សកម្មជនការពារសិទ្ធិអ្នកស្រឡាញ់ភេទដូចគ្នា ឬ (LGBTI) នៅសប្តាហ៍នេះ បានបង្ហាញពីក្តីបារម្ភ និងត្អូញត្អែរចំពោះការរើសអើងប្រឆំាងនឹងក្រុមអ្នកស្រឡាញ់ភេទដូចគ្នា អ្នកប្តូរភេទនៅក្នុងប្រទេសកម្ពុជា ទោះជាមានការផ្សព្វផ្សាយ និងការលើកកម្ពស់ការយល់ដឹងអំពីសិទ្ធិពួកគេក៏ដោយ។ ពួកគេអះអាងថា ការរើសអើងនៅតាមសហគមន៍ និងកន្លែងធ្វើការនៅមានកម្រិតខ្ពស់នៅឡើយ ដែលធ្វើឱ្យពួកខ្លួនមិនមានការងារល្អសមរម្យ។
ថ្លែងក្នុងការជួបជុំមួយ កាលពីល្ងាចថ្ងៃពុធ ធ្វើឡើងដោយស្ថានទូតអាមេរិក និងទីភ្នាក់ជំនួយអាមេរិក USAID ប្រចាំកម្ពុជាដើម្បីអបអរខែមោទនភាពសម្រាប់អ្នកស្រឡាញ់ភេទដូចគ្នា ឬ (Pride Month) ក្រុមអ្នកស្រឡាញ់ភេទដូចគ្នានិងសកម្មជនបានបញ្ជាក់ថា ការរើសអើងក្នុងសង្គមគ្រួសារ សហគមន៍ និងកន្លែងធ្វើការងារ នៅតែជាបញ្ហាចោទសម្រាប់អ្នកស្រឡាញ់ភេទដូចគ្នាហៅ gay ឬ lesbian អ្នកប្តូរភេទឬ transgender និងអ្នកស្រឡាញ់ទាំងពីរភេទ ឬ bisexual។
អ្នកគ្រូ ឈុន មុន្នីវិច្ឆរ៉ា ដែលជាសកម្មជនសិទ្ធិអ្នកស្រឡាញ់ភេទដូចគ្នាប្រចាំខេត្តព្រះសីហនុ បញ្ជាក់ថាការរើសអើងក្នុងខេត្តព្រះសីហនុ ក៏ដូចជាទីកន្លែងផ្សេងៗជាពិសេសនៅតាមសហគមន៍នៅមានកម្រិតខ្ពស់ បើទោះជាមានការបញ្ជ្រាបការយល់ដឹងពីសិទ្ធិរបស់អ្នកស្រលាញ់ភេទដូចគ្នាក៏នៅតាមសហគមន៍ឬសង្គមក៏ដោយ។ ឈុន មុន្នីវិច្ឆរ៉ា វ័យ៣៦ឆ្នាំ បន្តថាជាក់ស្តែងកម្មករភេទទី៣ មួយរូបត្រូវបញ្ឈប់ភ្លាមៗពីការងាររោងចក្រ ពេលគេដឹងពីការភេទពិតរបស់នាង។
«ចំណុច១ទៀតគឺនៅកន្លែងការងារ ជាពិសេសខាងអ្នកប្តូរភេទមានការពិបាកមែនទែនក្នុងការធ្វើការ។ ខ្លួនឯងតុបតែងជាស្រីប្តូរភេទជាស្រីចឹង ដាក់ពាក្យនៅកន្លែងធ្វើការ គេអត់ដឹង អត់បញ្ហា។ ក៏ប៉ុន្តែជាក់ស្តែងគឺក្នុងអំឡុងពេល១ខែហ្នឹងទេ! ទៅធ្វើការរោងចក្រ គាត់អត់ដឹងថាម្នាក់ហ្នឹងគាត់ប្រុសធ្វើខ្លួនជាស្រីទេ ក៏ប៉ុន្តែធ្វើការបាន១សប្តាហ៍ អីច៊ឹងគេដឹងថាគាត់ហ្នឹងគឺប្រុសធ្វើខ្លួនជាស្រី គេក៏បញ្ឈប់អត់ឱ្យគាត់ធ្វើការតែម្តង»។
