អធិការ​ស្រុក​កំរៀង​​ត្រូវ​ព្យួរ​តួនាទី ក្រោយ​ផ្ទុះ​ករណី​ពលករ​ឆ្លង​ដែន​មិន​ធ្វើ​ចត្តាឡីស័ក

រូបឯកសារ៖ បុរស​ម្នាក់​ពាក់​ម៉ាស់​មុខ​រង់ចាំ​ធ្វើ​តេស្ត​រក​ជំងឺ​កូវីដ១៩ នៅ​កីឡាដ្ឋានជាតិ​អូឡាំពិក​ ក្រោយ​ពី​មាន​ការ​ផ្ទុះ​ការ​ឆ្លង​ជំងឺ​នេះ​នៅ​ក្នុង​សហគមន៍​ជា​លើក​ដំបូង​កាល​ពី​ខែ​មុន ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២០។

អធិការ​នគរបាល​ស្រុក​កំរៀង​ ខេត្ត​បាត់ដំបង ត្រូវ​បាន​ព្យួរ​តួនាទី​ជា​បណ្ដោះអាសន្ន ខណៈ​កំពុង​ស្ថិត​ក្រោម​ការ​ស៊ើប​អង្កេត​សង្ស័យ​អំពី​ការ​ពាក់ព័ន្ធ​បណ្ដោយ​ឱ្យ​មាន​ការ​ដោះលែងអ្នកនាំមនុស្ស​ឆ្លង​ព្រំដែន​ចូល​មក​កម្ពុជា​ ដោយ​មិន​ធ្វើ​ចត្តាឡីស័ក ឬ​ដាក់​ឲ្យ​នៅ​ដាច់​ដោយ ឡែក​បង្ការ​ការ​ឆ្លង​ជំងឺ​កូវីដ​១៩។

លោក​វរៈសេនីយ៍ឯក​ គឹម ពន្លក អធិការ​នគរបាល​ស្រុក​កំរៀង ដែល​គ្រប់គ្រង​ភូមិ​សាស្ត្រ​ច្រក​ព្រំដែន​អន្តរជាតិ​ដូង-បាន​ឡែម ត្រូវ​បាន​លោក​ឧត្តមសេនីយ៍​ទោ សាត គឹម​សាន ស្នងការ​នគរបាលខេត្ត​បាត់ដំបង ចេញ​លិខិត​ឱ្យ​ផ្អាក​ការងារ​បណ្ដោះ​អាសន្ន។

លិខិត​ចុះ​ថ្ងៃទី​ ១៥ ខែ​កុម្ភៈ ដែល​វីអូអេ​ទទួល​បាន បាន​បញ្ជាក់​ថា​ មូល​ហេតុ​នៃ​ការ​ព្យួរ​ការ​ងារ​របស់​លោក​វរសេនីយ៍​ឯក គឹម ពន្លក ​គឺ​ដោយសារ «អនុវត្ត​ការងារ​ខុស​នីតិវិធី»។

ការ​ផ្អាក​តួនាទី​លោក​អធិការ​នគរបាល​ស្រុក​នេះ ធ្វើ​ឡើង​ក្រោយ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន​ បាន​ចេញ​សារ​សំឡេង​នៅ​ព្រឹក​ថ្ងៃ​ច័ន្ទ​នេះ បញ្ជា​ឱ្យ​មាន​ការ​ស៊ើប​អង្កេត​និង​បង្ក្រាប​ករណី​នាំ​មនុស្សឆ្លង​ព្រំដែន​ពី​ថៃ​ចូល​កម្ពុជា​ ដោយ​រំលង​ចត្តាឡីស័ក។

