ការ​ចាក់​បញ្ចាំង​ខ្សែភាពយន្ត ​«ភាព​វិលវល់​នៃ​យុត្តិធម៌»​បន្ត​សំណួរ​រក​យុត្តិធម៌​ពី​របប​ខ្មែរ​ក្រហម

ស្ត្រីខ្មែរអាមេិរកាំងមួយក្រុមដែលរួចរស់រានមានជីវិតពីរបបខ្មែរក្រហម បានបង្ហាញដំណើរវិលត្រឡប់ទៅកាន់ប្រទេសកម្ពុជារបស់ពួកគេជាលើកដំបូងនៅក្នុងខ្សែភាពយន្តឯកសារ «ភាពវិលវល់នៃយុត្តិធម៌‍» ដែលត្រូវបានចាក់បញ្ចាំងនៅលើទូរទស្សន៍ជាតិអាមេរិក PBS កាលពីខែមីនា ឆ្នាំ២០១៩។

លោក Michael Siv បាន​ប្រាប់ VOA ថា ​លោក​ផលិត​ខ្សែភាពយន្ត​​នេះ​ឡើង​ ដើម្បី​បង្ហាញ​ពី​​ដំណើរ​ស្វែងរក​​និយម​ន័យ​នៃ​យុត្តិធម៌​ជូន​ចំពោះ​ជនរងគ្រោះ​នៃ​របប​ខ្មែរ​ក្រហម។​

៤០​ឆ្នាំ​ក្រោយ​បន្ទាប់​ពី​របប​ខ្មែរ​ក្រហម​ត្រូវ​បាន​ដួល​រលំ អ្នក​រស់រាន​មាន​ជីវិតកំពុង​បន្ត​ស្វែងរក​យុត្តិធម៌​ពី​ឧក្រិដ្ឋកម្ម​របស់​មេដឹកនាំ​ខ្មែរ​ក្រហម។

«ភាព​វិលវល់​នៃ​យុត្តិធម៌» ដែល​ជា​ខ្សែ​ភាពយន្ត​ឯកសារ​បង្ហាញ​ពី​អ្នក​រស់រាន​មានជីវិត​មួយ​ក្រុម​ អំពី​ដំណើរ​របស់​ពួកគេ​ទៅកាន់​ប្រទេស​កម្ពុជា​ដើម្បី​ប្រឈម​មុខ​នឹង​អតីត​មេដឹកនាំ​ជាន់ខ្ពស់​ខ្មែរ​ក្រហម​ពីរ​នាក់ ដែល​នៅ​ពេល​នោះអ្នក​ទាំង​ពីរ​កំពុង​ស្ថិត​ក្នុង​ការ​កាត់ទោស​ពី​បទ​ឧក្រិដ្ឋកម្ម​របស់​ពួកគេ​នៅ​ឯ​តុលាការ​ខ្មែរ​ក្រហម​ ត្រូវ​បាន​ចាក់​បញ្ចាំង​ជា​លើក​ដំបូង​នៅ​តាម​ទូរទស្សន៍​សាធារណៈ​របស់​សហរដ្ឋ​អាមេរិក​ កាល​ពី​ខែ​មីនា​កន្លង​ទៅ​នេះ។

ខ្សែភាពយន្ត​ឯកសារ «ភាព​វិលវល់​នៃ​យុត្តិធម៌» ដែល​ត្រូវ​បាន​ផលិត​ដោយ​លោក Michael Siv ដែល​លោក​ជា​អ្នក​រស់រាន​មាន​ជីវិតពី​របប​ខ្មែរក្រហម​មួយ​រូប បង្ហាញ​ពី​អ្នក​រស់រាន​មានជីវិត​មួយ​ក្រុម​ នៅ​ពេល​ដែល​ពួក​គេ​ផ្តល់​សក្ខីកម្ម​ក្នុង​សំណុំរឿង ០០២ ដែល​ចោទ​ប្រកាន់​លោក​ខៀវ សំផន ​និង​លោក​នួន ជា ដែល​ជា​អតីត​មេដឹកនាំ​ជាន់​ខ្ពស់​ខ្មែរ​ក្រហម​ពីរ​រូប​ដែល​នៅ​មាន​ជីវិត។

