មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​ចូលរួម​ស្តារ ​និង​អភិរក្ស​តំបន់​អន្លង់វែង

រូបឯកសារ៖ ការ​សម្តែង​បង្ហាញ​ពី​អំពើ​សាហាវ​ព្រៃផ្សៃ​របស់​ខ្មែរ​ក្រហម​មកលើ​ប្រជាពលរដ្ឋ​ខ្មែរ​ស្លូតត្រង់​នៅ​‍‍«ថ្ងៃ​នៃ​ការ​ចងចាំ និង​ថ្ងៃ​រំឭក​វិញ្ញាណកន្ខ​របស់​ជន​រងគ្រោះ​នៃ​របប​ខ្មែរក្រហម» ដែល​ប្រារព្ធ​ធ្វើ​ឡើង​នៅ​ថ្ងៃទី២០ ខែ​ឧសភា ឆ្នាំ២០១៥។ (រូបថត៖ មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា)

មជ្ឈ​មណ្ឌល​ឯកសារ​កម្ពុជា​ចូលរួម​ស្តារ​និង​អភិរក្ស​តំបន់​អន្លង់វែង​ដែល​ជា​អតីត​មូលដ្ឋាន​ចុងក្រោយ​របស់​ខ្មែរក្រហម។

មជ្ឈ​មណ្ឌល​ឯកសារ​កម្ពុជា​ចូលរួម​ស្តារ ​និង​អភិរក្ស​តំបន់​អន្លង់វែង​ដែល​ជា​អតីត​មូលដ្ឋាន​ចុងក្រោយ​របស់​ខ្មែរក្រហម។ ការ​ស្តារ ​និង​ការ​អភិរក្ស​នេះ​គឺ​ដើម្បី​បង្ហាញ​ឲ្យ​ឃើញ​ពី​ប្រវត្តិ​សាស្ត្រ​កម្ពុជា ​ដែល​ចាប់​ផ្តើម​មាន​សន្តិភាព ​ការ​ផ្សះផ្សារ​បង្រួប​បង្រួម​ជាតិ ​ក្រោយ​ពេល​មាន​កិច្ចព្រម​ព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស។ ​គម្រោង​ស្តារ​ និង​អភិរក្សនេះ​មាន​គោល​បំណង​មួយ​ផ្នែក​សម្រាប់​ការ​អប់រំ​ ដើម្បី​ទប់​ស្កាត់​ការ​វិល​ត្រឡប់​មក​វិញ​នៃ​របប​ខ្មែរ​ក្រហម។ ​

តំបន់​អន្លង់វែង​ត្រូវ​គេ​គិត​ថា ​ជា​តំបន់​ដែល​ត្រូវ​ធ្វើការ​អភិរក្ស​ និង​អភិវឌ្ឍ​ដើម្បី​បង្ហាញ​ដល់​សាធារណជន ​និង​អ្នក​ទេសចរណ៍​អំពី​សន្តិភាព ​និង​សង្គ្រាម។ ​គម្រោងនេះ​ត្រូវ​គេ​គិត​ថា ​អាច​ជា​ការ​អប់រំ​ដ៏​សំខាន់​សម្រាប់​ទប់ស្កាត់​អំពើ​ប្រល័យ​ពូជសាសន៍​មិន​ឲ្យ​កើត​មាន​ឡើង​ជា​ថ្មី។​

គម្រោង​ស្ថាបនា ​អភិរក្ស ​និង​អភិវឌ្ឍនេះ​នឹង​ចាប់ផ្តើម​ពី​ការ​ស្ថាបនា​ទីតាំង​ប្រជុំ ដែល​មេ​ដឹកនាំ​ខ្មែរក្រហម​ ប៉ុល ពត ​ប្រមុខរដ្ឋ​ខ្មែរ​ក្រហម​គឺ​ ខៀវ សំផន ​និង​តា ម៉ុក ​មេ​បញ្ជា​ការ​យោធា​កំពូល​របស់​ខ្មែរក្រហម​បានជួប​ប្រជុំ​គ្នា​តស៊ូ​ប្រដាប់​អាវុធ​ ហើយ​នឹង​ការ​សាងសង់​ផ្ទះ​តាម៉ុក​ ការ​បង្កើត​បុស្តិ៍​ផ្តល់​ព័ត៌មាន​តាម​ព្រំដែន​ ការ​អប់រំ​អំពី​ប្រវត្តិសាស្ត្រ​ជាដើម។​

លោក​ លី សុខឃាង​ ប្រធាន​គម្រោង​មជ្ឈមណ្ឌល​សន្តិភាព​អន្លង់វែង​នៃ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា ​បានថ្លែង​ថា ​ដំណើរការ​ស្ថាបនា​ និង​អភិរក្ស​នេះ​បាន​ការ​អនុញ្ញាត​ពី​លោក​នាយករដ្ឋ​មន្ត្រី​ ហ៊ុន សែន។​

