ក្រុមហ៊ុនផលិតឱសថ AstraZeneca និងសាកលវិទ្យាល័យ Oxford របស់ចក្រភពអង់គ្លេសនិយាយថាខ្លួនកំពុងអភិវឌ្ឍប្រភេទវ៉ាក់សាំងកូវីដពីរដូសទម្រង់ថ្មីមួយដែលផ្តល់ការពារជាពិសេសប្រឆាំងវីរុសកូរ៉ូណាបំប្លែងថ្មីប្រភេទអូមីក្រុង។
លោក Sandy Douglas ប្រធានក្រុមអ្នកស្រាវជ្រាវនៃសាកលវិទ្យាល័យ Oxford បានប្រាប់កាសែត Financial Times ថា វ៉ាក់សាំងប្រឆាំងវីរុសមានហ្សែនពីរអាចត្រូវប្រើប្រាស់ដើម្បីទប់ទល់វីរុសបំប្លែងថ្មីបានរហ័សជាងអ្វីដែលអ្នកស្រាវជ្រាវខ្លះបានគិតក្នុងពេលកន្លងមក»។
ការសិក្សាមួយដែលត្រូវបានចេញផ្សាយកាលពីថ្ងៃចន្ទនៅក្នុងទស្សនាវដ្តីវេជ្ជសាស្ត្រ The Lancet បានបង្ហាញថាការការពារដោយវ៉ា់ក់សាំង AstraZeneca បច្ចុប្បន្ននេះបានចុះខ្សោយប្រសិទ្ធភាពបន្ទាប់ពីចាក់ដូសទី២បាន៣ខែ។ការសិក្សានេះធ្វើឡើងបន្ទាប់ពីមានការអំពាវនាវឲ្យចាក់ដូសជំរុញដើម្បីទប់ទល់នឹងវីរុសបំប្លែងថ្មីប្រភេទអូមីក្រុងដែលឆ្លងរាលដាលយ៉ាងលឿននិងឆាប់រហ័ស។
ប្រទេសថៃបានកំណត់ធ្វើចត្តាឡីស័កឡើងវិញភ្លាមៗកាលពីថ្ងៃអង្គារសម្រាប់អ្នកដំណើរបរទេសបន្ទាប់ពីប្រទេសនេះបានរកឃើញអ្នកឆ្លងវីរុសអូមីក្រុងជាលើកដំបូង។
បន្ថែមពីលើការលុបចោល«ការធ្វើតេស្តហើយចេញដំណើរ»នោះប្រទេសថៃក៏បានលុបចោលកម្មវិធីដែលកំណត់កន្លែងសម្រាប់ក្រុមអ្នកទេសចរស្ថិតនៅតែអនុញ្ញាតឲ្យធ្វើដើរហើរដោយសេរីនៅកន្លែងកំណត់នោះ។
ប្រទេសថៃបានអនុវត្តនូវគោលនយោបាយថ្មីក្នុងបំណងស្តារវិស័យទេសចរណ៍ដែលបានធ្លាក់ចុះយ៉ាងខ្លាំងដោយសារការរាតត្បាតនៃកូវីដ១៩។
ដោយឡែកនៅក្នុងប្រទេសអ៊ីស្រាអ៊ែលនឹងផ្តើមការចាក់វ៉ាក់សាំងកូវីដ១៩ដូសទី៤ដើម្បីទប់ទល់នឹងការឆ្លងនៃវីរុសអូមីក្រុង។នាយករដ្ឋមន្ត្រីអីស្រាអែលលោក Naftali Bennett បាននិយាយនៅថ្ងៃអង្គារថាក្រុមប្រឹក្សាផ្តល់យោប់ពិសេសមួយបានស្នើឲ្យចាក់វ៉ាក់សាំងបន្ថែមសម្រាប់មនុស្សដែលមានវ័យពី៦០ឆ្នាំឡើងទៅនិងអ្នកដែលមានប្រព័ន្ធការពារខ្សោយហើយនឹងបុគ្គលិកពេទ្យ។វ៉ាក់សាំងដូសទី៤នេះត្រូវចាក់ក្រោយពីចាក់ដូសទី៣បានយ៉ាងតិច៤ខែ។
ដោយឡែកអង្គការសុខភាពពិភពប្រចាំទ្វីបអឺរ៉ុបបានប៉ាន់ប្រមាណថាតំបន់អឺរ៉ុបនឹងអាចមានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ចំនួន៧សែននាក់ទៀតនៅត្រឹមពាក់កណ្តាលឆ្នាំ២០២២។
ក្រៅពីនេះប្រទេសជប៉ុនបានរកឃើញករណីអ្នកឆ្លងវីរុសអូមីក្រុងក្នុងស្រុកជាលើកដំបូង។មន្ត្រីក្នុងទីក្រុងកំពុងផែ Osaka ភាគកណ្តាលបាននិយាយថា គ្រួសារមួយដែលមានសមាជិក៣នាក់ដែលមិនដែលធ្លាប់ចេញទៅក្រៅប្រទេសថ្មីៗនេះត្រូវបានធ្វើតេស្តរកឃើញវីរុសអូមីក្រុង៕
ព័ត៌មានខ្លះក្នុងសេចក្តីរាយការណ៍នេះដកស្រង់ពីទីភ្នាក់ងារព័ត៌មាន The Associated Press និង Reuters។