ខ្សែ​ភាពយន្ត​ឯកសារ​ខ្លី​អំពី​ការ​ជួញ​ដូរ​មនុស្ស​​បញ្ចាំង​នៅ​រាជធានី​ភ្នំពេញ

ខ្សែ​ភាពយន្ត​ឯកសារ​«‍តម្លៃ​កូន​ក្រមុំ»​បង្ហាញ​ពី​ការ​ជួញដូរ​មនុស្ស ដែល​ស្ត្រី​ខ្មែរ​ម្នាក់​ត្រូវ​បាន​បោកប្រាស់​ឲ្យ​រៀបការ​ជាមួយ​នឹង​បុរស​ជនជាតិ​ចិន​ម្នាក់ ហើយ​ត្រូវ​បាន​បង្ខំ​ឲ្យ​ធ្វើការ​ដូច​ទាសករ​នៅ​ប្រទេស​ចិន។ ជនរងគ្រោះ​បាន​រងគ្រោះ​ទាំង​អំពើ​ហិង្សា​លើ​រ

ខែ្ស​ភាពយន្ត​ឯកសារ​ខ្លី​ចំនួន​ពីរ​ស្តី​អំពី​ការ​ជួញ​ដូរ​មនុស្ស​កំពុង​ត្រូវ​បាន​ដាក់​បញ្ចាំង​នៅ​ក្នុង​រាជធានី​ភ្នំពេញ។​ ឯក​សារ​មួយ​បង្ហាញ​អំពី​ពី​បុរស​ដែល​គេ​បោក​បញ្ឆោត​ទៅ​ធ្វើ​ការ​ដូច​ជា​ទាសករ​នៅ​លើ​ទូក​នេសាទ ​និង​មួយ​ទៀតបង្ហាញអំពី​ជីវិត​របស់​ស្ត្រី​ដែលគេ​បោក​បញ្ឆោត​ទៅ​ធ្វើ​ជា​កូន​ក្រមុំ​ទៅ​ប្រទេស​ចិន។​

ខ្សែ​ភាពយន្ត​ទាំង​ពីរ​នេះ​ត្រូវ​បាន​ផលិត​ដោយ​ទីភ្នាក់ងារ​ស.រ.អា.​សម្រាប់​កិច្ច​អភិវឌ្ឍន៍អន្តរជាតិ​ (USAID) ​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ជួញ​ដូរ​មនុស្ស ​ហើយ​ត្រូវ​បាន​គេដាក់​បញ្ចាំង​នៅ​មជ្ឈមណ្ឌល​បុប្ផាណា ​នៅ​ភ្នំពេញ។ ​ឯកសារ​ទាំងពីរ​នេះ​ត្រូវបាន​ផលិត​ឡើង ដើម្បី​បង្កើន​ការ​យល់ដឹង​របស់សហគមន៍​ស្តីពី​ការ​ជួញ​ដូរ​មនុស្ស​ ព្រោះ​សហគមន៍អាច​ជា​គោលដៅ​របស់​ក្រុម​អ្នក​ជួញ​ដូរ​មនុស្ស។​

នារី​ម្នាក់​នៅ​ក្នុង​ខ្សែ​ភាព​យន្ត​ឈ្មោះ​ «តម្លៃ​កូន​ក្រមុំ» ​បាន​និយាយ​ថា៖​ «ខ្ញុំសម្រេច​ចិត្ត​រៀបការ​ជាមួយ​បុរសចិន​ដោយ​សារ​គ្រួសារ​ខ្ញុំ​គឺ​ក្រ។ ​ខ្ញុំ​រំពឹង​គិត​ថា​ បើ​សិន​ជា​ខ្ញុំ​រៀបការ​ ជាមួយ​បុរសចិន​ ខ្ញុំ​នឹង​មាន​ជីវិត​មួយ​ដែល​ល្អ​ប្រសើរ​ជាង​មុន ​ហើយ​ខ្ញុំ​អាច​រក​ប្រាក់​ចំណូល​ជួយ​គ្រួសារ​ខ្ញុំ។​ ប៉ុន្តែ​សុបិន​នេះ​មិន​បាន​ក្លាយ​ជា​ការណ៍​ពិត​ទេ»។​