លោក Michael Siv បាន​ប្រាប់ VOA ថា ​លោក​ផលិត​ខ្សែភាពយន្តនេះ​ឡើង​ ដើម្បី​បង្ហាញ​ពីដំណើរ​ស្វែងរកនិយម​ន័យ​នៃ​យុត្តិធម៌​ជូន​ចំពោះ​ជនរងគ្រោះ​នៃ​របប​ខ្មែរ​ក្រហម។​

លោក Michael Siv (ស្តាំ) និងលោក ផេង កូនប្រុសម្នាក់របស់លោក ឌុច ប្រធានមន្ទីឃុំឃាំង ស-២១។ (រូបថតដោយ Daze of Justice)

យុត្តិធម៌​ហាក់​ដូចជា​ឈោង​មិនដល់

ចាប់តាំង​ពីបើក​ដំណើរការ​នៅ​ក្នុង​ឆ្នាំ ២០០៦​ មក តុលាការ​ខ្មែរក្រហម​បាន​កាត់​ទោស​មេដឹកនាំ​ធំៗដែល​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​អំពើ​ប្រល័យ​ពូជសាសន៍​និង​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ​តែ​មួយ​ចំនួន​ប៉ុណ្ណោះ។ ជា​លទ្ធផល សាលា​ក្តី​នេះ​បានទទួលរង​សម្ពាធ​ពី​ការ​ពន្យារ​ដំណើរ​ការ​កាត់​ក្តី​ និង​ការរិះគន់​ចំពោះ​ការ​ចំណាយ​ថវិកា​អស់​ច្រើន​ក្នុង​ការ​កាត់​ទោស​នេះ។

លោកស្រី Marie Chea ដែល​ជា​អ្នក​រស់រាន​មានជីវិត​មួយ​រូប​នៅ​ក្នុង​ខ្សែភាពយន្ត​នេះ​បាន​មានប្រសាសន៍​ថា ​ពួកគេ​យល់​ថា ​តុលាការ​ខ្មែរ​ក្រហម​មិនទាន់​បាន​ផ្តល់​យុត្តិធម៌​ពិត​ប្រាកដ​មួយ​នៅ​ឡើយ​ទេ​ ដែល​ការណ៍​នេះផ្តល់​ទាំង​ក្តី​សង្ឃឹម​និង​ការ​ខកចិត្ត​សម្រាប់​ប្រជាជន​កម្ពុជា។

លោកស្រី​បាន​និយាយ​ថា៖

«ជួនកាល ខ្ញុំ​មាន​អារម្មណ៍​ថា​ដូចជា​ឈឺចាប់​លើស​ដើម​វិញ ពីព្រោះ​យើង​ទៅ​នឹង​យើង​មាន​បំណង​ចង់​រក​យុត្តិធម៌​ឲ្យ​គ្រួសារ​បងប្អូន​យើង សាច់ញាតិ​យើង​ដែល​ស្លាប់​ជំនាន់​ប៉ុលពត​ ដែល​មិនមែន​តែ​យើង​ម្នាក់​នោះ​ទេ ទាំង​អស់​គ្នា​នឹង​ តែ​រក​វា​មិន​ឃើញ​ ពីព្រោះ​គេ​នៅ​តែ​បិទបាំង​មិនព្រម​និយាយ​ការ​ពិត»។

លោក Henry Chorn ដែល​ជា​អ្នក​រស់រាន​មានជីវិត​ពី​របប​ខ្មែរ​ក្រហម​ម្នាក់ទៀត​ បាន​ឲ្យដឹង​ថា លោក​មាន​ទុទ្ឋិនិយម​ចំពោះ​ដំណើរការ​កាត់​ក្តី​នេះ។

