គោលដៅ​អភិវឌ្ឍន៍​​ស្ថិត​ក្នុង​ការ​យកចិត្ត​ទុក​ដាក់​ ខណៈ​មេដឹកនាំ​​នានា​​​ចូលរួម​មហា​សន្និបាត​អង្គការ​សហប្រជាជាតិ​

រូប​ឯកសារ៖ អក្សរកាត់ #UNGA នៃ​មហាសន្និបាត​អង្គការ​សហប្រជាជាតិ​ត្រូវ​បាន​ដាក់​តាំង​បង្ហាញ​នៅ​ទី​ស្នាក់ការ​កណ្តាល​អង្គការ​សហប្រជាជាតិ កាល​ពី​ថ្ងៃ​ទី​២៤ ខែ​កញ្ញា ឆ្នាំ​២០២២។

មហា​សន្និបាត​អង្គការ​សហប្រជាជាតិ​ នឹងប្រមូល​ផ្តុំ​មេដឹកនាំ​ពិភពលោក​មក​ជួប​ប្រជុំ​គ្នា​ ក្នុងទី​ក្រុង New York សហរដ្ឋ​អាមេរិក​នៅ​សប្តាហ៍​នេះ​ ​ដោយ​កិច្ចប្រជុំ​នៅ​ថ្ងៃ​ចន្ទ​នេះ​ នឹង​ផ្តោត​ទៅ​លើ​ការ​បង្កើន​កិច្ច​ប្រឹងប្រែង​ ​ដើម្បី​សម្រេច​បានគោលដៅ​អភិវឌ្ឍន៍​នៅ​លើ​ពិភពលោក។​ ​

អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​ លោក​ Antonio Guterres​ បាន​និយាយ​នៅ​មុន​កិច្ចប្រជុំថ្ងៃ​ចន្ទ​នេះ​ថា​ មានគោលដៅ​អភិវឌ្ឍន៍ដោយ​ចីរភាព​តែ​១៥​ភាគរយ​ប៉ុណ្ណោះ​ នៃគោលដៅ​អភិវឌ្ឍន៍​ចំនួន​១៧​ កំពុង​ស្ថិត​ក្នុង​ដំណើរការ​ដែល​អាច​សម្រេច​បាន​ ត្រឹម​ឆ្នាំ​២០៣០​ខាង​មុខ​នេះ។​ ​

លោក Guterres បញ្ជាក់​ដូច​នេះ​ថា៖​ «កិច្ចប្រជុំ​កំពូល​ស្តី​ពីគោលដៅ​អភិវឌ្ឍន៍​ដោយ​ចីរភាព​នៅ​ថ្ងៃ​ចន្ទ​នេះ ​គឺ​ជា​ឱកាស​ដែលរដ្ឋាភិបាលនានា​ ​ត្រូវលើក​ឡើង​ពី​ផែនការជាក់ស្តែងនិង​សំណើ​ផ្សេងៗ​ ដើម្បី​ជំរុញ​ការ​វិវត្ត​ទៅ​មុខ»។ ​

គោលដៅ​នោះ​គឺ​រួម​មាន​ ការ​បញ្ចប់​ភាព​ក្រីក្រ​ បញ្ចប់​ភាព​អត់ឃ្លាន​ ធានា​ការប្រើប្រាស់​ថាមពល​ដែលអាច​ទ្រទ្រង់​បាន​ ​ដាក់​ចេញ​សកម្មភាព​ជាក់ស្តែង​នានា​ ដើម្បី​ប្រយុទ្ធប្រឆាំង​នឹងការ​ប្រែប្រួល​អាកាសធាតុ ក៏​ដូច​ជា​ការ​លើក​កម្ពស់​សមភាព​យេនឌ័រ​ផង​ដែរ។ ​

Your browser doesn’t support HTML5

បញ្ហា​អាកាសធាតុ សេដ្ឋកិច្ច និង​នយោបាយ នឹង​ប្រជែង​​គ្នា​ដណ្តើម​​ចំណាប់​អារម្មណ៍​​នៅ​កិច្ច​ប្រជុំ​ប្រចាំ​ឆ្នាំ​អ.ស.ប.

