​រដ្ឋ​មន្រ្តី​ការពារ​ប្រទេស​អាមេរិកសាទរសម្ព័ន្ធ​ភាព​​ខាង​យោធា​ដ៏​យូរអង្វែង​ជាមួយ​ជប៉ុន

រដ្ឋ​មន្រ្តី​ការពារ​ប្រទេស​របស់​អាមេរិក​ Ashton Carter ​ដើរ​សំដៅ​ទៅ​ជួប​នាយករដ្ឋមន្រ្តី​ជប៉ុន​ Shinzo Abe ​នៅ​ឯ​ការិយាល័យ​របស់​លោក​ក្នុង​ទីក្រុង​តូក្យូ​ ប្រទេស​ជប៉ុន​ កាល​ពី​ថ្ងៃ​ទី​៨​ ខែ​មេសា​ ឆ្នាំ​២០១៥។​។

រដ្ឋ​មន្រ្តី​ការពារ​ប្រទេស​របស់​អាមេរិក​ Ashton Carter ​បាន​សន្យា​ពង្រីក​កិច្ច​សហការ​ការពារ​ប្រទេស​ជាមួយ​ជប៉ុន ​នៅ​ពេល​ដែល​លោក​ធ្វើ​ការ​ចរចា​ជាមួយ​រដ្ឋ​មន្រ្តី​ការ​ពារ​ប្រទេស​ជប៉ុន​នៅ​ថ្ងៃ​ពុធ​នេះ​ក្នុង​ទីក្រុង​តូក្យូ។

លោក Carter កំពុង​ស្ថិត​នៅ​ថ្ងៃ​ទី​មួយ​នៃ​ដំណើរ​បំពេញ​ទស្សន​កិច្ច​រយៈ​ពេល​៣​ថ្ងៃ ក្នុង​អំឡុង​ពេល​នោះភាគី​ទាំង​២​នឹង​ធ្វើ​ការ​ចរចា​ឡើង​វិញ​នូវ​កិច្ច​សហប្រតិបត្តិការការពារ​ប្រទេស​រវាង​រដ្ឋាភិបាល​ទីក្រុង​វ៉ាស៊ីនតោន​និង​រដ្ឋាភិបាល​ទីក្រុង​តូក្យូ។

ដំណើរ​បំពេញ​ទស្សនៈកិច្ច​នេះ ​ក៏​មាន​គោល​បំណងផ្តោត​លើ​សម្ព័ន្ធ​ភាពខាង​យោធា​ដ៏​យូរអង្វែង​របស់​ប្រទេស​ទាំង​២​ ដែល​ជា​ផ្នែក​មួយ​ដ៏​សំខាន់​នៃ​ការ​ប៉ុនប៉ង​របស់​សេតវិមាន​ផ្តោត​ឡើង​វិញ​ដល់​អថិភាព​របស់​ខ្លួន​នៅ​តំបន់​អាស៊ី។

​ថ្លែង​នៅ​ក្បែរ​ឧត្តមសេនីយ៍​ Nakatani ​រដ្ឋ​មន្រ្តី​ការពារ​ប្រទេស​ជប៉ុន ​លោក Carter ​បានមាន​ប្រសាសន៍​ថា ​លោក​បាន​តាំង​ចិត្ត​ពិនិត្យ​មើល​ដំណាក់​ការ​បន្ទាប់​ ដែល​ហៅ​ថា​ការ​ធ្វើ​ឲ្យ​មាន​តុល្យភាព​ឡើង​វិញ។

ក្នុង​អំឡុងពេល​នៃ​ការ​ចរចា​របស់​លោក​ជាមួយ​រដ្ឋ​មន្រ្តី Nakatani ​លោក Carter ​ក៏​បាន​និយាយ​ដែរ​ថា ​លោក​បាន​បញ្ជាក់​ពី​ជំហរ​របស់​សហរដ្ឋ​អាមេរិកលើ​បញ្ហា​ប្រជុំ​កោះ​សមុទ្រ​ចិន​ខាង​កើត​ដែល​ជា​ជម្លោះ​ដ៏​ខ្លាំង​ជាមួយ​ចិន។

លោក​និយាយ​ថា ​«ខ្ញុំ​បញ្ជាក់​ឡើង​វិញ​ថា ​ការ​តាំង​ចិត្ត​នៅ​ខែ​កក្កដា ​ឆ្នាំ​២០១៤​របស់​ប្រធានាធិបតីបារ៉ាក់ ​អូបាម៉ា​ដើម្បី​អនុវត្ត​សន្ធិសញ្ញា​សន្តិសុខ​របស់​យើង​ដល់​តំបន់​ទាំងអស់​នៅ​ក្រោម​រដ្ឋបាល​របស់​ជប៉ុន​ ហើយ​និង​ការ​បន្ត​ជំទាស់​ប្រឆាំង​ដ៏​ខ្លាំង​របស់​យើង​ដល់​សកម្មភាព​ដោយ​ការ​បង្ខំ​ឯក​តោ​ភាគី ដែល​ស្វះស្វែង​ធ្វើ​ឲ្យ​អន្តរាយដល់​ការ​ត្រួតត្រា​ផ្នែក​រដ្ឋបាល​របស់​ជប៉ុន​នៅ​ប្រជុំ​កោះ Senkaku។

​កាល​ពី​ឆ្នាំ​ទៅ​ ​ប្រធានា​ធិបតី​អូបាម៉ា​បាន​បញ្ជាក់​ថា សន្ធិសញ្ញា​សន្តិសុខ​រវាង​សហរដ្ឋ​អាមេរិក​និង​ជប៉ុន ​អនុវត្ត​ដល់​ប្រជុំ​កោះ​ដែល​កាន់​កាប់​ដោយ​ជប៉ុន ​ដែល​ចិន​ហៅ​ថា​កោះ Diaoyu។

ក្នុង​ប៉ុន្មាន​ឆ្នាំ​ថ្មី​ៗ​នេះ ​ចិន​បាន​ប្រឆាំង​ការ​ត្រួតត្រា​ប្រជុំ​កោះ​គ្មាន​មនុស្ស​រស់​នៅ​របស់​ជប៉ុន​ដោយ​ធ្វើ​ការ​យាម​ល្បាត​តាម​អាកាស​និង​នាវា​នៅជិតទឹក​ដី​មាន​ជម្លោះ​នោះ៕