ធួក ផល្លា វ័យ៣៣ឆ្នាំ សកម្មជននិងជាបុគ្គលិករបស់ Media One ប្រចាំខេត្តសៀមរាប ដែលធ្វើការលើការបញ្ជ្រាបសិទ្ធិនិងផ្នែកសុខភាពបានបញ្ជាក់ក្នុងការជួបជុំ កាលពីល្ងាចថ្ងៃពុធថាការរើសអើងក្នុងកន្លែងការងារជាឧបសគ្គយ៉ាងធំសម្រាប់ក្រុមអ្នកស្រឡាញ់ភេទដូចគ្នា និងធ្វើឱ្យពួកគាត់ជួបប្រទះនូវបញ្ហាជីវភាពផងដែរ។
«ផលវិបាកនិងបញ្ហាដែលពួកខ្ញុំជួបប្រទះគឺការងារ។ ពួកខ្ញុំមិនដែលមានការងារសមរម្យណាមួយធ្វើនិងបានប្រាក់ដើម្បីចិញ្ចឹមជីវិតនោះទេ ពីព្រោះនៅកន្លែងធ្វើការគេរើសអើងពួកខ្ញុំណាស់ ហើយពួកខ្ញុំតែងខ្លួនជាស្រីអីច៊ឹងស្ថាប័នមួយចំនួន កន្លែង១ចំនួន ក្រុមហ៊ុន១ចំនួនខ្លាចបាត់បង់កេរ្តិ៍ឈ្មោះកិតិ្តយសរបស់កន្លែងគេ។ ដល់ពេលអីច៊ឹងទៅពួកយើងពិបាកក្នុងការរកការងារធ្វើ បានត្រឹមតែធ្វើការងារសំអាង អ៊ុតសក់តែប៉ុណ្ណឹងឬក៏រកស៊ីផ្លូវភេទតែប៉ុណ្ណឹង»។
ខែមិថុនា ត្រូវបានគេចាត់ទុកថាជាខែមោទនភាពសម្រាប់មនុស្សស្រឡាញ់ភេទដូចគ្នា ឬ (Pride Month) នៅប្រទេសជាច្រើនក្នុងពិភពលោក ដើម្បីបញ្ជ្រាបការយល់ដឹងនិងការគោរពសិទ្ធិអ្នកស្រឡាញ់ភេទដូចគ្នា អ្នកកែភេទ និងអ្នកស្រឡាញ់ទាំងពីរភេទ ឬហៅជារួមកាត់ថាសហគមន៍ LGBTI។ ទិវាខែមោទនភាព Pride Month ក៏ត្រូវបានធ្វើឡើងដើម្បីការចងចាំអំពីព្រឹត្តិការណ៍កុប្បកម្មមួយឈ្មោះ Stonewall ក្នុងខែមិថុនាឆ្នាំ១៩៦៩ ជាពេលដែលអ្នកស្រឡាញ់ភេទដូចគ្នាចេញតវ៉ាសិទ្ធិរបស់ខ្លួននៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក។
នេះគឺជាលើទី១ដែល មានការប្រារព្ធការជួបជុំដើម្បីអបអរ ខែមោទនភាព Pride Month ដែលធ្វើឡើងនៅនិវេសនដ្ឋានរបស់ស្ថានទូតអាមេរិក។ នេះបើតាមការបញ្ជាក់របស់អ្នកស្រី Rebecca Black ប្រធានស្តីទីនៃទីភ្នាក់ងារជំនួយអាមេរិកUSAID។ លោកស្រីបន្តថា USAIDបានបាប់ផ្តើមកសាងសហគមន៍អ្នកស្រឡាញ់ភេទដូចគ្នាចាប់តាំងពីឆ្នាំ២០១៣ មកដល់បច្ចុប្បន្ន សហគមន៍នេះសមាជិកនិងទទួលស្គាល់ពីសង្គមបានច្រើនបើប្រៀបធៀបកាលពីពេលមុន។
ថ្លែងដោយមានអ្នកបកប្រែពិសេសជាខេមរភាសា អ្នកស្រី Rebecca Black បញ្ជាក់ថា៖
