ថែម​នៅអាមេរិក​អំពី​រឿងរ៉ាវ ​និង​ការឈឺចាប់​របស់​ស្រ្តី​បី​រូប​​ជា​ជនរងគ្រោះ​ពី​​របប​ខ្មែរក្រហម​ ដែល​កំពុង​​រស់នៅ​សហរដ្ឋ​អាមេរិក ​ក្នុង​ដំណើរ​ស្វែងរក​ចម្លើយ​ និង​យុត្តិធម៌ទៅ​លើ​អ្វី​ដែល​បាន​កើត​ឡើង​នៅ​កម្ពុជា​ ក្រោម​ការ​ដឹកនាំ​របស់​ខ្មែរ​ក្រហម។​

ភាពយន្ត​ឯកសារ​ដែល​មាន​ចំណងជើង​ថា​ “Daze of Justice”​ ឬ​ជា​ភាសាខ្មែរ​ហៅ​ថា ​«ភាព​វិល​វល់​នៃ​យុត្តិធម៌»​ នឹង​ត្រូវ​ចាក់​បញ្ចាំង​នៅលើ​ទូរទស្សន៍​បណ្តាញផ្សាយ​សាធារណៈ​ PBS​ របស់​សហ​រដ្ឋ​អាមេរិក​នៅ​ថ្ងៃ​អាទិត្យ និង​ថ្ងៃ​ចន្ទ ​ទី២៤ និងទី២៥​ ខែ​មីនា​ខាង​មុខ​នេះ។​

តាមរយៈ​ការចាក់​បញ្ចាំង​ភាពយន្ត​ឯកសារ ​ដែល​មាន​រយៈពេល​ ៦៩នាទី​នេះ​ គេ​រឹពឹង​ថា​នឹង​ជួយ​លើក​កម្ពស់​ការ​យល់ដឹង​បន្ថែម​នៅ​សហរដ្ឋអាមេរិក​អំពី​រឿងរ៉ាវ ​និង​ការឈឺចាប់​របស់​ស្រ្តី​បី​រូបជា​ជនរងគ្រោះ​ពីរបប​ខ្មែរក្រហម​ ដែល​កំពុងរស់នៅ​សហរដ្ឋ​អាមេរិក ​ក្នុង​ដំណើរ​ស្វែងរក​ចម្លើយ​ និង​យុត្តិធម៌ទៅ​លើ​អ្វី​ដែល​បាន​កើត​ឡើង​នៅ​កម្ពុជា​ ក្រោម​ការ​ដឹកនាំ​របស់​ខ្មែរ​ក្រហម។​

ខ្សែភាពយន្ត​ឯកសារ​ដឹកនាំ​ដោយផលិតករ​លោក​ ម៉ៃឃើល ស៊ីវ (Michael Siv) ​ដែល​ជា​ជន​ភៀស​ខ្លួន​មក​រស់នៅ​សហរដ្ឋ​អាមេរិក​មួយរូបផង​ដែរនោះ​ ​ត្រូវ​បាន​ចាក់​បង្ហាញ​ជូន​សាធារណជន​ជា​លើក​ដំបូង​នៅ​ក្នុង​ព្រឹត្តិការណ៍​ផ្សព្វផ្សាយ​ព័ត៌មាន​អាស៊ី-អាមេរិកាំង​ ប្រារព្ធ​ឡើង​កាល​ពី​ខែ​មីនា​ ឆ្នាំ២០១៦​ នៅ​ទីក្រុង​សាន់ហ្រ្វាន់ស៊ីស្គូ​ និង​ទីក្រុង​អ៊ុកឡែន​ រដ្ឋ​កាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក។​

នៅ​ប្រទេស​កម្ពុជាមាន​ការ​ជជែក​ដេញ​ដោល​គ្នា​អំពី​បរាជ័យ​នៃ​តុលាការ​ខ្មែរ​ក្រហម​ក្នុង​ការ​សម្រេច​បាន​យុត្តិធម៌​មួយ​ដ៏​ពេញ​លេញ។​ តុលាការ​ខ្មែរ​ក្រហម​នាំ​យក​មេដឹកនាំ​ជាន់​ខ្ពស់​មួយ​ចំនួន​តូច រួម​មាន​ នួន ជា​ ខៀវ សំផន​ អៀង សារី​ និង​ភរិយា​របស់​លោក​គឺ​លោកស្រី​ អៀង ធីរិទ្ធ​ ដែល​អ្នក​ទាំងពីរ​បាន​ទទួល​មរណភាព​ និង​ កាំង ហ្គេចអ៊ាវ​ និង​ជន​សង្ស័យ​មួយ​ចំនួន​ទៀត​សម្រាប់​សំណុំ​រឿង​ទី៣ និង​ទី៤ ​របស់​តុលាការ​ ខណៈ​ដែល​ជន​ដៃដល់​នៃ​អំពើ​ប្រល័យ​ពូជសាសន៍​ខ្មែរ​ក្រហម​មាន​ចំនួន​ច្រើន៕