សត្វ​ដាយណូស័រ​ស្លាប់​ដោយ​ឥទ្ធិពល​អាកាសធាតុ​ដ៏​ធំ​ចំនួន​ពីរ​បន្ត​បន្ទាប់

ភស្តុតាង​ថ្មី​បង្ហាញ​ថា ការ​ផ្ទុះ​ភ្នំភ្លើង និង​ការ​ធ្លាក់​អាចម៍​ផ្កាយ​ប្រមាណ ១៥០.០០០ ឆ្នាំ​មុន បាន​បណ្តាល​ឲ្យ​មាន​ការ​ឡើង​កម្តៅ​ខ្លាំង​នៅ​លើ​ពិភពលោក ដែល​កត្តា​ទាំង​ពីរ​នេះ​គួបផ្សំគ្នា​បាន​សម្លាប់​សត្វដាយណូស័រ។

តើ​សត្វ​ដាយណូស័រ​ ស្លាប់​ដោយសារ​អ្វី?​ តើ​ដោយ​សារតែ​សកម្មភាព​ភ្នំ​ភ្លើង​ដែល​បំពុល​ខ្យល់​អាកាស​ និង​ទឹក​មែន​ឬ​ទេ?​ ឬ​ដោយសារតែ​អាចម៍​ផ្កាយ​ដ៏​ច្រើន​​សន្ធឹក​សន្ធាប់​បាន​ធ្លាក់​មក​បាំង​បិទ​ព្រះអាទិត្យធ្វើអោយងងឹត​មេឃ​នោះ?​ រឿង​នេះ​បាន​ក្លាយជា​ប្រធានបទ​ពិភាក្សា​ដ៏​ក្តៅ​គគុក​មួយ​នៅ​ក្នុង​មជ្ឈដ្ឋាន​វិទ្យាសាស្រ្ត។​ ឥឡូវ​នេះ​ ការ​ស្រាវជ្រាវ​ថ្មី​ បាន​បង្ហាញ​នូវ​ហេតុផល​ទី​បី។

សត្វ​ដាយណូស័រ​បាន​គ្រប់គ្រង​ផែន​ដីអស់​រយៈ​ពេល​ប្រហែល​១៦០​លាន​ឆ្នាំ។​ ក្រោយ​មក​ ពួក​សត្វ​ដាយណូស័រ​ទាំង​អស់​ ក៏​បាន​ស្លាប់​ផុត​ពូជ។

គ្រោះ​មហន្តរាយ​ពីរ​ធំៗ​ បាន​កើត​ឡើង​កាល​ពី​៦៦​លាន​ឆ្នាំ​មុន​ បាន​ធ្វើ​ឲ្យ​កក្រើក​ពិភព​របស់​ដាយណូស័រ។​ ការ​ផ្ទុះ​ភ្នំ​ភ្លើង​ដ៏​ធំ​មួយ​ ​នៅ​ក្នុង​ប្រទេស​ឥណ្ឌា​បច្ចុប្បន្ន​នេះ​ បាន​ធ្វើ​ឲ្យ​មាន​ការ​ប្រែប្រួល​យ៉ាង​ខ្លាំង​ ទៅ​លើ​អាកាសធាតុ​របស់​ភព​ផែន​ដី។​ បន្ទាប់​ពី​នោះ​ រយៈ​ពេល​១៥០.០០០​ឆ្នាំ​ ក្រោយ​មក​ អាចម៍​ផ្កាយ​ក៏​បាន​ធ្លាក់​មក​ចំ​តំបន់ឈូង​សមុទ្រ​ប្រទេសម៉ិកស៊ិក​ ហើយ​ក៏​បណ្តាល​ឲ្យ​មាន​ការ​ប្រែប្រួល​ទៅ​លើ​អាកាសធាតុ​ផង​ដែរ។

ក្រុម​អ្នក​វិទ្យាសាស្រ្ត​ បាន​ខិត​ខំ​ស្រាវជ្រាវ​អស់​រយៈពេល​ជា​ច្រើន​ទសវត្សរ៍​ អំពី​មូលហេតុដែល​បង្ក​មហន្តរាយ​ដល់​ពួក​សត្វ​ដាយណូស័រ។​ ហេតុផល​ភាគ​ច្រើន​ គឹ​ដោយសារតែ​ពួក​គេ​មិនទាន់​បាន​រក​ឃើញ​ច្រក​ពន្លឺ​ទៅ​កាន់ពេល​អតីតកាល។

