រដ្ឋ Florida របស់សហរដ្ឋអាមេរិក កំពុងជួបប្រទះនឹងវិបត្តិមន្ទីរពេទ្យ ដោយសារតែមានការហក់ឡើងខ្ពស់នៃចំនួនអ្នកឆ្លងជំងឺកូវីដ១៩នាពេលថ្មីៗនេះ។ អ្នកជំងឺថ្មីៗទាំងនេះមានវ័យក្មេងជាង និងឈឺខ្លាំងជាងអ្នកជំងឺ ដែលបានឆ្លងវីរុសប្រភេទដំបូងៗ ហើយពួកគេភាគច្រើនមិនបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩នោះទេ។ អ្នកជំងឺភាគច្រើនបានឆ្លងវីរុសបំប្លែងថ្មីប្រភេទដែលតា(Delta) ដែលកំពុងឆ្លងខ្លាំងនៅទូទាំងសហរដ្ឋអាមេរិកភាគខាងត្បូង ដែលអត្រាអ្នកចាក់វ៉ាក់សាំងមានចំនួនទាបនៅឡើយ។
នៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃទី៣ ខែសីហា ក្រុមវេជ្ជបណ្ឌិតនៃអង្គការ Infectious Disease Society of America ដែលជាអង្គការធ្វើការផ្នែកជំងឺឆ្លង បានអំពាវនាវឱ្យពលរដ្ឋទាំងក្នុងសហរដ្ឋអាមេរិក និងប្រទេសដទៃទៀត ត្រូវធ្វើតេស្តជំងឺកូវីដ១៩ និងចាក់វ៉ាក់សាំងឲ្យបានកាន់តែច្រើនឡើងថែមទៀត។
វីរុសប្រភេទថ្មីដែលតាត្រូវបានគេរកឃើញជាដំបូងក្នុងប្រទេសឥណ្ឌា ប៉ុន្តែវាបានរីករាលដាលយ៉ាងឆាប់រហ័សនៅជុំវិញពិភពលោក។ អ្នកស្រី Rachael Walensky ប្រធានទីភ្នាក់ងារគ្រប់គ្រង និងបង្ការជំងឺ(CDC)អាមេរិក បានហៅរលកនៃការឆ្លងពេលនេះថា ជាការរាតត្បាតទៅលើអ្នកមិនបានចាក់វ៉ាក់សាំង។ អ្នកស្រីបានហៅវីរុសប្រភេទថ្មីនេះថា «ជាវីរុសឆ្លងខ្លាំងបំផុតក្នុងប្រព័ន្ធផ្លូវដង្ហើម» របស់មនុស្ស។ វីរុសប្រភេទដែលតានេះក៏អាចឆ្លងផងដែរទៅលើអ្នកដែលបានចាក់វ៉ាក់សាំងរួចហើយ។
លោកវេជ្ជបណ្ឌិត Ricardo Franco នៃអង្គការ Infectious Disease Society of America បានគូសបញ្ជាក់ថា វីរុសបំប្លែងថ្មីប្រភេទដែលតាបានឆ្លងទៅលើអ្នកជំងឺកូវីដ១៩ថ្មីចំនួនប្រមាណ៨៩% នៅក្នុងមន្ទីរពេទ្យសាកលវិទ្យាល័យ Alabama។ លោកបន្ថែមថា អ្នកជំងឺដែលចូលសម្រាកក្នុងមន្ទីរពេទ្យចំនួន៩៧% គឺជាអ្នកដែលមិនបានចាក់វ៉ាក់សាំងវីរុសនេះ ហើយថា វីរុសប្រភេទដែលតានេះមានលក្ខណៈឆ្លង២ដងខ្លាំងជាងវីរុសដើម៕