«តំបន់​ហ្នឹង​គឺ​អាច​ថា ​ជា​តំបន់​មួយ​ដែល​ឆ្លុះ​បញ្ចាំង​ពី​មនោគមន៍​វិជ្ជា ​និង​របៀប​ដឹកនាំ​ របៀប​រស់នៅ។​ នៅពេល​ដែល​យើង​មើល​ទៅ​ បាន​យើង​ដឹង​ថា ​ហ្នក​ ​ដោយសារ​តែ​បញ្ហា​បែបហ្នឹង​ហើយ​បាន​ជា​ប្រទេស​យើង​ឆ្លង​កាត់​នូវ​អំពើ​ប្រល័យ​ពូជ​សាសន៍ ​សង្គ្រាម​ស៊ីវិល​ ទំរាំ​តែ​បាន​សន្តិភាព ​អញ្ចឹង»។​

កង​ទ័ព​ខ្មែរ​ក្រហម​ក្នុង​តំបន់​អន្លង់វែង​បាន​ចាប់​ផ្តើម​បញ្ឈប់​ការ​វាយ​ប្រយុទ្ធ​គ្នា​ហើយ​ចុះចូល​ជាមួយ​រដ្ឋាភិបាល​កាលពី​ឆ្នាំ​១៩៩៨​ ដែល​ធ្វើ​ឲ្យ​កម្ពុជា​ចាប់ផ្តើម​មាន​សន្តិភាព ​ការ​ផ្សះផ្សារ​ បង្រួប​បង្រួម​ជាតិ​ទូទាំង​ប្រទេស។​

លោក​ សុខឃាង ​បាន​អះអាង​ថា​ ក្រុម​ការងារ​អភិវឌ្ឍ​ និង​អភិរក្ស​តំបន់​ប្រវត្តិ​សាស្ត្រ​អន្លង់​វែង​បាន​សរសេរ​ជាសៀវភៅ​ប្រវត្តិ​សាស្ត្រ ​ហើយ​ឥឡូវ​បាន​ធ្វើ​ជា​សៀវភៅ​ណែនាំ​សម្រាប់​បង្រៀន​មគ្គុទេសន៍​ទេសចរណ៍​ និង​ផ្តល់​ការអប់រំ​តាម​វិទ្យាល័យ ​អនុវិទ្យាល័យ​ និង​បញ្ជៀប​ចូល​តាម​រយៈ​ភ្ញៀវ​ទេសចរណ៍។​ លោក​បាន​បញ្ជាក់​បន្ថែម​ថា​ កម្ពុជា​ព្យាយាម​បង្កើត​ការ​អប់រំ​ទាំង​ថា្នក់​ជាតិ ​តំបន់ ​និង​ពិភព​លោក​ ដើម្បី​ជំរុញរួមគ្នា​ទប់​ស្កាត់​ការ​វិល​ត្រឡប់មក​វិញ​នៃ​របប​ប្រល័យ​ពូជសាសន៍។​

«ខ្ញុំ​គិត​ថា ​ការ​ទប់ស្កាត់​នៃ​អំពើ​ឃោរឃៅ ​សម្លាប់​រង្គាល​ហ្នឹង​គឺ​ជា​បញ្ហា​ ដែល​យើង​ត្រូវ​ចង​ចាំ​ មិន​ត្រឹមតែ​ជំនាន់​នេះ​ទេ​ តែ​ជំនាន់​តៗ​ទៅ​មុខ​ទៀត។​ ដូច្នេះ​ហើយ​បាន​ជា​យើង​បង្កើត​នូវ​កំណត់​ត្រា​ប្រវត្តិសាស្ត្រ​មួយ​ច្បាស់​លាស់ ​តាម​រយៈ​តុលាការ ​តាមរយៈ​តុលាការ​ខ្មែរក្រហម​ និង​តាមរយៈ​ការ​អប់រំ​ប្រវត្តិ​សាស្ត្រ​ហ្នឹង»។​

លោក ​ឡាត់ គី​ អ្នក​ឃ្លាំ​មើល​សាលាក្តី​ខ្មែរក្រហម​នៃ​អង្គការ​សិទ្ធិ​មនុស្ស​អាដហុក​ បាន​ថ្លែង​ថា ​ជន​រងគ្រោះ​ជាច្រើន​ ជាពិសេស​ដើម​បណ្តឹង​រដ្ឋប្ប​វេណី​ ទំនង​ជា​គាំទ្រ​ការ​ស្តារ​និង​អភិរក្ស​ទីតាំង​ប្រវត្តិ​សាស្ត្រ​នេះ។​

«អញ្ចឹង​កិច្ចការ ​ជា​ចរិត​របស់​ដើម​បណ្តឹង ​រដ្ឋប្បវេណី ​និយាយ​ជា​រួម​គាត់​ចង់​បាន​ការ​បន្សល់​នូវអ្វី​ដែល​គេ​ហៅ​ថា ​កេរ​អាករ​សម័យ​ខ្មែរ​ក្រហម ​ក៏​ដូច​ជា​ស្តូប​សំខាន់ៗ ​នៅទី​ប្រជុំជន​ ហើយ​អន្លង់វែង​វា​ជា​ផ្នែក​មួយ​នៃ​ទីក្រុង»។​

