មេដឹកនាំ​កម្ពុជា​អះអាង​ពី​ជោគជ័យ​នៃ​ការប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​គ្រុនចាញ់​ដោយ​មិន​បាន​លើក​ឡើង​ពី​ជំងឺ​គ្រុនចាញ់​ស៊ាំ​នឹង​ថ្នាំ

លោកនាយក​រដ្ឋ​មន្ត្រី​ ​ហ៊ុន សែន នៃ​ប្រទេស​កម្ពុជា។

មេ​ដឹក​នាំ​ប្រទេស​កម្ពុជា ​គឺ​​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន​ នៅ​សប្ដាហ៍​នេះ ​បាន​ប្រកាស​ពី​ជោគ​ជ័យ​នៃ​ការ​កម្ចាត់​ជំងឺ​គ្រុនចាញ់​ ដោយ​ធ្វើ​ឱ្យ​​អត្រា​នៃ​អ្នក​ស្លាប់​ដោយ​ជំងឺ​នេះ ​បន្ត​ធ្លាក់​ចុះ​មក​ត្រឹម​កម្រិត​ទាប​បំផុត​មួយ។​ ​នេះ​បើ​យោង​តាម​សារលិខិត​របស់​លោក​ ​ហ៊ុន សែន​ ​ដែល​ធ្វើឡើង​សម្រាប់​ប្រារព្ធ​ទិវា​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​គ្រុនចាញ់​នា​ថ្ងៃ​ទី​២៥​ ខែ​មេសា​ខាង​​មុខ​នេះ។

លោកនាយក​រដ្ឋ​មន្ត្រី​ ​ហ៊ុន សែន​ ​ចាត់​ទុក​ថា​ ជំងឺ​គ្រុនចាញ់​នៅ​តែ​ជា​បន្ទុក​ធ្ងន់ធ្ងរ​មួយ​របស់​កម្ពុជា​ បើ​ទោះបី​ជា​អត្រា​មនុស្ស​ស្លាប់​ដោយ​ជំងឺ​នេះ​ បាន​ថយ​ចុះ​ច្រើន​ក៏​ដោយ។ សារលិខិត​របស់​លោក​ ​ហ៊ុន សែន​ ដែល​ធ្វើ​ឡើង​ដើម្បី​ប្រារព្ធ​ទិវា​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​គ្រុនចាញ់​ បាន​បញ្ជាក់​ឲ្យដឹង​ថា​ ពី​ឆ្នាំ​២០១១​-២០១៧​ ​មាន​ចំនួន​ករណី​ឈឺ​ដោយ​ជំងឺគ្រុនចាញ់ ​ត្រូវ​បាន​កាត់​បន្ថយ​ពី​ជាង​៦​ម៉ឺន​ករណី​ មក​នៅ​ត្រឹម​ជាង​៣ម៉ឺន​ករណី​ និង​ចំនួន​ស្លាប់​បាន​កាត់​បន្ថយ​ពី​ ​៩៣​នាក់​មក​នៅ​ត្រឹម​ តែ​១​នាក់​ប៉ុណ្ណោះ។​

មេ​ដឹក​នាំ​ប្រទេស​កម្ពុជា ​គឺលោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន​ នៅ​សប្ដាហ៍​នេះ ​បាន​ប្រកាស​ពី​ជោគ​ជ័យ​នៃ​ការ​កម្ចាត់​ជំងឺ​គ្រុនចាញ់​ ដោយ​ធ្វើ​ឱ្យអត្រា​នៃ​អ្នក​ស្លាប់​ដោយ​ជំងឺ​នេះ ​បន្ត​ធ្លាក់​ចុះ​មក​ត្រឹម​កម្រិត​ទាប​បំផុត​មួយ។​ ​នេះ​បើ​យោង​តាម​សារលិខិត​របស់​លោក​ ​ហ៊ុន សែន​ ​ដែល​ធ្វើឡើង​សម្រាប់​ប្រារព្ធ​ទិវា​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​គ្រុនចាញ់​នា​ថ្ងៃ​ទី​២៥​ ខែ​មេសា​ខាងមុខ​នេះ។​

