មេធាវីការពារក្តីឲ្យលោកគឹម សុខស្នើឲ្យតុលាការកោះហៅលោកនាយករដ្ឋមន្រ្តីហ៊ុន សែនមកឆ្លើយតទល់ក្នុងនាមជាដើមបណ្តឹងក្នុងសវនាការជាមួយចុងចោទ ដើម្បីផ្តល់យុត្តិធម៌ដល់កូនក្តីរបស់លោក។
លោកជូង ជូងី មេធាវីការពារក្ដីឲ្យលោកគឹម សុខ ប្រាប់អ្នកសារព័ត៌មានបន្ទាប់ចេញពីសវនាការតុលាការកំពូលនាព្រឹកថ្ងៃពុធនេះថា សាលាដំបូងរាជធានីភ្នំពេញ និងសាលាឧទ្ធរណ៍បានប្រើសិទ្ធិបដិសេធមិនព្រមកោះហៅលោកហ៊ុន សែនតាមបណ្ដឹងរបស់ចុងចោទ ហើយលោកបកស្រាយថា ការមិនកោះហៅលោកហ៊ុន សែនតាមការទាមទាររបស់កូនក្តីលោកគឺជា ការរំលោភសិទ្ធិចុងចោទធ្ងន់ធ្ងរ។ មេធាវីរូបនេះបន្ថែមថា បទបរិហារកេរ្តិ៍ និងបទញុះញង់ ដែលប្តឹងដោយលោកហ៊ុន សែនគឺ មានតែលោកហ៊ុន សែនប៉ុណ្ណោះ ដែលអាចបកស្រាយបាន។
លោកជូង ជូងី មានប្រសាសន៍ថា៖
«ចង់ឲ្យដើមបណ្តឹងគាត់បញ្ជាក់ថា ញុះញង់យ៉ាងម៉េច? សម្តីណាថា ញុះញង់? ឥរិយាបថណាថា ញុះញង់? ហើយប្រសិនបើកើតមានហិង្សា ឬក៏កើតមានភាពចលាចលហ្នឹងឲ្យបញ្ជាក់ថា អាចកើតមានហិង្សាអ្វី? ព្រោះយើងមិនគ្រាន់តែថា ញុះញង់ហើយត្រូវតែមានទោសនោះទេ មិនមែនអីចឹងទេ។ ត្រូវតែថា ញុះញង់យ៉ាងម៉េច សម្តីយ៉ាងម៉េច ឥរិយាបថយ៉ាងម៉េច? ហើយអាចកើតហិង្សាយ៉ាងម៉េច? ហើយពាក្យថា បរិហារកេរ្តិ៍ក៏ត្រូវបង្ហាញដែរថា តើពាក្យណាអះអាងថា បរិហារកេរ្តិ៍? ហើយប៉ះពាល់កិត្តិយសយ៉ាងម៉េច? ចំណុចទាំងអស់ហ្នឹងមានតែដើមបណ្តឹងខ្លួនឯងទេ ទើបអាចបញ្ជាក់បាន។ មេធាវីតំណាងរបស់ដើមបណ្តឹងមិនអាចបញ្ជាក់បានច្បាស់លាស់ ស៊ីជម្រៅទេ»។
ការលើកឡើងរបស់លោកមេធាវីជូង ជូងីធ្វើឡើង ក្រោយពីតុលាការកំពូលបើកសវនាការ នៅព្រឹកថ្ងៃពុធ លើបណ្តឹងរបស់លោកគឹម សុខ ជាអ្នកវិភាគ ដែលប្តឹងសុំឲ្យតុលាការកោះហៅលោកនាយករដ្ឋមន្ដ្រីហ៊ុន សែនមកឆ្លើយតទល់គ្នាក្នុងនាមជាដើមបណ្ដឹង ក្នុងករណីដែលលោកហ៊ុន សែនបញ្ជាឲ្យចាប់អ្នកវិភាគនយោបាយដាក់ពន្ធនាគារ។
លោកគឹម សុខ អ្នកវិភាគនយោបាយ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញបញ្ជាឲ្យឃុំខ្លួនបណ្ដោះអាសន្ន កាលពីពាក់កណ្តាលខែកុម្ភៈ ឆ្នាំ២០១៧ ដោយចោទប្រកាន់ពីបទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ និងបរិហារកេរ្តិ៍ជាសាធារណៈ តាមបណ្ដឹងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ លោកហ៊ុន សែនបានប្ដឹងថា លោកគឹម សុខបានអធិប្បាយចោទប្រកាន់ដែលថា គណបក្សប្រជាជនកម្ពុជាមានជាប់ពាក់ព័ន្ធនឹងឃាតកម្មលោកកែម ឡី ហើយលោកនាយករដ្ឋមន្ត្រីទាមទារសំណងចំនួន ៥សែនដុល្លារ។
