លោក David Chandler ប្រវត្តិវិទូជនជាតិអាមេរិកាំងដែលសរសេរសៀវភៅអំពីប្រទេសកម្ពុជាដ៏ល្បីល្បាញ និយាយថា លោកកំពុងសម្លឹងមើលការបោះពុម្ពលើកទី ៥ នៃសៀវភៅ «ប្រវត្តិសាស្ត្រប្រទេសកម្ពុជា» របស់លោក ដោយសរសេរសេចក្ដីបញ្ចប់ថ្មី ដែលនឹងមានទុទ្ទិដ្ឋិនិយមជាងមុន។
លោក Chandler និយាយក្នុងបទសម្ភាសន៍ជាមួយ VOA កាលពីខែមុនថា៖
«បើខ្ញុំធ្វើការបោះពុម្ពសៀវភៅថ្មីមែន ហើយខ្ញុំគិតថាខ្ញុំប្រហែលនឹងធ្វើមែន ការបោះពុម្ពលើកទី៥ នឹងមានខ្លឹមសារខុសពីការបោះពុម្ពលើកទី៤មួយចំនួន»។
លោក Chandler បន្តថា៖
«ពេលដែលខ្ញុំសរសេរចប់សម្រាប់ការបោះពុម្ពថ្មីលើកទី៥នេះ ខ្ញុំមានអារម្មណ៍ថាទំព័រចុងបញ្ចប់នៃជំពូកចុងក្រោយ ដែលនឹងនាំអ្នកទៅឆ្នាំ ២០១៨ ឬឆ្នាំ ២០១៩ នឹងមានទុទ្ទិដ្ឋិនិយមច្រើនជាងការបោះពុម្ពលើកទី៤»។
នៅមុនពេលសរសេរបញ្ចប់សៀវភៅបោះពុម្ពលើកទី៤ក្នុងឆ្នាំ២០០៧ លោក Chandler បានមើលឃើញការផ្លាស់ប្ដូរវិជ្ជមាននានា ទាក់ទងនឹងសេរីភាវូបនីយកម្មនិងប្រជាធិបតេយ្យូបនីយកម្ម ប៉ុន្តែក្នុងមួយទសវត្សរ៍ចុងក្រោយនេះ លោក Chandler បាននិយាយថា ប្រទេសកម្ពុជាបានដើរថយក្រោយ។
លោក Chandler ពន្យល់នៅក្នុងពេលនោះថា៖
«ពេលដែលខ្ញុំសរសេរបញ្ចប់សៀវភៅប្រវត្តិសាស្ត្រប្រទេសកម្ពុជាសម្រាប់បោះពុម្ពលើកទី៤ ខ្ញុំបានឃើញភាពអាចទៅរួចនៃការផ្លាស់ប្ដូរជាវិជ្ជមានខាងនយោបាយក្នុងប្រទេសកម្ពុជាច្រើនជាងមុន ដូចជា ការបើកទទួលយកសេដ្ឋកិច្ចទីផ្សារសេរី និងលទ្ធិប្រជាធិបតេយ្យ កាលពីឆ្នាំ២០០៥។ ខ្ញុំគិតថា ទិដ្ឋភាពនយោបាយបច្ចុប្បន្នបានធ្លាក់ចុះ ហើយវាបានប្រែទៅជាមិនស្វាគមន៍ការផ្លាស់ប្ដូរវិជ្ជមាន ឬប្រជាធិបតេយ្យូបនីយកម្មនោះទេ។
លោក Chandler ក៏ចង់ពង្រីកជំពូកមួយក្នុងសៀវភៅរបស់លោក ដែលរៀបរាប់អំពីអាណាចក្រអង្គរ ក្នុងចន្លោះពីសតវត្សទី៩ដល់សតវត្សទី១៥។ នៅសម័យអង្គរ ខ្មែរជារាជាណាចក្រមួយក្នុងខេត្តសៀមរាបសព្វថ្ងៃ ដែលបានគ្រប់គ្រងលើទឹកដីដ៏ធំក្នុងតំបន់អាស៊ីអាគ្នេយ៍ និងកសាងប្រាសាទធំៗជាច្រើន។
នៅក្នុងជំពូកនេះ លោក Chandler ចង់ដាក់បន្ថែមការរកឃើញថ្មីៗផ្នែកបុរាណវិទ្យាអំពីសម័យអង្គរ ដែលការរកឃើញទាំងនេះ ត្រូវបានធ្វើឡើងដោយគម្រោង Greater Angkor របស់សកលវិទ្យាល័យស៊ីដនី។ គម្រោងសិក្សាស្រាវជ្រាវ Greater Angkor នេះ បានប្រើប្រាស់បច្ចេកវិទ្យាយន្តហោះថងតាមរយៈកាំរស្មីឡាស៊ែរ មានឈ្មោះថា Lidar ដើម្បីពិនិត្យទួលតូចៗនិងទំនាបជុំវិញប្រាសាទនានា ដែលអនុញ្ញាតឲ្យបុរាណវិទូអាចមើលឃើញ ពីវិសាលភាពនៃការតាំងលំនៅឋានជុំវិញអង្គរ និងផ្ដល់ការយល់ដឹងថ្មីអំពីការរស់នៅប្រចាំថ្ងៃរបស់ប្រជាជនអង្គរ។
លោក Chandler មានប្រសាសន៍ថា៖
