សកម្មជន​ដីធ្លី​បន្ត​តវ៉ា​ក្រៅ​ទីលាន​ប្រជាធិបតេយ្យ

ក្រុម​សកម្មជន​ដីធ្លី​បឹងកក់​បាន​ធ្វើការ​តវ៉ា​ដោយ​អង្គុយ​នៅ​ក្បែរ​ស្ថានទូត​សហរដ្ឋ​អាមេរិក​ដើម្បី​ទាមទារ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ដោះលែង​មនុស្ស​១៩នាក់​ពី​ពន្ធនាគារ នៅ​ថ្ងៃទី ២១ ខែមករា ឆ្នាំ២០១៥។

សកម្មជន​ដីធ្លី​មកពីសហគមន៍​ចំនួនបួន​ផ្សេង​ៗ​គ្នា​នៅ​ថ្ងៃ​ពុធ​នេះ​បានបរាជ័យ​ក្នុង​ការ​ប៉ុន​ប៉ង​ចូល​កាន់​កាប់​ទីលាន​ប្រជាធិបតេយ្យ​សារជាថ្មី​ម្តង​ទៀតក្នុង​ខណៈពេលដែល​ពួក​គេបាន​ប្រមូល​ផ្តុំ​គ្នា​តវ៉ាឈាន​ចូល​ដល់​ថ្ងៃទី​ពីរ​ដើម្បី​ទាម​ទារឱ្យដោះ​លែង​សកម្មជន​នយោបាយ​ ព្រះសង្ឃ​ និង​ សកម្មជន​ដីធ្លី​ដែល​កំពុង​ជាប់​ឃុំឃាំង។

មន្ត្រី​សិទ្ធិ​មនុស្ស​ និង​ សាក្សី​ឃើញ​ផ្ទាល់​ភ្នែក​បាន​អះអាង​ថា​ មាន​សកម្ម​ជន​ដីធ្លី​ប្រមាណ​២០​នាក់​ប៉ុណ្ណោះ​ បាន​កាន់​បដា​និង​ បូរ​ពណ៍លឿង​មកប្រមូល​ផ្តុំ​គ្នា​នៅ​បរិវេណ​ខាង​ក្រោយក្បែរ​ស្ថាន​ទូត​សហរដ្ឋ​អាមេរិក ដើម្បី​ប៉ុនប៉ង​ចូល​កាន់​កាប់​ទីលាន​ប្រជាធិបតេយ្យ​តែ​ត្រូវ​បាន​កម្លាំង​សន្តិសុខ​ខណ្ឌ​ដូន​ពេញ​រារាំង​។ ​ក៏ប៉ុន្តែ​មិន​មាន​ការ​ប៉ះទង្គិច​ដោយ​អំពើ​ហិង្សា​ណាមួយ​កើត​ឡើង​ទេ។​

ក្រុម​អ្នក​តវ៉ា​បាន​ត្រឹម​តែ​អង្គុយ​មួយ​កន្លែង​កាន់​ពាក្យ​ស្លោក​ទាមទារឱ្យដោះ​លែង​សកម្មជន​របស់​ខ្លួន​ដែល​កំពុង​ជាប់​ឃុំ​ក្រោម​ការ​តាម​ឃ្លាំ​មើល​ពី​មន្ត្រី​សិទ្ធិ​មនុស្ស​ និង​ ពី​ក្រុម​អាជ្ញាធរ​មាន​សមត្ថ​កិច្ច។​

អ្នក​ស្រី​ យ៉ោម បុប្ជា​ សកម្មជន​ដីធ្លី​មក​ពី​តំបន់​បឹង​កក់​បាន​អង្គុយ​កាន់​បដា​ជា​មួយ​សកម្មជន​ដីធ្លី​ផ្សេង​ទៀត​បាន​និយាយ​ថា​សមត្ថ​កិច្ច​បាន​រឹត​បន្តឹង​ពួក​គេ​មិនឱ្យដើរ​ហែរ​ក្បួន​ទេ​សូម្បី​តែ​ទៅ​បន្ទប់​ទឹក​ក៏​រឹត​បន្តឹងដែរ។

អ្នក​ស្រី​បាន​បញ្ជាក់​ថាការ​រារាំង​នេះ​ហាក់​បី​ដូច​ជា​រដ្ឋាភិបាល​មិន​បាន​គោរព​សិទ្ធិ​តវ៉ា​ដោយ​សន្តិ​វិធី​របស់​ពល​រដ្ឋ​។ ​អ្នក​ស្រី​បញ្ជាក់​ថា​សកម្មជន​ដីធ្លី​និង​បន្ត​ការ​តវ៉ា​រហូត​រយៈពេល​មួយ​ខែ​បើ​ទោះ​បី​អាជ្ញាធរ​រឹត​បន្តឹងក៏ដោយ។​

លោក​ស្រី​បញ្ជាក់​ថា៖ «​ចេញ​ត្រឡប់​ទៅ​វិញ​មិនឱ្យចេញ​ទៀត។ ​ទៅ​បន្ទប់​ទឹក​រារាំង​ទៀត​ នេះ​ជា​រឿង​មួយដែល​រំលោភ​ប្រជាពលរដ្ឋ​ខ្លាំង​ក្លា​ណាស់​ដែល​យើង​មិន​អាច​ទទួល​យក​បានទេ»។​

