ចិន​ដកខ្លួន​ពី​ចលាចល​នៅ​មជ្ឈិម​បូព៌ា ទោះ​ស្នើ​សម្រុះសម្រួល​ក៏ដោយ

រូបឯកសារ៖ រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi ចាប់ដៃជាមួយរដ្ឋមន្ត្រីការបរទេសអារ៉ាប៊ីសាអូឌីត ព្រះអង្គម្ចាស់ Faisal bin Farhan Al-Saud ក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសមកពីប្រទេសអារ៉ាប់ និងពីបណ្តារដ្ឋមានប្រជាជនមូស្លីមភាគច្រើន នៅទីក្រុងប៉េកាំង ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ ២០២៣។

នៅ​ក្នុង​អត្ថបទ​មួយ​ក្នុង​ទស្សនាវដ្ដី Foreign Policy កាលពី​ពេល​ថ្មីៗ​នេះ អ្នកស្រី Yun Sun ប្រធាន​កម្មវិធី​អំពី​ប្រទេស​ចិន​នៃ​មជ្ឈមណ្ឌល Stimson ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​នៃ​សហរដ្ឋ​អាមេរិក បាន​និយាយ​ថា តួនាទី​របស់​ចិន​នៅ​ក្នុង​ការ​សម្របសម្រួល​ការ​ផ្សះផ្សា​ជម្លោះ​រវាង​អារ៉ាប៊ីសាអូឌីត​និង​អ៊ីរ៉ង់​កាលពី​ឆ្នាំ​មុន​បាន​បង្កើន​ក្ដី​សង្ឃឹម​ថា​ចិន​អាច​ធ្វើ​ផែនការ​ដើម្បី​បន្ធូរបន្ថយ​ភាព​តានតឹង​នៅ​ក្នុង​តំបន់​មជ្ឈិម​បូព៌ា​បាន។ ផ្ទុយទៅវិញ អ្នកស្រី​បាន​និយាយ​ថា៖​ «ចិន​មិន​ទាន់សម្រេច​បានជោគជ័យ​នោះ​ទេ»។

អ្នកស្រី Sun និង​អ្នក​វិភាគ​ផ្សេង​ទៀត​បាន​ចង្អុល​ទៅ​លើ​ការ​ពឹងផ្អែក​ខ្លាំងក្លា​របស់​ប្រទេស​ចិន​លើ​ប្រេង​ឆៅ​ពី​តំបន់​ឈូង​សមុទ្រ​ពែក្ស​សម្រាប់​សេដ្ឋកិច្ច​របស់​ខ្លួន ហើយ​ដោយសារតែ​តម្រូវការ​ថាមពល​របស់​ខ្លួន​ចំនួន ៥៣% គឺ​បាន​មកពី​តំបន់​នោះ ចិន​មើលឃើញ​ស្ថិរភាព​នៅ​តំបន់​មជ្ឈិម​បូព៌ា​ថា​មាន​សារៈសំខាន់​បំផុត។

ប៉ុន្តែ អ្នកស្រី Sun បាន​និយាយ​ថា៖​ «ចិន​បាន​តាំងខ្លួន​ជា​យូរ​មក​ហើយ​ថា​ជា​អតិថិជន​ទិញ​ប្រេង​ពី​តំបន់​មជ្ឈិម​បូព៌ា» ដែល​ជា​តួនាទី​មួយ​ដែល​ផ្ដល់​ថាមពល​ដល់​ចិន «ដោយ​ចិន​មិន​ចាំបាច់​រង​សម្ពាធ​ថា​នឹង​ផ្ដល់​សន្តិភាព»។

លោក Hesham Alghannam ដែល​ជា​ប្រធាន​កម្មវិធី​សិក្សា​យុទ្ធសាស្ត្រ​និង​សន្តិសុខ​ជាតិ​នៃ​សាកលវិទ្យាល័យ Naif Arab University for Security Sciences ក្នុង​ទីក្រុង​រីយ៉ាដ​នៃ​ប្រទេស​អារ៉ាប៊ីសាអូឌីត បាន​ថ្លែង​កាលពី​ពេល​ថ្មីៗ​នេះ​ក្នុង​សិក្ខាសាលា​តាម​អនឡាញ​មួយ​របស់​អង្គការ Carnegie Endowment for International Peace ដោយ​បាន​សរសើរ​ទស្សនៈ​ដែល​ចិន​បាន​ចែក​រំលែក​ជាមួយ​នឹង​បណ្ដា​ប្រទេស​អារ៉ាប់ ដែល​ក្នុង​នោះ​រួម​មាន​ទាំង​ការ​ជំរុញ​ឱ្យ​មាន​បទឈប់បាញ់​នៅ​ពេល​ដំបូងៗ​នៃ​សង្គ្រាម​នៅ​តំបន់​ហ្កាហ្សា (Gaza) ផងដែរ។

