ការ​ពង្រាយ​កងទ័ព​កូរ៉េ​ខាងជើង​ជា​សញ្ញា​បង្ហាញ​អំពី​ភាព​អស់​សង្ឃឹម​របស់​លោក Putin

រូបឯកសារ៖ ទាហានចូលរួមក្នុងការបង្ហាញការហ្វឹកហ្វឺននៃអង្គភាពប្រយុទ្ធផ្លូវអាកាស របស់កងទ័ពកូរ៉េខាងជើងនៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៤។ (KCNA via REUTERS)

ប្រធាន​អង្គការ​អូតង់ (NATO) លោក Mark Rutte បាន​ចាត់ទុក​ការ​ពង្រាយ​កងទ័ព​កូរ៉េ​ខាង​ជើង​ដើម្បី​ជួយ​រុស្ស៊ី​ក្នុង​សង្គ្រាម​នៅ​អ៊ុយក្រែន​ថា​ជា​ការ​ពង្រីក​សង្គ្រាម​ដ៏​គ្រោះថ្នាក់​ដែល​បង្ហាញ​អំពី «ភាព​អស់​សង្ឃឹម​កាន់តែ​ខ្លាំងឡើង» របស់​ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin។ នេះ​បើ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​ទីភ្នាក់ងារ​សារព័ត៌មាន AFP។

នៅ​ពេល​ថ្លែង​ក្នុង​ទីក្រុង​ព្រុចសែល​នៃ​ប្រទេស​បែលហ្ស៊ិក​ក្រោយពី​ជួប​ជាមួយ​មន្ត្រី​ស៊ើបការណ៍​សម្ងាត់​កូរ៉េ​ខាង​ត្បូង​មក លោក Rutte បាន​និយាយ​ថា​លោក​អាច​បញ្ជាក់​បាន​ថា​អង្គភាព​យោធា​កូរ៉េ​ខាងជើង​ពិតជា​ត្រូវ​បាន​បញ្ជូន​ទៅ​តំបន់ Kursk ប៉ែក​ខាង​លិច​របស់​រុស្ស៊ី​ប្រាកដ​មែន។

លោក Rutte បាន​ថ្លែង​ក្នុង​សន្និសីទ​កាសែត​មួយ​ថា៖ «កិច្ច​សហប្រតិបត្តិការ​យោធា​ដែល​កាន់តែ​ស៊ីជម្រៅ​រវាង​រុស្ស៊ី​និង​កូរ៉េ​ខាងជើង​គឺជា​ការ​គំរាមកំហែង​ចំពោះ​សន្តិសុខ​ទាំង​នៅក្នុង​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក​និង​តំបន់​អឺរ៉ុប​អាត្លង់ទិក»។

លោក​ថ្លែង​ទៀត​ថា៖ «ការ​ពង្រាយ​កងទ័ព​កូរ៉េ​ខាងជើង​ទៅកាន់​តំបន់ Kursk ក៏​ជា​សញ្ញា​បង្ហាញ​អំពី «ភាព​អស់​សង្ឃឹម​កាន់តែ​ខ្លាំងឡើង» របស់​លោក Putin ផងដែរ»។

កងទ័ព​អ៊ុយក្រែន​បាន​បើក​ការ​វាយលុក​ថ្មើរជើង​នៅ​ក្នុង​តំបន់ Kursk តាំងពី​ខែ​សីហា​មក ហើយ​គ្រប់គ្រង​ដែនដី​រុស្ស៊ី​បាន​រាប់រយ​គីឡូម៉ែត្រ​ការ៉េ៕