ប៉ុន្តែ​ ពេល​នេះ​ កោះ​នៅ​តំបន់អង់តាក់ទិក​មួយ​ នៅ​ជិត​ជាយ​ខាង​ត្បូង​នៃ​ទ្វីប​អាមេរិក​ខាង​ត្បូង​ បាន​ផ្តល់​នូវ​កំណត់ត្រា​ច្បាស់លាស់​មួយ​ អំពី​អ្វី​ដែល​បាន​កើត​ឡើង។

«ថេរ​វេលា​នៃ​ការ​ផ្ទុះ​ភ្នំ​ភ្លើង​ និង​អាចម៍​ផ្កាយ​ មាន​រយៈពេល​ជិត​គ្នា»។

Sierra Petersen អ្នក​វិភាគ​អាកាសធាតុ​បុរាណ(បុរាណអាកាសធាតុ​វិទូ)​ នៃ​សាកល​វិទ្យាល័យ​ Michigan បាន​បញ្ជាក់​ថា​ នៅ​ក្នុង​រយៈពេល​ឃ្លាត​ពី​គ្នា​តែ​១៥០.០០០ឆ្នាំ​ប៉ុណ្ណោះ​ ស្រទាប់​ថ្មនានាពីព្រឹត្តិការណ៍​ទាំង​ពីរ​ មាន​រយៈ​ជិត​គ្នា​យ៉ាង​ខ្លាំង​ នៅ​ក្នុង​កំណត់់ត្រា​ផែន​ថ្ម​ ដែល​ធ្វើ​ឲ្យ​មាន​ការ​ពិបាក​ខ្លាំង​ក្នុង​ការ​ញែក​ឲ្យ​ដាច់​ពី​គ្នា​នូវ​ផល​ប៉ះ​ពាល់​ពី​ព្រឹត្តិការណ៍​ផ្ទុះ​ភ្នំ​ភ្លើង​ ឬ​អាចម៍​ផ្កាយ។

«នៅ​កោះ​ Seymour មាន​គម្លាត​ស្រទាប់​ថ្ម​៤០​ម៉ែត្រ​ ដែល​ចែក​ព្រឹត្តិការណ៍​ទាំង​ពីរ​នោះ​អោយ​ដាច់ពី​គ្នា។​ ដូច្នេះ​ យើង​អាច​យើង​បែង​ចែក​នូវ​ឥទ្ធិពល​នៃ​ព្រឹត្តិការណ៍​នីមួយៗបាន។​ នេះ​ហើយ​ជា​មូលហេតុ​ដែល​យើង​អាច​ដឹង​ពី​ឥទ្ធិពល​នៃ​ព្រឹត្តិការណ៍​ទាំង​ពីរ​នេះ​ទៅ​លើ​អាកាស​ធាតុ​ថា​ជា​ព្រឹត្តិការណ៍​ពីរ​ផ្សេង​ពី​គ្នា»។

«វា​សម​ហេតុ​ផល​ដែលមនុស្សគិត​ថា​វា​បណ្តាល​មក​ពី​ភ្នំ​ភ្លើង ឬ​ក៏​មក​ពី​អាចម៍​ផ្កាយ​...​ ប៉ុន្តែ​ តាម​ពិតការគិត​ គឺ​ត្រូវ​ទាំង​ពីរ​ហ្នឹង»។

បច្ចុប្បន្ន​ នាង Andrea Dutton ​ ជា​អ្នក​ស្រាវជ្រាវ​ភូមិសាស្រ្ត​តាម​គីមី​វិទ្យា​(ភូគព្ភ​គីមី​វិទូ​) នៅ​សកល​វិទ្យាល័យ​រដ្ឋFlorida ។​ កាលពី​ពេល​នាង​នៅ​ជា​និស្សិត​ នាង​បាន​សាក​ល្បង​ប្រើ​កម្ទេច​សំបក​ងាវ​គ្រំ​ យក​មក​ពី​កោះ​ ​Seymour​ដើម្បី​សិក្សា​ពី​បម្រែបម្រួល​អាកាស​ធាតុ​នៅ​សម័យ​ដើម​ ប៉ុន្តែ​ លទ្ធផល​មាន​ការ​ពិបាក​ក្នុង​ការ​បកស្រាយ​ឲ្យ​យល់។

