រដ្ឋមន្រ្តីក្រសួងការពារជាតិ លោក ទៀ បាញ់ នៅថ្ងៃពុធនេះ បានចាត់ទុកសមយុទ្ធយោធា«នាគមាស» ដែលធ្វើឡើងក្នុងប្រទេសកម្ពុជា បង្ហាញពីសារៈសំខាន់ជាយុទ្ធសាស្រ្តនៃទំនាក់ទំនងរវាងកម្ពុជា និងចិន ដែលជា«មិត្តដែកថែប»។
លោក ទៀ បាញ់ ថ្លែងបែបនេះ ក្នុងពិធីបិទបញ្ចប់សមយុទ្ធនាគមាសឆ្នាំ២០២៣ ដែលធ្វើឡើងនៅក្នុងខេត្តកំពង់ឆ្នាំង និងមានរយៈពេល២០ថ្ងៃ។ នេះជាសមយុទ្ធដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះលើកទី៥ ដោយមានការចូលរួមពីកងទ័ពរំដោះប្រជាជនចិនប្រមាណ២៥០នាក់ និងកងយោធពលខេមរភូមិន្ទប្រមាណ២៧៧០នាក់។
លោក ទៀ បាញ់ បានថ្លែងថា សមយុទ្ធនេះបានផ្តល់ឱកាសដល់កងទ័ពនៃប្រទេសទាំងពីរទទួលបានការផ្លាស់ប្តូរចំណេះដឹង បទពិសោធន៍ រៀនសូត្រពីគ្នា និងបង្កើនកិច្ចសហប្រតិបត្តិការជាមួយគ្នាកាន់តែជិតស្និទ្ធថែមទៀតសម្រាប់គាំទ្រដល់សន្តិសុខក្នុងតំបន់និងសកលលោក។
លោក ទៀ បាញ់ ថ្លែងថា៖ «សមយុទ្ធរួមគ្នានេះពិតជាមានសារៈសំខាន់ជាយុទ្ធសាស្រ្តនៃទំនាក់ទំនងកម្ពុជាចិន កាន់តែមានភាពចាំបាច់ថែមទៀតនៅក្នុងបរិបទនៃការផ្លាស់ប្តូរ និងបញ្ហាប្រឈមនានាយ៉ាងខ្លាំងក្លានៅក្នុងពិភពលោកនាពេលបច្ចុប្បន្ននេះ»។
បើតាមរដ្ឋមន្រ្តីក្រសួងការពារជាតិ បទពិសោធន៍ដែលទទួលបានពីសមយុទ្ធនេះមានដូចជាការចល័តកងកម្លាំង ការដោះស្រាយយថាហេតុ ការរុករកបោសសម្អាតមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ ប្រតិបត្តិការមនុស្សធម៌ ការសង្រ្គោះមហន្តរាយ ភេរវកម្ម និងការដោះស្រាយជំងឺឆ្លងជាដើម។
គួរបញ្ជាក់ថា សមយុទ្ធនាគមាសនេះធ្លាប់ត្រូវបានធ្វើឡើងចំនួន៤លើកមកហើយគឺនៅក្នុងឆ្នាំ២០១៦ ឆ្នាំ២០១៨ ឆ្នាំ២០១៩ និងឆ្នាំ២០២០។ ក្នុងឆ្នាំ២០១៧ សមយុទ្ធមួយនេះមិនបានធ្វើឡើងដោយសារភាគីកម្ពុជាជាប់រវល់ក្នុងយុទ្ធនាការបង្ក្រាបគ្រឿងញៀន និងការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់។ នេះបើតាមក្រសួងការពារជាតិកម្ពុជា។ ចំណែកក្នុងឆ្នាំ២០២១ និងឆ្នាំ២០២២ សមយុទ្ធនេះខកខាន ដោយសារការឆ្លងរីករាលដាលជំងឺកូវីដ១៩។
ខណៈកម្ពុជាត្រូវបានគេមើលឃើញថា ងាកកាន់តែខ្លាំងទៅរកចិន ហើយកម្ពុជាបានសម្រេចលុបចោលសមយុទ្ធដែលមានឈ្មោះថា«ឆ្មាំអង្គរ»ជាមួយសហរដ្ឋអាមេរិក កាលពីឆ្នាំ២០១៧ ក្រោមហេតុផលថា កាលនោះកម្ពុជាមមាញឹកជាមួយការបង្ក្រាបគ្រឿងញៀន និងត្រៀមសម្រាប់ការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់។ មកទល់ពេលនេះគេមិនទាន់ឃើញមានសញ្ញានៃការធ្វើសមយុទ្ធជាមួយគ្នាសាជាថ្មីឡើយរវាងសហរដ្ឋអាមេរិកនិងកម្ពុជា៕