នៅពេលដែលរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោននិងរដ្ឋាភិបាលក្រុងប៉េកាំង យកពន្ធគយកាន់តែច្រើនឡើងមិនធ្លាប់មានកាលពីពេលមុនដែលបានបណ្តាលឲ្យទីផ្សារហិរញ្ញវត្ថុមានការរអាក់រអួល សមាជិកសភាសហរដ្ឋអាមេរិក កំពុងសម្ដែងនូវក្តីសង្ឃឹមថានឹងមានសេចក្តីសម្រេចដ៏ឆាប់រហ័ស ក៏ប៉ុន្តែធំទូលាយមួយសម្រាប់ជម្លោះពាណិជ្ជកម្មដ៏ខ្លាំងរបស់សហរដ្ឋអាមេរិកជាមួយចិន។
ការខ្វាយខ្វល់មានកាន់តែខ្លាំងឡើងនៅវិមានរដ្ឋសភា Capitol Hill បន្ទាប់ពីចិនបានធ្វើការសងសឹកប្រឆាំងនឹងការយកពន្ធគយថ្មីរបស់អាមេរិក ដោយការដំឡើងពន្ធគយលើទំនិញដែលផលិតនៅសហរដ្ឋអាមេរិក។ ទោះជាអញ្ចឹងក៏ដោយ ព្រឹទ្ធសភារបស់គណបក្សទាំង២ និយាយថា គេត្រូវតែប្រឈមនឹងចិន។ លោក Chris Van Hollen សមាជិកព្រឹទ្ធសភាខាងគណបក្សប្រជាធិបតេយ្យមកពីរដ្ឋម៉ារីលែន បាននិយាយជាមួយ VOA ថា៖ «យើងចាំបាច់ត្រូវជំទាស់ប្រឆាំងចិនដើម្បីកែប្រែរបៀបធ្វើពាណិជ្ជកម្មរបស់ចិននិងការការធ្វើពាណិជ្ជកម្មក្នុងស្រុករបស់ចិន។ ឧទាហរណ៍ ពួកគេបានលួចការសម្ងាត់បច្ចេកវិទ្យារបស់សហរដ្ឋអាមេរិកជាយូរយារណាស់មកហើយ»។
ក៏ប៉ុន្តែ លោក Van Hollen បានដាក់កំហុសលើការផ្តោតយកចិត្តទុកដាក់របស់ប្រធានាធិបតីត្រាំលើពន្ធគយ។ លោក Chris Van Hollen និយាយថា៖ «អ្វីដែលខ្ញុំមើលឃើញជាយុទ្ធសាស្ត្រពន្ធគយតែប៉ុណ្ណោះ។ ខ្ញុំមើលឃើញថា គ្មានយុទ្ធសាស្ត្រធំទូលាយឆ្ពោះទៅកាន់ដំណោះស្រាយជាមួយចិននោះទេ។ អ្នកប្រើប្រាស់ទំនិញអាមេរិកាំង កំពុងបង់ប្រាក់កាន់តែច្រើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ ការណ៍នេះ មិនមែនអំពីថាតើក្រុមហ៊ុនចិនលក់បានប៉ុន្មាន ឬអំពីថាតើសហរដ្ឋអាមេរិកលក់ទំនិញប៉ុន្មានទៅឲ្យចិននោះទេ»។
ក្នុងចំណោមអ្នកដែលរិះគន់ខ្លាំងបំផុតអំពីការព្រួយកង្វល់នៃសង្គ្រាមពាណិជ្ជកម្មនោះគឺកសិករអាមេរិកាំង។ លោក Roy Blunt សមាជិកព្រឹទ្ធសភាខាងគណបក្សសាធារណរដ្ឋតំណាងឲ្យរដ្ឋ Missouri ដែលសម្បូរខាងវិស័យកសិកម្ម។ លោក Blunt បាននិយាយថា៖ «កសិកររដ្ឋ Missouri បានលក់សណ្តែកសៀងប្រហែល២៥ភាគរយទៅឲ្យចិន។ ហើយទីផ្សារសណ្តែកសៀង ពោត សត្វពាហនៈលក់ទៅឲ្យចិនដែលជាផ្សារដ៏ធំមួយត្រូវបានគេបង្អាក់»។
ក៏ប៉ុន្តែ លោក Blunt ជឿថា ពលរដ្ឋអាមេរិកាំង យល់ថា ការប៉ះពាល់ខាងសេដ្ឋកិច្ចរយៈពេលខ្លីជាការចាំបាច់ដើម្បីធ្វើឲ្យប្រសើរឡើងនូវលក្ខខណ្ឌពាណិជ្ជកម្មជាមួយចិន។ លោកបានថ្លែងថា៖ «ប្រសិនបើមានការប្រយុទ្ធខាងពាណិជ្ជកម្មឲ្យមានភាពប្រសើរឡើង វាជាការប្រយុទ្ធខាងពាណិជ្ជកម្មជាមួយចិន។ ចិនជាអ្នករកស៊ីមិនត្រឹមត្រូវ»។
ខណៈដែលជម្លោះពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិកនិងចិនកំពុងក្លាយជាដើមរឿងព័ត៌មានភាគច្រើននោះ លោក Blunt ក៏បានជំរុញឲ្យសភាពិចារណាឲ្យបានរហ័សពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីថ្មីរវាងសហរដ្ឋអាមេរិក និងប្រទេសម៉ិកស៊ិក៕
ប្រែសម្រួលដោយជឹង ប៉ូជីន