​ព័ត៌មាន​ពិស្តារ​​នៃ​កិច្ច​ប្រជុំ​​រវាង​អាមេរិក​និង​មេដឹកនាំ​កូរ៉េខាងជើង​នឹង​ត្រូវ​ផ្សាយ​ឆាប់ៗ

ប្រធានាធិបតិ​សហរដ្ឋ​អាមេរិក​ដូណាល់ ត្រាំ ថ្លែង​នៅ​ក្នុង​សន្និសីទ​សមាគម​ National Rifle Association ក្នុង​ទីក្រុង Dallas រដ្ឋ​តិចសាស​ក្នុង​សហរដ្ឋ​អាមេរិក​កាលពី​ថ្ងៃទី​០៤ ឧសភា ឆ្នាំ ២០១៨។​

ដោយ​បានត្រូវ​សួរ​ដោយ​ពួក​អ្នកកាសែត​កាល​ពី​ថ្ងៃ​សុក្រ​នៅលើ​យន្តហោះ​ Air Force One អំពី​ជំនួប​កំពូល​ក្នុង​ពេល​ខាង​មុខ​នេះ​របស់​លោកជាមួយ​មេដឹកនាំ​កូរ៉េខាង​ជើង លោក​ប្រធានាធិបតី​ស.រ.អា. Donald Trump បាន​ប្រកែក​មិន​ព្រម​លាតត្រដាង​ឱ្យដឹង​ចំៗទេ។​

លោក Trump បាននិយាយ​ថា​ «ជំនួប​កំពូល​នេះ​នឹង​មានធ្វើ​ក្នុង​ពេល​ឆាប់ៗ​នេះ។ ខ្ញុំ​មាន​ថ្ងៃខែ​នៃការជួប​ជុំគ្នា​នេះហើយ។ ខ្ញុំ​មាន​កន្លែងជួប​គ្នាហើយ។​មានការ​យល់ស្រប​គ្នា​អស់ហើយ»។

នៅមុន​ពេល​លោក​ចាកចេញ​ពី​រដ្ឋធានីវ៉ាស៊ីនតោន​ដើម្បី​ទៅ​បំពេញ​ទស្សនកិច្ច​មួយ​ថ្ងៃ​ក្នុង​រដ្ឋ​តិចសាស​នា​ប៉ែក​ខាង​ត្បូង​ប្រទេស​អាមេរិក លោកប្រធានាធិបតី​បានបញ្ជាក់​ថា​អាជ្ញាធរ​កូរ៉េខាងជើង​បានយល់ព្រម​អំពីកន្លែង​និង​ថ្ងៃ​ខែ​នៃ​ជំនួបជា​ប្រវត្តិសាស្ត្រនេះ​ហើយ។​

នៅ​លើ​វាល​ស្មៅ​ South Lawn នៃ​សេតវិមាន លោក​ប្រធានាធិបតី​បាននិយាយ​ថា​រដ្ឋាភិបាលស.រ.អា.​និង​កូរ៉េខាងជើង​មានការ​ទាក់ទង​គ្នា​ជា​ទៀង​ទាត់​ហើយ​ការពិភាក្សា​គ្នា​ក៏​មាន​រួម​បញ្ចូល​ដែរនូវ​ការ​ដោះលែង​ពល​រដ្ឋ​អាមេរិកាំង​បី​នាក់​ដែល​រដ្ឋាភិបាល​ក្រុងព្យុងយ៉ាង​បាន​ឃុំឃាំង។​

លោក Tony Kim និងលោក​ Kim Hak-Song បាន​បង្រៀន​នៅ​ឯ​សាកល​វិទ្យាល័យ​វិទ្យាសាស្ត្រ​និង​បច្ចេកវិជ្ជា​ក្រុង​ព្យុងយ៉ាង​ ដែល​ជា​សាកលវិទ្យាល័យ​ឯកជន​តែមួយគត់​នៅ​ក្នុងប្រទេសកូរ៉េខាង​ជើង។ អាជ្ញាធរ​កូរ៉េខាង​ជើង​បាន​ឃុំឃាំង​លោកទាំង​ពីរ​នាក់ដាច់​ដោយឡែក​ពី​គ្នា​កាលពី​ឆ្នាំ២០១៧​ហើយ​បាន​ចោទ​ប្រកាន់អស់​លោកថា​បាន​ធ្វើ​សកម្មភាពប្រឆាំង​នឹង​រដ្ឋ​និង​ខិតខំព្យាយាម​ទម្លាក់រដ្ឋាភិបាល​ក្រុង​ Pyongyang។​

ជនជាប់ឃុំឃាំង​ទី​បី​គឺ​លោក Kim Dong-Chul បានត្រូវ​ចាប់ខ្លួន​នៅ​ Rason នៅ​ក្នុង​ប៉ែក​ឦសាន​បំផុត​នៃ​ប្រទេស​កូរ៉េខាងជើង​កាលពី​ខែ​តុលាឆ្នាំ២០១៥។​ អាជ្ញាធរ​កូរ៉េខាង​ជើង​បាន​កាត់ទោស​លោក​ឱ្យ​ជាប់គុក១០ឆ្នាំ​ដោយ​ធ្វើការ​ធ្ងន់កាល​ពី​ឆ្នាំ២០១៥នៅ​ក្រោយ​រក​ឃើញ​ថា​លោក​មានទោសពី​បទធ្វើចារកម្ម។​

បើ​តាមប្រភព​កូរ៉េខាង​ត្បូង​ដែល​បានត្រូវដក​ស្រង់ពាក្យសម្តី​ដោយ​ទី​ភ្នាក់ងារ​ព័ត៌មាន​ Yonhap នៅ​ក្នុង​ក្រុងសេអ៊ូល​ថា​គេ​រំពឹង​ថា​បុរស​ទាំង​នេះ​នឹង​ត្រូវ​ដោះលែង​នៅ​ថ្ងៃ​សៅរ៍នេះ៕