មជ្ឈមណ្ឌលឯកសារកម្ពុជាដែលជាគ្រឹះស្ថានសិក្សាអំពីរបបខ្មែរក្រហមឈានមុខមួយនៅកម្ពុជា គ្រោងនឹងផ្សាយបន្តផ្ទាល់ពីការប្រកាសសាលក្រមប្រវត្តិសាស្ត្រលើសំណុំរឿង០០២ វគ្គទីមួយប្រឆាំងនឹងនួន ជា និងខៀវ សំផន នៅថ្ងៃព្រហស្បតិ៍ស្អែកនេះ នៅតាមតំបន់ដែលមានអតីតខ្មែរក្រហមច្រើនរស់នៅនិងទីតាំងដែលមិនសូវទទួលបានព័ត៌មាន។
លោកលី សុខឃាង ប្រធានគម្រោងឃ្លាំមើលយុត្តិធម៌របស់មជ្ឈមណ្ឌលឯកសារកម្ពុជា និងជាអ្នកដឹកនាំគម្រោងនេះ ថ្លែងថា ក្រុមការងាររបស់លោកដែលមានគ្នាជាង៥០នាក់បានចុះទៅកាន់តំបន់ចំនួន២០ក្នុងខេត្តចំនួន១២ដែលមិនសូវទទួលបានព័ត៌មាន ដើម្បីឱ្យប្រជាពលរដ្ឋតាមមូលដ្ឋានអាចទស្សនាការផ្សាយផ្ទាល់នូវការប្រកាសសាលក្រមសំណុំរឿង០០២វគ្គទី១ និងសម្ដែងទស្សនៈរបស់ពួកគេ។
តំបន់ទាំងនោះ រួមមានតំបន់ដែលមានអតីតកងទ័ពខ្មែរក្រហមរស់នៅច្រើនដូចជានៅស្រុកអន្លង់វែង សំពៅលូន ភ្នំព្រឹក្ស និងខេត្តប៉ៃលិន និងតំបន់ដែលមានជនជាតិដើមភាគរស់នៅច្រើនគឺខេត្តមណ្ឌលគីរី និងរតនគីរី និងតំបន់សម្បត្តិវប្បធម៌ ដូចជានៅរមណីយដ្ឋានកោះកេរនៅខេត្តព្រះវិហារ និងបន្ទាយឆ្មារនៅខេត្តបន្ទាយមានជ័យជាដើម ហើយនិងទីវត្តអារាម សាលាស្រុក និងកន្លែងជួបជុំរបស់ជនជាតិដើមភាគតិច។ តំបន់ទាំងនេះគឺជាទីតាំងសម្រាប់ការចាក់ផ្សាយនេះ។ នេះបើតាមលោកលី សុខឃាង។
«ការចាក់បញ្ចាំងនេះគឺយើងធ្វើតាមលក្ខណៈយករូបភាពពីទូរទស្សន៍នៅក្នុងស្រុកហ្នឹង ហើយយើងបន្តទៅក្នុងស្លាយរបស់យើង ហើយប្រជាជនទាំងអស់អាចនាំគ្នាមើល ជួបជុំគ្នាតាមការអញ្ជើញរបស់ថ្នាក់ដឹកនាំមូលដ្ឋាន។ ហើយក្រោយពីមើលហើយ យើងមានការពិភាក្សាគ្នា ជាវេទិកាមួយដើម្បីសម្ដែងការយល់ដឹង និងការយល់ឃើញរបស់គាត់ចំពោះសាលក្រមហ្នឹង ជួយឱ្យគាត់មានការផ្សះផ្សាក្នុងចិត្តប៉ុណ្ណា។ បើគាត់មិនពេញចិត្តទេ គាត់ចង់បានអ្វីបន្ថែមទៀត យើងស្ដាប់យោបល់របស់គាត់។ ការធ្វើជាអ្នកស្ដាប់ដ៏ល្អគឺសំខាន់ណាស់ដើម្បីឱ្យគាត់មានការធូរស្បើយក្នុងចិត្ត»។
ក្រៅពីនេះ មជ្ឈមណ្ឌលនេះក៏បានអញ្ជើញតំណាងមកពីមូលដ្ឋានចំនួន៥០នាក់ដើម្បីចូលរួមស្ដាប់ការប្រកាសសាលក្រមដោយផ្ទាល់នៅសាលាក្ដីខ្មែរក្រហមផងដែរ។
សាលាក្តីខ្មែរក្រហមចាប់ផ្តើមដំណើរការតាំងពីខែកុម្ភៈឆ្នាំ២០០៦មកម្ល៉េះពោលគឺមានរយៈពេលជាងប្រាំបីឆ្នាំហើយ។ មានជនជាប់ចោទចំនួនប្រាំនាក់ត្រូវបានចាប់ខ្លួនយកមកកាត់ទោសក្នុងសំណុំរឿង០០១ និងសំណុំរឿង០០២។ ប៉ុន្តែជនជាប់ចោទម្នាក់គឺ អៀង សារី បានស្លាប់នៅពេលដែលការកាត់ទោសកំពុងដំណើរការ និងប្រពន្ធរបស់គាត់អៀង ធីរិទ្ធត្រូវដោះលែងឲ្យនៅក្រៅឃុំដោយសារបញ្ហាជំងឺវង្វេងវង្វាន់ធ្ងន់ធ្ងរ។
លោកឆាំង យុ នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា ថ្លែងថា ការប្រកាសសាលក្រមនៅថ្ងៃស្អែកនេះនឹងជាប្រវត្តិសាស្ត្រថ្មីមួយរបស់ប្រជាពលរដ្ឋកម្ពុជា។
«ខ្ញុំគិតថា អត្ថន័យគឺខុសៗគ្នា ព្រោះផលប៉ះពាល់វាខុសៗគ្នា។ អ្នកខ្លះថា វាយឺតពេក។ អ្នកខ្លះថា យ៉ាងហោចណាស់ដំណើរការបានកើតឡើង។ វាមិនអាចបំពេញភាពឥតខ្ចោះមួយ ដែលយើងទាំងអស់គ្នាចង់បានទេ។ ប៉ុន្តែអ្វីដែលសំខាន់ យើងបានបញ្ចប់រឿងរ៉ាវទាំងអស់នេះ។ អញ្ចឹងវាគឺជាប្រវត្តិសាស្ត្រមួយ។ ទោះបីជាវាមិនពេញលេញ តែយើងមានការប្រឈមនឹងទទួលបានសាលក្រមមួយនៅថ្ងៃស្អែក»។
យ៉ាងណាក៏ដោយ លោកឆាំង យុយល់ថា គ្រាន់តែសាលក្រមមួយនឹងមិនអាចផ្តល់យុត្តិធម៌ពេញលេញដល់ជនរងគ្រោះ និងអ្នកដែលបានស្លាប់ដោយរបបនេះប្រមាណ២លាននាក់នោះទេ។ ប៉ុន្តែសាលក្រមនេះអាចយកជាមេរៀនដើម្បីបញ្ជៀសរបបព្រៃផ្សៃបែបនេះមិនឱ្យកើតមានជាថ្មី និងត្រួសត្រាយផ្លូវសម្រាប់ការចូលរួមអភិវឌ្ឍជាតិ៕