ចំនួន​មនុស្ស​ស្លាប់ដោយសារ​ការ​វាយ​ប្រហារ​តាម​អាកាស​នៅ​លីប៊ី​កើនឡើង​ដល់ ៤៤នាក់​

ស្នាមឈាមដែលដិតជាប់បន្ទាប់ពីមានការវាយប្រហារតាមអាកាសមកលើជំរំជនចំណាកស្រុកមួយនៅក្រុងទ្រីប៉ូលី ប្រទេសលីប៊ី កាលពីថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៩។

លោក​បណ្ឌិត Hussein Yunis Hassan អ្នក​សម្របសម្រួល​ជាន់ខ្ពស់​គ្រា​មានអាសន្ន​នៃអង្គការ​សុខភាពពិភព​លោក​​បាននិយាយ​ប្រាប់ VOA ថា ​ពួក​ជន​រងគ្រោះ​​មកពីប្រទេស​មួយ​ចំនួនក្នុង​ទ្វីបអាហ្វ្រិក ដោយមានរួមបញ្ចូល​ប្រទេសអេរីត្រេ សូម៉ាលី និង​ម៉ូរីស។​

អង្គការ​សហប្រជាជាតិ ​និយាយថា មាន​មនុស្ស​យ៉ាងតិចណាស់​ ៤៤នាក់​ បានស្លាប់ ​ហើយ​ជាង ១៣០នាក់​ទៀត​បានត្រូវ​របួស​នៅ​ក្នុង​ការ​វាយប្រហារ​តាមអាកាស​កាលពីយប់ថ្ងៃ​អង្គារ ​ដែលបានត្រូវ​ចំ​ជំរំ​ជនចំណាកស្រុក​មួយ​កន្លែង​នៅខាង​ក្រៅ​រដ្ឋធានី​នៃប្រទេស​លីប៊ី។​

លោក​បណ្ឌិត Hussein Yunis Hassan អ្នក​សម្របសម្រួល​ជាន់ខ្ពស់​គ្រា​មានអាសន្ន​នៃអង្គការ​សុខភាពពិភព​លោក បាននិយាយ​ប្រាប់ VOA ថា ជន​រងគ្រោះមកពីប្រទេស​មួយ​ចំនួនក្នុង​ទ្វីបអាហ្វ្រិក ដោយមានរួមបញ្ចូល​ប្រទេសអេរីត្រេ សូម៉ាលី និង​ម៉ូរីស។​

លោកបាន​និយាយ​ប្រាប់ផ្នែកផ្សាយ​ជា​ភាសាសូម៉ាលីនៃ VOA ថា៖ «​ជន​ទាំង​នេះមិន​បានទទួល​ឯកសារ​បញ្ជាក់អត្តសញ្ញាណ​ទេ នៅ​ពេលពួក​គេ​បានត្រូវ​ដាក់ឱ្យ​រស់នៅ​ក្នុង​មជ្ឈមណ្ឌលឃុំឃាំង​ទាំង​នេះ។​ សាក​សព​ជន​រង​គ្រោះជា​ច្រើន​នាក់​បាន​កំបុត​រាងកាយ​ដោយ​សារ​ការ​វាយ​ប្រហារ​តាមយន្តហោះ​ ហើយ​គេ​ត្រូវ​ចំណាយ​ពេលយូរដើម្បី​ឱ្យ​ដឹង​ឈ្មោះជនរងគ្រោះ​ទាំង​នេះ»។

ក្រុមមន្ត្រី​នៅ​ក្នុង​ក្រុងទ្រីប៉ូលី បាន​និយាយ​ថា​ ការវាយ​ប្រហារ​នេះបានធ្វើឡើង​ដោយ​កងកម្លាំង​ស្មោះត្រង់​ជាមួយលោក Khalifa Haftar ដែល​ជា​បុរស​មានអំណាចខ្លាំង​ម្នាក់ដែលដឹក​នាំកង​កម្លាំង​បះបោរ​មួយ ដែល​ត្រួតត្រា​ប៉ែក​ខាង​កើត​នៃ​ក្រុង​ទ្រីប៉ូលី។ ​ជា​ច្រើន​ខែ​មក​ហើយ រដ្ឋាភិបាល​នៃ​ប្រទេស​លីប៊ី​ដែលមានការទទួល​ស្គាល់​ពីអន្តរជាតិបាន​ប្រយុទ្ធ​ប្រឆាំង​នឹង​កងទ័ពជាតិលីប៊ី​ហៅកាត់ថា​ LNA របស់​លោក Haftar ដើម្បី​ដណ្តើម​ការ​ត្រួតត្រា​ក្រុង​ទ្រីប៉ូលី។​

លោក Ghassan Saalme មន្ត្រីអ.ស.បក្នុង​ប្រទេសលីប៊ី​ បាននិយាយ​ថា​ ការ​វាយ​ប្រហារតាមអាកាសនេះ «អាចចាត់ទុក​ច្បាស់​លាស់​ថា​ជា​ឧក្រិដ្ឋកម្ម​សង្គ្រាម» ពីព្រោះពួកអ្នកធ្វើការ​វាយ​ប្រហារ «បានសម្លាប់ដោយ​នាំ​ឱ្យមានការ​ភ្ញាក់ផ្អើលនូវ​ក្រុមមនុស្សស្លូតត្រង់គ្មានទោសពៃរ៍ដែលស្ថានភាពពិបាក​ធ្ងន់ធ្ងរ​បានបង្ខំ​ពួក​គេឱ្យ​ឋិត​នៅ​ក្នុងកន្លែងជ្រកកោននេះ»។

អគ្គស្នងការ​អ.ស.ប.ទទួល​បន្ទុក​កិច្ចការជនភៀសខ្លួន​និងសហភាព​អាហ្រ្វិកក៏​បានថ្កោលទោស​ការ​វាយ​ប្រហារតាមអាកាសនេះ​ដែរ៕