មេដឹកនាំ​បក្ស​សាធារណរដ្ឋ​និង​ប្រជាធិបតេយ្យ​នឹង​ជួប​ពិភាក្សា​គ្នា​រឿង​ការជាប់គាំង​កម្រិត​ប្រាក់​បំណុល​អាមេរិក

រូបឯកសារ៖ លោក​ប្រធានាធិបតី Joe Biden ពិភាក្សា​ជាមួយ​លោក​ប្រធាន​រដ្ឋសភា Kevin McCarthy នៅ​លើ​កាំជណ្តើរ​នៃ​វិមាន​សភា​អាមេរិក​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣។

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក​ Joe Biden និង​មេដឹកនាំ​ជាន់ខ្ពស់​នៃ​សភា​អាមេរិក​មក​ពី​គណបក្ស​ប្រជាធិបតេយ្យ​និង​សាធារណរដ្ឋ ​មាន​កំណត់​នឹង​ជួបប្រជុំ​គ្នានៅ​សេតវិមាន​នៅ​ថ្ងៃ​អង្គារ​នេះ ខណៈពេល​ដែល​មាន​ការ​ជាប់គាំងអំពី​ការ​បង្កើន​កម្រិត​បំណុល​របស់​ប្រទេស​នេះ។

ប្រធាន​រដ្ឋសភា​សហរដ្ឋ​អាមេរិកលោក​ Kevin McCarthy​ ​និង​មេដឹកនាំ​សំឡេង​ភាគ​តិច​ក្នុង​ព្រឹទ្ធសភា​លោក Mitch McConnell ​នឹង​ចូលរួមជួប​ប្រជុំ​ជា​មួយ​មេដឹកនាំ​សមាជិក​រដ្ឋសភា​គណបក្ស​ប្រជាធិបតេយ្យ​លោក Hakeem Jeffries ​និង​មេដឹកនាំ​សំឡេង​ភាគច្រើន​នៃ​ព្រឹទ្ធសភា​លោក​ ​Chuck Schumer ​ដើម្បី​ពិភាក្សា​អំពី​កាល​បរិច្ឆេទដែល​នឹង​ចូល​មកដល់​ក្នុង​ឆាប់ៗ​នេះ​ ដើម្បី​ធានា​ថា​ រដ្ឋាភិបាល​អាច​មាន​ប្រាក់បង់​ទៅ​លើ​ចំណាយដែល​ខ្លួន​បាន​ធ្វើ​រួច​ហើយ។​

ក្រុម​សមាជិក​សភា​អាមេរិក​នៃ​គណបក្ស​សាធារណរដ្ឋ​ បាន​ទទូចឱ្យ​មាន​ការ​កាត់​បន្ថយ​ការ​ចំណាយ​ នៅ​មុន​ពេល​ដែល​ខ្លួនយល់​ព្រម​អនុម័តបង្កើន​ពិដាន​ប្រាក់​បំណុលនេះ​ ខណៈពេល​ដែល​លោក Biden​ បាន​និយាយ​ថា​ ​សភា​អាមេរិក​ ​មាន​ភារកិច្ច​ដើម្បី​បង់​វិក្កយបត្រ​ចំណាយ​របស់​ខ្លួន និង​ថា​ បញ្ហា​ទាំង​ពីរ​នេះត្រូវ​តែ​ដោះ​ស្រាយ​ដាច់​ដោយឡែក​ពី​គ្នា។ ​

រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ​សហរដ្ឋ​អាមេរិក​លោក​ស្រី ​Janet​ Yellen បាន​ប្រាប់ក្រុម​សមាជិក​សភាកាលពី​សប្តាហ៍​មុន​ថា​ លទ្ធភាពរបស់​ក្រសួង​ហិរញ្ញវត្ថុអាមេរិក​ក្នុង​ការ​បង់ថ្លៃ​វិក្កយបត្រ​ចំណាយ​នានារបស់​រដ្ឋាភិបាល​នោះ​ នឹង​ត្រូវ​អស់​នៅ​ត្រឹម​ថ្ងៃ​ទី​១ ខែ​មិថុនាខាង​មុខ​នេះ។

លោក​ស្រីបាន​បា្រប់​ទូរទស្សន៍ CNBC នៅ​ថ្ងៃ​ចន្ទ​ម្សិលមិញ​ថា​ គណបក្ស​ប្រជាធិបតេយ្យ​ និង​បក្ស​សាធារណរដ្ឋ​នៅ​មាន​ជំហរ​ឃ្លាត​គ្នាខ្លាំង​នៅ​ឡើយ​ជុំវិញ​រឿង​នេះ​ ហើយ​លោក​ស្រី​ព្រមាន​ថា​ ការ​មិន​បង្កើន​ពិដាន​បំណុល​បន្ថែម​ទៀត​ទេ​នោះ​ នឹង​នាំ​ឱ្យ​មាន​មហន្តរាយ​សេដ្ឋកិច្ច»៕

ព័ត៌មាន​ខ្លះ​សម្រាប់​សេចក្ដី​រាយការណ៍​នេះ​ត្រូវ​បាន​ដកស្រង់​មកពី​ទីភ្នាក់ងារ​សារព័ត៌មាន AP, Reuters និង ​AFP។