ជម្លោះ​នានា​គំរាមកំហែង​ដល់​ការ​បោះឆ្នោត​ជាតិ​ក្នុង​ប្រទេស​សូម៉ាលី

រូបឯកសារ៖ ស្ត្រីជនជាតិសូម៉ាលីកាន់បដារូបប្រធានាធិបតីសូម៉ាលីលោក Mohamed Abdullahi Farmajo នៅទីក្រុង Mogadishu ប្រទេសសូម៉ាលី កាលពីថ្ងៃទី ១១ ខែកុម្ភៈ ឆ្នាំ២០១៧។

ក្រុមអង្គការ​ដោះស្រាយវិបត្តិ​អន្តរជាតិ (International Crisis Group) និយាយ​ថា​ ប្រទេស​សូម៉ាលីកំពុង​មានភាពយឺតយ៉ាវ​នៅក្នុងកា​ររៀប​ចំការ​បោះឆ្នោត​ជ្រើសរើសតំណាងរាស្ត្រ និងការ​បោះឆ្នោតប្រធានាធិបតី​។

អង្គការ​ស្រាវជ្រាវ​ដែលមាន​មូលដ្ឋាន​នៅ​ទីក្រុង​ប្រ៊ុចសែលមួ​យ​នេះ និយាយ​ថា ​ដំណើរ​ការ​បោះឆ្នោត​ត្រូវបាន​គំរាមកំហែង​ដោយ​ការ​ខ្វែង​គំនិត​គ្នា ​និង​កង្វះ​យន្តការ ​ក្នុង​ការ​ដោះស្រាយជម្លោះលទ្ធផល​បោះឆ្នោត​។ ប្រទេស​សូម៉ាលី​កំពុង​ស្នើ​ឲ្យ​មាន​ការ​ពន្យារអាណត្តិ​ ដើម្បី​ជៀសវាងជម្លោះនយោបាយ។​

ផែន​ការ​របស់​រដ្ឋាភិបាល​សូម៉ាលី​ ដើម្បីរៀបចំ​ការបោះឆ្នោត​នៅ​ខែកុម្ភៈ ខាង​មុខ​កំពុង​ប្រឈម​នឹង​ការ​ប្រឆាំង​ពី​ក្រុម​ជំទាស់ ដែល​មិន​សប្បាយចិត្ត​ចំពោះ​ជម្រើស​ដែល​តំណាង​ឲ្យ​ក្រុម​របស់​ខ្លួន​ កាល​ពី​ពេល​បោះឆ្នោត​នៅ​ជុំ​ទី ១។​

ប្រទេស​សូម៉ាលី​រៀបចំ​ការ​បោះឆ្នោត​ដោយ​ប្រយោល ​ដែល​បក្សសម្ព័ន្ធ​នីមួយៗ​ត្រូវ​ជ្រើសរើស​សមាជិកសភាតាមរយៈការ​បោះឆ្នោត​ពិសេស។ បន្ទាប់​មក​សមាជិកសភា​ចំនួន ២៧៥ រូប និង​សមាជិក​ព្រឹទ្ធសភា​ចំនួន ៥៩ រូប ​បោះឆ្នោត​ជ្រើស​រើស​ប្រធានាធិបតី។​

លោក Omar Mahmood អ្នក​វិភាគ​ជនជាតិ​សូម៉ាលី​ម្នាក់​នៃ​អង្គការដោះស្រាយ​វិបត្តិ​អន្តរជាតិ​ និយាយ​ថា​ ការ​ខ្វែង​គំនិត​គ្នា​នេះ​អាច​ប៉ះពាល់​ដល់​ដំណើរការ​បោះឆ្នោត។​