ប៉ុន្តែ​លោក​ក៏​មានប្រសាសន៍​បន្ត​ទៀត​ថា៖

«ខ្ញុំ​ត្រូវតែ​តវ៉ា​តទៅ​ទៀត ពីព្រោះ​តុលាការ​នេះ​ជា​តុលាការ​ដែល​មួយ​ដែល​ចូលរួម​ដោយ​អង្គការ​សហប្រជាជាតិ​។ ខ្ញុំ​នៅ​សង្ឃឹម​ថា​ ទៅ​រក​ឲ្យ​អន្តរជាតិ​ចូលរួម អន្តរជាតិ​គេ​មិន​ព្រងើយ​កន្តើយ​ក្នុង​ការ​នឹង​ទេ»។

ការ​ជួយ​ឲ្យ​ជា​សះស្បើយ

លោកស្រី Marie Cheaនិយាយ​ថា ខ្សែភាពយន្ត​ឯកសារ​នេះ​បាន​បង្ហាញ​ការ​អន្ទះ​សារ​ក្នុង​ការស្វែងរក​យុត្តិធម៌ ផ្តល់​សមានចិត្ត​និង​ការ​ធ្វើ​ឲ្យ​សម្រួល​ទុក្ខ​ក្រៀមក្រំ​ជូន​អ្នក​រស់រាន​មានជីវិត​ពី​របប​ខ្មែរក្រហម​ទាំងអស់។

លោកស្រី បាន​បន្ត​ទៀត​ថា៖

«នេះ​ជា​ការ​ដើម្បី​សម្រួល​កុំឲ្យ​អី ដូច​ថា​មិនមែន​មានតែ​យើង​នោះ​ទេ មាន​គេច្រើន​ទៀត​ដែល​មាន​បញ្ហា​អញ្ចឹង​ដូចគ្នា ហើយ​ចង់​ឲ្យ​អ្នក​ដែល​មាន​បញ្ហា​នឹង​ចេះ​និយាយ​សារសព្ទ​ឲ្យ​ទុក្ខ​គ្នា​ទៅវិញទៅមក​ដើម្បី​ឲ្យ​វា​ស្រាល»។​

ផេង ​ដែល​ជា​កូនប្រុស​បង្កើត​របស់​លោក​ ឌុច ដែល​ជា​មេ​ដឹកនាំ​ដ៏​សាហាវ​ឃោរឃៅ​របស់​មន្ទីរឃុំឃាំង ស-២១ ឬ​គុក​ទួលស្លែង​ ក៏បាន​បង្ហាញ​ខ្លួន​នៅ​ក្នុង​ខ្សែភាពយន្ត​នេះ​ផង​ដែរ។

កញ្ញា អ៊ិត សុផារ័ត្ន និស្សិត​ថ្នាក់​បរិញ្ញាបត្រ​ដែល​កំពុង​សិក្សា​នៅ​ឯ​សាកលវិទ្យាល័យ Portland នៅ​ក្នុង​រដ្ឋ Oregon បាន​និយាយ​ថា ការ​រួម​បញ្ចូល​ ផេង​ នៅ​ក្នុង​ដំណើរ​រឿង​នេះ​ធ្វើ​ឲ្យ​ខ្សែ​ភាពយន្ត​មាន​ភាព​ខុសប្លែក​ពី​គេ។