«ប៉ុន្តែទន្ទឹមនឹងនោះបញ្ហាប្រឈម ឧបសគ្គទាំងអស់គឺនៅតែកើតមានឡើងមិនថានៅក្នុងប្រទេសកម្ពុជាឬទៅកន្លែងផ្សេងៗទូទាំងពិភពលោក។ ដូច្នេះ ដូចអ្នកបានដឹងស្រាប់ហើយសហរដ្ឋអាមេរិក និង ទីភ្នាក់ងារជំនួយអាមេរិក USAID នៅតែស្ថិតនៅជាមួយអ្នកនិងជួយគាំទ្រអ្នកតាមដែលអាចធ្វើបានក្នុងការទាមទារសិទ្ធិរបស់អ្នក»។
អ្នកស្រី Rebecca Black បន្តថា ទីភ្នាក់ងារជំនួយអាមេរិកUSAIDនៅតែបន្តជួយនិងលើកតម្កើងសិទ្ធិអ្នកស្រឡាញ់ភេទដូចគ្នាជាពិសេសតាមកម្មវិធី Media One និងកម្មវិធីផ្សេងទៀតដើម្បីផ្សព្វផ្សាយអប់រំទៀត។
អនុប្រធានស្តីទីរបស់ស្ថានទូតអាមេរិកប្រចាំកម្ពុជា លោក Gary Anderson ក៏បញ្ជាក់ពីជំហររបស់អាមេរិកផងដែរថា សហរដ្ឋអាមេរិកគឺជាប្រទេសសេរីផ្តល់ការគោរពនិងសិទ្ធិអ្នកស្រលាញ់ភេទដូចគ្នា ហើយអាមេរិកក៏បានជំរុញឲ្យមានការគោរពសិទ្ធិដូចនេះផងដែរទូទាំងពិភពលោក។
លោក Gary Anderson បញ្ជាក់ដោយមានអ្នកបរប្រែជាខេមរភាសារថា៖
«ក្នុងនាមយើងជាជនជាតិអាមេរិកកាំង គឺយើងឱ្យអាទិភាព ខ្លាំងលើសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ និងប្រឆំាងនឹងការរើសអើងប្រឆំាងនិងសហគមន៍ LGBTQI។សហរដ្ឋអាមេរិកនៅឈជាមួយអ្នក នៅពេលដែលអ្នកតស៊ូមតិទាមទារសិទ្ធិរបស់អ្នកនៅក្នុងសហគមន៍នេះ»។
ទោះយ៉ាងណាក៏ដោយ ក្រុមអ្នកស្រឡាញ់ភេទដូចគ្នាក្នុងប្រទេសកម្ពុជានៅមានការបិទបាំងច្រើននៅឡើយ ហើយការគោរពសិទ្ធិនិងការរើសអើងនៅមានកម្រិត។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីចុងខែកុម្ភៈកន្លងទៅ បានអំពាវនាវឱ្យបញ្ឈប់ការរើសអើងប្រឆំាងនឹងអ្នកស្រឡាញ់ភេទដូចគ្នាពីសំណាក់មាតាបិតា អាណាព្យាបាលនិងសង្គម។ យ៉ាងណាក៏ដោយលោក បានបញ្ជាក់ថា កម្ពុជានៅមិនអាចបង្កើតច្បាប់អនុញ្ញាត ឱ្យអ្នកស្រឡាញ់ភេទដូចគ្នា (LGBTI ) រៀបអាពាហ៍ពិពាហ៍បាននៅឡើយ ដោយសារតែនៅមានការចម្រូងចម្រាសជាច្រើនក្នុងប្រទេសនិងលើឆាកអន្តរជាតិ។
កាលពីខែឧសភា កោះតៃវ៉ាន់បានក្លាយជាដែនដីទី១នៅទ្វីបអាស៊ីដែលបានអនុញ្ញាតឲ្យមានអាពាហ៍ពិពាហ៍ស្របច្បាប់រវាងអ្នកស្រឡាញ់ភេទដូចគ្នា។ ចំណែកសហរដ្ឋអាមេរិកបានអនុញ្ញាតអាពាហ៍ពិពាហ៍ស្របច្បាប់នេះកាលពីឆ្នាំ ២០១៥៕