​ខេត្ត​កោះកុង​ផ្តល់​​ដី​ជាង​១ពាន់​ហិកតា​​​​ឱ្យ​​​​ក្រសួង​​​ការពារ​ជាតិ​រៀបចំ​«តំបន់​វិស្សមកាល»​យោធា ខណៈ​ពលរដ្ឋ​​​ប្រឈម​ការ​​បណ្តេញ​ចេញ​

រូបឯកសារ៖ តំបន់កម្សាន្តឆ្នេរសមុទ្រ​«តារាសាគរ» ដែលអភិវឌ្ឍដោយក្រុមហ៊ុនចិនUDG កាល​ពី​ឆ្នាំ​២០១៩។ គម្រោង​តំបន់​វិស្សមកាល​ក្រសួង​ការពារ​ជាតិ​​នឹង​ស្ថិត​នៅ​​តាម​​ផ្លូវ​ប្រប​តាម​មាត់​សមុទ្រ ឆ្ពោះ​ទៅ​តំបន់​តារាសាគរ។ (ស៊ុន ណារិន/VOA Khmer)

រដ្ឋបាល​ខេត្ត​កោះ​កុងបាន​សម្រេចផ្តល់​ដី​ជាង​១​ពាន់​ហិកតា​ដល់​ក្រសួង​ការពារ​ជាតិ ដែល​ភាគី​ទាំង​ពីរ​លើកឡើង​ថា​ដើម្បី​អភិវឌ្ឍ​ទៅ​ជា​«តំបន់​វិស្សមកាល​ក្រសួង​ការពារ​ជាតិ» និង​តំបន់​អភិវឌ្ឍ​ក្រោម​ឈ្មោះ​លោក ទៀ បាញ់ រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ។

តំបន់​នោះ​ស្ថិត​ក្នុង​ឃុំ​ជ្រោយ​ប្រស់​ស្រុក​កោះកុង ខេត្ត​កោះកុង ដែល​នឹង​ក្លាយ​ជា​តំបន់​អភិវឌ្ឍ​មួយ​ដែល​មាន​ផ្លូវ​ប្រប​តាម​មាត់​សមុទ្រ ឆ្ពោះ​ទៅ​តំបន់​តារាសាគរ។

អភិបាល​ខេត្ត​កោះកុង អ្នក​ស្រី មិថុនា ភូថង ថ្លែង​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​អង្គារ​នេះ​ថា​រដ្ឋបាល​ខេត្ត​បាន​សម្រេចរួច​ហើយ​ផ្តល់​ដីជាង​១ពាន់​ហិកតា​នេះ​ទៅ​ឱ្យក្រសួង​ការពារជាតិ​តាម​ការ​ស្នើ​សុំ។ អ្នក​ស្រី​មិន​បាន​បកស្រាយ​លម្អិត​លើ​ការ​កាត់​ដី​នេះ​ទេ ដោយ​ថា​ជាប់​រវល់ និង​ទុក​ឱ្យមន្ត្រី​ផ្សេងទៀត​ពន្យល់។

អ្នក​ស្រី​បញ្ជាក់​ថា៖ «គោល​ការណ៍​លម្អិត​ចាំ​ខ្ញុំ​ជម្រាប​នៅ​ពេល​ក្រោយ​បាន​ទេ? ចាំ​ខ្ញុំ​ឱ្យអ្នក​គាត់​កាន់​ការងារ​នេះ [ប្រាប់] ព្រោះ​ខ្ញុំ​នៅ​ជាប់​ធុរៈ​ការងារ​បន្ទាន់​រឿង​កូវីដ​នេះ​សិន»។

អ្នក​ស្រី មិថុនា ភូថង អភិបាល​ខេត្ត​កោះកុង និយាយ​ជាមួយអ្នកសារព័ត៌មាន​ក្នុង​សិក្ខា​សាលា​ផ្សព្វផ្សាយ​ផែនការ​យុទ្ធសាស្រ្ត​ស្តីពី​ការបង្កើន​ចំនួន​ស្រ្តី​ក្នុង​មុខ​តំណែង​គ្រប់គ្រង​នៅ​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ​នា​ថ្ងៃ​ទី​២០ ខែ​កក្កដា ឆ្នាំ​២០១៧។(កាន់ វិច្ឆិកា/វីអូអេខ្មែរ)