ជនរងគ្រោះ​នៃ​ការ​ជួញដូរ​មនុស្ស​នៅ​ក្នុង​ខ្សែ​ភាពយន្ត​ឯកសារ​«‍តម្លៃ​កូន​ក្រមុំ»​រៀបរាប់​រឿងរ៉ាវ​របស់​នាង ដែល​ត្រូវបាន​បោកប្រាស់​ឲ្យ​រៀបការ​ជាមួយ​នឹង​បុរស​ជនជាតិ​ចិន ហើយ​ត្រូវបាន​បង្ខំ​ឲ្យ​ធ្វើការ​ដូច​ទាសករ​នៅ​ប្រទេស​ចិន។ (រូបថត៖ ផន បុប្ផា/VOA Khmer)

លោកស្រី​ លឹម​ មុន្នី ​អនុ​ប្រធាន​ផ្នែក​នៃ​កម្មវិធី​ស្ត្រី​ និង​សិទ្ធិ​កុមារនៅ​អង្គការ​សិទ្ធិ​មនុស្ស​ក្នុង​ស្រុក​គឺអង្គការ​អាដហុក​ បាន​និយាយ​ថា​ ស្ត្រី​ជា​ច្រើន​ត្រូវ​បាន​ឈ្មួញ​កណ្តាលបោក​បញ្ឆោត​ ហើយ​ឈ្មួញ​កណ្តាល​ខ្លះ​ជា​អ្នក​ដែល​ពួក​គេ​បាន​ស្គាល់។​

ស្ត្រី​ទាំង​នោះ​អាច​ត្រូវ​ធ្វើ​បាប។ ក្រៅពី​ប្ដី​ធ្វើបាប ពួក​គេ​ក៏​ត្រូវ​សាច់​ញាតិ​ក្រុម​គ្រួសារ​របស់​ប្តី​ធ្វើ​បាប​ផង​ដែរ។ ​ជា​ញឹកញាប់​ ពួក​គេត្រូវ​បានប្តី​ ឬ​ក្រុម​គ្រួសារ​ខាងប្តី​បង្ខំ​ឲ្យធ្វើ​ការ​ហួស​កម្លាំង។ ​ស្ត្រី​មួយ​ចំនួន​ត្រូវ​បោក​បញ្ឆោត​ឱ្យ​រៀបការ​ជាមួយ​បុរស ​ដែល​មាន​វ័យ​ចំណាស់​ ឬ​បុរស​ដែល​មាន​សតិអារម្មណ៍​មិនល្អ​ ឬ​បុរស​ពិការ​ជា​ដើម។​

ក្នុង​ខ្សែ​ភាព​យន្ត​នេះ​ ​ស្ត្រី​ម្នាក់​បាន​និយាយ​ អំពី​ការ​សម្រេច​ចិត្ត​ទៅ​រៀបការ​ជាមួយ​បុរស​ជនជាតិ​ចិន​នៅ​ប្រទេស​ចិន​ បន្ទាប់​ពី​អ្នក​ជិត​ខាង​បាន​បញ្ចុះ​បញ្ចូល​ឲ្យ​ម្តាយ​របស់​គាត់​យល់​ព្រម ​ហើយ​ម្តាយ​របស់​គាត់​បាន​សម្រេច​ចិត្ត​ឲ្យ​គាត់​ទៅ​ប្រទេស​ចិន​ដើម្បី​រៀបការ​ជាមួយ​បុរស​ជនជាតិ​ចិន។ ​បន្ទាប់​ពី​ទៅ​ដល់​ប្រទេស​ចិន​ គាត់​ត្រូវ​បាន​បង្ខំ​ឲ្យជ្រើស​រើស​យក​ការ​រៀបការ​ជាមួយ​ប្តី​ជន​ជាតិ​ចិន ឬ​ទៅ​បម្រើ​ភ្ញៀវ​នៅ​ក្នុង​ផ្ទះ​បន។​

អ្នកស្រី ​Sara ​Piazzano ​ប្រធាន​គម្រោង​កម្ម​វិធី​របស់​ USAID​ ប្រឆាំង​ការ​ជួញ​ដូរ​មនុស្ស​ បាន​និយាយ​ថា​ ការ​យល់​ដឹង​អំពី​រឿង​រ៉ាវ​របស់​ជន​រង​គ្រោះ​គឺ​ជា​«វិធី​ដ៏​មាន​ប្រសិទ្ធិ​ភាព​មួយ​បង្កើន​ការ​យល់​ដឹង​អំពី​ហានិភ័យ​នេះ»។​