សារ​លិខិត​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ ​ហ៊ុន សែន​ ​ចុះ​ថ្ងៃ​ទី១១​ ​ខែ​មេសា​ ឆ្នាំ​ ២០១៨​ ​ដែល​អង្គភាព​ព័ត៌មាន​ស្និទ្ធ​នឹង​រដ្ឋាភិបាល​បាន​ចុះផ្សាយ​នៅ​ថ្ងៃ​អង្គារ​នេះ​បាន​សរសេរ​តាម​ន័យ​ដើម​ថា៖​

«ចាប់​តាំងពី​ឆ្នាំ​២០១១​ ​នៃ​ការ​អនុវត្ត​ផែន​ការ​យុទ្ធសាស្ត្រ​ជាតិ​លុប​បំបាត់​ជំងឺគ្រុនចាញ់​ ​២០១១-២០២៥​ ​របស់​រាជ​រដ្ឋាភិបាល​ ​តាម​ប្រភព​របាយការណ៍​ប្រចាំ​ឆ្នាំ​ក្នុង​សេវា​សុខាភិបាល​សាធារណៈ​របស់​កម្មវិធី​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​គ្រុនចាញ់​ ពី​ឆ្នាំ​២០១១​-២០១៧​ ​មាន​ចំនួន​ករណី​ឈឺ​ត្រូវ​បាន​កាត់​បន្ថយ​ពី​ ​៦២.៥៨០​ករណី​ ​មក​នៅ​ត្រឹម​ ៣៦.៤៥៦​ករណី​ និង​ចំនួន​ស្លាប់​បាន​កាត់​បន្ថយ​ពី​ ​៩៣នាក់​មក​នៅ​ត្រឹម​ ១​នាក់​ បាន​ន័យ​ថា​ អត្រា​ស្លាប់​ក្នុង​ចំណោម​មនុស្ស​ ១០០ ០០០នាក់​ បាន​ថយ​ចុះ​ពី​ ០,៦៥នាក់​ មក​នៅ​ត្រឹម​ ​០,០០៦នាក់​ ដែល​ជោគជ័យ​មុន​គោលដៅ​គ្រោង​ទុក​ឆ្នាំ​ ២០១៩»។​

ការ​ថយ​ចុះ​នៃ​អត្រា​មនុស្ស​ស្លាប់​ដោយ​ជំងឺ​គ្រុនចាញ់​នេះ​ គឺ​បាន​មក​ពី​ផែនការ​យុទ្ធសាស្ត្រ​ជាតិ​លុប​បំបាត់​ជំងឺគ្រុនចាញ់​ ឆ្នាំ​ ២០១១-២០២៥​ ដែល​ជា​ផែនទី​បង្ហាញ​ផ្លូវ​ និង​បង្ក​លក្ខណៈ​ងាយ​ស្រួល​ដល់​ការប្រតិបត្តិ​ជាក់​ស្ដែង​ ឈាន​ឆ្ពោះ​ទៅ​លុប​បំបាត់​ជំងឺ​គ្រុនចាញ់​ទូទាំង​ប្រទេស។

យោង​តាម​សារលិខិត​ដដែល​របស់​លោក​ ហ៊ុន សែន​ នោះ កម្ពុជា​បាន​ជ្រើសរើស​យក​ប្រធាន​បទ​ «ត្រៀម​រួច​ជា​ស្រេច​ ចូលរួម​លុបបំបាត់​ជំងឺ​គ្រុនចាញ់»ដើម្បី​ប្រារព្ធ​ទិវា​ជាតិប្រយុទ្ធ​នឹង​ជំងឺ​គ្រុនចាញ់។​

លោក​ ហ៊ុន សែន​ បាន​ផ្ដល់​សេចក្ដី​ពន្យល់​ចំពោះ​ការ​ជ្រើស​រើស​ប្រធានបទ​នេះ​ថា​«សមស្រប​នឹង​ដំណើរ​វិវត្ត​នៃ​សភាពការណ៍​សង្គម​-សេដ្ឋកិច្ច​របស់​កម្ពុជា​ ដែល​កំពុង​ធ្វើការ​អភិវឌ្ឍ​តាម​ព្រំដែន​ និង​តំបន់​អេកូ​ទេសចរ​ធម្មជាតិ​ ព្រៃភ្នំ​ ដែល​ប្រឈម​នឹង​អត្រា​ឈឺ​ ស្លាប់​ដោយ​ជំងឺ​គ្រុនចាញ់​នៅ​ឡើយ»។