កាល​ពី​ថ្ងៃ​ទី៣ ខែ​កក្កដា រដ្ឋបាល​ខេត្ត​កោះកុង​ បាន​ផ្សព្វផ្សាយនៅ​លើ​គេហទំព័រ​របស់​សាលា​ខេត្ត​ថានាយ​ឧត្តមសេនីយ៍ ប៊ុន លើត រដ្ឋ​លេខាធិការ​ក្រសួង​ការពារជាតិ​បាន​ជួប​ជាមួយ​រដ្ឋបាល​ខេត្ត​កោះកុង​ក្នុង​នោះ​មាន​អ្នក​ស្រី មិថុនា ភូថង​ ផង​ដែរ​ដើម្បី​ពិនិត្យ​សំណើ​សុំ​រដ្ឋបាល​ខេត្ត​សហការ​រៀបចំ​ដី​ទំហំ​១,១០២​ហិកតា ដែល​ជា​ដី​បម្រុង​របស់​រដ្ឋបាល​ខេត្ត​កោះកុង សម្រាប់​រៀប​ចំ​ជា«តំបន់​អភិវឌ្ឍ​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ និង​តំបន់​វិស្សមកាល​ក្រសួង​ការពារ​ជាតិ»។

រដ្ឋបាល​ខេត្ត​បាន​បញ្ជាក់​ថា​ដី​បម្រុង​របស់​រដ្ឋបាល​ខេត្ត​កោះកុង ទំហំ​១,១០២​ហិកតា​នោះ ស្ថិត​នៅ​ព្រែក​តាអេក និង​នៅ​ចន្លោះ​ព្រែក​តាចាន់ ទៅ​ព្រែក​សៀម​អុច ឃុំ​ជ្រោយ​ប្រស់ ស្រុក​កោះកុង ខេត្ត​កោះកុង។

វីអូអេ​មិន​ទាន់​អាច​សុំ​ការ​ឆ្លើយ​តប​ពី​លោក ទៀ បាញ់​ រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​បាន​នៅ​ឡើយ​ទេ។ ប៉ុន្តែ​លោក​បាន​ប្រាប់​កាសែត​ភ្នំពេញ​ប៉ុស្តិ៍ និង​ត្រូវ​បាន​ចុះ​ផ្សាយ​នៅ​ថ្ងៃ​អង្គារ​នេះ​ថា​នេះ​ជា​គម្រោង​មួយ ដើម្បីអភិវឌ្ឍតំបន់​នោះ​ឱ្យ«ជឿនលឿន»​ហើយ​នឹង​មានការស្ថាបនា​ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ​ថ្នល់​ប្រប​តាម​បណ្ដោយ​មាត់សមុទ្រ​ចាប់ពី​តំបន់​តារាសាគរ រហូត​ដល់​ទីរួម​ខេត្ដ​កោះកុង។

លោកប្រាប់​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​ថា៖ «​ការអភិវឌ្ឍ​គម្រោង​នេះ​ដោយសារ​មាន​ការ​គិតគូរ​ដល់​បងប្អូន​ប្រជាជន ដែល​កាល​ពី​មុន​រស់នៅក្នុង​ទឹក​ក្នុង​អី ដែល​មាន​ការពិបាក​វេទនា​អី​ហ្នឹង​ឱ្យ​មាន​ផ្លូវ​មានអី​គ្រប់គ្រាន់​ហើយ កសាង​ជា​ភូមិ និង​ការអភិវឌ្ឍ​ផ្សេងៗ​ទៀត គឺ​មាន​ការ​អភិវឌ្ឍ​ច្រើន​ណាស់ ក្រុម​ការងារ​បាន​គិតគូរ​រួច​ហើយ»។

សៀវភៅ​ដែល​មាន​ចំណង​ជើង​ថា«ជន​ដែល​ត្រូវ​គេ​បាញ់» ដែល​និយាយ​អំពី​ជីវប្រវត្តិ​របស់​លោក ទៀ បាញ់ ឲ្យ​ដឹង​ថា​លោក​កើត​ក្នុងភូមិ​កោះ​ស្រឡៅ ឃុំកាពិ ស្រុក​កោះកុង ខេត្ត​កោះកុង។

គម្រោងអភិវឌ្ឍ​ក្រោម​ឈ្មោះ​លោក ទៀ បាញ់​នេះ ក៏​នឹង​ប៉ះពាល់​ដល់ប្រជាពលរដ្ឋ​នៅ​ទី​នោះ​ផង​ដែរ ជាពិសេស​អ្នក​រស់​នៅ​លើ​ផ្ទះ​បណ្តែត​ទឹក​តាម​មាត់​សមុទ្រ។

រូប​ឯកសារ៖ រដ្ឋមន្ត្រីការពារជាតិ លោក ទៀ បាញ់ ថ្លែងទៅកាន់អ្នកសារព័ត៌មានក្នុងអំឡុងយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ របស់ក្រុមហ៊ុនរដ្ឋចិន Sinopharm នៅរាជធានីភ្នំពេញ ខែកុម្ភៈ ឆ្នាំ២០២១។ (ហ៊ាន សុជាតា/វីអូអេ)