អ្នកស្រី​បាន​និយាយ​ថា៖ ​«វា​ក៏​ជួយ​ក្នុង​ការ​បណ្តុះ​អាកប្បកិរិយា​វិជ្ជមាន​ឆ្ពោះ​ទៅ​រក​ការ​យល់​ដឹង​អំពី​រឿង​រ៉ាវ​របស់​ជន​រង​គ្រោះ។ ​សមាហរណ​កម្ម​គឺ​ជា​រឿង​ពិបាក​ណាស់សម្រាប់​ជន​រង​គ្រោះ ​ដែល​ឆ្លងកាត់បទ​ពិសោធន៍​តក់​ស្លុត​ ហើយ​វា​គឺ​ជា​ការ​ចាំបាច់​តម្រូវ​ឲ្យមាន​ការ​គាំទ្រ​ពី​ក្រុម​គ្រួសារ ​និង​សហគមន៍»។​

អ្នកស្រីបាន​និយាយ​ថា​ មនុស្ស​ក្នុង​សហគមន៍មាន​អកប្ប​កិរិយា​ល្អ​ទៅ​រក​ជន​រង​គ្រោះ​ ​បើ​សហគមន៍​នោះ​មាន​ការ​យល់​ដឹង​បន្ថែម​អំពី​ការ​ជួញ​ដូរ​មនុស្ស​ ​ហើយ​សហគមន៍​នោះ​អាច​ជា​គោលដៅរបស់​ពួក​អ្នក​ជួញដូរ​មនុស្ស។​

លោកស្រី​ លឹម ​មុន្នី ​បាន​និយាយ​ថា ​ការ​យល់​ដឹង​អំពី​ការ​ជួញ​ដូរ​មនុស្ស​គឺ​ជា​ការ​សំខាន់ ព្រោះ​ប្រជា​ពលរដ្ឋ​អាច​យល់​ដឹង​ពី​ហានិភ័យ​ដែល​អាច​កើត​មាន​ចំពោះ​ពួក​គេ។ លោកស្រី​បាននិយាយ​ថា​ ខ្សែ​ភាព​យន្ត​ទាំង​នេះ​គួរ​តែ​ត្រូវ​បាន​បង្ហាញ​នៅ​លើ​កញ្ចក់​ទូរទស្សន៍​របស់​រដ្ឋ​ដើម្បី​ជួយ​ផ្សព្វផ្សាយ ​នៅ​ពេល​សមរម្យ​ដែល​មនុស្សមាន​ពេល​មើល​វា។​

អ្នកស្រី ​សៅ​ ផានី​ មក​ពី​ខេត្ត​ព្រៃ​វែង​ គឺជា​ជន​រង​គ្រោះ​ម្នាក់​ក្នុង​ចំណោម​ជន​រងគ្រោះ​ដទៃៗ​ទៀត។ ​អ្នកស្រីបាន​និយាយ​ថា​ អ្នកស្រីនៅ​ក្នុង​ប្រទេស​ចិន​អស់​រយៈ​ពេល​ប្រាំមួយ​ខែ ​មុន​ពេល​អ្នកស្រីអាច​វិល​ត្រឡប់​មក​ប្រទេស​កម្ពុជា​វិញ។​ ផានី​ បាន​ផ្តាំ​ថា​ ​ស្ត្រី​ ដែល​ចង់​រៀប​ការ ​ឬ​ចង់​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ក្រៅ​ គួរ​តែ​គិត​គូរ​ឲ្យបាន​ល្អិត​ល្អន់​ជាមុន​សិន​ ​មុន​នឹង​សម្រេច​ចិត្ត​រៀបការ​ឬ​ធ្វើ​ការ​នៅ​ក្រៅ​ប្រទេស។

អ្នកស្រី​ ផានី​ បាន​និយាយ​ថា៖​ «ពួក​គេ​ពូកែ​និយាយ​ខ្លាំង​ណាស់។​ នៅ​ពេល​ដែល​ពួក​គេបោក​បញ្ឆោត​ពួក​យើង យើង​មិន​អាច​ដឹង​បាន​ទេ»។​

