ព្យុះទីហ្វុងបានបក់បោកនៅឆ្នេរសមុទ្រភាគខាងកើតប្រទេសជប៉ុនកាលពីល្ងាចថ្ងៃសៅរ៍ ដែលបណ្តាលឲ្យពួកអាជ្ញាធរមូលដ្ឋានចេញបញ្ជាភ្លាមៗដើម្បីជម្លៀសមនុស្ស បន្ទាប់ពីតំបន់នានានៅផ្នែកខាងលិចកាលពីពេលថ្មីៗនេះបានរងការបំផ្លិចបំផ្លាញដោយសារទឹកជំនន់និងការបាក់ដីដោយសារខ្យល់ព្យុះ។
ព្យុះចុងដារីដែលមានល្បឿនខ្យល់រហូតដល់១៨០គីឡូម៉ែត្រក្នុងមួយម៉ែត្រក្នុងមួយម៉ោង ត្រូវបានព្យាករណ៍ថា នឹងមកដល់កោះដ៏សំខាន់មួយរបស់ជប៉ុនកាលពីយប់ថ្ងៃសៅរ៍ ឬព្រឹកថ្ងៃអាទិត្យនេះ នេះតាមទីភ្នាក់ងារឧតុនិយមរបស់ជប៉ុន។
រូបភាពតាមទូរទស្សន៍បានបញ្ចាំងពីរលកខ្ពស់ៗបោកខ្ទប់ថ្មនិងកំផែងបាំងសមុទ្រនៅឆ្នេរសមុទ្រខាងកើតហើយយន្តហោះមានការពិបាកចុះចតនៅពេលមានខ្យល់យ៉ាងខ្លាំងនេះ។
ទីភ្នាក់ងារព័ត៌មានក្យូដូរាយការណ៍ថា បុរសម្នាក់បានបាត់ខ្លួននៅក្នុងខេត្ត Kanagawa នៅជិតទីក្រុងតូក្យូ បន្ទាប់ពីរថយន្តជាច្រើនគ្រឿង រួមមានរថយន្តសង្គ្រោះបន្ទាន់ផងបាននៅជាប់គាំងនៅលើផ្លូវជាប់សមុទ្រដែលមានរលកធំៗនោះ។
ព្យុះចុងដារីត្រូវគេរំពឹងថា នឹងធ្វើចលនាយ៉ាងលឿនឆ្ពោះទៅកាន់តំបន់ Chugoku ភាគខាងលិចនៅថ្ងៃអាទិត្យនេះ ដែលនៅទីនោះការធ្លាក់ភ្លៀងនៅដើមខែនេះបានបណ្តាលឲ្យមានទឹកជំនន់និងការបាក់ដីសម្លាប់មនុស្សប្រហែល២២០នាក់ហើយនឹងធ្វើឲ្យមនុស្សដែលនៅរស់រានមានជីវិតជាង៤ពាន់នាក់រស់នៅក្នុងទីជម្រកបណ្តោះអាសន្ននៅឡើយ។
ទីភ្នាក់ងារអាកាសធាតុព្រមានពីការធ្លាក់ភ្លៀង បាក់ដី ខ្យល់និងរលកសមុទ្រធំៗ ហើយបានជំរុញឲ្យពលរដ្ឋពិចារណាជម្លៀសចេញជាបន្ទាន់៕