ដើម្បី​រក្សា​បាន​នូវ​ជោគជ័យ​នៃ​ការ​លុបបំបាត់​ជំងឺគ្រុនចាញ់​ឲ្យ​អស់​ពី​ប្រទេស​ លោក​ ​ហ៊ុន សែន​ ​បាន​ «អំពាវនាវ​ឲ្យ​ក្រសួង​ ស្ថាប័ន​ អាជ្ញាធរ​មូលដ្ឋាន​គ្រប់​លំដាប់​ថ្នាក់​ទាំង​អស់​ វិស័យ​ឯកជន​ អង្គការ​នានា ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន​ សហគមន៍​ជាតិ​-អន្តរជាតិ​ និង​ដៃគូ​អភិវឌ្ឍ​ ជាពិសេស​ប្រជាជន​គ្រប់​រូប សូម​បន្ត​ចូលរួម​និង​គាំទ្រ​ដល់​បេសកកម្ម​របស់​ក្រសួង​សុខាភិបាល​ ក្នុង​ការ​លុបបំបាត់​ជំងឺ​គ្រុនចាញ់​ ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ ឲ្យ​ទទួល​បាន​ជោគជ័យ​ និង​សម្រេច​តាម​គោលដៅ​យុទ្ធសាស្ត្រ​ជាតិ​លុប​បំបាត់​ជំងឺ​គ្រុនចាញ់​ឆ្នាំ​ ២០២៥»។

មេដឹកនាំ​កម្ពុជា​ដ៏​យូរ​ឆ្នាំ​រូប​នេះ​ ​ក៏​បាន​បន្ថែម​ថា​ ជំងឺ​គ្រុនចាញ់​នៅ​តែ​ជា​បន្ទុក​ដ៏​ធ្ងន់​របស់​កម្ពុជា​ ហើយ​បើ​យើង​មិន​ទាន់​លុប​បំបាត់​មេរោគ​គ្រុនចាញ់​ឲ្យអស់​ពី​ក្នុង​ខ្លួន​មនុស្ស​គ្រប់ៗ​រូប​ទេ​នោះ​ សត្វមូស​ដែក​គោល​ញី​ ដែល​បន្ត​មាន​នៅ​ក្នុង​ព្រៃ​ និង​តំបន់​ជុំវិញ​ នៅតែ​មាន​ឱកាស​បឺត​ឈាម​ចម្លង​មេរោគ​គ្រុន​ចាញ់​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់​ និង​ពី​សហគមន៍​មួយ​ទៅ​សហគមន៍​មួយ​ដដែល។

ជំងឺ​គ្រុនចាញ់​មិនមែន​ជា​បញ្ហា​ប្រឈម​របស់​កម្ពុជា​នោះ​ទេ​ ​តែ​ជំងឺ​នេះ​នៅ​បន្ត​វាយលុក​ប្រជាជន​ក្នុង​ប្រទេស​កំពុង​អភិវឌ្ឍន៍​ផ្សេងៗ​ទៀត​ និង​ប្រទេស​ក្នុង​តំបន់។​ ​នេះ​បើ​យោង​តាម​ការ​ស្រាវជ្រាវ​របស់​ក្រុម​អ្នក​ជំនាញ​ខាង​ជំងឺគ្រុនចាញ់។

កាល​ពី​ឆ្នាំ​ ២០១៧​ ក្រុម​អ្នក​ស្រាវជ្រាវ​ត្រូវ​បាន​ធ្វើ​ឲ្យ​បារម្ភ​កាន់​តែ​ខ្លាំង​ដោយ​ការ​លេច​ឡើង​នៃ​ពូជ​មេរោគ​គ្រុនចាញ់​ស៊ាំ​ថ្នាំ​មួយ​នៅ​ក្នុង​ប្រទេស​កម្ពុជា។​

