បុរស​ក្នុង​ទីក្រុង Detroit ត្រូវ​បាន​​គេ​​ដោះ​លែង​ពី​ពន្ធនាគារ​ ដោយ​មាន​ការ​ជួយ​​ពី​ក្រុម​និស្សិត​ជា​អ្នក​យក​ព័ត៌មាន

លោក Kenneth Nixon ក្នុងពេលលោកត្រូវបានដោះលែងពីពន្ធនាគារ នៅទីក្រុង Ionia រដ្ឋ Michigan។ (រូបថតដោយ WMU-Cooley Law School)

ដោយសារ​ការ​ជួយ​ជ្រោម​ជ្រោម​ពី​និស្សិត​សារព័ត៌មាន​មួយ​ក្រុម​ ដែល​កំពុង​សិក្សា​និង​អនុវត្ត​មុខ​វិជ្ជា​សារព័ត៌មាន​បែប​ស៊ើប​អង្កេតនោះ​ បុរស​ម្នាក់​ដែល​ត្រូវ​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនា​គារ​អស់​មួយ​ជីវិត​ពី​បទ​បាន​សម្លាប់​មនុស្ស​ពី​រនាក់​ បាន​រួច​ខ្លួន​ពី​ការ​ចោទ​ប្រកាន់ និង​បាន​វិល​មក​ជួបជុំ​ក្រុម​គ្រួសារ​របស់​លោក​វិញ។

នៅ​ថ្ងៃទី​ ១៨​ ខែ​កុម្ភៈ​ លោក Kenneth Nixon ត្រូវ​បាន​ដោះ​លែង​ពី​ពន្ធនាគារ​របស់​រដ្ឋ Michigan នឹង​បានជួប​ម្តាយ​របស់​លោក​វិញ​ជាលើក​ដំបូង​ ក្នុង​រយៈ​ពេល​ជាង ១៥ ​ឆ្នាំ។

ការ​ជួប​ជុំ​គ្នា​ឡើង​វិញ​មាន​ភាពផ្អែមល្ហែមនិង​ជូ​ចត់​ផង​ដែរ​។​

ដោយ​ត្រូវ​បានកាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត ដោយ​គ្មាន​ការ​បន្ធូរ​បន្ថយ​ទោស ​ក្នុង​អាយុ​ ១៩​ ឆ្នាំ​នោះ​ លោក ​Nixon បាន​ចំណាយ​ពេល​ក្នុង​វ័យ​ ២០​ ឆ្នាំ​របស់​ខ្លួន ​ដើម្បី​ឲ្យ​មាន​ការ​កែ​ប្រែ​ការ​កាត់​ទោស​រូប​លោក ​ពី​បទសម្លាប់​មនុស្ស​ពីរនាក់​ក្នុង​ពេល​តែ​មួយ ដែល​ជា​បទ​ឧក្រិដ្ឋ​ដែល​លោកនិយាយ​ថា​ លោក​មិន​បាន​ប្រព្រឹត្តនោះទេ។

ក្នុង​ឆ្នាំ​ ២០០៥ ​លោក​ត្រូវ​បាន​តុលាការ​រក​ឃើញ​ថា​មាន​កំហុស​ ក្នុង​ការ​គប់​គ្រាប់​បែកភ្លើង​ធ្វើ​ឲ្យ​ឆេះ​ផ្ទះ​មួយក​ន្លែង​ ដែល​បណ្តាល​ឲ្យ​ស្លាប់​ក្មេង​ប្រុស​ម្នាក់ ​អា​យុ​ ១០ ​ឆ្នាំ​និង​ក្មេង​ស្រីម្នាក់​ អាយុ​ ១ ​ឆ្នាំ​។​

លោក​ Nixon ទទួល​បាន​នូវ​សេរីភាព​របស់​លោ​ក​វិញ ដោយ​មាន​ការ​ជួយ​ជ្រោម​ជ្រែង​ពី​គម្រោង Cooley Innocence Project នៃ​សាកល​វិទ្យា​ល័យ Western Michigan ​ពីអង្គភាព Conviction Integrity នៃសង្កាត់ Wayne County ហើយនិង ពីនិស្សិត​មួយដែល​ក្រុម​កំពុង​សិក្សាផ្នែក​សារព័ត៌មាន​បែប​ស៊ើប​អង្កេតនៅ មហាវិទ្យាល័យ ​Medill School of Journalism ។