កម្ទេច​ហ្វូស៊ីល​នោះ​ ត្រូវ​បាន​ទុក​ដោយ​ឡែក​ រហូត​ទាល់តែ​ Petersen ​បង្ហាញ​នូវ​វិធី​សាស្រ្ត​ថ្មី​មួយ។​ វិធី​សាស្រ្ត​នេះ​ ផ្តោត​លើ​ប្រភេទ​ម៉ូលេគុល​កាបូន​ មាន​នៅ​ក្នុង​សំបក​ងាវ​មួយ​ដែល​ពឹង​ផ្អែក​យ៉ាង​ខ្លាំង​ទៅ​លើ​សីតុណ្ហភាព​ទឹក​ នៅ​ពេល​ដែល​ស្រទាប់​សំបក​ងាវនោះ​ត្រូវ​បង្កើត​ឡើង។

ដូច្នេះ​ នៅ​ពេល​ដំបូង​ ពួក​គេ​អាច​កំណត់​នូវ​កំណត់ត្រា​សីតុណ្ហភាព​ក្នុងអំឡុង​ពេល​យុគ​សម័យ​ចុង​ក្រោយ​របស់​ដាយណូស័រ។​ ពួក​គេ​បាន​រក​ឃើញ​ថា ​សីតុណ្ហភាព​ឡើង​ក្តៅ។​ ពីរ​ដង។

«នៅ​ពេលនោះ​ដែល​សកម្មភាព​ភ្នំភ្លើង​នៅ​តំបន់​វាល​ទំនាប​ Deccan Trap នៅ​ក្នុង​ប្រទេស​ឥណ្ឌា​បាន​ចាប់ផ្តើម​ យើង​បាន​រក​ឃើញ​នូវ​ការ​ឡើង​កំដៅ​ជា​គំហុក​មួយ​ ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក។​ យើង​ក៏​បាន​រក​ឃើញ​ផង​ដែរ​នូវ​(ការ​ធ្លាក់​អាចម៍​ផ្កាយ)​នៅ​ចុង​បញ្ចប់​ ដែល​ជា​ការ​ឡើងកំដៅ​ដ៏​គំហុក​មួយ​ទៀត»។

វា​ជា​មហន្តរាយ​ធំ​បំផុតចំនួន​ពីរ​បន្តបន្ទាប់គ្នា។​ នាងDutton និយាយ​ថា ​ប្រសិន​បើ​ដាយណូស័រ​គិតថា ទឹក​ភ្លៀងអាស៊ីត​ និង​លម្អង​ធូលី​ភ្នំ​ភ្លើង​ ជា​ប្រការ​អាក្រក់​វមួយ ​ នោះ​វា​កាន់តែ​អាក្រក់​ទៅ​ទៀត​ ជាមួយ​នឹង​ការ​កើន​ឡើង​សីតុណ្ហភាព​យ៉ាង​ឆាប់​រហ័ស​ ដែល​បាន​កើត​ឡើង​បន្ត​មក​ទៀត។

«ពួក​វា​ធ្លាប់ឆ្លងកាត់សីតុណ្ហភាព​ក្តៅ​បែប​នេះ​ ពី​មុន​មក​ នៅ​យុគ​សម័យ​ដី​ស(Cretaceous)​ប៉ុន្តែ​ អ្វី​ដែល​កើត​ឡើងនៅទី​នេះ​ គឺ​សីតុណ្ហភាព​កើន​ឡើង​លឿន​ពេក​ ​ជា​សម្ពាធ​ដ៏​ខ្លាំង​មួយ​ ដែល​ពួក​វា​មិន​អាច​សម្របខ្លួន​បាន​ឆាប់​រហ័ស​ទៅ​តាម​ការប្រែប្រួលសីតុណ្ហភាព​ដ៏​ខ្លាំង​នេះ...យើង​មិន​ចាំបាច់​និយាយ​ថា​កំដៅសម្លាប់​អ្វីៗ​គ្រប់យ៉ាងនៅ​ពេល​នោះ​ទេ​ ប៉ុន្តែ​ វាអាច​បាន​បង្ក​ឲ្យអ្វីៗ​គ្រប់​យ៉ាងកាន់តែ​អាក្រក់ទៅ​ ហើយ​វា​អាច​ជា​ចំណែក​ដែល​ធ្វើ​ឲ្យ​សត្វ​ដាយណូស័រ​ផុត​ពូជ»។​