ក្រៅពីនេះ លោកហ៊ុន សែនក៏បានប្ដឹងលោកគឹម សុខមួយករណីទៀតចំពោះការអត្ថាធិប្បាយថា ប្រព័ន្ធគ្រប់គ្រងរដ្ឋាភិបាលបច្ចុប្បន្នបណ្ដោយឲ្យមានការសម្លាប់មនុស្ស ហើយមិនរកមុខឃាតកពិត ដូចជាក្នុងករណីលោកកែម ឡី លោកជា វិជ្ជា ព្រះសង្ឃ សម ប៊ុនធឿន និងលោកឈុត វុទ្ធីជាដើម។ លោកហ៊ុន សែនបានប្តឹងទាមទារប្រាក់សំណង ១០លានរៀលផងដែរសម្រាប់ករណីទាំងនោះ។
VOA មិនអាចសុំការអធិប្បាយពីលោកគី តិច មេធាវីតំណាងរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែនបានទេ នារសៀលថ្ងៃពុធនេះ។
ទោះជាយ៉ាងណា លោកគី តិចថ្លែងក្នុងសាលសវនាការរបស់តុលាការកំពូលនាព្រឹកនេះថា លោកបានទទួលសិទ្ធិពីដើមបណ្ដឹងគ្រប់គ្រាន់ហើយ ដូច្នេះមិនចាំបាច់កោះហៅ លោកហ៊ុន សែនមកឆ្លើយតតាំងគ្នាជាមួយចុងចោទនោះទេ។
លោកឈួន ចន្ថា តំណាងមហាអយ្យការអមតុលាការកំពូល ដែលមានតួនាទីដាក់បន្ទុកលើចុងចោទ បានលើកឡើងក្នុងសវនាការនោះថា បណ្ដឹងសុំកោះហៅដើមបណ្ដឹងមកឆ្លើយតតាំងគ្នានេះគឺជា រឿងមិនត្រឹមត្រូវ និងពុំចាំបាច់។
ក្រោយបញ្ចប់សាលសវនាការនោះ លោកសឹង បញ្ញាវុឌ្ឍ ប្រធានក្រុមប្រឹក្សាអង្គជំនុំជម្រះ បានសម្រេចយកថ្ងៃទី៥ ខែកក្កដា ដើម្បីប្រកាសសាលដីកា។ ចំណែកបណ្តឹងមួយទៀតរបស់លោកគឹម សុខ ដែលបានប្តឹងសុំនៅក្រៅឃុំពាក់ព័ន្ធនឹងបទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ និងបទបរិហារកេរ្តិ៍ជាសាធារណៈ ដែលប្តឹងដោយលោកហ៊ុន សែនក៏ត្រូវបានតុលាការកំពូលសម្រេចលើកពេលប្រកាសទៅថ្ងៃទី៥ ខែកក្កដា ដូចគ្នាដែរ។
លោកសុក សំអឿន មេធាវីជើងចាស់មួយរូប ប្រាប់ VOA ថា ជាទូទៅ ដើមបណ្តឹងមានសិទ្ធិមិនចូលរួមឆ្លើយតទល់នឹងចុងចោទ។
លោកមានប្រសាសន៍ថា៖
«ច្បាប់អត់មានបង្ខំឲ្យដើមបណ្តឹងថា ត្រូវឆ្លើយបំភ្លឺនៅតុលាការទេ ទោះបីជាដើមបណ្តឹងបែបណាមួយក៏ដោយ។ ក៏ប៉ុន្តែ បើសិនដើមបណ្តឹងចង់ប្តឹង ចង់ប្រឆាំងនរណាមួយ ហើយអត់ចូលខ្លួន វាអាចខាតសម្រាប់ដើមបណ្តឹង។ ដូច្នេះដើមបណ្តឹងអាចគិតមើលថា ខាត ឬក៏ចំណេញ? ប៉ុន្តែច្បាប់អត់មានបង្ខំថា ដើមបណ្តឹងត្រូវតែមកឆ្លើយតបទេ»។
នៅព្រឹកថ្ងៃពុធនេះដែរ តុលាការកំពូលក៏បានលើកពេលប្រកាសសាលដីកាបណ្តឹងសុំនៅក្រៅឃុំរបស់មន្រ្តីអាដហុកចំនួន៤នាក់ និងមន្រ្តីគ.ជ.ប.ម្នាក់ ដែលមានវ័យចំណាស់ និងកំពុងមានជំងឺ ដែលត្រូវជាប់ឃុំពីបទចោទប្រកាន់គួរឲ្យមន្ទិលថា សូកប៉ាន់សាក្សី និងសមគំនិតសូកប៉ាន់សាក្សីរឿងអាស្រូវស្នេហារបស់លោកកឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ជាមួយស្រ្តីវ័យក្មេងម្នាក់ឈ្មោះនាង ខុម ចាន់តារ៉ាទី ហៅស្រីមុំដែលធ្វើការក្នុងហាងកាត់សក់៕