លោក​ថ្លែង​ថា៖ «ដូចជា​យប់​មិញ​ខ្ញុំ​បាន​បញ្ជា​ទៅ​កាន់​ខេត្ត​បាត់ដំបង និង​អគ្គស្នងការ​នគរបាល​ជាតិ អំពី​ការ​ចាប់​បាន​ពួក​អ្នក​នាំ​ផ្លូវ​ហើយ បែរ​ជា​ដោះ​លែង​ទៅ​វិញ ដែល​អាច​នាំ​ទៅ​ដល់​ការ​ដក​ឋានន្តរស័ក្តិ ឬ​បណ្ដេញ​ចេញ​ពី​ជួរ​តែ​ម្ដង​នូវ​មន្ត្រី​នគរបាល​ណា​ ដែល​អនុវត្ត​ខុស​ឆ្គង»។

ក្នុង​សារ​សំឡេង​ដដែល លោក ហ៊ុន សែន ក៏​បាន​លើកឡើង​ថា​ ការ​សម្ភាស​ជាមួយ​អ្នក​ដែល​បាន​គេច​រួច​ពី​ចត្តាឡីស័ក​តាម​ព្រំដែន បាន​រំលេច​នូវ​ករណី​នៅ​ច្រក​ឡែម ដែល​លោក​ថា មាន​អ្នក​ជូន​ដំណើរ​ឆ្លង​កាត់​តំបន់​ដែល​មាន​កម្លាំង និង​តម្រូវ​ឱ្យ​យក​ប្រាក់​មួយ​ចំនួន។

នាយ​ឧត្តមសេនីយ៍ ប៉ែន វិបុល អគ្គ​ស្នងការ​រង​នគរបាល​ជាតិ ដែល​ទទួល​ផែន​បុគ្គលិក បាន​ប្រាប់​វីអូអេ​ថា​ លោក​វរសេនីយ៍​ឯក គឹម ពន្លក កំពុង​ត្រូវ​បាន​ស្រាវ​ជ្រាវ​អំពី​ករណី​រំលង​ការ​ធ្វើ​ចត្តាឡីស័ក​របស់​ពលរដ្ឋពី​ប្រទេស​ថៃ។

«ឥឡូវ​ក្រុម​ការងារ​កំពុង​ស្រាវជ្រាវ​ដែល​យើង​ឱ្យ​ស្នង​ការ (ខេត្ត​បាត់ដំបង) ​គេ​ធ្វើ​លិខិត​ផ្អាក​បណ្ដោះ​អាសន្ន​សិន»។

នាយ​ឧត្តមសេនីយ៍ ឆៃ ស៊ីណារិទ្ធ អគ្គ​ស្នង​ការ​រង​នគរបាល​ជាតិ​មួយ​រូប​ទៀត បាន​បញ្ជាក់​ប្រាប់​វីអូអេ​នៅ​រសៀល​ថ្ងៃ​ច័ន្ទ​នេះ​ដែរ​ថា លោក​កំពុង​ដឹកនាំ​ក្រុម​ស្រាវជ្រាវ​នេះ ធ្វើ​ដំ​ណើរ​ទៅ​ខេត្ត​បាត់​ដំបង​ដើម្បី​ពិនិត្យ​រក​ការ​ពិត តែ​លោក​សុំ​មិន​ធ្វើ​អត្ថាធិប្បាយ​អ្វី​បន្ថែម​នោះ​ទេ។

នៅ​ពេល​ត្រូវ​បាន​ទាក់ទង​ដោយ​វីអូអេ​នៅ​រសៀល​ថ្ងៃ​ច័ន្ទ​នេះ លោក​វរសេនីយ៍ឯក គឹម ពន្លក អធិការ​នគរបាល​ស្រុក​កំរៀង ​ដែល​ត្រូវ​បាន​ព្យួរ​ការងារ​បណ្តោះ​អាសន្ន​នេះ បាន​លើក​ឡើង​ថា​ លោក​កំពុង​ស្ថិត​នៅ​ក្រុង​បាត់ដំបង ​ដើម្បី​ដោះស្រាយ​បញ្ហា​ខាង​លើ។