ពូជ​ដាយណូស័រ​ដែល​នៅ​រស់​ពីការកើនឡើងកំដៅ​លើក​ទី​មួយ​ ត្រូវ​ទទួល​រង​នូវ​ការ​វាយ​ប្រហារ​ដ៏​ខ្លាំង​មួយ​ទៀត​ ពី​ឥទ្ធិពល​អាចម៍​ផ្កាយ​ ដែល​បណ្តាល​ឲ្យ​សីតុណ្ហភាព​កើន​ឡើង​ដែរ។

តាម​របាយការណ៍​នៅ​ក្នុង​អត្ថបទ​នៃ​ព្រឹត្តបត្តិ​ Nature Communications លោក Petersen និង​នាង Dutton បាន​លើក​ឡើង​ថា ពួក​យើង​បាន​ផ្តោត​ការ​យកចិត្តទុកដាក់​ខ្លាំង​ទៅ​លើ​កិច្ចការ​នេះ​ ពី​ព្រោះ​ឥទ្ធិពលប៉ះ​ពាល់​ពី​ការ​ផ្លាស់​ប្តូរ​អាកាស​ធាតុ​ឆាប់​រហ័ស​នៅ​យុគ​សម័យ​ដី​សស្រដៀង​គ្នាទៅ​នឹង​ផល​ប៉ះ​ពាល់​បច្ចុប្បន្ន​នេះ​ ដែល​អ្នក​វិទ្យាសាស្រ្ត​កំពុង​មើល​ឃើញ​ពី​ការ​កើន​ឡើង​កំដៅ​ផែនដី។

«បាតុភូត​ផ្ទុះ​ភ្នំ​ភ្លើង​កើត​មុន​ឥទ្ធិពល​នៃ​ការ​ធ្លាក់​អាចម៍​ផ្កាយ​ បាន​ប៉ះពាល់​ខ្លាំង​ទៅ​លើ​បរិស្ថាន​ ក្នុង​សភាព​ដូច​គ្នា​នឹង​ផល​ប៉ះពាល់នៃ​ការ​បញ្ចេញ​ឧស្ម័ន​កាបូនិច​ដែល​មនុស្ស​យើង​កំពុង​ធ្វើ​សព្វ​ថ្ងៃ​ គឺ​កំពុងតែ​ជះ​ឥទ្ធិពល​អាក្រក់​នៅ​លើ​បរិស្ថាន។​ យើង​បាន​ឃើញ​ហើយ​ពី​ការ​ផុត​ពូជ​ ហើយ​សរីរាង្គ​មួយ​ចំនួន ​កំពុង​ទទួល​រង​ការ​គម្រាម​កំហែង​ពី​សម្ពាធ​បរិស្ថាន​ ការកាត់​បន្ថយទី​ជម្រក​ និង​បញ្ហា​ផ្សេង​ៗ​ទៀតជាដើម។​ អ្វីៗ​ទាំង​អស់​ដដែលៗដែល​យើង​កំពុង​សង្កេត​ឃើញ​សព្វ​ថ្ងៃ​នេះ​ ក៏បាន​កើត​ឡើង​នៅ​អំឡុង​យុគ​ដី​ស​ដូច​គ្នា​ដែរ។​ ដូច្នេះ​ យើង​ដឹង​ហើយ​ យើងសង្ឃឹម​ថា ​នឹង​គ្មាន​ឥទ្ធិពល​អាចម៍​ផ្កាយ​កើត​ឡើង​នោះ​ទេ»។​

នេះ​បង្ហាញ​ឲ្យ​ឃើញ​ថា ​យើង​មាន​រឿង​ច្រើន​ដែល​ត្រូវ​រៀន​សូត្រ​ពី​ការ​ស្លាប់​បាត់​បង់​នៃ​សត្វ​ដាយណូស័រ៕

ប្រែសម្រួល​ដោយ សើ សាយ្យាណា