ប្រភព​មេរោគ​នេះ ​ត្រូវ​គេ​ស្គាល់​ថា​ ជា​ «superbug»​ ដែល​មាន​ឥទ្ធិពល​លើ​ភាគច្រើន​នៃ​ឱសថ​ប្រឆាំង​ជំងឺ​គ្រុនចាញ់​ ​ដូចជា​ប្រភេទ​ថ្នាំ​ អាតថឺម៉ីសសេនីន​ (artemisinin)​ ​ដែល​ត្រូវ​បាន​ប្រើ​សម្រាប់​ព្យាបាល​ជំងឺ​គ្រុន​ចាញ់។​ ​មេរោគ​ ​superbug​ ​ដំបូង​ឡើយ​ត្រូវ​បាន​រក​ឃើញ​នៅ​ក្នុង​ឆ្នាំ​ ​២០០៨​នៅ​ប្រទេស​កម្ពុជា​ ​ដែល​ឥឡូវ​បាន​រីក​រាល​ដាល​ទៅ​ដល់​ផ្នែក​ផ្សេងៗ​ទៀត​នៃ​ប្រទេស​ វៀតណាម​ ថៃ​ និង​ប្រទេស​លាវ។

នៅ​ក្នុង​ខែ​កញ្ញា​ ឆ្នាំ​ ២០១៧ ​អ្នក​វិទ្យាសាស្ត្រ​ជាច្រើន​មក​ពី​អង្គភាព​ស្រាវជ្រាវ​ឱសថ​ក្នុង​តំបន់​ត្រូពិក​នៃ​សាកល​វិទ្យាល័យ​ Mahidol ​និង​ Oxford (Mahidol Oxford Tropical Medicine Research Unit) ​ហៅ​កាត់​ថា​ MORU​ បាន​ចេញ​ផ្សាយ​អត្ថបទ​មួយ​នៅ​ក្នុង​គេហទំព័រ​សុខាភិបាល​ឈ្មោះ​ The Lancet ​ដោយ​បាន​និយាយ​ថា​ ការ​រីក​រាល​ដាល​នៃ​ប្រភេទ​មេរោគ​ ប្លាស្មូដ្យូម​ហ្វាល់ស៊ី​ប៉ារ៉ូម​ C580Y ​ទូទាំង​តំបន់​មេគង្គ​ គឺ​ជា​ការ​គំរាម​កំហែង​ធ្ងន់ធ្ងរ​ដល់​ការ​គ្រប់គ្រង​ និង​លុប​បំបាត់​ជំងឺ​គ្រុនចាញ់។

យ៉ាង​ណា​ក៏​ដោយ ​មន្ត្រី​សុខាភិបាល​កម្ពុជា​ទទួលបន្ទុក​ជំងឺគ្រុនចាញ់​ ថ្លែង​កាលពី​ពេល​កន្លង​មក​ថា​ ភាព​ស៊ាំ​ថ្នាំ​របស់​ជំងឺ​គ្រុនចាញ់​ មិនមែន​ជា​កត្តា​ព្រួយបារម្ភ​សម្រាប់​កម្ពុជា​នោះ​ឡើយ។

លោក​វេជ្ជបណ្ឌិត​ ​ហ៊ុយ រ៉េកុល​ ប្រធាន​មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​គ្រុនចាញ់​ប៉ារ៉ាស៊ីតសាស្ត្រ​-បាណកសាស្ត្រ​ ​(National Center for Parasitology, Entomology and Malaria Control)​ ​ហៅ​កាត់​ថា​ CNM​ ​មាន​ប្រសាសន៍​ប្រាប់​ ​VOA​ ​កាល​ពី​ពេល​កន្លងមក​ថា​ លោក​មិន​ត្រូវ​បាន​ធ្វើ​ឲ្យ​បារម្ភ​ ដោយ​ជំងឺ​គ្រុនចាញ់​ដែល​ស៊ាំ​ថ្នាំ​នេះ​ទេ។

