មនុស្សយ៉ាងហោចណាស់ចំនួន ៤ នាក់បានស្លាប់នៅប្រទេសហ្វីលីពីន ដោយសារព្យុះទីហ្វុង Goni នៅថ្ងៃអាទិត្យនេះ។ អាជ្ញាធរបានព្រមានអំពីស្ថានភាព «មហន្ដរាយ» នៅក្នុងតំបន់នានា ដែលរងគ្រោះខ្លាំងបំផុត ដែលពលរដ្ឋរាប់សែននាក់បានចាកចេញពីផ្ទះសម្បែងរបស់ពួកគេ។
នេះគឺជាព្យុះទីហ្វុងដែលខ្លាំងក្លាបំផុតនៅក្នុងឆ្នាំនេះ។ ព្យុះនេះបានទៅដល់កោះ Catanduanes នៅមុនថ្ងៃរះ ជាមួយនឹងល្បឿនខ្យល់អតិបរមា ២២៥ គីឡូម៉ែត្រក្នុងមួយម៉ោង និងកម្លាំងខ្យល់បក់ខ្លាំងម្ដងម្កាលរហូតដល់ ៣១០ គីឡូម៉ែត្រក្នុងមួយម៉ោង ដែលបានបក់យកដំបូលផ្ទះ ធ្វើឲ្យរលំដើមឈើ និងបានបង្កឲ្យមានទឹកលិចផងដែរ។
ទីភ្នាក់ងារព្យាករណ៍ឧតុនិយមរបស់រដ្ឋបានឲ្យដឹងនៅក្នុងសេចក្ដីរាយការណ៍ចុងក្រោយបំផុតរបស់ខ្លួនថា ព្យុះទីហ្វុង Goni នេះបានថមថយកម្រិតពី «មហាព្យុះទីហ្វុង» មកនៅជាព្យុះទីហ្វុងធម្មតាវិញ ខណៈដែលព្យុះនេះបោកបក់នៅទូទាំងតំបន់ប៉ែកខាងត្បូងបំផុតនៃកោះ Luzon ដែលមានមនុស្សរស់នៅច្រើនកុះករបំផុត ឆ្ពោះទៅកាន់រដ្ឋធានីម៉ានីល។
ពលរដ្ឋចំនួនប្រមាណពី ១៩ ទៅ ៣១ លាននាក់ អាចរងប៉ះពាល់ដោយសារតែព្យុះទីហ្វុងនេះ ដែលរួមមានទាំងអ្នកនៅក្នុងតំបន់គ្រោះថ្នាក់ និងអ្នកនៅក្នុងរដ្ឋធានីម៉ានីលផងដែរ។ នេះបើយោងតាមការបញ្ជាក់របស់ទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្ដរាយហ្វីលីពីន។
ពលរដ្ឋចំនួនប្រមាណជិត ៣ សែន ៥ ម៉ឺននាក់ កំពុងស្នាក់នៅក្នុងមជ្ឈមណ្ឌលជម្លៀសខ្លួនជាបណ្ដោះអាសន្ន។ នេះបើយោងតាមការបញ្ជាក់របស់ប្រធានគ្រប់គ្រងគ្រោះមហន្ដរាយហ្វីលីពីនលោក Ricardo Jalad៕