ក្រុម​មន្រ្តី​អាមេរិក​រិះគន់​រដ្ឋាភិបាល​ចិន​ បន្ទាប់​ពី​មាន​ការ​បែកធ្លាយ​ឯកសារ​សម្ងាត់​អំពី​ផែនការ​ឃុំខ្លួន​មនុស្ស​

រូប​ឯកសារ៖ រូបថត​កាលពី​ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៩​បង្ហាញ​ពី​ប៉ម​យាម​ដែល​មាន​សន្តិសុខ​ខ្ពស់​នៅ​ក្បែរ​អ្វី​ដែល​គេ​ជឿ​ថា ជា​ជំរំ​អប់រំ​ឡើង​វិញ ទី​ដែល​ជនជាតិ​ភាគតិច​មូស្លីម​ភាគច្រើន​ត្រូវ​បាន​ឃុំ​ខ្លួន នៅ​តំបន់ Xinjiang។

ការ​បែកធ្លាយ​ឯកសារ​សម្ងាត់​មួយ​របស់​រដ្ឋាភិបាល​ចិន​បាន​លាតត្រដាង​អំពី​វិធីសាស្រ្ត​នានា​ដែល​ពួក​អាជ្ញាធរ​កំពុង​ប្រើប្រាស់​កម្មវិធី​ប្រមូល​ទិន្នន័យ​សំខាន់ៗ​ដើម្បី​ដៅ​និង​ចាប់​ខ្លួន​ជនជាតិ​ភាគតិច​កាន់​សាសនា​ឥស្លាម​ប្រមាណ​១លាននាក់​នៅ​ក្នុង​ខេត្តស៊ិនជាំង។ ឯកសារ​ដែល​ទទួល​បាន​ និង​ត្រូវ​បាន​ផ្សព្វផ្សាយ​ដោយ​សមាគមន៍​អ្នក​កាសែត​ស៊ើបអង្កេត​អន្តរជាតិ​ហៅ​កាត់​ថា​ ICIJ បាន​លាតត្រដាង​ពី​កលល្បិច​នៅពី​ក្រោយ​ និង​យុទ្ធនាការ​ឃ្លាំមើល​ដ៏​តឹងរ៉ឹង​ប្រឆាំង​នឹង​នយោបាយ​ និង​វប្បធម៌​របស់ជនជាតិ​ភាគតិច​វីហ្គើ Kazakhs និង​ក្រុម​អ្នក​កាន់​សាសនា​ឥស្លាម​ផ្សេង​ទៀត​នៅ​ខេត្ត ស៊ិនជាំង។

ក្រុម​ឃ្លាំមើល​សិទ្ធិមនុស្ស​បាន​ព្រមាន​ជាច្រើន​ឆ្នាំ​មក​ហើយ​ថា​ ប្រទេស​ចិន​កំពុង​ធ្វើការ​បង្ក្រាប​ជា​ប្រព័ន្ធ​ទៅ​លើ​ជនជាតិ​វីហ្គើ​ និង​កំពុង​លុបបំបាត់​វប្បធម៌​និង​ជំនឿ​សាសនា​របស់​ពួកគេ។ ឯកសារ​នោះ​បាន​ពណ៌នា​យ៉ាង​លម្អិត​អំពី​វិធីសាស្រ្ត​ដែល​ពួកអាជ្ញាធរ​បាន​បន្ត​បញ្ចូល​មនោគមវិជ្ជា​ដល់​ជនជាតិ​ភាគតិច​ទាំងអស់។

ជនជាតិ​ភាគតិច​វីហ្គើ​ និង​ក្រុមជនជាតិ​ភាគតិច​កាន់​សាសនា​ឥស្លាម​ផ្សេង​ទៀត​ដែល​ជាប់ឃុំ​ខ្លួន​នៅក្នុង​ជំរំ​នោះ​ ត្រូវ​បាន​គេ​វាយតម្លៃ​តើ​ពួកគេ​អាច​និយាយ​ភាសា​ចិនបាន​ល្អ​កម្រិត​ណា​ និង​ថាតើ​ពួកគេ​គោរព​តាម​ច្បាប់​តឹងរ៉ឹង​នានា​ក្នុង​កម្រិតណា​ ដែល​ច្បាប់​នោះ​រាប់​ចាប់តាំង​ពី​ការងូត​ទឹក​ រហូត​ដល់​ការ​ប្រើប្រាស់​បង្គន់​អនាម័យ។

ការ​វាយតម្លៃ​នោះ​អាច​កំណត់​ថាតើ​ពួកគេ​អាច​ចាក​ចេញ​ពី​ជំរំ​នោះ​បាន​នៅ​ពេល​ណា។ ការ​បែកធ្លាយ​ឯកសារ​ផ្ទៃក្នុង ​និង​ការ​ទាក់ទង​គ្នា​នេះ​ត្រូវ​បាន​ទទួល​និង​ផ្សព្វផ្សាយ​កាល​ពី​ថ្ងៃអាទិត្យ។ ឯកសារ​ផ្ទៃក្នុង​បែកធ្លាយ​ដែល​មាន​កម្រាស់​៤០០ទំព័រ​នេះ​ត្រូវ​បាន​ផ្សព្វផ្សាយ​ដោយ​កាសែត The New York Times កាល​ពី​សប្តាហ៍​មុន។

ទីប្រឹក្សា​សន្តិសុខជាតិ​នៃ​សេតវិមាន​លោក Robert O'Brien កាល​ពី​ថ្ងៃសៅរ៍​បាន​ថ្លែង​នៅ​ឯ​សន្និសីទ​ស្តី​ពី​សន្តិសុខ​អន្តរជាតិ​ក្នុង​ក្រុង Halifax​ ថា«យើង​ស្ថិត​នៅក្នុង​ឆ្នាំ២០១៩ ហើយ​យើង​មាន​មនុស្ស​ជាង​១លាននាក់​ស្ថិត​នៅ​ក្នុង​ជំរំ​នៅក្នុង​ខេត្តស៊ិនជាំង។ នេះ​គឺ​ជា​រឿង​ដែល​ធ្វើ​ឲ្យ​មាន​កា​រខឹងសម្បា។ ជំរំ​ទាំង​នោះ​គួរ​តែ​ត្រូវ​បាន​បិទ​ចោល»៕