ចំនួនបេក្ខជនប្រកួតដណ្តើមបេក្ខភាពជាបេក្ខជនប្រធានាធិបតីខាងគណបក្សប្រជាធិបតេយ្យកាន់តែជម្រុះចេញបន្តិចម្តងៗ។ កាលពីថ្ងៃអង្គារទី៣ អ្នកស្រី Kamala Harris សមាជិកព្រឹទ្ធសភាមកពីរដ្ឋ California គឺជាបេក្ខជនចុងក្រោយបង្អស់ដែលដកខ្លួនចេញពីការប្រកួតប្រជែងដើម្បីទទួលបានការតែងតាំងជាបេក្ខជនប្រធានាធិបតីសម្រាប់ការបោះឆ្នោតឆ្នាំ២០២០ខាងមុខ។ នៅមុនការដកខ្លួនរបស់អ្នកស្រី Harris អភិបាលរដ្ឋ Montana លោក Steve Bullock ក៏បានបញ្ចប់យុទ្ធនាការរបស់លោកផងដែរ។ អតីតប្រធានាធិបតីលោក Joe Biden បាននាំមុខបេក្ខជនទាំង៤រូបដែលស្ថិតនៅលំដាប់កំពូលនៅក្នុងការស្ទង់មតិជាតិសាធារណៈ ក៏ប៉ុន្តែនៅតែមានភាពស្រពិចស្រពិលនៅឡើយអំពីថាតើការប្រណាំងប្រជែងក្នុងចំណោមបេក្ខជនខាងគណបក្សប្រជាធិបតេយ្យនឹងឈានទៅជាយ៉ាងណា ខណៈយុទ្ធនាការឃោសនាបោះឆ្នោតកំពុងចាប់ផ្តើម។
យុទ្ធនាការឃោសនាបោះឆ្នោតរបស់អ្នកស្រី Kamala Harris សមាជិកព្រឹទ្ធសភាមកពីរដ្ឋ California ត្រូវបានប្រកាសបញ្ចប់នៅពេលថ្មីៗនេះ។ អ្នកស្រី Kamala Harris បានប្រកាសថា៖ «នេះគឺជាអ្វីដែលយើងបានសម្រេច។ យុទ្ធនាការរបស់ខ្ញុំសម្រាប់ការបោះឆ្នោតប្រធានាធិបតីឆ្នាំ២០២០គ្មានថវិកាគ្រប់គ្រាន់ដើម្បីធ្វើបន្តទៀតទេ»។
អ្នកស្រី Harris បានទទួលការគាំទ្រយ៉ាងច្រើនកាលពីយុទ្ធនាការដំបូងៗរបស់អ្នកស្រី ហើយអ្នកស្រីតែងតែរិះគន់ប្រធានាធិបតីលោក Donald Trump នៅពេលអ្នកស្រីចូលរួមវេទិកាជជែកដេញដោលជាមួយបេក្ខជនផ្សេងទៀតខាងគណបក្សប្រជាធិបតេយ្យ។
អ្នកស្រី Kamala Harris បានរិះគន់ប្រធានាធិបតីដោយនិយាយថា៖ «លោកបង្កឲ្យមានភាពសម្អប់ ការបំភិតបំភ័យ ការព្រួយបារម្ភ និងបាននិយាយកុហកជាង១ម៉ឺន២ពាន់ដងដើម្បីបង្វែកុំឲ្យគេផ្តោតលើគោលនយោបាយបរាជ័យ និងការមិនធ្វើតាមការសន្យារបស់លោក»។
ក៏ប៉ុន្តែការស្ទង់មតិនាពេលថ្មីៗនេះបានបង្ហាញថា ការគាំទ្រអ្នកស្រី Harris បានធ្លាក់ ចុះយ៉ាងខ្លាំង ហើយបញ្ហាខ្វែងគំនិតគ្នាបានធ្វើឲ្យអ្នកស្រីឈានដល់ថ្នាក់កំពូលក្នុងចំណោមបេក្ខជនខាងគណបក្សប្រជាធិបតេយ្យ ដែលការស្ទង់មតិជាតិបង្ហាញថាអតីតប្រធានាធិបតីលោក Joe Biden ជាបេក្ខជននាំមុខគេ។ លោក Biden ផ្តោតខ្លាំងលើ លោក Trump នៅក្នុងយុទ្ធនាការរបស់លោកផងដែរ។ លោក Joe Biden បេក្ខជនខាង គណបក្សប្រជាធិបតេយ្យបានថ្លែងថា៖ «ពលរដ្ឋអាមេរិកាំងទើបតែដឹងច្បាស់អំពីប្រធានាធិបតី។ ពួកគេឥឡូវនេះដឹងពីអ្វីដែលពួកគេបានបាត់បង់ និងដឹងពីអ្វីដែលពួកគេនឹងបាត់បង់ថែមទៀត។ ហើយខ្ញុំជឿថា ការណ៍នេះនឹងជះឥទ្ធិពលដល់ប្រទេសជាតិទាំងមូលដែលមិនធា្លប់កើតឡើងពីមុនមក»។