អ្នកស្រីបាន​និយាយ​ថា​ អ្នកស្រីត្រូវ​បង​ប្អូន​សាច់​ឆ្ងាយ​ម្នាក់បញ្ឆោត ​ហើយ​ពេល​ត្រឡប់​មកផ្ទះ​វិញ ​អ្នក​ជិត​ខាង​មិន​អាណិត​អាសូរ​ទេ​ តែ​បែរ​ជា​រិះគន់​អ្នកស្រីទៅវិញ។​

អ្នកស្រី​និយាយ​ថា៖​ «គ្មាន​នរណា​ម្នាក់​ចង់ចាញ់​បោក​គេ​ ឬចង់​មាន​បញ្ហា​បែប​នេះ​នោះ​ទេ។​ សូម​កុំ​សើច​កុំ​យំ»។​

អ្នកស្រី​ សៅ​ ផានី​ និយាយ​ថា​ ប្រសិន​បើ​អ្នកស្រីបាន​ឃើញ​ឯកសារ​នេះ​មុន​ពេល​អ្នកស្រីទៅ​ប្រទេស​ចិន​ នោះ​ជីវិត​របស់​អ្នកស្រីប្រហែល​ជា​មិន​ជួប​បញ្ហា​ដូច​នេះ​ទេ។

អ្នកស្រី​ ផានី​ បាន​និយាយ​ថា៖​ «ប្រសិន​បើ​ខ្ញុំ​បាន​ឃើញ​ឯកសារ​នេះ​ ខ្ញុំ​ប្រហែល​ជា​មិន​បាន​ជួប​រឿង​អញ្ចឹង​ទេ»។​

ខ្សែ​ភាពយន្ត​ឯកសារ​«‍តើ​ជើង​មេឃ​នៅ​ឯណា?»​បង្ហាញ​ពី​រឿងរ៉ាងវ​របស់​បុរស​ខ្មែរ​ម្នាក់ ដែល​ត្រូវ​បាន​ជួញដូរ​ឲ្យ​ធ្វើ​ជា​កម្មករ​នេសាទ​លើ​ទូក​នេសាទ​នៅ​ប្រទេស​ថៃ។ (រូបថត៖ ផន បុប្ផា/VOA Khmer)

​ខ្សែ​ភាព​យន្ដទី​ពីរដាក់​បង្ហាញ​នៅ​មជ្ឈ​មណ្ឌល​បុប្ផាណា​នោះមាន​ចំណង​ជើង​ថា៖​ «តើ​ជើង​មេឃ​នៅ​ឯ​ណា?»។ ខ្សែ​ភាពយន្តនេះ​បង្ហាញ​ពី​បុរស​បី​នាក់​និយាយ​អំពី​កត្តា ដែល​បាន​បង្ខំ​ឱ្យ​ពួក​គេ​ស្វែង​រក​ការងារ​ជា​អ្នក​នេសាទ។​ ពួក​គេ​បាន​ចេញ​ទៅ​ប្រទេស​ក្រៅ​ តាម​រយៈ​ក្រុមហ៊ុន​ជ្រើស​រើស​ពលករ​មួយ ​ដែល​បាន​រៀបចំ​បុរស​រាប់​រយ​នាក់​ឲ្យទៅ​ធ្វើ​ការ​នៅ​លើ​ទូក​នេសាទ។​

ម្នាក់​ក្នុង​ចំណោម​ពួក​គេ​ឈ្មោះ​ គី ​ភក្តី​ អាយុ​២២​ឆ្នាំ ​ដែល​បាន​ធ្វើ​ការ​លើ​ទូក​នេសាទ​អស់​រយៈ​ពេល​បី​ឆ្នាំ។​

គាត់​បាន​និយាយ​ថា៖​ «ខ្ញុំ​ត្រូវ​ធ្វើ​ការ ​សូម្បី​តែ​នៅ​ពេល​ដែល​ខ្ញុំឈឺ​គឺ​ខ្ញុំ​ត្រូវ​ធ្វើ​ការដែរ។ ​ពួក​គេ​បាន​ចាត់​ទុក​យើង​ដូចសត្វ»។​