ក្រុម​និស្សិតសារព័ត៌មាន​នៃ​មហា​វិទ្យាល័យ​ Medill បាន​ចាប់​ផ្តើម​ពិនិត្យ​មើល​នូវ​ក្តី​ក្តាំនេះ ​ក្នុង​ឆ្នាំ​ ២០១៨​ ដែល​ជា​ផ្នែក​មួយនៃ​មុខ​វិជ្ជា​សិក្សា​ស្តី​ពី​ការ​យក​ព័ត៌មាន​តាម​បែប​ស៊ើប​អង្កេត ដែលបាន​បង្រៀន​ដោយសាកលវិទ្យាធិការរង​ជាន់​ខ្ពស់ ​គឺលោក Tim Franklin អ្នក​ស្រី Desiree Hanford សាស្ត្រាចារ្យជំនួយ និងគ្រូ​បង្ហាត់លោក George Papajohn។

ការ​ស្រាវ​ជ្រាវនិង​ការយក​ព័ត៌មាន​របស់​ពួក​គេបាន​រក​ឃើញ​នូវ​ភស្តុតាង​ថ្មីៗ និងភាព​មិន​ស៊ីសង្វាក់​គ្នា​នៅ​ក្នុង​សំណុំ​រឿងពី​ដំបូង​។

ជា​មួយនឹងកំណត់​ហេតុ​ផ្ទៃ​ក្នុង ​ដែល​ក្នុង​នោះ​មាន​ចំនុច​មួយដែល​រដ្ឋអាជ្ញា​បាន​លើក​ឡើងពី​សំណុំ​រឿង​ដែល​មាន «​បញ្ហាធ្ងន់​ធ្ងរ​នោះ» ​និស្សិតមហាវិទ្យាល័យ Medill បាន​ពិនិត្យ​ឃើញ​នូវ​ហេតុផល​មិន​ស៊ី​សង្វាក់​គ្នា​ ដែល​លើក​ឡើង​ដោយ​បង​ប្រុស​របស់​ជន​រង​គ្រោះ​ឃើញសក្ខី​កម្មរបស់​មន្ត្រីផ្តល់ព័ត៌មាន​ពន្ធនាគារ​ និង​ការ​ធ្វើ​សម្ភាសន៍​ជាមួយសាក្សី​ចំនួន​ ៣​ នាក់ ដែល​បាន​ផ្តល់​អំណះ​អំណាង​ពី​ទី​កន្លែង​ដែលលោក Nixon កំពុង​ស្ថិត​នៅ ​ក្នុង​ពេល​ដែលកំពុង​មាន​ភ្លើង​ឆេះ​នោះ​។​

បន្ទាប់​ពី​ធ្វើ​សេចក្តី​រាយការណ៍​អស់​ជា​ច្រើន​ខែ​មក ​និស្សិតសារព័ត៌មាន​ទាំង​នេះ​ក៏​បាន​ចេញ​ផ្សាយនូវ​ស្នាដៃការ​ងារ​របស់​គេ​ក្នុង​សារព័ត៌មាន ​Detroit Free Press ក្នុង​ខែ​តុលា ឆ្នាំ​ ២០១៨​។​

វីអូអេ​បាន​ទាក់​ទង​អង្គភាព Conviction Integrity ​ក្នុងសង្កាត់ Wayne County កាល​ពី​ចុង​ខែ​កុម្ភៈ​ដើម្បី​សាក​សួរ​តើ​អង្គភាពនេះនឹង​បើ​ការ​ស៊ើប​អង្កេត​ឡើង​វិញ​ជា​ថ្មី ជុំវិញ​ករណី​ភ្លើង​ឆេះ​ដែល​បណ្តាល​ឲ្យមាន​មនុស្ស​ស្លាប់​នោះ​ ឬ​យ៉ាង​ណា​ ប៉ុន្តែ​មិន​មាន​ការ​ឆ្លើយ​តប​ភ្លាម​ៗ​ តាម​ការ​សុំនោះ​ទេ។​

ការ​ស្វែង​រក​ការ​ពិត​

ក្នុង​ពេល​ដែលសិស្ស​នៅ​ថ្នាក់​របស់​លោក Franklin​ ចាប់​ផ្តើម​ពិនិត្យ​មើល​នូវសំណុំ​រឿង​របស់លោក​ Nixon នោះ​សាស្ត្រាចារ្យ Franklin​ និយាយ​ថា៖ ​«​លោក​មិនសង្ឃឹម​ ឬ​រំពឹង​ទុក​ពី​ការ​ទម្លាក់​ចោល​នូវក្តី​ក្តាំនោះ​ឡើយ»​។​