បេក្ខជនដែលស្ថិតនៅថ្នាក់កំពូលប្រជែងជាមួយលោក Biden មានលោក Peter Buttigieg អភិបាលក្រុង South Bend រដ្ឋ Indiana អ្នកស្រី Elizabeth Warren សមាជិក ព្រឹទ្ធសភាមកពីរដ្ឋ Massachusetts និងលោក Bernie Sanders សមាជិកព្រឹទ្ធសភាមកពីរដ្ឋ Vermont។
តាមរយៈការស្ទង់មតិនាពេលថ្មីៗនេះលោក Buttigieg ទទួលបានការគាំទ្រច្រើននៅក្នុងការស្ទង់មតិក្នុងរដ្ឋ Iowa និងរដ្ឋ Hampshire ដែលនឹងធ្វើការបោះឆ្នោតបឋមមុនគេប៉ុន្តែលទ្ធផលបោះឆ្នោតនៅក្នុងរដ្ឋ Iowa ដែលនឹងធ្វើនៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២០ខាងមុខនេះ នៅមិនទាន់អាចរំពឹងទុកបាន។ លោក Thomas Schwartz អ្នកវិភាគមកពីសាកលវិទ្យាល័យ Vanderbilt បាននិយាយថា៖ «បេក្ខជនណាផ្សេងទៀតអាចលេចធ្លោនៅក្នុងការបោះឆ្នោតបឋមនៅក្នុងរដ្ឋ Iowa ដូច្នេះខ្ញុំគិតថាវានៅមិនទាន់ច្បាស់នៅឡើយទេ។ ការស្ទង់មតិជាតិបង្ហាញថាលោក Joe Biden នៅតែស្ថិតក្នុងចំណាត់ថ្នាក់កំពូល ប៉ុន្តែលោកក៏អាចចាញ់ក្នុងការប្រកួតប្រជែងមួយចំនួនដែរ ពីព្រោះថាលោកមិនទាន់ទទួលបានការគាំទ្រច្រើនលើសលុបដូចលោកស្រី Hillary Clinton កាលពីពេលបោះឆ្នោតឆ្នាំ២០១៦ទេ»។
នាពេលឥឡូវនេះហាក់ដូចជាមានការបែងចែកក្នុងចំណោមពួកអ្នកបោះឆ្នោតឲ្យគណបក្សប្រជាធិបតេយ្យ គឺរវាងបេក្ខជននយោបាយកណ្តាលនិយមដូចជាលោក Biden លោក Buttigieg និងអ្នកស្រី Amy Klobuchar សមាជិកព្រឹទ្ធសភា ហើយនិងបេក្ខជនចម្រើននិយម មានដូចជាអ្នកស្រី Warren លោក Sanders និងសមាជិកព្រឹទ្ធសភាមកពីរដ្ឋ New Jersey លោក Cory Booker។
ការបែងចែកនេះទំនងជានឹងបង្ហាញកាន់តែច្បាស់នៅក្នុងការបោះឆ្នោតដែលនឹងចាប់ផ្តើមនៅខែកុម្ភៈឆ្នាំក្រោយនេះ។ នេះបើតាមការបញ្ជាក់របស់លោកJohn Fortier អ្នកវិភាគមកពីមជ្ឈមណ្ឌលគោលនយោបាយនៃគណបក្សទាំងពីរ Bipartisan Policy Center៖ «វានឹងក្លាយជារឿងគួរឲ្យចាប់អារម្មណ៍នៅក្នុងគណបក្សដែលក្រុមម្ខាងចង់បានបេក្ខជនដែលនិយមកណ្តាល ហើយក្រុមម្ខាងទៀតចង់បានបេក្ខជនដូចអ្នកស្រី Elizabeth Warren ដែលជាអ្នកឆ្វេងនិយម»។
ទោះបីជាអ្នកស្រី Harris បោះបង់ចោលការប្រកួតក្តី ក៏មានបេក្ខជនខាងគណបក្សប្រជាធិបតេយ្យពីរនាក់ផ្សេងទៀតបានចូលរួមនៅក្នុងយុទ្ធនាការនៅប៉ុន្មានសប្តាហ៍ថ្មីៗនេះ នោះគឺលោក Deval Patrick អតីតអភិបាលរដ្ឋ Massachusetts និងលោក Michael Bloomberg ដែលជាមហាសេដ្ឋី និងជាអតីតអភិបាលក្រុងញូវយ៉ក៕
ប្រែសម្រួលដោយ ស៊ូ ពេជ្រចិន្តា