បណ្ណាល័យដែលមានឈ្មោះថា «សម្តេចម៉ែ» ដើម្បីថ្វាយព្រះកិត្តិយសដល់ព្រះមហាក្សត្រីយានីព្រះវររាជមាតាជាតិខ្មែរ សម្តេចព្រះនរោត្តម មុនីនាថ សីហនុ គ្រោងនឹងបើកឲ្យសាធារណជនចូលទស្សនាក្នុងក្រុងភ្នំពេញនៅពេលខាងមុខ។
សេចក្តីប្រកាសព័ត៌មានរបស់មជ្ឈមណ្ឌលឯកសារកម្ពុជា ចុះថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២០ បានរៀបរាប់ថាបណ្ណាល័យថ្មីនេះ នឹងតម្កល់ទុកឯកសារបណ្ណសារ សៀវភៅនិងសម្ភារៈផ្សេងៗ «ដែលមានសារៈសំខាន់ចំពោះជាតិ»។
ការបង្កើត និងដាក់ឈ្មោះបណ្ណាល័យ «សម្តេចម៉ែ» នេះធ្វើឡើង ក្រោយពីលោក ឆាំង យុ នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា បានចូលក្រាបបង្គំគាល់ព្រះមហាក្សត្រីយានី ដើម្បីប្រកាសថ្វាយឈ្មោះនេះជាផ្លូវការ កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០។ ព្រះវររាជមាតា នរោត្តម មុនីនាថ សីហនុ ក៏បានទ្រង់សព្វព្រះហឫទ័យរាជានុញ្ញាតឲ្យប្រើប្រាស់ឈ្មោះបណ្ណាល័យនេះ នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២០។
កាលពីពេលថ្មីនេះ ឯកអគ្គរាជទូតលោកបណ្ឌិត ហូលីយ៉ូ ជែលដ្រេស (Julio Jeldres) អតីតលេខាផ្ទាល់និងជាអ្នកនិពន្ធជីវប្រវត្តិរបស់ព្រះករុណាព្រះមហាវីរក្សត្រព្រះបរមរតនកោដ្ឋ នរោត្តមសីហនុ បានបរិច្ចាគសៀវភៅ និងឯកសារផ្សេងៗផ្ទាល់ខ្លួនរបស់លោក ដល់បណ្ណាល័យរបស់មជ្ឈមណ្ឌលឯកសារកម្ពុជា។
កញ្ញា សុភ័ក្ត្រ ភាណា នាយិកាផ្នែកទំនាក់ទំនងនៃមជ្ឈមណ្ឌលឯកសារកម្ពុជា ប្រាប់វីអូអេ នៅថ្ងៃច័ន្ទទី២០ ខែកក្កដានេះថា បណ្ណាល័យនេះគ្រោងនឹងបើកសម្ពោធសម្រាប់សាធារណជនចូលដោយផ្ទាល់បាន នៅពេលដែលស្ថានភាពនៃការឆ្លងរាលដាលនៃជំងឺកូវីដ១៩ មានលក្ខណៈធូរស្រាល៕