កញ្ញា​បាន​និយាយ​ថា៖

«តាម​ដែល​ខ្ញុំ​មើល​ពី​ខ្សែភាពយន្ត​ផ្សេងៗ​ទៀត​នឹង គឺ​ភាគច្រើន​គេ​និយាយ​តែ​ពី​ជនរងគ្រោះ វា​ចេញ​មក​កំហឹង​យ៉ាង​ខ្លាំង​តែ​ម្តង ដោយសារ​តែ​គេ​ថត​ពី​អ្វី​ដែល​ជា​អារម្មណ៍​របស់​ជនរងគ្រោះ​ ប៉ុន្តែ​គេ​អត់​បាន​ផ្តោត​ទៅលើ​ថា​តើ ជន​រងគ្រោះ​ផ្សេងៗ​ទៀត​ដែល​ប៉ះពាល់​នៅ​ក្នុង​នឹង​ ឧទាហរណ៍​ដូចជា​ក្រុម​គ្រួសារ​របស់​មេដឹកនាំ​តាម​ជំនាន់​នោះ​ផ្ទាល់​ ក៏​មាន​ការ​ប៉ះពាល់​ផ្លូវចិត្ត​ផ្លូវកាយ និង​របៀប​នៃ​ការ​រស់នៅ​ដោយសារ​តែ​គាត់​មាន​ឈ្មោះ​ មាន​ត្រកូល​ជា​កូនចៅ​របស់​មេដឹកនាំ​សម័យ​នោះ។ វា​ជា​ការ​បង្ហាញ​មួយ​ឲ្យ​ឃើញ​ពី​ផល​ប៉ះពាល់​មួយ​ផ្នែក​ផ្សេង​ទៀតនៃ​របប​ខ្មែរក្រហម»។

កញ្ញា​បាន​បន្ត​ទៀត​ថា៖

«អ្វី​ដែល​ខ្ញំ​ចាប់អារម្មណ៍​ជាងគេ​គឺ ទំនាក់​ទំនង​របស់​ពួកគាត់​ជាមួយ​កូន​លោក​ ឌុច ​នឹង ហើយ​អ្វី​ដែល​ខ្ញុំ​ចាប់អារម្មណ៍​ជាង​គេ​នឹង​ថា គឺ​ទង្វើ​របស់​គាត់​ដែល​គាត់​អាច​បែងចែក​ដាច់​រវាង​កំហុស​របស់​បុគ្គល​ម្នាក់​ទៅ​នឹង​កំហុសរបស់គ្រួសារ ​ឬក៏​របស់​បុគ្គល​ទាំង​អស់​ ឬក៏​ដូច​ជា​គាត់​អត់​មាន​សម្តែង​ការ​ស្អប់ខ្ពើម​ចំពោះ​កូន​លោក ​ឌុច​ នោះ​ទេ»។

ចំណែក​ឯ​លោកស្រី Marie Chea បាន​និយាយ​ថា៖

«យើង​ថា​ យើង​រង​ទុក្ខ​វេទនា​ដោយសារ​ការ​កាប់​សម្លាប់​របស់​ប៉ុល ពត​ ក៏​ប៉ុន្តែ​មក​មើលយើង​ឃើញ​ផេង​ដែល​កូន​របស់​ ឌុច គាត់​ក៏​វេទនា​ ដូច​តែ​យើង​ដែរ ​ពីព្រោះ​អី​ត​គ្នា ដូច្នេះ​ទុក្ខវេទនា​ កុំ​ថា​តែ​យើង​ដែល​ជា​អ្នក​គេ​យក​ទៅ​សម្លាប់​ សូម្បី​គ្រួសារអ្នក​ដែល​ធំ​ កូន​របស់​ ឌុច ​នឹង ផេង​ នឹង​ក៏​គាត់​វេទនា​ដូច​តែ​គ្នា​ដែរ ដូច្នេះ​ទុក្ខ​វេទនា​នឹង​មិន​ដឹង​ដោះស្រាយ​យ៉ាងម៉េច​កើត​ ដូច្នេះ​យើង​ត្រូវតែ​ចេះ​អភ័យទោស​ឲ្យ​គ្នា»។