លោក ទឹម ឈឿន អាយុ​៦៦​ឆ្នាំ ដែល​រស់ក្នុង​ផ្ទះ​បណ្តែត​ទឹក​នៅ​តាម​ឆ្នេរសមុទ្រ​ក្នុង​ភូមិ​ជ្រោយប្រស់ ថ្លែង​ថា​កាល​ពី​សប្តាហ៍​មុន អាជ្ញាធរ​ពាក់ព័ន្ធ​បាន​ឲ្យ​ប្រជាពលរដ្ឋ​ផ្តិត​មេដៃ​ដើម្បី​ឯកភាព​នឹង​ការ​ផ្លាស់ប្តូរ​ទៅ​ទី​លំនៅ​ថ្មី ដែល​លោក​មិន​ទាន់​ដឹង​ច្បាស់​នៅឡើយ​ទេ។ ជា​អ្នក​នេសាទក្តាម​បង្គារ លោក ឈឿន ដែល​មាន​កូន​៩នាក់ បន្ថែម​ថា​លោក​មិន​ចង់​ចាក​ចេញ​ពី​កន្លែង​ដែល​លោក​រស់​នៅ​ជាង​៣០​ឆ្នាំ​មក​ហើយ។

លោក​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​អង្គារ​នេះថា៖ «ដល់​ឥឡូវ​ហ្នឹង គេ​មិន​មែន​អភិវឌ្ឍ​ដើម្បី​យើង​ទេ គឺ​ដើម្បី​ខ្លួន​គេ​ទេ បើ​និយាយ​ឱ្យ​ចំ។ គេ​ឱ្យ​យើង​ចេញ​ទៅ​នៅ​លើ ហើយ​គ្នា​នៅ​ក្នុង​ទឹក​រក​ព្រឹក​បាន​ព្រឹក​រក​ល្ងាច​បាន​ល្ងាច​ក្តាម​ខ្យង​ត្រី​សាច់​អី​ហ្នឹង ទៅ​ដល់​នៅ​ព្រៃ​ភ្នំ ដឹង​បាន​អី​ហូប»។

លោក​បន្ថែម​ថា​មាន​អ្នក​ប្រាប់​ប្រជាពលរដ្ឋ​ថា​តំបន់​នោះ​នឹង​ត្រូវ​គ្រប់គ្រង​ដោយ​លោក ទៀ បាញ់ រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ។

មេឃុំ​ជ្រោយ​ប្រស់ លោក ពុំ ធឿន ថ្លែង​ប្រាប់​វីអូអេ​ថា​ប្រជាពលរដ្ឋ​ជិត​២០០​គ្រួសារ​ក្នុង​ចំណោម​ពលរដ្ឋ​សរុប​ជាង​៥០០​គ្រួសារ រស់​នៅ​លើ​ផ្ទះ​បណ្តែត​ទឹក​ដែល​លោក​ថា​ពួកគេ​ត្រូវបាន​ស្នើ​ឲ្យ​ចាក​ចេញ​ពី​ការ​រស់​នៅ​ទី​នោះ ទៅ​កន្លែង​ផ្សេង។

លោក​បញ្ជាក់​ថា៖ «យើង​អត់​បង្ខំ​គាត់​ទេ ទាល់​គាត់​ស្ម័គ្រ​ចិត្ត»។

ទោះ​ជាយ៉ាងណា លោក​មេឃុំ​ជ្រោយ​ប្រស់​មិន​ទាន់​ដឹង​ថា​ប្រជាពលរដ្ឋ​នឹង​ត្រូវ​ឱ្យ​ទៅ​រស់​នៅទីណា ហើយ​ទទួល​បាន​ដី​ទំហំ​ប៉ុនណា​ជា​សំណង។

លោក ប៊ុន លើត​អតីត​អភិបាល​ខេត្ត​កោះកុង និង​ជា​រដ្ឋលេខាធិការ​ក្រសួង​ការពារ​ជាតិ​ដែល​ទទួល​បន្ទុក​កិច្ចការ​នេះ ប្រាប់​វីអូអេ​ថា​តំបន់​នេះ​នឹង​ក្លាយ​ជា​កន្លែង​ទទួល​ភ្ញៀវ​របស់​ក្រសួង​ការពារ​ជាតិ ប៉ុន្តែ​លោក​មិន​អាច​បញ្ជាក់​លម្អិត​បាន​ទេ ដោយ​ថា​រង់ចាំ​គោល​ការណ៍​បន្ថែម​ពី​ក្រសួង។ លោក​បន្ថែម​ថា​មន្ត្រី​ក្រសួង​ការពារ​ជាតិ​មិន​ទាន់​បាន​ទៅ​ពិនិត្យ​មើល​ដី​នៅ​ឡើយ​ទេ។