ផ្ទុយ​ទៅ​វិញ​លោក​បាន​ប្រាប់​ក្រុម​និស្សិត​របស់​លោក​ថា៖ ​«​សេចក្តី​ស្មោះ​ត្រង់​តែ​មួយ​របស់​យើង ​គឺ​ស្វែង​រកការ​ពិត ​ហើយយើង​នឹង​តាម​ដាន​រក​ការ​ពិត​ទាំង​នោះ​ ទោះ​ដល់​កន្លែង​ណា​ក៏​ដោយ។ បេសកកម្ម​របស់​យើង​ គឺ​មិន​មែន​ធ្វើជា​អ្នកតស៊ូមតិ​នោះ​ទេ ​ប៉ុន្តែ​ជា​អ្នក​ស៊ើប​អង្កេត»។​

នេះ​បើ​តាមសាស្រ្តា​ចារ្យ Franklin ដែល​បានបញ្ជាក់​ប្រាប់វី​អូអេ តាម​រយៈ​អ៊ីមែល។

វគ្គ​សិក្សាសារ​ព័ត៌មាន​ស៊ើប​អង្កេត​ដែល​មាន​រយៈ​ពេល​ ១០ ​សប្តាហ៍​នោះ​ បាន​ផ្តល់​នូវ​បទ​ពិសោធវិជ្ជាជីវៈ​សារព័ត៌មាន​ជាក់​ស្តែង​ សម្រាប់​និស្សិត​ទាំង​អស់។

លោក Franklin​ និយាយ​ថា និស្សិតថ្នាក់​របស់​លោក «បាន​អាន​ឯកសារ​តុលាកា​រ និង​របាយ​ការណ៍​ប៉ូលីសរាប់​រយ​ទំព័រ​ ទទួល​បាន​នូវ​កំណត់​ហេតុ​ផ្ទៃ​ក្នុង​និង​បាន​ជួប​សម្ភាសន៍ជា​មួយ​សាក្សី អ្នក​ជំនាញ ​និង​អាជ្ញាធរ​អនុវត្តន៍​ច្បាប់ជា​ច្រើន និង​ក៏​បាន​ជួប​សម្ភាសជា​មួយលោក ​Nixon និងសាច់​ញាតិ​របស់​លោក​ផង​ដែរ។​

«ខ្ញុំប្រាកដ​ថា ​និស្សិត​ជា​ច្រើន​នាក់​ពេល​ភ្ញាក់​ពីដំណេក​ពេល​ព្រលឹម ​និង​មុន​ពេល​ចូលដំណេក​នៅ​ពេល​យប់​ តែង​គិត​ទៅ​ដល់សំណុំ​រឿង​មួយ​នេះ​។​ ពួក​គេដក់​ជាប់​ក្នុង​អារម្មណ៍ក្នុង​ការ​ស្វែង​រក​ការ​ពិតនៃ​រឿង​ក្តី​មួយ​នេះ​»។

យុវនិស្សិត​មួយ​រូប​នាង Ashley Graham បាន​ពណ៌នាពី​ការ​ធ្វើ​ដំណើរ​ជាច្រើន​លើក ដែល​ក្រុម​ថ្នាក់​របស់​នាងបាន​ទៅ​ទី​ក្រុង Michigan ដើម្បី​ធ្វើ​សម្ភាសន៍ជា​មួយគ្រួសារ​និង​មិត្តភក្តិរបស់លោក Nixon និង​ការចំណាយ​ពេល​ជា​ច្រើន​នៅ​ពេល​យប់ ​ក្នុង​ការ​អាន​និងសរសេរ​ពង្រាង​ផ្សេងៗ​ជុំវិញរឿង​រ៉ាវ​ទាំង​នេះ​។​

«​វា​នៅ​តែ​កប់​ជ្រៅ​ក្នុង​ចិត្ត​របស់​ខ្ញុំ​»។​

នាង​ Graham បាន​និយាយដល់​ការ​ដោះ​លែង​លោក ​Nixon។

«​ខ្ញុំ​មិន​ចង់​ជឿ​រឿង​ហ្នឹង​ទេ​រហូត​ដល់​បាន​ស្តាប់​ ឮពី​ការ​ប្រកាស​របស់​ចៅ​ក្រោម»​។​

លទ្ធផលក្នុង​សំណុំ​រឿង​របស់ Nixon ដែល​កើត​ចេញពី​ការ​ធ្វើ​សេចក្តី​រាយការណ៍​របស់ក្រុម​និស្សិតជា​រឿង​អស្ចារ្យ​មិន​គួរ​ឲ្យ​ជឿ​។​

​នាង ​Graham បានប្រាប់​វីអូអេ​ថា​៖​ «​វា​ធ្វើ​ឲ្យ​ខ្ញុំ​រំភើប​សឹង​ ហើប​ជើង​ពី​ដី។ លទ្ធផល​ដែល​ទទួល​បាន គឺវា​ច្បាស់ណាស់»។