«បង បង អធ្យាស្រ័យ​បង អ៊ី​ចេះ ដោយសារ​ខ្ញុំ​កំពុង​តែ​នៅ​ខេត្ត ខ្ញុំ​សុំ​បន្ដិច ដោយ​សារ​តែ​កំពុង​រវល់​ការងារ​នេះ។ អត់​មាន​អី​ទេ បង អត់​មាន​អី​ប្លែក​ទេ អត់​មាន​អី​ទេ។ ... អត់​អី​ទេ បង មិន​មាន​បញ្ហា​អ្វី​កើត​ឡើង​ទេ»។

លោក យិន ម៉េងលី អ្នក​សម្របសម្រួល​របស់​សមាគម​សិទ្ធិ​មនុស្ស​អាដហុកប្រចាំ​ខេត្ត​បាត់ដំបង មាន​ប្រសាសន៍​ថា ​គួរ​មាន​ការ​ពន្យល់​ផ្សព្វ​ផ្សាយ​បញ្ជ្រាប​ដល់​ពលករ​ចំណាក​ស្រុក​អំពី​សារៈ​សំខាន់​នៃ​ការ​ធ្វើ​ចត្តាឡីស័ក ដើម្បី​ចូលរួម​បន្ថយ​និង​បង្ក្រាប​ករណី​នាំ​គ្នា​ឆ្លង​ដែន​ក្រៅ​ផ្លូវការ។

មន្ត្រី​អង្គការ​សង្គមស៊ីវិល​រូប​នេះ​ប្រាប់​វីអូអេ​ថា​ ពលរដ្ឋ​ដែល​ត្រឡប់​មក​ពី​ប្រទេស​ថៃ​មួយ​ចំនួន​ក៏​មាន​ផល​វិបាក​ផ្នែក​ជីវភាព​ហើយ​មិន​ចង់​ធ្វើ​ចត្តាឡីស័ក​រយៈ​ពេល​យូរ​នោះ​ទេ។

«តែ​នៅ​ពេល​ដែល​យើង​ពន្យល់​នូវ​ផល​លំបាក​ដែល​គាត់​គេចវេះ មិន​ព្រម​ធ្វើ​ចត្តាឡីស័ក។ ពេល​ខ្លះ​គាត់​អត់​យល់ គាត់​គិត​ថា​ការ​ធ្វើ​ចត្តាឡីស័ក​ទៅ​ជា​មាន​ការ​រើស​អើង​គាត់​អីចឹង​ទៅ។ នៅ​ពេល​យើង​ពន្យល់​គាត់​ឱ្យ​យល់​អំពី​គោល​បំណង​នៃ​ការ​ធ្វើ​ចត្តាឡីស័ក​ហ្នឹង គាត់​អាច​ចូលរួម​បាន»។

ចាប់​តាំង​ពី​ថ្ងៃទី ​២០ ខែ​ធ្នូ ឆ្នាំ ២០២០ មក​ត្រឹម​ព្រឹក​ថ្ងៃ​ទី ​១៥ ខែ​កុម្ភៈ​នេះ អាជ្ញាធរ​កម្ពុជា​បាន​រក​ឃើញ​ករណី​វិជ្ជមាន​កូវីដ​១៩ ​លើពលករ​កម្ពុជា​ចំនួន ៨៩ ​នាក់ ដែល​ឆ្លង​ពី​ប្រទេស​ថៃ​ដែល​ប្រឈម​ការ​ឆ្លង​សហ​គមន៍​ទ្រង់​ទ្រាយ​ធំ។

លោក ហ៊ុន សែន នៅ​ថ្ងៃ​ច័ន្ទ​នេះ ក៏​បាន​បញ្ជា​ឱ្យ​មាន​ការ​ពិន័យ​ដាក់​ទោស​ទណ្ឌ​ខ្លាំង​ជាង​មុន​លើ​អ្នក​គេច​ពី​ការ​ធ្វើ​ចត្តាឡីស័ក​ផង​ដែរ៕