រូប​ឯកសារ៖ បុរស​ម្នាក់​បើក​ម៉ូតូ​កាត់​ផ្សារទំនើប​របស់​ចិន ដែល​ស្ថិត​នៅ​ព្រំដែន​កម្ពុជា​ថៃ​ក្នុង​ខេត្តកោះកុង។ (ស៊ុន ណារិន/VOA)

ទោះ​ជាយ៉ាងណា លោក​ថា​បើ​មាន​ជម្លោះ​ដីធ្លី​ជាមួយ​ប្រជាពលរដ្ឋ អាជ្ញាធរ​នឹង​ផ្តល់​សំណង​ជូន​ប្រជាពលរដ្ឋ។

លោក​បញ្ជាក់​ថា៖ «មាន​តែ​ដោះ​ស្រាយ​ផល​ប៉ះពាល់​ជូន​ប្រជាជន អាហ្នឹង​អាច​មាន ។ តែ​អារឿង​យក​មក​ចែក​ឯកជន​ចែក​ម៉េច​បាន។ ប៉ុន្តែ​បើ​សិន​វា​ពាក់​ព័ន្ធ​ជាមួយ​ប្រជាពលរដ្ឋ​មាន​ផល​ប៉ះពាល់​ជាមួយ​ប្រជាពលរដ្ឋ អាហ្នឹង​យើង​ត្រូវ​តែ​អាច​ថាយក​មក​បែង​ចែក​ជូន​គាត់»។

វីអូអេ​មិន​ទាន់​អាច​សុំ​ការ​អត្ថាធិប្បាយ​ពី​លោក សុខ សុទ្ធី អភិបាល​រង និង​ជា​អ្នកនាំពាក្យ​រដ្ឋបាល​ខេត្ត​កោះកុងបាន​ទេ​នៅ​ថ្ងៃ​អង្គារ​នេះ។

លោក​ថោង ច័ន្ទដារ៉ា​អ្នក​សម្រប​សម្រួល​ផ្នែក​សិទ្ធិ​មនុស្ស​នៃ​សមាគម​អាដហុក​ប្រចាំ​ខេត្ត​កោះកុង​មាន​ប្រសាសន៍​ថា​លោក​បាន​ដឹង​ថា​នឹង​មាន​ការ​ស្ថាបនា​ផ្លូវ​ប្រប​ឆ្នេរ​សមុទ្រ​ទៅ​ដល់​តំបន់​តារាសាគរ​នៅ​ពេល​ខាង​មុខ។ លោក​ជំរុញ​ឱ្យ​អាជ្ញាធរ​ខេត្ត​ផ្តល់​ព័ត៌មាន​ទៅ​ដល់​ប្រជាពលរដ្ឋ​ឱ្យ​បាន​លម្អិត​អំពី​គម្រោង​អភិវឌ្ឍន៍​នេះ។

លោក​បញ្ជាក់​ថា៖ «អាជ្ញាធរ​ខេត្ត​គាត់​ពន្យល់​ពន្យល់​ប្រជា​ពលរដ្ឋ ឱ្យ​គាត់​យល់​ថា​ការ​យក​ទៅ​ប្រើប្រាស់​ហ្នឹង វា​សមស្រប​នឹង​គោល​បំណង​របស់​ពួក​គាត់​បាន​លើក​ឡើង​ហ្នឹង​ទេ។ ហើយ​បើ​សិន​ជា​ថ្ងៃ​ក្រោយ​គេ​ដាក់​បារ៉ាស​ដាក់​អី​ទៅ​លេង​បាន​តែ​គ្នា​គាត់ ឬ​មួយ​ក៏​មន្ត្រី​យោ​ធា​ជាន់​ខ្ពស់ ឬ​មួយ​ក៏​ខាង​ចិន​ខាង​អី។ ប្រជាពលរដ្ឋ​មិន​អាច​ចូល​ទៅ​ជិត ទៅ​ក្បែរ​បាន»។

លោក​បញ្ជាក់​ថា​ជម្លោះ​ជាមួយ​ប្រជាពលរដ្ឋ​នឹង​កើត​មាន​ឡើង​ពេល​មាន​ការ​អភិវឌ្ឍ​នៅ​តំបន់​នោះ ហើយ​ជាទូទៅ​នឹង​មាន​ការប្រើ​កម្លាំង​ដោយ​ហិង្សា ពេល​មាន​ជម្លោះ​ជាមួយយោធា៕