រូបឯកសារ៖ វេជ្ជបណ្ឌិត ហ៊ុយ រ៉េកុល ប្រធានមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺ​គ្រុន​ចាញ់​នៃ​ក្រសួងសុខាភិបាលកម្ពុជា នៅ​ក្នុង​សន្និសីទ​នៃ​ការប្រកាស​ពី​គម្រោង​យុទ្ធសាស្រ្ត​ផែន​ការ​៥​ឆ្នាំ​ក្នុង​ការបំបាត់​ជំងឺ​គ្រុនចាញ់​នៅ​កម្ពុជា​ នៅ​ថ្ងៃ​ទី​២៨ ខែ​មករា​ ឆ្នាំ​២០១៦។​ (នៅ​ វណ្ណារិន/VOA)

លោក​វេជ្ជបណ្ឌិត​ ​ហ៊ុយ រ៉េកុល​ បាន​សំដៅ​លើ​ថ្នាំ​ អាតថឺម៉ីសសេនីន-​មេហ្វ្លឃ្វីន (artesunate-mefloquine) ដែល​ប្រើ​សម្រាប់​ការ​ព្យាបាល​ជំងឺ​គ្រុនចាញ់។

VOA មិនទាន់​អាច​ទាក់​ទង​ លោក​វេជ្ជបណ្ឌិត​ ​ហ៊ុយ រ៉េកុល​ បាន​នៅ​ឡើយ​ទេ​នៅ​ថ្ងៃ​អង្គារ​នេះ​ ដោយ​ទូរស័ព្ទ​លោក​រោទ៍​ តែ​គ្មាន​អ្នកទទួល។

ប្រទេស​កម្ពុជា​ បាន​ប្រើប្រាស់​ថ្នាំ​ ​dihydroartemisinin​ ​(DHA)-piperaquine (PP)​ ​តែ​វា​មាន​ការ​កើន​ឡើង​នៃ​ភាព​ស៊ាំ​ថ្នាំ​ ទើប​បាន​ប្ដូរ​ទៅ​ប្រើ​ថ្នាំ​ ​ Artesunate Mefloquine(ASMQ) ​វិញ។​ ការ​ស៊ាំ​នេះ​ ត្រូវ​បាន​រក​ឃើញ​នៅ​ក្នុង​ភាគ​ខាង​លិច​នៃ​ប្រទេស​កម្ពុជា​ក្នុង​តំបន់​ខេត្ត​ប៉ៃលិន ​ដែល​ក្រោយ​មក​បាន​រាល​ដាល​ដល់​ភាគ​ឦសាន​ប្រទេស​ថៃ​ និង​ភាគ​ខាង​ត្បូង​នៃ​ប្រទេស​លាវ។ នេះ​បើ​យោង​តាម​អត្ថបទ​ដែល​បោះពុម្ព​ផ្សាយ​លើ​គេហទំព័រ​ ​The Lancet​ ​ជា​វេទិកា​នៃ​ការ​ចែក​រំលែក​ចំណេះដឹង​ខាង​សុខាភិបាល។

នៅ​ទូទាំង​សាកល​លោក​ មាន​ប្រជាជន​ប្រមាណ​ជា​ ​៣,២​ពាន់​លាន​នាក់ នៅ​ក្នុង​ប្រទេស​ ​និង​ទឹកដី​នានា​ចំនួន​ ៩៥​ បាន​ប្រឈម​នឹង​គ្រោះថ្នាក់​នៃ​ការ​ឆ្លង​ជំងឺ​គ្រុន​ចាញ់។​ ការ​ស្លាប់​ភាគច្រើន​ក្នុង​តំបន់​អាហ្វ្រិក​ បាន​កើតមាន​លើ​កុមារ​អាយុ​ ៥ឆ្នាំ​ និង​ក្រោម​ជាង​នេះ​ ដែល​ស្មើ​នឹង​ជាង​២ភាគ​៣​នៃ​ការ​ស្លាប់។​ នេះ​បើ​យោង​តាម​អង្គការ​សុខភាព​ពិភព​លោក។

