ក្រុមអ្នកតវ៉ាប្រឆាំងនឹងការបណ្តេញចេញត្រូវបំបែកដោយឡានទឹក

អាជ្ញាធរ​ក្រុងភ្នំពេញ ​កាលពីព្រឹកថ្ងៃ​ពុធ​​បាន​បំបែក​ក្រុម​អ្នក​តវ៉ា​រឿង​ដីធ្លី​​ដោយ​ប្រើប្រាស់​ឡាន​ទឹក​ចំនួន​៣​គ្រឿង។​

អាជ្ញាធរ​ក្រុងភ្នំពេញ ​កាលពីព្រឹកថ្ងៃ​ពុធបាន​បំបែក​ក្រុម​អ្នក​តវ៉ា​រឿង​ដីធ្លីដោយ​ប្រើប្រាស់​ឡាន​ទឹក​ចំនួន​៣​គ្រឿង។​
ការ​បាញ់​ទឹក​មក​លើ​ក្រុម​បាតុករ​នេះ​បាន​បណ្តាល​ឲ្យ​បាតុករ​ម្នាក់​សន្លប់​និង​មួយ​ចំនួន​ទៀតរង​របួស​ និង​ឈឺចាប់។​
ក្រុម​អ្នក​តវ៉ា​មក​ពី​សហគមន៍​បឹងកក់​ បុរីកីឡា​ និង​សហគមន៍​ថ្មគោលបាន​បិទ​ផ្លូវ​ព្រះ​មុនីវង្ស​ ដែល​ជា​មហាវិថី​ដ៏​សំខាន់​មួយនៅ​ចំពី​មុខ​សាលា​រាជធានី​ភ្នំពេញដើម្បីទាមទារ​ឲ្យ​អាជ្ញាធរ​ដោះ​ស្រាយ​បញ្ហា​ដីធ្លី​របស់​ពួកគេ។លោក​សាយ​ មុន្នី​នៃ​វីអូអេ​រាយ​ការណ៍​ពី​ភ្នំពេញ៕​
អ្នកស្រីគង់ ចន្ថា​គឺ​ជា​បាតុករ​ម្នាក់​មក​ពី​សហគមន៍​បុរី​កីឡា។​
«មិន​គួរ​ណា គាត់​ប្រើ​ឡាន​ទឹក​នេះ​ មក​ធ្វើ​បាប​ប្រជាពលរដ្ឋ​ទាល់​តែ​សោះ ដែល​គាត់​ទើប​នឹង​ឡើង​ធ្វើ​ជា​ចៅហ្វាយ​ក្រុង​ថ្មី ហើយ​ស្នងការ​ថ្មី​នេះ លោក​ ជួន សុវណ្ណ​ឈរ​បញ្ជា​ផ្ទាល់​ឲ្យ​ឡាន​ទឹក​ធ្វើបាប​ប្រជា​ពលរដ្ឋ​ដូច្នេះ​សោះ។​ ពួកខ្ញុំ​សោក​ស្តាយ​មែន​ទែន ហើយ​អស់​សង្ឃឹម​និង​អស់​ទឹកចិត្ត​ដែល​ជឿ​ជាក់​លើ​គាត់​ដែល​ថាដោះស្រាយ​ឲ្យ​ពួក​ខ្ញុំ​គឺ​ពួកខ្ញុំ​អស់​ទឹក​ចិត្ត​ហើយ»។​
ប្រជា​ពលរដ្ឋ​នៅ​តំបន់​បឹងកក់​បាន​ធ្វើ​ការ​តវ៉ា​ជាប់​ជា​ប្រចាំ​ប្រឆាំង​ នឹង​ការ​បណ្តេញ​ពួកគេ​ដោយ​បង្ខំ​ចេញ​ពី​លំនៅដ្ឋាន ចាប់តាំង​ពី​ឆ្នាំ​២០០៧​ មក​ បន្ទាប់​ពី​រដ្ឋាភិបាល​កម្ពុជា​បាន​ជួល​ដី​នៅតំបន់​នោះ​ទៅ​ឲ្យ​ក្រុមហ៊ុន​ ស៊ូកាគូ​ របស់​សមាជិក​ព្រឹទ្ធសភា​ម្នាក់​ខាង​គណបក្ស​ប្រជាជន​កម្ពុជា ​រយៈ​ពេល​៩៩​ឆ្នាំ ដើម្បី​អភិវឌ្ឍ​លំនៅដ្ឋាន​ និង​មជ្ឈមណ្ឌល​ពាណិជ្ជ​កម្ម។​
អ្នក​ស្រី​ទេព វន្នី គឺ​ជា​តំណាង​ម្នាក់​របស់​ក្រុម​អ្នក​តវ៉ា​នេះ។​
«ការ ​ដែល​គាត់​ប្រើ​ឡាន​ទឹក​មក​បាញ់​ពួកខ្ញុំ​ គឺ​ជា​សកម្មភាព​មួយ​ប៉ុនប៉ង​ សម្លាប់​ប្រជា​ពលរដ្ឋ​នៅ​តំបន់​បឹងកក់​ ហើយ​នឹង​បុរីកីឡា និង​ថ្មគោល»។​

Your browser doesn’t support HTML5

Demonstrators Hit With Water Canons as They Attempt to Block Street


អភិបាល​រាជធានី​ភ្នំពេញ​ថ្មី​គឺ​លោក​ប៉ា សុជាតិវង្ស​ពុំ​ឃើញ​មាន​វត្តមាន​នៅក្នុង​ពេល​មាន​ការ​តវ៉ា​នេះ​ទេ។​
ចំណែក ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​លោក​ជួន សុវណ្ណ​ ដែល​បាន​បញ្ជា​ឲ្យ​បាញ់​ទឹក​មក​លើ​ក្រុម​បាតុករ​ បាន​បដិសេធមិន​ធ្វើ​ អត្ថាធិប្បាយ​ណាមួយ​ទេ​ នៅ​ពេល​ដែល​អ្នក​យកព័ត៌មាន​វីអូអេ​បាន​ស្នើសុំ​ការ​បំភ្លឺ។​
យ៉ាង​ណាក៏ដោយ​ ក្រុម​បាតុករ​អះអាង​ថា ពួកគេ​នឹង​នៅ​តែ​បន្ត​ទាមទារ​រក​ដំណោះ​ស្រាយ​ចំពោះ​បញ្ហា​ដី​ធ្លី​របស់​ពួក​ឲ្យ​ខាង​តែ​បាន៕