លោក Omar បាន​ថ្លែង​ដូច្នេះ​ថា៖ «ខ្ញុំ​គិត​ថា​ វា​នឹង​មាន​ការ​ពិបាក​បន្តិច​ជាមួយ​នឹង​ពេលវេលា​នៃ​ការបោះឆ្នោត។ យើង​បាន​ឃើញ​រួចហើយ​នូវការ​ខកខាន​ដំណើរការ​ខ្លះៗ ​ដូច​ជា​បញ្ហា​នៅក្នុង​គណៈ​កម្មការ​រៀបចំ​ការបោះ​ឆ្នោត​ សហព័ន្ធ​ការជ្រើស​រើស​ឈ្មោះ​ ដែល​បាន​ធ្វើ​ឡើង​តែ​ពីរបី​សប្តាហ៍​ដោយ​មិន​បាន​គ្រោង​ទុក ស្ថានភាព​នៃគណៈ​កម្មការរៀប​ចំ​ការបោះ​ឆ្នោត​នៅ​មិន​ទាន់​មាន​ការសម្រេច ​ហើយ​យើង​ក៏​ឃើញ​ជម្លោះ​មួយ​ចំនួន​ពាក់ព័ន្ធនឹង​ឈ្មោះ ​ដែល​ត្រូវ​បាន​ប្រកាស​ដែល​ធ្វើ​ឲ្យ​ក្រុមប្រឆាំង​ចេញមុខ​តវ៉ា​ដូចនេះ»។

បញ្ហាផ្សេងទៀតគឺសមាសភាពរបស់គណៈកម្មាធិការ ដែលបានស្នើឡើងដើម្បី​ដោះស្រាយ​ជម្លោះ​នយោបាយ។ រដ្ឋាភិបាល​កណ្តាល​និង​សមាជិករដ្ឋ​សហព័ន្ធ​សូម៉ាលី​បាន​យល់ព្រម​ជ្រើស​តាំង​គណៈកម្មាធិការ​ជាមួយ​គ្នា។ ប៉ុន្តែ​ សេចក្តី​ថ្លែងការណ៍​មួយ​ដែល​ចេញ​ផ្សាយ​កាលពី​ថ្ងៃអង្គារ​កន្លង​ទៅ​ ដោយ​បេក្ខជន​ប្រធានាធិបតី​ទាំង ១២ រូប​ បាន​បង្ហាញ​បញ្ជី​នោះ ​មាន​សុទ្ធ​តែ​សមាជិក​ដែល​មក​ពី​ក្រុម​ស៊ើបការ​សម្ងាត់​ និង​ជនស៊ីវិល​មួយ​ចំនួន។

តាម​រយៈសារ​មួយដែល​ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្តាញ​សង្គម ​Facebook ឧបនាយករដ្ឋ​មន្ត្រី​សូម៉ាលី​លោក Mahdi Gulaid បាន​និយាយ​ថា​ សេចក្តីថ្លែងការណ៍​ដែល​មិន​ទទួល​ស្គាល់​បេក្ខជនដែល​ជ្រើស​តាំង​ដោយ​រដ្ឋាភិបាល​នោះ ​គឺ​គួរ​ឲ្យ​ភ្ញាក់ផ្អើល ហើយ​លោក​យល់ឃើញ​ថា ​បេក្ខជនប្រធានាធិបតី ​ខ្វះ​ភាពជឿជាក់ ​និង ​«​អស់សង្ឃឹម»។

​លោក Abdi Ali Hassan សមាជិក​ម្នាក់​នៃ​សភា​សូម៉ាលី​បច្ចុប្បន្ន​បាន​បន្ទោស​ទម្រង់​នៃ​ការបោះឆ្នោត​ ដែល​ត្រូវបាន​ព្រមព្រៀង​ដោយ​មេដឹកនាំនានានេះ​ថា ​ជា​ឧបសគ្គ​នៃ​វឌ្ឍនភាព​របស់​ប្រទេស។

លោក​និយាយ​ថា​ ការ​បោះឆ្នោត​ដោយ​ប្រយោល​នេះ​ពោរពេញ​ដោយ​អំពើ​ពុករលួយ​ល្បែងស្តី​បន្ទោស​គ្នា​ទៅវិញ​ទៅមក បក្ខពួកនិយម​ហើយ​ក្រុម​ភេរវកម្ម​ប្រហែល​ជា​មាន​ចំណែក​ក្នុង​នោះ​ផងដែរ។

