លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​ធ្លាក់ចុះ បន្ទាប់ពី​រយៈពេល​៣០ឆ្នាំ​នៃ​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស

រូបឯកសារ៖ ក្រុម​អ្នក​គាំទ្រ​លោក រ៉ុង ឈុន ប្រធាន​សហភាព​សហជីព​កម្ពុជា​ លើក​បដា​ ក្នុង​ពេល​តវ៉ា​ទាមទារ​ឲ្យ​ដោះលែង​លោក នៅ​មុខ​តុលាការ​រាជធានី​ភ្នំពេញ ថ្ងៃ​ទី១ ខែសីហា ឆ្នាំ​២០២០។

៣​ទសវត្សរ៍​ក្រោយ​មាន​កិច្ច​ព្រម​ព្រៀង​ដ៏​សំខាន់​មួយ​ដែល​បាន​បញ្ចប់​នូវ​អំពើ​ហិង្សាបង្ហូរឈាមនៅ​ក្នុង​ប្រទេស​កម្ពុជា​មក​ ការដឹកនាំ​របស់បុរស​ខ្លាំងនៅ​ក្នុងប្រទេស​នេះ​ បាន​បង្ក្រាប​ទៅ​លើក្រុម​ប្រឆាំង​ទាំង​អស់​ ហើយ​កំពុង​សំឡឹងមើល​អ្នក​ស្នងតំណែង​បន្តដែល​បាន​ធ្វើ​ឲ្យប៉ះពាល់​ដល់​ក្តី​សង្ឃឹម​នៃ​លទ្ធិប្រជាធិបតេយ្យ​នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​ បើ​តាម​សេចក្តី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP។

កិច្ច​ព្រមព្រៀង​សន្តិភាព​ក្រុង​ប៉ារីស​ដែលត្រូវ​បាន​ចុះ​ហត្ថលេខា​កាល​ពី​ថ្ងៃ​ទី​២៣ ខែ​តុលា ឆ្នាំ​១៩៩១ បាន​បញ្ចប់​នូវ​ការ​កាប់សម្លាប់​គ្នា​អស់​រយៈពេល​ជិត២​ទសវត្សរ៍ ដែល​បាន​ចាប់​ផ្តើម​ដោយ​របប​វាល​ពិឃាដ​ខ្មែរ​ក្រហម​ដែល​បាន​ចូល​កាន់​អំណាច ​នៅ​ក្នុង​ឆ្នាំ​១៩៧៥។

របប​ប្រល័យ​ពូជសាសន៍​ខ្មែរក្រហម​ បាន​កាប់​សម្លាប់​ពលរដ្ឋ​កម្ពុជារហូត​ដល់ប្រមាណ​២លាននាក់ តាម​រយៈ​ការធ្វើឃាត ការបង្អត់​អាហារ​ និងធ្វើ​ពលកម្ម​ហួស​កម្លាំង មុន​ការចូលឈ្លានពានរបស់​វៀតណាម​ដែល​បាន​ផ្តួល​រំលំ​របប​ខ្មែរ​ក្រហម​កុម្មុយនីស្ត​ ហើយ​បាន​ធ្វើឲ្យ​មាន​សង្គ្រាម​ស៊ីវិល​មួយ​កើត​ឡើង។

រូបឯកសារ៖ រូបភាព​ទិដ្ឋភាព​ទូទៅ​នៅ​សន្និសីទ​ស្តី​ពី​សន្តិភាពនៅ​កម្ពុជា​ដែល​ប្រព្រឹត្ត​ធ្វើ​នៅ​ទី​ក្រុង​ប៉ារីស​ប្រទេស​បារាំង​កាល​ពីថ្ងៃ​ទី​២៣ ខែ​តុលា ឆ្នាំ​១៩៩១។

កិច្ចព្រមព្រៀង​សន្តិភាព​ក្រុង​ប៉ារីស បាន​ត្រួសត្រាយ​ផ្លូវ​ឲ្យ​មាន​ការបោះ​ឆ្នោត​តាម​បែប​លទ្ធិប្រជាធិបតេយ្យ​លើក​ដំបូង​នៅ​ក្នុង​ប្រទេស​កម្ពុជា​នៅ​ឆ្នាំ​១៩៩៣ ហើយ​នាំ​ទៅ​ដល់​ការបញ្ចប់​ប្រកប​ដោយ​ប្រសិទ្ធិភាពនូវ​សង្គ្រាម​ត្រជាក់​ក្នុង​តំបន់​អាស៊ីផង​ដែរ។

ជំនួយ​ពី​ប្រទេស​លោក​ខាង​លិច​ ចាប់​ផ្តើម​ហូរចូល​ប្រទេស​កម្ពុជា​ ហើយ​កម្ពុជា​ត្រូវ​បាន​គេ​ប្រកាស​ថា ​ជា​ប្រទេស​ក្មេង​មួយ ក្រោយ​អន្តរកាល​នៃ​ជម្លោះ ឆ្ពោះ​ទៅ​កាន់​លទ្ធិប្រជាធិបតេយ្យ​មួយ។

ក៏ប៉ុន្តែ ការទទួល​បាន​នូវ​អំណរ​សាទរ​នេះ មាន​រយៈពេល​ខ្លីតែប៉ុណ្ណោះ ដោយ​លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន ដែលកាន់​អំណាចអស់​រយៈពេល​ជិត៤០​ឆ្នាំកន្លងមក​នេះ​ បាន​ដឹកនាំ​ការ​បង្ក្រាបទៅ​លើ​ក្រុម​ប្រឆាំង​ឥត​ឈប់ឈរ។

អតីត​រដ្ឋមន្ត្រី​ការបរទេស​អូស្ត្រាលី​លោក Gareth Evans ដែល​ជា​ស្ថាបនិក​មួយ​រូបនៃ​កិច្ច​ព្រម​ព្រៀង​សន្តិភាព​ក្រុង​ប៉ារីស បាន​លើក​ឡើង​យ៉ាង​ដូច​នេះ​ថា «យើង​បាន​ធ្វើ​ការងារ​នេះ​យ៉ាង​ល្អ​អំពី​ការធ្វើ​ឲ្យមាន​សន្តិភាព ក៏ប៉ុន្តែ បាន​បរាជ័យ​អំពី​លទ្ធិប្រជាធិបតេយ្យ​ និង​សិទ្ធិមនុស្ស»។ លោក​បាន​ថ្លែង​បន្ត​ទៀត​ថា វា​ជា​កំហុស​មួយ​ដែល​បាន​យល់ព្រម​ទៅតាមការទាមទារ​របស់​លោក​ ហ៊ុន សែន ក្នុង​ការ​ចែករំលែកអំណាច ក្រោយ​ការបោះឆ្នោត​ឆ្នាំ​១៩៩៣​នោះ៕