អ្នក​ស្លាប់​ដោយសារ​ខ្យល់ព្យុះ Goni នៅ​ហ្វីលីពីន កើន​ដល់ ១៦ នាក់

កម្មករ​ប្រមូល​សំរាម​តាមដងផ្លូវ​ដែល​គ្របដណ្ដប់​ដោយ​ភក់ បន្ទាប់ពី​ទឹកជំនន់​បណ្តាល​មកពី​ព្យុះទីហ្វុង Goni នៅក្នុង​ភូមិ​របស់​ពួកគេ​ នៅក្នុង​ខេត្ត Batangas ភាគខាងត្បូង​នៃ​ទីក្រុង​ម៉ានីល ប្រទេស​ហ្វីលីពីន នៅ​ថ្ងៃចន្ទ ទី២ ខែវិច្ឆិកា ឆ្នាំ២០២០។

ចំនួន​មនុស្ស​ស្លាប់​ដោយសារ​ខ្យល់​ព្យុះ​ទីហ្វុង​ដ៏​ខ្លាំងក្លា​មួយ ដែល​បាន​បក់បោក​ចំ​កោះ Luzon នៃ​ប្រទេស​ហ្វីលីពីនកាល​ពី​ថ្ងៃ​អាទិត្យ ​បាន​កើន​ដល់ ១៦ នាក់​ហើយ។

ខ្យល់​ព្យុះ​ទីហ្វុង Goni បាន​ធ្វើ​ដំណើរ​មក​ដល់​កោះ Luzon ដោយ​មាន​ល្បឿន​ខ្យល់ ២២៥ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង ដែល​ជា​ខ្យល់​ព្យុះ​ទីហ្វុង​ដ៏​ខ្លាំងក្លា​ជាង​គេ​បំផុត ​ដែល​បក់បោក​ចំ​ប្រទេស​ហ្វីលីពីន​នៅ​ក្នុង​ឆ្នាំ​នេះ។

ការ​មក​ដល់​របស់​ព្យុះ Goni នេះ កើត​មាន​ឡើង​មួយ​សប្តាហ៍​ក្រោយ​មក បន្ទាប់ពី​ព្យុះ​ទីហ្វុង Molave បាន​បក់បោក​ចំ​តំបន់​ដដែល​នោះ ដោយ​បាន​សម្លាប់​មនុស្ស ២២ នាក់។

លោក Richard Gordon ប្រធាន​អង្គការ​កាកបាទ​ក្រហម​ហ្វីលីពីន បាន​និយាយ​ថា ផ្ទះ​រហូត​ដល់​ទៅ​៩០% នៅ​ទូទាំង​កោះ Catanduanes ដែល​ស្ថិត​នៅ​ចំ​ផ្លូវ​ធ្វើ​ដំណើរ​របស់​ព្យុះ​ទីហ្វុង​នេះ​បាន​រង​ការ​ខូចខាត ឬ​ត្រូវ​បាន​បំផ្លាញ។

ព្យុះ​ទីហ្វុង Goni នេះ បាន​ធ្វើ​ឲ្យ​ដាច់​ចរន្ត​អគ្គិសនី ខូចខាត​ហេដ្ឋារចនាសម្ព័ន្ធ និង​បង្ក​ឲ្យ​មាន​ទឹក​ជំនន់​ខ្លាំងក្លា។

ព្យុះ​នេះ​ បាន​ថយ​ឥទ្ធិពល​របស់​ខ្លួន នៅ​ពេល​វា​ធ្វើ​ដំណើរ​កាត់​តាម​ទីក្រុង​ម៉ានីល​ឆ្ពោះ​ទៅ​កាន់​សមុទ្រ​ចិន​ខាង​ត្បូង។ ប៉ុន្តែ អ្នក​ទស្សន៍ទាយ​ធាតុ​អាកាស​ព្រមាន​ថា ខ្យល់​ព្យុះ​មួយ​ទៀត​ដែល​មាន​ឈ្មោះ​ថា Atsani កំពុង​ធ្វើ​ដំណើរ​ឆ្ពោះ​មក​កាន់​ប្រទេស​ហ្វីលីពីន៕