លោក​ថ្លែង​ថា ​ការ​ប្រមូល​ភស្តុតាង​ និង​ឯកសារ​គឺ​ជា​រឿង​រស៊ើប​សម្រាប់​អ្នក​នយោបាយ​ជំនាន់​ចាស់​ និង​ថ្មី ​តែ​លោក​ថា ​ទំនង​ជា​គ្មាន​ការ​បដិសេធ​ទេ​ចំពោះ​គម្រោង​នៅ​អន្លង់វែង​នេះ។​

ក៏​ប៉ុន្តែ​លោក​ ជុំ ម៉ី អ្នក​រស់​រាន​មាន​ជីវិត​ពី​គុក​ទួលស្លែង បាន​ថ្លែង​ថា ​តំបន់​ប្រវត្តិ​សាស្ត្រ​អំពី​ខ្មែរក្រហម​គួរ​តែ​ធ្វើ​ឡើង​នៅ​សារមន្ទីរ​ កសាង​នៅ​សារមន្ទីរ ​ទួលស្លែង​ ផង​ដែរ​ ព្រោះ​នេះ​ជា​តំបន់​ទាក់ទាញ​ភ្ញៀវ​ទេស​ចរណ៍​ជា​កន្លែង​ ដែល​លោក​ខិតខំ​ផ្សព្វផ្សាយ​ការ​អប់រំ ​កុំ​ឲ្យ​របប​ប្រល័យ​ពូជសាសន៍​វិល​ត្រឡប់​មក​វិញ។​ ការ​អភិវឌ្ឍ​តំបន់​ប្រវត្តិសាស្ត្រ​អន្លង់វែង​នេះ​កំពុង​នៅក្នុង​ដំណាក់​កាល​ការ​សរសេរ​គម្រោង​ និង​ពិភាក្សា​ឡើង​វិញ ​ក្រោយ​ពី​ត្រូវ​ពន្យារ​ពេល​ជិត​១០​ឆ្នាំ។​

លោក ​ហោ ជិនវីរៈយុទ្ធ ​អភិបាល​ស្រុក​អន្លង់វែង​ បាន​ថ្លែង​ថា​ គម្រោង​នេះ​ស្ថិត​ក្នុង​ដំណាក់​កាល​រៀបចំ​ និង​ពិភាក្សា​ ដោយ​ត្រូវ​រង់ចាំ​ការ​សម្រេច​ជា​ផ្លូវ​ការ​ពីរាជ​រដ្ឋាភិបាល។​ តែ​លោក​ថា​ គណៈ​កម្មការ​មាន​ការ​ប្រជុំ​រាល់បី​ខែ​ម្តង​ ដើម្បី​ពិភាក្សា​អំពី​គម្រោង​ស្តារ ​និង​អភិវឌ្ឍ​តំបន់​ប្រវត្តិ​សាស្ត្រ​នេះ។​

តំបន់​អន្លង់​វែង​ ដែល​ស្ថិត​ក្នុង​ខេត្ត​ឧត្តរ​មានជ័យ​ជាប់ព្រំដែន​ថៃ​នៅ​ភាគ​ខាង​ជើង​ប្រទេស ​គឺ​ជា​អតីត​ទីតាំង​រឹងមាំ​ចុងក្រោយ​របស់​ពួក​ខ្មែរ​ក្រហម ​ដែល​បន្ត​រហូត​មក​ដល់​ឆ្នាំ​១៩៩៨ ​ទោះ​បី​ជា​កិច្ចព្រម​ព្រៀង​ក្រុង​បារីស​បាន​ចាប់​ផ្តើម​កាលពី​ថ្ងៃ​ទី២៣ ​ខែ​តុលា​ឆ្នាំ១៩៩១ ​ដែល​ពេល​នោះ​ភាគី​ជម្លោះទាំងអស់​បាន​ព្រម​ព្រៀងថា ឈប់​បាញ់គ្នា​ ហើយ​យក​សន្តិភាព​ជា​មូលដ្ឋាន​នៃ​ការ​អភិវឌ្ឍ​ប្រទេស។​

ដោយ​សារ​យុត្តិធម៌​ជា​កត្តា​ចាំបាច់​មិន​អាច​ខ្វះ​បាន​ក្នុង​ការ​កសាង​សន្តិភាព​នោះ​ប្រទេស​កម្ពុជា​បាន​សម្រេច​យល់ព្រម​មួយ​អ.ស.ប.​ធ្វើការ​កាត់ទោស​អតីត​មេ​ដឹក​នាំ​ខ្មែរ​ក្រហម​មួយ​ចំនួន ​ដើម្បី​រក​យុត្តិធម៌​ជូន​ជន​រងគ្រោះ​ជាង​១លាន​៧សែន​នាក់ ​ដែល​ត្រូវ​សម្លាប់​ កាលពី​ចន្លោះ​ឆ្នាំ​១៩៧៥​ដល់ឆ្នាំ​១៩៧៩ ​ ទោះ​បី​ជា​រដ្ឋាភិបាល​កម្ពុជា​បាន​សន្យា​ថា ​មិន​យក​ទោសពៃរ៍​ដល់​ពួក​អតីត​ខ្មែរ​ក្រហម​ក្តី៕