​នាង​បន្ថែម​ថា​ ​ក្រុម​មេធាវី​របស់​លោក Nixon បាន​ប្រាប់​គាត់​ថា ​ពួក​គេយក​ចិត្ត​ទុក​ដាក់​នៅ​ពេល​អានរឿងដែល​សរសេរ​ឡើង​ដោយ​ក្រុម​និស្សិតទាំង​នោះ»។​

លទ្ធផល​នៃ​វិជ្ជាជីវៈ​សារ​ព័ត៌មានក្នុង​ស្រុក

ករណី​នេះ​ស្តែង​ឲ្យ​ឃើញ​ពីលទ្ធផល​របស់​វិជ្ជាជីវៈ​សារព័ត៌មាន​ស៊ើប​អង្កេតក្នុង​ស្រុក​ទៅ​លើ​សហគមន៍។​ នេះ​បើ​តាម​ការ​បញ្ជាក់​របស់អ្នក​ស្រី Kim Kleman អនុ​ប្រធាន​ជាន់​ខ្ពស់​នៃ​អង្គការ Report for America ដែល​ជា​អង្គការ​មួយ​ជួយ​ពង្រឹង​សហគមន៍ និង​ប្រជា​ធិបតេយ្យតាម​រយៈ​វិជ្ជា​ជីវៈ​សារព័ត៌មាន​ក្នុង​ស្រុក។

លោក ​Kenneth Nixon នឹង​មិន​ត្រូវ​គេ​ដោះ​លែងពី​ពន្ធនាគារ​នោះ​ទេ​ ប្រសិន​បើ​គ្មាន​អ្នក​សារព័ត៌មាន​ទាំង​នេះ​នោះ​។​

​អ្នក​ស្រី Kleman ថ្លែងថា៖ «យើង​ជឿ​ថា សហគមន៍​នីមួយៗ​ ត្រូវ​ការ​សារព័ត៌មានក្នុង​ស្រុក​ដែល​មាន​ការ​ទទួល​ខុស​ត្រូវ​ការ​ស៊ើប​អង្កេត និងប្រកប​ដោយ​ភាពស្វាហាប់»។

នៅ​ពេលដែល​វា​មក​ដល់​ចំនុចនៃ​រចនា​សម្ព័ន្ធ​ដែល​មាន​ឥទ្ធិពល​ ដូច​ជាប្រព័ន្ធ​យុត្តិធម៌ព្រហ្មទណ្ឌជា​ដើម​នោះ ​ការ​រាយកាណ៍​ព័ត៌មាន​ដែល​មាន​គុណភាព​ខ្ពស់ ផ្តល់​នូវកម្រិត​នៃ​ការ​ទទួល​ខុស​ត្រូវដ៏​មាន​សារៈ​សំខាន់។​

អ្នកស្រីបានបន្ថែមថា៖ «នៅ​ពេលដែលវា​បង្ហាញ​ថា ​មាន​មនុស្ស​កំពុងតាម​ដាន​មើល​នូវ​ការ​ងារ​របស់​យើង​ នោះ​វា​នឹង​ធ្វើ​ឲ្យ​រដ្ឋាភិបាលកាន់​តែ​មាន​ភាព​ប្រសើរ​ក្នុង​គ្រប់រឿង​ទាំង​អស់»។

សម្រាប់លោក ​Nixon វិញ​លទ្ធផលនៃ​វិជ្ជា​ជីវៈ​សារព័ត៌មាន​មាន​ន័យ​ថា​ ​ការ​ចោទ​ប្រកាន់​របស់​លោកត្រូវ​បាន​គេ​ទម្លាក់​ចោល​មិន​ចាត់​ការ ​ហើយ​លោកមាន​ឱកាស​បាន​ជួប​ជុំ​ជា​មួយ​ក្រុម​គ្រួសារ​ឡើង​វិញ។

លោក Franklin ដែល​បាន​ប្រាប់​វីអូអេថា៖ «វិជ្ជាជីវៈ​សារព័ត៌មានក្នុង​ស្រុកប្រហែល​មិនដែល​មាន​សារៈសំខាន់​ពិតប្រាកដ​ ដូច​ក្នុងពេល​នេះ​នោះ​ទេ។ វា​នឹង​អាច​ធ្វើ​ឲ្យ​មាន​លទ្ធផល​ពិត​ប្រាកដ​ដូច​ក្នុង​ករណី​ដែល​កើត​មាន​ឡើង​មួយ​នេះ​អញ្ជឹង»៕

ប្រែ​សម្រួល​ដោយ​លោក ជ្រា វណ្ណរិទ្ធិ