ក្តី​សង្ឃឹម​រក​យុត្តិធម៌

ការ​អភ័យទោស​គឺ​ជា​រឿង​មួយ​តែ​ការ​បន្ត​ស្វែងរក​យុត្តិធម៌​គឺ​ជា​រឿង​មួយ​ផ្សេងទៀត។ បើ​ទោះ​បី​ជា​ ផេង​ បាន​បង្ហាញ​សមានចិត្ត​អាណិតអាសូរ​ដល់​អ្នក​រស់រាន​មាន​ជីវិត ទទួល​ស្គាល់​កំហុស​របស់​ឪពុក​របស់​លោក​និង​ខ្មែរ​ក្រហម និង​បាន​សុំទោស​ចំពោះ​មុខ​អ្នក​រស់រាន​មាន​ជីវិត​ជំនួស​ឪពុក​របស់​លោក​ក៏​ដោយ​ក្តី ការ​ទាមទារ​ស្វែងរក​យុត្តិធម៌​ពិតប្រាកដ​នៅតែ​បន្ត។

លោកស្រី Marie Cheaបាន​ប្រាប់ VOA ​ថា ជន​ប្រព្រឹត្ត​បទល្មើស​ត្រូវតែ​ទទួល​ខុសត្រូវ​ចំពោះ​ឧក្រិដ្ឋកម្ម​ដែល​ពួកគេ​បាន​ប្រព្រឹត្ត ពួក​គេ​ត្រូវ​តែ​សុំទោស មិន​មែន​កូន​របស់​ពួកគេ​នោះ​ទេ។

​កញ្ញា សុផារ័ត្ន​ បាន​យល់​ស្រប ​និង​បាន​ប្រាប់ VOA ថា៖

«ខ្ញុំ​ប្រហែល​ជា​មិន​អាច​អត់ទោស​ឲ្យ​ ឌុច​ បាន​ទេ​ ប៉ុន្តែ​ខ្ញុំ​យល់​ពី​អារម្មណ៍និង​ខ្ញុំ​អរគុណនិង​គោរព​នូវ​ការ​សមេ្រច​ចិត្ត​របស់កូន​ ឌុច​ ផេង ​នឹង​ដែល​បាន​សុំទោស។ ប៉ុន្តែ​អ្វី​ដែល​ខ្ញុំ​ហើយ​និង​ប្រជាជន​ខ្មែរ​យើង​ចង់​បាន​ខ្លាំង​ជាងគេ​ គឺ​ពាក្យ​សម្តី​ចេញ​ពី​មាត់​របស់​មេដឹកនាំ​ទាំង​អស់​នឹង​ថា ​ទទួល​កំហុស ហើយ​សុំទោស​ប្រជាជន​យើង​ជា​សាធារណៈ ពីព្រោះ​ខ្ញុំ​អត់​ទាន់​បាន​ឃើញ​វីដេអូ​ណា​ ដែល​និយាយ​ពី​ការ​សុំ​ទោស​ចេញ​ពី​ចិត្ត​របស់​មេដឹកនាំ​ក្រៅ​ពី​ការ​កាត់ទោស​និង​ទទួល​ទោស​របស់​គាត់​នោះ​ទេ»។

គួរឲ្យ​ដឹង​ផង​ដែរ​ថា នៅ​ឆ្នាំ២០១៧ សំណុំរឿង​០០២ ត្រូវ​បាន​បិទ​បញ្ចប់​ដោយ​លោក នួន ជា​និង​លោក ខៀវ សំផន​ ត្រូវ​បាន​តុលាការ​ខ្មែរក្រហម​រក​ឃើញ​ថា ​មាន​ពី​បទ​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ ​និង​ត្រូវ​បាន​កាត់ទោស​ឲ្យ​ជាប់​ពន្ធាគារ​អស់​មួយ​ជីវិត។

ឥឡូវ​នេះ​តុលាការ​ខ្មែរ​ក្រហម​កំពុង​បន្តការ​កាត់​ក្តី​សំណុំ​រឿង ០០៣ ដែល​ចោទ​ប្រកាន់​លោក​ មាស មុត​ និង​សំណុំរឿង ០០៤ ដែល​ចោទ​ប្រកាន់​លោក​អោ អាន លោកស្រី អ៊ឹម ចែម​ និង​លោក​ យឹម ទិត្យ៕