មន្ត្រីរុស្ស៊ីបាននិយាយកាលពីថ្ងៃអង្គារថា ការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែនបានត្រូវចំកំពង់ផែសាឡាងមួយនៅក្នុងតំបន់ Krasnodar នាភាគខាងត្បូងនៃប្រទេសរុស្ស៊ីដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ម្នាក់។
អភិបាលតំបន់ Krasnodar លោក Veniamin Kondratyev បាននិយាយនៅលើ Telegram ថា ការវាយប្រហារនេះបានត្រូវចំកំពង់ផែ Kavkaz និងបានធ្វើឱ្យកម្មករកំពង់ផែផ្សេងទៀតរងរបួសផងដែរ។
ក្រសួងការពារជាតិរុស្ស៊ីបាននិយាយកាលពីថ្ងៃអង្គារថា ខ្លួនបានបំផ្លាញយន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែនចំនួន២៥ គ្រឿង ក្នុងនោះមាន២១ គ្រឿងនៅលើសមុទ្រខ្មៅ និងនៅតំបន់ Crimea ដែលរុស្ស៊ីកំពុងកាន់កាប់។
មន្ត្រីនៅក្នុងតំបន់ Sumy នៅភាគឦសានប្រទេសអ៊ុយក្រែន បាននិយាយកាលពីថ្ងៃអង្គារថា ការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើករបស់រុស្ស៊ីបានធ្វើឱ្យខូចខាតរោងចក្រអគ្គិសនីមួយ ដោយបានផ្តាច់ថាមពលដល់មនុស្ស ៥ម៉ឺននាក់។
យោធាអ៊ុយក្រែនបាននិយាយថា កងការពារដែនអាកាសរបស់ប្រទេសនេះបានបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើករបស់រុស្ស៊ីចំនួនប្រាំពីរគ្រឿងក្នុងចំណោមប្រាំបីគ្រឿងដែលបានវាយប្រហារពេញមួយយប់ ហើយថាកាំជ្រួចស្វ័យនាំផ្លូវរបស់រុស្ស៊ីមិនបានទៅដល់គោលដៅរបស់ខ្លួនទេ៕