គណបក្ស​ប្រជាធិបតេយ្យ​តែងតាំង​លោក Joe Biden ជា​បេក្ខជន​ប្រធានាធិបតី​ជា​ផ្លូវការ

លោក Joe Biden ទទួល​បាន​ការ​តែងតាំង​​ជា​ផ្លូវការក្លាយ​ជា​បេក្ខជន​ប្រធានាធិបតី​ខាង​គណបក្ស​ប្រជាធិបតេយ្យ ដើម្បី​ប្រជែង​នឹង​លោក​ប្រធានាធិបតី Donald Trump នៅ​ក្នុង​ការ​បោះឆ្នោត​នៅ​ខែ​វិច្ឆិកា ខាង​មុខ​នេះ។

កាល​ពី​ថ្ងៃ​អង្គារ​ម្សិលមិញ គណបក្ស​ប្រជាធិបតេយ្យ​បាន​តែងតាំង​លោក Joe Biden ជា​បេក្ខជន​ប្រធានាធិបតី​ជា​ផ្លូវការ​របស់​គណបក្ស សម្រាប់​ការ​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​នៅ​ខែ​វិច្ឆិកា​ខាង​មុខ។

ការ​តែងតាំង​នេះ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​ពីរ​នៃ​សន្និបាត​ជាតិ​គណបក្ស​ប្រជាធិបតេយ្យ ដែល​សមាជិក​គណបក្ស​សាធារណរដ្ឋ​លេចធ្លោ​មួយ​ចំនួន​បាន​ចូលរួម​ជាមួយ​គណបក្ស​ប្រជាធិបតេយ្យ​ក្នុង​ការ​រិះគន់​លោក​ប្រធានាធិបតី Donald Trump និង​កោត​សរសើរ​ជំនាញ​ដឹកនាំ​របស់​លោក Biden។

លោក Biden បាន​ក្លាយជា​បេក្ខជន​ប្រធានាធិបតី​ដែល​គេ​គិត​ទុក​ជា​មុន​របស់​គណបក្ស​ប្រជាធិបតេយេ្យ​អស់​រយៈពេល​ជា​ច្រើន​ខែ​មក​ហើយ ក្រោយ​ពី​លោក​បាន​ឈ្នះ​ការ​បោះឆ្នោត​បឋម​ពី​រដ្ឋ​មួយទៅ​រដ្ឋមួយ រួម​ទាំង​ការ​យក​ឈ្នះ​លើសមាជិក​ព្រឹទ្ធសភា​តំណាង​រដ្ឋ Vermont លោក Bernie Sanders ដែល​ជា​គូ​ប្រជែង​ដ៏​ប្រកៀក​ប្រកិត​របស់​លោក​ផង​ដែរ។

នៅ​យប់​ទី​ពីរ​នៃ​សន្និបាត​ជាតិ​របស់​គណបក្ស​ប្រជាធិបតេយ្យ ដែល​ជា​យប់​បោះឆ្នោត​ដើម្បី​តែងតាំង​បេក្ខជន​ប្រធានាធិបតី​របស់​បក្ស​ជា​ផ្លូវការ តំណាង​រដ្ឋ និង​ដែនដី​នីមួយៗ ប្ដេជ្ញាចិត្ត​គាំទ្រ​លោក Biden ដែល​នឹង​ត្រូវ​ប្រកួតប្រជែង​ជាមួយ​នឹង​លោក​ប្រធានាធិបតី Trump មក​ពីគណបក្ស​សាធារណរដ្ឋ។

លោក Biden បាន​បញ្ជាក់​ដូច្នេះ​ថា ការ​តែងតាំង​នេះ «មាន​ន័យ​ធំធេង​ណាស់​សម្រាប់​រូបខ្ញុំ និង​ក្រុម​គ្រួសារ​ខ្ញុំ»។ លោក Biden នឹង​ថ្លែង​សុន្ទរកថា​ទទួល​យក​ការ​តែងតាំង​នេះ​នៅ​យប់​ថ្ងៃ​ព្រហស្បតិ៍​ស្អែក ដែល​ជា​យប់​ចុងក្រោយ​នៃ​សន្និបាត​នេះ។

ស្រប​ពេល​ដែល​គណបក្ស​ប្រជាធិបតេយ្យ​ជួបជុំគ្នា​ក្នុង​សន្និបាត​ជាតិ​គណបក្ស​តាម​អនឡាញ​នេះ លោក Trump បាន​ធ្វើ​ដំណើរ​ទៅ​កាន់​រដ្ឋ​សំខាន់​ពីរ​ដែល​អាច​កំណត់​លទ្ធផល​បោះឆ្នោត​គឺ​រដ្ឋ Iowa និង Arizona និង​បាន​ព្យាយាម​ទាក់ទាញ​អ្នក​បោះឆ្នោត​ជា​ស្ត្រី ដោយ​កាល​ពី​ថ្ងៃ​អង្គារ​ម្សិលមិញ លោក​បាន​លើកលែង​ទោស​បច្ឆាមរណៈ​ដល់​អ្នកស្រី Susan B. Anthony មេដឹកនាំ​ទាមទារ​ឲ្យ​ស្ដ្រី​មាន​សិទ្ធិ​បោះឆ្នោត ដែល​បាន​ធ្វើ​បាតុកម្ម​តវ៉ា​ក្នុង​អំឡុង​ទសវត្ស ១៨៧០៕