ប៉ុន្តែ លោក Alghannam បាន​បន្ថែម​ថា ការ​ប្រឡូក​ផ្នែក​នយោបាយ​របស់​ចិន​នៅ​ក្នុង​តំបន់​មជ្ឈិម​បូព៌ា «នៅតែ​មាន​កម្រិត»។

លោក​បាន​និយាយ​ថា៖ «តំបន់​មជ្ឈិម​បូព៌ា​មិន​មែន​ជា​ចំណាប់អារម្មណ៍​សំខាន់​របស់​ចិន​នោះទេ។ ខ្ញុំ​គិត​ថា គ្មាន​នរណា​ម្នាក់​គួរតែ​និយាយ​ពន្លើស​អំពី​អំណាច​និង​តួនាទី​របស់​ចិន​នៅ​ក្នុង​តំបន់​មជ្ឈិម​បូព៌ា​នោះឡើយ។ ស្រដៀង​ទៅនឹង​សហរដ្ឋ​អាមេរិក​ដែរ ចិន​ខ្វះ​យុទ្ធសាស្ត្រ​សន្តិសុខ​គ្រប់​ជ្រុងជ្រោយ​ដែល​ដោះស្រាយ​បញ្ហា​ប្រឈម​ផ្នែក​សន្តិសុខ​ចម្បង​នានា​នៅក្នុង​តំបន់​ដូចជា​ការ​បញ្ចប់​សង្គ្រាម​នៅ​ក្នុង​តំបន់​ហ្កាហ្សា​ជាដើម។ យើង​មិន​បាន​ឃើញ​ថា​ចិន​បាន​ធ្វើ​អ្វី​ដូច​ដែល​យើង​បាន​រំពឹងទុក​នោះទេ។ មក​ទល់​នឹង​ពេល​នេះ ជា​ឧទាហរណ៍ ចិន​មិន​បាន​ចាត់​វិធានការ​ណាមួយ​ដែល​នឹង​បញ្ចប់​សង្គ្រាម​ដ៏​ធ្ងន់ធ្ងរ​នៅ​ក្នុង​តំបន់​ហ្កាហ្សា​នោះឡើយ»។

លោក Ahmed Aboudouh អ្នក​សិក្សា​ស្រាវជ្រាវ​នៃ​កម្មវិធី​មជ្ឈិម​បូព៌ា​របស់​អង្គការ Chatham House នៅ​ក្នុង​ទីក្រុង​ឡុងដ៍ ចក្រភព​អង់គ្លេស បាន​បញ្ជាក់​នៅ​ក្នុង​របាយការណ៍​មួយ​ថា ប្រទេស​ចិន​បាន​ដាក់​សម្ពាធ​លើ​អ៊ីរ៉ង់​ទាក់ទិន​នឹង​ការ​វាយ​ប្រហារ​របស់​ក្រុម​ហ៊ូធី (Houthi) នៅ​សមុទ្រ​ក្រហម «ប៉ុន្តែ​គឺ​ដើម្បី​ការពារ​កប៉ាល់​របស់​ខ្លួន​តែ​ប៉ុណ្ណោះ»។

លោក​បាន​បន្ថែម​ថា៖​ «ចិន​នឹង​មិន​ប្រើ​ឥទ្ធិពល​មាន​កម្រិត​របស់​ខ្លួន​ដើម្បី​គាំទ្រ​របៀបវារៈ​របស់​សហរដ្ឋ​អាមេរិក» នៅ​ក្នុង​ការ​ស្វះស្វែង​ដើម្បី​ការពារ​ការ​ដឹក​ជញ្ជូន​ពាណិជ្ជកម្ម​សាកល​តាម​ផ្លូវ​សមុទ្រ​នៅ​ក្នុង​តំបន់​នោះឡើយ។

លោក Aboudouh បាន​សរសេរ​ថា៖ «កិច្ច​ប្រឹងប្រែង​របស់​ចិន​គឺ​ផ្ដោត​តែ​លើ​ការ​ធ្វើ​យ៉ាងណា​ឱ្យ​មាន​ការ​ធានាការ​ការពារ​ផល​ប្រយោជន៍​ដោយ​ផ្ទាល់​របស់​ខ្លួន​តែ​ប៉ុណ្ណោះ។ គេ​មិន​ឃើញ​មាន​ភ័ស្តុតាង​ណា​មួយ​បង្ហាញ​ថា​ចិន​មាន​ចំណាប់​អារម្មណ៍​នៅក្នុង​ការ​ធ្វើ​ឱ្យ​គេ​ទុកចិត្ត​ខ្លួន​លើ​ការ​ជំរុញ​ឱ្យ​មាន​ការ​បន្ធូរបន្ថយ​ភាព​តានតឹង​ទាំងស្រុង​នៅ​សមុទ្រ​ក្រហម​នោះទេ»។

