ក្រុមប៉ូលិសបានបន្តរុករកស្វែងចាប់ខ្លួនជនជាតិដើមភាគតិចតំបន់ភ្នំវៀតណាមចំនួន១៣នាក់ដែលកំពុងលាក់ខ្លួននៅក្នុងព្រៃនៃខេត្តរតនៈគីរីនៅថ្ងៃពុធនេះ បើទោះជាអង្គការសហប្រជាជាតិនិងអង្គការសិទ្ធិមនុស្សអន្តរជាតិបានទទូចឲ្យពួកគេបញ្ឈប់សកម្មភាពនេះក៏ដោយ។
អ្នកសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុកប្រចាំខេត្តភាគឥសាន្តនេះលោកឆាយ ធី មានប្រសាសន៍ថាកងប៉ូលិសត្រូវបានដាក់ពង្រាយនិងដាក់ឲ្យដើរល្បាតក្នុងព្រៃនិងរង់ចាំស្ទាក់ចាប់ជនភៀសខ្លួនវៀតណាមទាំងនេះនៅក្នុងស្រុកលំផាត់ដែលអាជ្ញាធរជឿថាជនជាតិដើមចារ៉ាយទាំងនេះកំពុងសម្ងំលាក់ខ្លួន។
«កម្លាំងប៉ូលិសនៅតែពួនស្ទាក់ច្រកចេញចូលក្នុងព្រៃដែលពួកគាត់កំពុងលាក់ខ្លួននោះ។នៅពេលដែលយើងបានតាមដានរាល់ម៉ោង រហូតដល់យប់មិញនេះកងកម្លាំងទាំងអស់ដេកចាំស្ទាក់នៅក្នុងព្រៃនៅត្រង់ចំណុចអូជ្រុង ឃុំជ្រាដា ស្រុកលំផាត់។ មានកម្លាំងប៉ូលិសជាងដប់នាក់។ មានកាំភ្លើងផងនិងមានសន្តិសុខភូមិចូលរួមក្នុងការស្ទាក់ចាប់ក្រុមជនភៀសខ្លួនម៉ុងតាញ៉ានេះ»។
កាលពីថ្ងៃអង្គារម្សិលមិញនេះឧត្តមស្នងការអង្គការសហប្រជាជាតិសម្រាប់ជនភៀសខ្លួន(UNHCR) បានសម្តែងការព្រួយបារម្ភជាខ្លាំងចំពោះសេចក្តីរាយការណ៍ដែលថាអាជ្ញាធររបស់ប្រទេសកម្ពុជាកំពុងស្វែងរកចាប់ខ្លួនជនជាតិដើមភាគតិចតំបន់ភ្នំវៀតណាមទាំង១៣នាក់នេះក្នុងគោលបំណងបញ្ជូនពួកគេទៅឲ្យរដ្ឋាភិបាលវៀតណាមវិញ។
ឧត្តមស្នងការអង្គការសហប្រជាជាតិសម្រាប់ជនភៀសខ្លួនក៏បានទទូចឲ្យរដ្ឋាភិបាលកម្ពុជាបញ្ឈប់សកម្មភាពខាងលើនេះព្រមទាំងបញ្ឈប់ការណែនាំឲ្យអាជ្ញាធរមូលដ្ឋានតាមស្វែងរកនិងចាប់បញ្ជូនជនភៀសខ្លួនពីតំបន់ខ្ពង់រាបវៀតណាមទៅកាន់ស្រុកកំណើតរបស់ពួកគេវិញ។ អង្គការឃ្លាំមើលការរំលោភសិទ្ធិមនុស្ស Human Rights Watch ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិកក៏បានទទូចឲ្យអាជ្ញាធរប៉ូលិសកម្ពុជាបញ្ឈប់ទង្វើនេះ«ជាបន្ទាន់»ផងដែរ។
មន្ត្រីនៃការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជាបានទៅដល់ខេត្តរតនគីរីនៅល្ងាចថ្ងៃនេះដើម្បីស្វែងរកការជួបពិភាក្សាជាមួយអាជ្ញាធរមូលដ្ឋាននិងស្វែងរកឱកាសជួបជាមួយក្រុមជនជាតិភាគតិច ម៉ុងតាញ៉ា វៀតណាម។