របាយការណ៍​មួយចេញ​ផ្សាយ​កាល​ពី​ខែ​កក្កដា​កន្លង​ទៅបង្ហាញ​ថា​ វិបត្តិ​អាកាសធាតុ​បានធ្វើ​ឱ្យ​មាន​ការ​ប៉ះពាល់​ ហើយ​ឥទ្ធិពលជំងឺ​រាតត្បាត​កូវីដ​ដែល​នៅ​តែ​មាន​នៅ​ឡើយ​ សង្គ្រាម​ក្នុង​ប្រទេស​អ៊ុយក្រែន​ ក៏​ដូច​ជា​សេដ្ឋកិច្ចទន់ខ្សោយ​របស់​ពិភពលោក​ ​បាន​ធ្វើ​ឱ្យ​ប៉ះពាល់ដល់​ដំណើរ​ការឆ្ពោះ​ទៅ​សម្រេចបាន​នូវ​គោលដៅ​អភិវឌ្ឍន៍​ទាំង​នេះ។ ​

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក​ Joe Biden ស្ថិត​ក្នុង​ចំណោមប្រធានាធិបតី​ នាយករដ្ឋមន្ត្រី​ និង​ព្រះមហាក្សត្រ​ មក​ពី​ប្រទេស​ចំនួន​១៤៥​នៅ​ជុំវិញពិភពលោក​ ​ មានកំណត់​នឹង​ត្រូវ​ឡើង​ថ្លែង​សុន្ទរកថានៅ​ក្នុង​សម័យ​ប្រជុំ​មហា​សន្និបាត​អង្គការ​សហប្រជាជាតិ​ ដែល​នឹង​ត្រូវ​ចាប់​ផ្តើម​ជា​ផ្លូវ​ការ​នៅ​ថ្ងៃ​អង្គារ​ស្អែក​នេះ។ ប្រធានាធិបតី​អាមេរិក​ លោក​ Biden ​និង​អគ្គលេខាធិការអង្គការ​សហប្រជាជាតិ​លោក Guterres​ មាន​កំណត់​នឹង​ថ្លែង​សុន្ទរកថា​របស់​លោកនៅ​ថ្ងៃ​អង្គារ​ស្អែក​នេះ។

មេដឹកនាំ​ចក្រភព​អង់គ្លេស​ ប្រទេស​ចិន បារាំង​ និង​រុស្ស៊ី​ នឹង​មិន​ចូលរួមក្នុង​មហាសន្និបាត​អង្គការ​សហប្រជាជាតិនេះ​ឡើយ ដោយ​ចាត់​តាំង​រដ្ឋមន្ត្រី​តំណាងប្រទេស​របស់​គេ​រៀងៗ​ខ្លួន។ ​

ប្រធានាធិបតី​អ៊ុយក្រែន​ លោក Volodymyr Zelenskyy មាន​កំណត់​នឹង​ឡើង​ថ្លែង​សុន្ទរកថាក្នុង​កិច្ចប្រជុំនៅ​ថ្ងៃ​អង្គារ​ស្អែក​នេះ ក៏​ដូច​ជា​ចូលរួម​ក្នុង​កិច្ចប្រជុំ​ក្រុមប្រឹក្សា​អង្គការ​សហប្រជាជាតិនៅ​ថ្ងៃ​ពុធ​ផង​ដែរ។​ ​

លោក​ Guterres​ និយាយ​ថា ​លោក​នឹង​ប្រាប់​មេដឹកនាំ​ទាំង​អស់​ថា​ នេះ​មិនមែន​ជា​ពេលវេលាដែល​ត្រូវ​បង្ហាញ​ពី​ជំហរ​ឬ​ឋានៈ​នោះ​ឡើយ​ ប៉ុន្តែ​ជា​ពេល​វេលា ដែល​ត្រូវ​ធ្វើ​ការ​ជា​មួយ​គ្នា​ ដើម្បីរក​ដំណោះស្រាយជាក់ស្តែង​និង​ពិតប្រាកដ»។ លោក​បន្ថែម​ទៀត​ថា៖​ «នេះ​ជា​ពេល​វេលា​សម្រាប់​ការ​សម្រប​សម្រួល​ ដើម្បី​អនាគត​ដ៏​ប្រសើរ​មួយ»៕​