លោក​បាន​ចង្អុល​បង្ហាញ​ថា ការ​គំរាមកំហែង​របស់​ចិន​បាន​បណ្ដាល​ឱ្យ​ក្រុម​ហ៊ូធី​ផ្ដល់​អភ័យ​ឯកសិទ្ធិ​ដល់​កប៉ាល់​របស់​ចិន​និង​រុស្ស៊ី។

លោក Aboudouh បាន​ថ្លែង​ថា ចិន​បាន​ប្រើ «វិធីសាស្ត្រ​រង់ចាំ​មើល​ដែល​មាន​ហានិភ័យ​ទាប ដោយសារតែ​ខ្លួន​មិន​អាច​ប្រើ​វិធីសាស្ត្រ​ផ្សេង​ទៀត​បាន។ ចិន​មិន​ចង់​បង្ខំ​ខ្លួន​ផ្លាស់ប្ដូរ​គោល​នយោបាយ​ខ្លាំងក្លា​និង​លោត​ចូល​ទៅក្នុង​ការ​វាយ​ប្រហារ​ភ្លាមៗ​ដោយសារតែ​កប៉ាល់​របស់​ខ្លួន​ត្រូវ​បាន​ពន្លិច​ឬ​រង​ការ​ខូចខាត​ធ្ងន់ធ្ងរ​នោះឡើយ»។

លោក​សាស្ត្រាចារ្យ Degang Sun ដែល​ជា​ប្រធាន​ផ្នែក​សិក្សា​អំពី​តំបន់​មជ្ឈិម​បូព៌ា​នៃ​សាកលវិទ្យាល័យ Fudan ក្នុង​ទីក្រុង​សៀងហៃ ប្រទេស​ចិន បាន​បញ្ជាក់​នៅ​ក្នុង​ការ​ពិភាក្សា​តាម​អនឡាញ​មួយ​របស់​អង្គការ Chatham House ថា ចិន​មើលឃើញ​ការ​លេច​ឡើង​នៃ​ក្រុម​មិន​មែន​រដ្ឋាភិបាល [ដូចជា​ក្រុម​ហ៊ូធី​ជាដើម] ថា​ជា​ការ​គំរាមកំហែង​ដោយ​ផ្ទាល់​ចំពោះ​ផល​ប្រយោជន៍​របស់​ខ្លួន​នៅ​តំបន់​មជ្ឈិម​បូព៌ា ដោយសារតែ​តំបន់​នេះ​គឺជា​ការ​វិនិយោគ​ដ៏​ធំ​បំផុត​និង​ជា​ដៃគូ​ពាណិជ្ជកម្ម​របស់​ខ្លួន។

លោក​បាន​ថ្លែង​ថា៖ «ចិន​ថា​សហរដ្ឋ​អាមេរិក​មិន​អាច​ចាកចេញ​ពី​តំបន់​មជ្ឈិម​បូព៌ា​បានទេ។ តំបន់​មជ្ឈិម​បូព៌ា​ត្រូវការ​សហរដ្ឋ​អាមេរិក ដោយសារតែ​សហរដ្ឋ​អាមេរិក​អាចជា​កម្លាំង​ដែល​ធ្វើ​ឱ្យ​មាន​ស្ថិរភាព​សម្រាប់​ប្រទេស​ចិន​និង​បណ្ដា​ប្រទេស​ផ្សេង​ទៀត​នៅ​ទូទាំង​ពិភពលោក»។

លោក​បាន​បន្ថែម​ថា ចិន «ចង់​បញ្ជូន​សញ្ញា​ទៅកាន់​សហរដ្ឋ​អាមេរិក​ថា ចិន​មិនមែន​ជា​គូ​ប្រជែង​របស់​សហរដ្ឋ​អាមេរិក​ទេ ប៉ុន្តែ​ជា​ដៃគូ​របស់​សហរដ្ឋ​អាមេរិក​នៅក្នុង​អភិបាលកិច្ច​តំបន់​មជ្ឈិម​បូព៌ា» និង​ថា ការ​លេច​ឡើង​នៃ​ក្រុម​មិន​មែន​រដ្ឋាភិបាល​នៅ​តំបន់​មជ្ឈិម​បូព៌ា «គឺជា​លទ្ធផល​នៃ​កង្វះ​អភិបាលកិច្ច»។

លោក Sun ជឿ​ថា សម្រាប់​បញ្ហា​កង្វះ​អភិបាលកិច្ច​នេះ សហរដ្ឋ​អាមេរិក​និង​ចិន​អាច​បំពេញ​បាន​តាមរយៈ​កិច្ច​សហប្រតិបត្តិការ​លើ​កិច្ចការ​សន្តិសុខ​នៅ​តំបន់​មជ្ឈិម​បូព៌ា៕

​ប្រែសម្រួល​ដោយ​លោក​ភី សុភាដា