ក្រុម​សកម្មជន​ដីធ្លី​បាន​ជូន​ដំណឹង​ដល់​សាលា​ក្រុង​ភ្នំពេញ​ថា​ពួកគេ​នឹង​ដឹក​នាំ​ធ្វើ​បាតុកម្ម​នៅ​ទីលាន​ប្រជាធិបតេយ្យ​ ដោយ​អហិង្សា​រយៈ​ពេល​មួយ​ខែ​ដោយ​ចាប់​ផ្តើម​ពី​ថ្ងៃ​ទី​២០​ ខែមករា​ និង​បញ្ចប់​នៅ​ថ្ងៃ​ទី​២០​ ខែកុម្ភៈ​ខាង​មុខ​នេះដើម្បី​ទាម​ទារឱ្យដោះ​លែងដីធ្លី​ ព្រះ​សង្ឃ​ និង​ សកម្មជន​គណបក្ស​នយោបាយចំនួន១៩​នាក់​ដែល​កំពុង​ជាប់​ឃុំឱ្យមាន​សេរីភាព​ឡើង​វិញ។​

អ្នក​ស្រី​ ជុំ ង៉ាន់​ សកម្មជន​ដីធ្លី​មកពី​សហគមន៍បូរី​កីឡា​មាន​ប្រសាសន៍ថា​គោល​បំណង​យើង​ចូល​ទីលាន​ប្រជាធិបតេយ្យ​គឺ​ដើម្បី​ចែក​បូរពណ៍លឿង​ដែល​ជា​និមិត្តសញ្ញា​នៃ​ការ​រង់​ចាំ​យុត្តិធម៌​អ្នក​ដែល​កំពុង​ជាប់នៅ​ក្នុង​មន្ទីរឃុំឃាំង។​

អ្នក​ស្រី​បញ្ជាក់​ថា​កម្ពុជា​កំពុង​តែ​ផ្តាច់​ការ​ក្នុង​បិទ​សិទ្ធិរបស់​អ្នក​តវ៉ា​ដោយ​សន្តិ​វិធី​។​

លោក​ស្រី​និយាយ​ថា៖​«​ខ្ញុំ​គិត​ថា​របប​របស់​យើង​នេះ​គឺ​ផ្តាច់​ការ​ មិនឱ្យប្រជាពលរដ្ឋ​ចូល​ទៅ​ទីលាន​ប្រជាធិបតេយ្យ​។ សូម្បី​តែ​ទីលាន​ប្រជាធិបតេយ្យ​ផ្ទាល់​ហ្នឹង​ក៏​ផ្តាច់​ការ​ដែរ​ រដ្ឋាភិបាល​រារាំង​អត់ឱ្យចូល​តែ​ម្តង​»។​

ទីលាន​ប្រជាធិបតេយ្យ​ដែល​មាន​ទីតាំង​នៅ​ខាង​ក្រោយ​ស្ថានទូត​សហរដ្ឋ​អាមេរិក​ ត្រូវ​បាន​សាលា​ក្រុង​ភ្នំពេញ​មិន​អនុញ្ញាត​ឱ្យមាន​ការ​ជួប​ប្រជុំ​ណា​មួយ​កើត​ឡើង​ទេ​ចាប់​តាំង​ពី​ការ​វាយ​បង្ក្រាប​ដោយ​អំពើ​ហិង្សា​ទៅ​លើ​ការ​តវ៉ា​របស់​ក្រុម​បាតុករ​ដែល​ដឹក​នាំ​ដោយ​គណបក្ស​សង្គ្រោះជាតិ​កាល​ពី​ដើម​ខែ​មករាឆ្នាំ​២០១៤។

លោក​ យី សុខសាន្ត​ មន្ត្រី​ស៊ើប​អង្កេត​ជាន់​ខ្ពស់​នៃ​សមាគម​សិទ្ធិ​មនុស្ស​អាដហុក​មាន​ប្រសាសន៍ថា​ការ​រារាំង​របស់​សមត្ថកិច្ច​មិនឱ្យជួប​ប្រជុំ​នៅ​ទីលាន​ប្រជាធិបតេយ្យ​ជា​ការ​រំលោភ​សិទ្ធិ​សេរីភាព​របស់​ពួកគាត់​។​

លោក​និយាយ​ថា៖​«​ក្នុង​នាម​យើង​អង្គការ​សង្គម​ស៊ីវិល​ យើង​សុំ​ស្នើ​ទទូច​ដល់​រដ្ឋាភិបាល​ជាពិសេស​ សាលា​រាជ​ធានី​ភ្នំពេញ​ថា​គួរ​បញ្ចប់​វប្បធម៌​ដែល​ប្រើ​អំពើ​ហិង្សា វប្បធម៌​ការ​គាប​សង្កត់ សេរីភាព​របស់​អ្នក​ភូមិ​ជា​ពិសេស​សហគមន៍ដែល​រង​គ្រោះ​ដោយ​សារ​ដីធ្លី»។​

មាន​សកម្មជន​គណបក្ស​ប្រឆាំង​ ព្រះ​សង្ឃ​ និង​ សកម្មជន​ដីធ្លី​នៅ​តំបន់​បឹង​កក់​ ចំនួន​១៩​ នាក់​ ដែលរួម​មាន​អ្នក​ស្រី ទេព វន្នី​ និង​ លោក​ មាជ សុវណ្ណារ៉ា​ ប្រធាន​នាយក​រដ្ឋ​ព័ត៌មាន​គណបក្ស​សង្គ្រោះជាតិ​ ត្រូវ​បាន​តុលាការ​ក្រុង​ភ្នំពេញ​កាត់​ទោសរួច​ហើយ និង​អ្នក​ខ្លះ​នៅ រង់ចាំ​ការកាត់​ទោស​ នៅ​ក្នុង​សំណុំ​រឿង​សួន​ប្រជាធិបតេយ្យ​ និង​ សំណុំ​រឿង​ធ្វើឱ្យប៉ះពាល់​សណ្តាប់​ធ្នាប់​ចររាចរណ៍សាធារណៈ៕