ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ ចង់ឲ្យប្រធានាធិបតីប្រទេសអ៊ុយក្រែនលោក Volodymyr Zelenskiy និយាយជាសាធារណៈនូវពាក្យ ៣ ដែលនោះគឺ «ការស៊ើបអង្កេត» «លោក Biden» និង «លោក Clinton»។ នេះបើតាមការបញ្ជាក់របស់មន្ត្រីកំពូលមួយរូបនៃក្រសួងការបរទេសសហរដ្ឋអាមេរិក។
គណបក្សប្រជាធិបតេយ្យបានបញ្ចេញនូវចម្លើយសក្ខីកម្មរបស់ឧបការីរងរដ្ឋមន្ត្រីក្រសួងការបរទេសលោក George Kent កាលពីខែមុន។
នៅក្នុងចម្លើយសក្ខីកម្មនោះ លោក Kent បានបញ្ជាក់ថា ពាក្យដែលលោក Trump ចង់ឭពីលោក Zelenskiy ត្រូវបានផ្ដាំដល់លោកតាមរយៈមន្ត្រីផ្សេងទៀតដែលធ្វើការដោយផ្ទាល់ជាមួយនឹងលោក ត្រាំ។
លោក Kent ត្រូវបានគេស្រង់សម្ដីដោយនិយាយដូច្នេះថា៖ «នោះគឺជាសារ ដែលលោក Zelenskiy ចាំបាច់ត្រូវនិយាយជាសាធារណៈ និងបញ្ជាក់នូវពាក្យ ៣ នៅក្នុងសារនោះ»។
គណបក្សប្រជាធិបតេយ្យចង់ដឹងថាតើលោក ត្រាំ មានបានផ្អាកជំនួយយោធាចំនួន ៤ រយលានដុល្លារសម្រាប់ប្រទេសអ៊ុយក្រែនដែរឬក៏អត់ បើលោក Zelenskiy មិនប្ដេជ្ញាជាសាធារណៈនៅក្នុងការស៊ើបអង្កេតលើលោក Joe Biden ដែលអាចជាគូប្រជែងរបស់លោកនៅក្នុងការបោះឆ្នោតប្រធានាធិបតីនៅឆ្នាំក្រោយ ទាក់ទិននឹងការចោទប្រកាន់រឿងពុករលួយនោះ។
លោក Kent បានបញ្ជាក់ថា លោកមានការព្រួយបារម្ភអំពី «ការប្រឹងប្រែងដើម្បីចាប់ផ្ដើមនូវការចោទប្រកាន់ដែលមានលក្ខណៈនយោបាយ ដែលធ្វើឲ្យប៉ះពាល់ដល់នីតិរដ្ឋទាំងនៅក្នុងប្រទេសអ៊ុយក្រែន និងនៅក្នុងសហរដ្ឋអាមេរិក»។
រដ្ឋសភាដែលដឹកនាំដោយគណបក្សប្រជាធិបតេយ្យ កំពុងស៊ើបអង្កេតជាផ្លូវការដើម្បីចោទប្រកាន់ទម្លាក់លោក Trump ពីតំណែង ក្រោយពីមានអ្នកបញ្ចេញព័ត៌មានសម្ងាត់អំពីការសន្ទនារបស់លោកជាមួយនឹងលោក Zelenskiy កាលពីខែកក្កដា ដែលនៅក្នុងការសន្ទនានោះ លោក Trump បានស្នើឲ្យលោក Zelenskiy ស៊ើបអង្កេតលើលោក Joe Biden៕