គាត់ត្រូវ​បាន​គេ​សន្យា​ថា ​នឹង​ទទួល​បាន​ប្រាក់​ខែ​២០០​ដុល្លារ​ក្នុង​មួយ​ខែ​ ហើយ​ប្រាក់​នោះ​នឹង​ត្រូវ​ដាក់​នៅ​ក្នុង​គណនេយ្យ​មួយ ​ពេល​ដែល​គាត់​ត្រឡប់​មក​ផ្ទះ​វិញ។​ អស់ពេល​បី​ឆ្នាំ​កន្លង​ផុត​ទៅ​ ទើប​គាត់ដឹង​ថា ​គាត់​ត្រូវ​បាន​គេ​បោក​ប្រាស់​កម្លាំង​ពលកម្ម។ ​នៅពេល​ដែល​ម្តាយ​របស់​គាត់​ទៅ​ពិនិត្យគណនេយ្យ ​គាត់​មិនឃើញ​មាន​ប្រាក់​នៅ​ក្នុង​គណនេយ្យ​នោះ​ទេ។​

«ម៉ាក់​ខ្ញុំ​ប្រាប់​ថា ​សូម្បី​តែ​មួយ​ដុល្លារ​ឬ​១០០​លុយ​ខ្មែរ​ក៏​ក្រុមហ៊ុន​ អត់​បាន​ផ្តល់​ឲ្យ​ដែរ»។​

គាត់​ត្រូវ​បាន​ជ្រើសរើស​ដោយ​ក្រុមហ៊ុន​ Giant Ocean International Fishery ​ដែល​ជា​ភ្នាក់ងារ​ដែល​ទទួល​បាន​អាជ្ញា​ប័ណ្ណពី​រដ្ឋាភិបាល ​ដែល​ជា​ក្រុមហ៊ុន​ដែល​បាន​ជ្រើស​រើស​កម្មករ​រាប់​រយ​នាក់​ទៅ​ធ្វើ​ការ​ងារ​ពលកម្ម​លើ​ទូកនេសាទ​ឆ្ងាយៗ​ក្នុង​សមុទ្រ។ ​ក្រុមហ៊ុន​នេះ​ត្រូវ​បាន​បិទ ​ហើយ​បុគ្គលិក​ជន​ជាតិ​តៃវ៉ាន់​ត្រូវ​បាន​ចាប់​ខ្លួន​ និង​ផ្តន្ទា​ទោស​ឲ្យជាប់​ពន្ធនាគារ​រយៈ​ពេល​១០​ឆ្នាំ។​

នៅ​ប៉ុន្មាន​សប្តាហ៍​ចុងក្រោយ​នេះ​ មាន​ប្រជា​ពលរដ្ឋ​ច្រើន​ជាង​២០០​នាក់​ត្រូវ​បាន​ជួយ​សង្គ្រោះ​ពី​ការ​បង្ខំ​ឲ្យធ្វើ​ការ។​

អ្នកស្រី​ Piazzano ​បាន​ឱ្យ​ដឹង​ថា ​ការ​ផ្លាស់​ប្តូរ​ឥរិយាបថ ​និង​អាកប្ប​កិរិយា​គឺ​ជា​គន្លឹះ​ដ៏​សំខាន់​ក្នុង​ការ​ទប់​ស្កាត់​ការ​ជួញ​ដូរ​មនុស្ស។​ ​អ្នកស្រី​ Piazzano​ និយាយ​ថា​ «ការ​ប្តេជ្ញា​ចិត្ត​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ជួញ​ដូរ​មនុស្ស​ មាន​ន័យ​ថា ​ជា​ការ​ប្តេជ្ញា​ចិត្ត​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​ផ្នត់​គំនិត​ ដែល​នាំ​ឱ្យ​មាន​អំពើ​ហិង្សា ​និង​ការ​កេង​ប្រវ័ញ្ច ​ហើយវាជា​ការ​ប្តេជ្ញា​ចិត្ត​ដែលយក​ទាំងអស់​ត្រូវ​តែធ្វើ។​ មាន​តែ​គោល​នយោបាយ​គឺ​មិន​អាច​ដោះ​ស្រាយ​បញ្ហា​បាន​ទេ»៕