យ៉ាង​ណា​ក៏​ដោយ​ កាល​ពីដើម​ខែ​មេសា​នេះ​ ក្រុម​អ្នកស្រាវជ្រាវ​ខាង​សុខាភិបាល​ បាន​ឲ្យដឹង​ពី​ការ​រក​ឃើញ​ដ៏​ភ្ញាក់​ផ្អើល​មួយ​គឺ​ ការ​ផ្ដល់​ថ្នាំ​ប៉ារ៉ាសេតាម៉ុល​ធម្មតា​ដល់​អ្នក​មាន​ជំងឺ​គ្រុនចាញ់​ធ្ងន់ធ្ងរ​ អាច​ជួយ​ដល់​អ្នកជំងឺ​នោះ​ឲ្យ​រួចផុត​ពី​ការ​ខូចខាត​តម្រង់​នោម​ ដែល​បាន​បង្ក​ការ​ស្លាប់​ដល់​មនុស្ស​ពេញវ័យ​មាន​ជំងឺ​គ្រុនចាញ់​ធ្ងន់ធ្ងរ​ជាច្រើន​នាក់។

​នេះ​បើ​យោង​តាម​សេចក្ដី​ប្រកាស​មួយ​ចេញ​ផ្សាយ​ដោយ​អង្គភាព​ស្រាវជ្រាវ​ឱសថ​ក្នុង​តំបន់​ត្រូពិក​នៃ​សាកល​វិទ្យាល័យ​ Mahidol ​Oxford ​(Mahidol Oxford ​Tropical​ Medicine ​Research ​Unit) ​ហៅកាត់​ ​ MORU។

លោក​ Arjen Dondorp​ សាស្ត្រាចារ្យ​នៃ​សាកល​វិទ្យាល័យ​ ​Oxford និង​ជា​ប្រធាន​អង្គភាព​ស្រាវជ្រាវ​ឱសថ​ក្នុង​តំបន់​ត្រូពិក​នៃ​សាកល​វិទ្យាល័យ​ Mahidol ​Oxford ត្រូវ​បាន​ស្រង់​ប្រសាសន៍​ក្នុង​សេចក្ដី​ប្រកាស​នោះ​ តាម​ន័យ​ដើម​ថា៖

«នេះ​ជា​ការ​រក​ឃើញ​ដែល​មាន​សារសំខាន់​មួយ​ ពីព្រោះ​ការ​ខូច​តម្រង់​នោម​ធ្ងន់ធ្ងរ​ គឺ​កើត​មាន​ជា​ទូទៅ​ ពោល​គឺ​ថា​ជារឿយៗ​ វា​មាន​ភាព​ស្មុគស្មាញ​នៅ​ក្នុង​អ្នកជំងឺ​ដែល​ជា​មនុស្ស​ពេញវ័យ​ និង​មាន​ជំងឺ​គ្រុនចាញ់​ធ្ងន់ធ្ងរ»។

លោក​បាន​បន្ថែម​ថា៖

«ជា​ការ​ភ្ញាក់​ផ្អើល​មួយ ដែល​ថ្នាំ​ប៉ារ៉ាសេតាម៉ុល​សាមញ្ញ​ និង​មាន​តម្លៃ​ថោក​ អាច​ការ​ពារ​តម្រងនោម​របស់​អ្នកមាន​ជំងឺគ្រុនចាញ់​ធ្ងន់ធ្ងរ។ ហេតុ​ដូចនេះ​ វា​មាន​សក្ដានុពល​ក្នុង​ការ​បន្ថយ​ការ​ស្លាប់​បង្ក​ដោយ​ជំងឺគ្រុនចាញ់»។

បើ​ទោះ​ជា​អត្រា​ឆ្លង​នៃ​ជំងឺ​គ្រុនចាញ់​ និង​ការ​ស្លាប់​ដោយ​ជំងឺ​ដ៏​សាហាវ​នេះ​មាន​ការ​ធ្លាក់​ចុះ​នៅប្រទេស​កម្ពុជា​ក៏ដោយ ​ក៏​ប៉ុន្តែ​ អ្នក​ជំនាញ​ធ្វើ​ការ​ក្នុង​វិស័យ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​នេះ​ នៅ​តែ​មាន​ក្ដី​បារម្ភ​ខ្លាំង​ចំពោះ​ប្រភេទ​ជំងឺ​គ្រុន​ចាញ់​ដែល​ស៊ាំ​នឹង​ថ្នាំ ដែល​កំពុង​បន្ត​មាន​វត្តមាន​នៅ​ឡើយ៕