កិច្ចពិភាក្សាដែលមានគោលបំណងចង់ដកចេញនូវឧបសគ្គពាណិជ្ជកម្មរវាងអាមេរិកនិងចិនកាលពីថ្ងៃពុធនៅក្នុងរដ្ឋធានីវ៉ាស៊ីនតោនបានជួបនឹងបញ្ហា ខណៈពេលដែលភាគីទាំងពីរបានលុបចោលសន្និសីទសារព័ត៌មានដែលគ្រោងនឹងធ្វើឡើងនៅចុងបញ្ចប់នៃកិច្ចប្រជុំនោះ។
ខណៈពេលដែលកិច្ចពិភាក្សានេះបានចាប់ផ្តើមនៅក្នុងរដ្ឋធានីវ៉ាស៊ីនតោននោះ រដ្ឋមន្ត្រីក្រសួងរតនាគារលោក Steve Mnuchin បានអំពាវនាវឲ្យមានទំនាក់ទំនងសេដ្ឋកិច្ចដែលមានភាពស្មោះត្រង់និងតុល្យភាពជាងមុនរវាងអាមេរិកនិងចិន។
ឧបនាយករដ្ឋមន្ត្រីចិនលោក Wang Yang បានថ្លែងថា កិច្ចសហប្រតិបត្តិការពាណិជ្ជកម្មរវាងប្រទេសទាំងពីរគឺជាជម្រើសដ៏សមហេតុសមផលសម្រាប់ភាគីទាំងពីរ ប៉ុន្តែលោកបានព្រមានថា ការប្រឈមមុខដាក់គ្នានឹងបំផ្លាញផលប្រយោជន៏សម្រាប់ភាគីទាំងពីរភ្លាមៗ។
រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោននិងរដ្ឋាភិបាលក្រុងប៉េកាំងគឺជាប្រទេសមហាអំណាចសេដ្ឋកិច្ចពិភពលោកធំបំផុត ប៉ុន្តែចិនលក់ទំនិញទៅឲ្យអតិថិជនអាមេរិកាំងច្រើនជាងអាមេរិកលក់ឲ្យចិនជាង៣០០ពាន់លានដុល្លារជារៀងរាល់ឆ្នាំ៕