យ៉ាងហោចណាស់មានមនុស្សប្រាំបីនាក់ទៀតបានស្លាប់ដោយសារជំងឺគ្រុនឈាមក្នុងរយៈពេលតិចជាងមួយខែ ដែលជំរុញឱ្យក្រុមមន្ត្រីសុខាភិបាលព្រមានដល់ប្រជាជនឱ្យមានការប្រុងប្រយ័ត្នក្នុងការបង្ការជំងឺនេះ។
តួលេខអ្នកជំងឺស្លាប់ចុងក្រោយបំផុត អំឡុងពេលបីសប្តាហ៍កន្លងទៅនេះបានធ្វើឲ្យចំនួនមនុស្សស្លាប់ដោយសារជំងឺ ដែលបង្កឡើងដោយសត្វមូសខ្លានេះ បានកើនឡើងដល់២៤នាក់។ មន្ត្រីសុខាភិបាលបានអំពាវនាវឲ្យប្រជាពលរដ្ឋសម្អាតធុងទឹកនិងពាងទឹកឲ្យបានយ៉ាងហោចណាស់ពីរដងក្នុងមួយសប្តាហ៍ និងឲ្យប្រជាជនលុបបំបាត់របស់ដែលអាចដក់ទឹកបាន ដែលជាកន្លែងសត្វមូសខ្លាអាចបង្កើតកូនបាន។
ពួកគេក៏បានចែកចាយបន្ថែមនូវសារធាតុគីមីមួយដែលអាចសម្លាប់សត្វមូសខ្លានៅក្នុងពាងនិងឧបករណ៍ស្តុកទឹកផ្សេងៗទៀត។
ចំនួនសរុបនៃអ្នកឆ្លងជំងឺគ្រុនឈាមបានកើនឡើងទៅដល់ជិត៧.០០០នាក់ ដែលកើនឡើងលើសកាលពីឆ្នាំមុនដែលមានប្រមាណ២.០០០នាក់។ តួលេខឡើងចុះនេះជារឿងធម្មតាដោយសារតែនៅក្នុងឆ្នាំខ្លះជំងឺនេះមានភាពអសកម្ម។
លៀង រិទ្ធា ប្រធានកម្មវិធីទប់ស្កាត់ជំងឺគ្រុនឈាម នៅក្រសួងសុខាភិបាលបាននិយាយថា៖ «ឆ្នាំ២០១៤គឺជាឆ្នាំដែលប្រជាជនធូស្រាលពីជំងឺគ្រុនឈាម»។
ទោះជាយ៉ាងណានៅឆ្នាំ២០១៥ ជំងឺនេះបានកើនឡើងជាពិសេសនៅក្នុងខេត្តសៀមរាបខេត្ត កំពង់ធំ ខេត្ត កំពង់ចាម ខេត្តកណ្តាល ខេត្តបាត់ដំបង ខេត្តឧត្តរមានជ័យព្រមទាំងរាជធានីភ្នំពេញ។
លោក កែវ វណ្ណៈ ប្រធានមន្ទីរសុខាភិបាល ខេត្តត្បូងឃ្មុំ បាននិយាយថា លោកមើលឃើញថា ចំនួននៃការឆ្លងមេរោគជំងឺគ្រុនឈាមមានការកើនឡើងក្នុងខេត្តរបស់លោក ហើយមន្រ្តីសុខភាពរបស់លោកកំពុងរវល់អប់រំប្រជាជនអំពីជំងឺនេះ។
លោកបានថ្លែងថា៖ «យើងកំពុងតែធ្វើយុទ្ធនាការ និងបន្តអប់រំប្រជាជន។ យើងរំឭកប្រជាជននៅក្នុងសហគមន៍ឲ្យការពារការឆ្លងនៃជំងឺគ្រុនឈាម»។
លោកបាននិយាយថា ការឆ្លងមេរោគនេះអាចនៅមានកម្រិតខ្ពស់នៅរដូវប្រាំងផងដែរ ប្រសិនបើប្រជាជនមិនបានកម្ចាត់កន្លែង និងឧបករណ៍ដែលអាចដក់ទឹកដែលជាជម្រករបស់មូសខ្លា។
លោកបានដាស់តឿនប្រជាជនឲ្យប្រញ៉ាប់ប្រញ៉ាល់យកកូនទៅមណ្ឌលសុខភាព ប្រសិនបើមានរោគសញ្ញាជំងឺគ្រុនឈាម៕