​«ខ្ញុំ​តែងតែ​គាំទ្រ​ការបោះឆ្នោត​ដោយ​ផ្ទាល់​ គឺមនុស្ស​ម្នាក់​សំឡេង​ឆ្នោត​មួយ​ ហើយ​ហេតុផល​ដែល​ខ្ញុំ​ជំទាស់​នឹង​ការ​បោះឆ្នោត​ដោយ​ប្រយោល​នេះ ដូច​ខ្ញុំ​បាន​ពន្យល់​រួចហើយ។ អ្នក​ដែល​ចង់​បាន​ការ​បោះឆ្នោត​ដោយប្រយោល ​គឺដើម្បីគាំទ្រ​លទ្ធិប្រជាធិបតេយ្យ។ យើង​បាន​យល់ព្រម​នឹង​គំនិត​នោះ។ ខ្ញុំនឹងមិន​គាំទ្រ​ការ​បោះឆ្នោត​ដោយប្រយោល​ណា​ទៀត​នោះ​ឡើយ»។

លោក​ Mahmood និយាយ​ថា​ បើសិន​ជា​កាលបរិចេ្ឆទ​មិន​អាច​ធ្វើ​ទៅ​បាន​ ដូច្នេះ​មេដឹក​នាំ​ប្រទេស​សូម៉ាលី​គួរ​តែ​ព្រមព្រៀង​លើ​ការ​ពន្យារពេល​ពីរបី​ខែ​ក្នុង​អាណត្តិ​កាន់អំណាច​របស់​ពួកគេ​ ដើម្បី​អនុញ្ញាត​ឲ្យ​មាន​ពេល​វេលា​បន្ថែម​ ដើម្បី​រៀបចំ​ការ​បោះឆ្នោត​គួរ​ឲ្យ​ទុកចិត្ត​មួយ។

​លោក​ Mahmood បាន​ថ្លែង​បន្ត​ថា៖ «នៅ​ចុងបញ្ចប់ នោះគ្រាន់តែ​ជម្រើស​ដែល​យើង​ផ្តល់​ឲ្យ​ប៉ុណ្ណោះ ប៉ុន្តែ​វា​ត្រូវ​តែមាន​ការ​មូល​មតិគ្នា ហើយ​វិធីសាស្ត្រ​តែ​មួយ​គត់ដែល​អ្នក​អាច​ទទួល​បាន​ការ​សម្រេច​ចិត្ត​បែប​មូល​មតិ​មួយ​នោះ គឺ​ទី ១ ​ត្រូវ​មាន​ការកំណត់​ពេល​នៃ​អាណត្តិ ហើយ​ទី ២ ​គឺ​ផ្តោត​ខ្លាំង​លើ​ព័ត៌មានលម្អិត​បច្ចេកទេស​ ហើយ​ត្រូវ​ធានា​ថា ​ការងារ​មួយ​ចំនួន​ត្រូវបាន​សម្រេច​រួចរាល់។ ដូច្នេះ​ខ្ញុំ​គិត​ថា​សហគមន៍​អន្តរជាតិ​និង​អ្នក​ឯទៀត​ មានពេល​ដើម្បី​ស្វែង​យល់​ពី​វិធី​នេះ​បាន​។ ហើយ​ទីបញ្ចប់ ​វា​នឹង​នៅ​តែ​ស្ថិត​លើ​សា្ថប័ន​ពាក់ព័ន្ធ​ក្នុង​ប្រទេស​សូម៉ាលី​ខ្លួន​ឯងផ្ទាល់»។

អង្គកា​រដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ប្រ៊ុចសែល​កត់សម្គាល់​ថា ​អ្នកនយោបាយ​សូម៉ាលី​ទទួល​យក​ការ​កែសម្រួល​បន្តិច​បន្តួចប៉ុណ្ណោះ​ ពាក់ព័ន្ធ​នឹង​ពេលវេលា​កំណត់​នៃ​ការ​បោះឆ្នោត៕

ប្រែសម្រួល​ដោយ​កញ្ញា ទុំ ម្លិះ