«ខ្ញុំនឹងពង្រីកនិងសរសេរជំពូកអំពីអាណាចក្រអង្គរឲ្យស៊ីជម្រៅជាងមុន ពីព្រោះកិច្ចការងារខាងបុរាណវិទ្យាថ្មីៗនេះគឺល្អណាស់។ កិច្ចការងារខាងបុរាណវិទ្យាថ្មីក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះ មានការរីកចម្រើនយ៉ាងធំធេងដោយសារបច្ចេកវិទ្យា Lidar ហើយក៏មានការរីកចម្រើនយ៉ាងធំធេងនៃចំណេះដឹងរបស់ខ្មែរអំពីសម័យអង្គរដែរ។
បច្ចុប្បន្នជាសាស្ត្រាចារ្យចូលនិវត្តន៍វ័យ៨៥ឆ្នាំ នៃសាកលវិទ្យាល័យ Monash ក្នុងប្រទេសអូស្ត្រាលី លោក Chandler បានមកធ្វើការជាមន្ត្រីសេវាកម្មកិច្ចការបរទេសសហរដ្ឋអាមេរិក នៅស្ថានទូតអាមេរិកក្នុងរាជធានីភ្នំពេញក្នុងឆ្នាំ១៩៦០។ ពេលធ្វើការនៅទីនោះ លោក Chandler បានរៀនចេះនិយាយនិងចេះអានភាសាខ្មែរ និងដើរតាមព្រះអង្គម្ចាស់ នរោត្តម សីហនុ នៅទូទាំងប្រទេសដើម្បីស្ដាប់សុន្ទរកថារបស់ព្រះអង្គ។ បទពិសោធន៍ទាំងនេះបានអនុញ្ញាតឲ្យលោក Chandler យល់ដឹងអំពីប្រវត្តិសាស្ត្រ និងថាមពលនយោបាយរបស់ប្រទេសកម្ពុជា និងត្រៀមខ្លួនសម្រាប់អាជីពនាពេលអនាគតរបស់លោក ជាប្រវត្តិវិទូម្នាក់។
សៀវភៅ«ប្រវត្តិសាស្ត្រប្រទេសកម្ពុជា» របស់លោក Chandler ត្រូវបានគេប្រើប្រាស់ក្នុងថ្នាក់រៀនជាច្រើនទូទាំងពិភពលោក ហើយក៏ត្រូវបានគេបកប្រែជាភាសាខ្មែរ ថៃ បារាំង និងចិន។ សៀវភៅនេះ រៀបរាប់ទិដ្ឋភាពយ៉ាងទូលំទូលាយនិងស៊ីជម្រៅអំពីប្រទេសកម្ពុជា ដោយពិភាក្សាលើប្រធានបទសំខាន់ៗចំនួន៤ រួមមាន ទំនាក់ទំនងលក្ខណៈភូមិសាស្ត្ររបស់ប្រទេសកម្ពុជាជាមួយប្រទេសថៃនិងប្រទេសវៀតណាម ការយល់ឃើញរបស់ប្រជាជនកម្ពុជាជំនាន់ថ្មីអំពីអតីតកាលជាពិសេសអំពីអាណាចក្រអង្គរ ការអនុវត្តការតែងតាំងសមាជិកក្រុមគ្រួសារឬបក្សពួកឱ្យកាន់តំណែងក្នុងជួររដ្ឋាភិបាលនិងការអនុវត្តតាមឋានានុក្រមនៅក្នុងប្រទេសកម្ពុជា ហើយនិងគំនិតដែលថាសង្គមកម្ពុជាមិនងាយទទួលយកការផ្លាស់ប្ដូរ។
កាលពីខែមុន សមាគមសម្រាប់ការសិក្សាតំបន់អាស៊ីបានប្រគល់ពានរង្វាន់ឈ្មោះ «វិភាគទានល្អដាច់មុខសម្រាប់ការសិក្សាតំបន់អាស៊ី» ទៅដល់លោក Chandlerសម្រាប់ស្នាដៃយ៉ាងទូលំទូលាយរបស់លោក អំពីប្រវត្តិសាស្ត្រ នយោបាយ និងវប្បធម៌ប្រទេសកម្ពុជា។ ក្នុងចំណោមស្នាដៃទាំងនោះ សៀវភៅប្រវត្តិសាស្ត្រប្រទេសកម្ពុជារបស់លោក ប្រហែលជាល្បីល្បាញជាងគេ។
មិនយូរប៉ុន្មានបន្ទាប់ពីការបោះពុម្ពលើកទី១នៃសៀវភៅប្រវត្តិសាស្ត្រប្រទេសកម្ពុជានេះ ទស្សនាវដ្ដីសិក្សាស្រាវជ្រាវសម្រាប់ការសិក្សាតំបន់អាស៊ីរបស់សមាគមខាងលើ បានសរសើរសៀវភៅរបស់លោក Chandler នេះថា ជា «ការរួមចំណែកថ្មីមិនមានពីមុន ដែលល្អដាច់លើសពីស្នាដៃដែលមានផ្សេងៗទៀត»៕