ក៏ប៉ុន្តែទាំងប្រភពអាជ្ញាធរទាំងប្រភពពីមន្ត្រីអង្គការសហប្រជាជាតិមិនអាចទាក់ទងបានទេ។
ទោះជាយ៉ាងណាលោកឧត្តមសេនីយ៍ត្រី ងួន កឿន ស្នងការប៉ូលិសខេត្តបានអះអាងកាលពីថ្ងៃច័ន្ទថាកងប៉ូលិសបានស្វែងរកជនភៀសខ្លួនវៀតណាមដែលកំពុងលាក់ខ្លួននៅក្នុងព្រៃ។
«ឥឡូវនេះនគរបាលខេត្តយើងកំពុងចាត់វិធានការស្រាវជ្រាវរុករកនៅក្នុងព្រៃក្រែងលោពួកគាត់លាក់ខ្លួនក្នុងព្រៃព្រោះតាមព័ត៌មានលេចឮថាមានក្រុម(ជនភៀសខ្លួនវៀតណាម)ចូលលាក់ខ្លួនក្នុងភូមិសាស្ដ្រទឹកដីខេត្ត»។
លោកស្រីវីវាន តាន់ អ្នកនាំពាក្យឧត្តមស្នងការអង្គការសហប្រជាជាតិសម្រាប់ជនភៀសខ្លួនប្រចាំតំបន់មានប្រសាសន៍តាមទូរស័ព្ទពីទីក្រុងបាងកកកាលពីថ្ងៃអង្គារថាមន្ត្រីអង្គការសហប្រជាជាតិត្រូវការជួបជាមួយជនជាតិដើមភាគតិចតំបន់ភ្នំវៀតណាមនេះដើម្បីស្វែងយល់ពីពួកគេដោយផ្ទាល់។
«យើងសង្ឃឹមថាទៅខេត្តរតនៈគីរីឲ្យបានឆាប់បំផុតដើម្បីយើងអាចនិយាយទៅកាន់ជនភៀសខ្លួនទាំងនេះហើយយើងឲ្យឃើញថាតើពួកគេជាអ្នកណាពិតប្រាកដ ហើយពួកគេចង់បានអ្វីពិតប្រាកដ។យើងដឹងច្បាស់ហើយថានេះជាការទទួលខុសត្រូវរបស់រដ្ឋាភិបាលកម្ពុជាហើយយើងរីករាយនឹងគាំទ្រពួកគេក្នុងបញ្ហាជនភៀសខ្លួននេះ»។
លោកស្រីបញ្ជាក់ថាឧត្តមស្នងការអង្គការសហប្រជាជាតិសម្រាប់ជនភៀសខ្លួនប្រាថ្នាចង់ឃើញជនជាតិភៀសខ្លួនវៀតណាមទាំងនេះត្រូវបញ្ជូនមកកាន់ទីក្រុងភ្នំពេញ។
ជនជាតិដើមភាគតិចទាំង១៣នាក់នេះត្រូវគេរាយការណ៍ថាបានគេចខ្លួនពីការធ្វើទុក្ខបុកម្នេញរបស់អាជ្ញាធរវៀតណាមផ្នែកសេរីភាពសាសនា សេរីភាពក្នុងការប្រើប្រាស់អ៊ីនធឺណិតនិងសិទ្ធិដីធ្លី។ហើយពួកគេបានភៀសខ្លួនចូលក្នុងព្រៃនៃខេត្តរតនៈគីរីចាប់តាំងពីចុងខែតុលាមកម្ល៉េះដើម្បីស្វែងរកសិទ្ធិជ្រកកោននៅប្រទេសទី៣។
ក្នុងចំណោមជនភៀសខ្លួនទាំងនោះមានស្ត្រីម្នាក់ផងដែលទើបនឹងចេញពីពន្ធនាគាររបស់រដ្ឋការក្រុងហាណូយ។
អង្គការសហប្រជាជាតិទទួលបន្ទុកផ្នែកជនភៀសខ្លួននេះព្រមានថាការបញ្ជូនខ្លួនជនជាតិដើមភាគតិចចារ៉ាយទៅកាន់ប្រទេសវៀតណាមវិញដោយមិនគោរពតាមគោលការណ៍ស្ម័គ្រចិត្តគឺជាការរំលោភកាតព្វកិច្ចផ្លូវច្បាប់អន្តរជាតិ៕