មានតែគណបក្សប្រឆាំងនៃសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោមួយចំនួនតូចប៉ុណ្ណោះ បានចូលរួមនៅក្នុងកិច្ចពិភាក្សានេះ ហើយគណបក្សផ្សេងទៀត មានមន្ទិលសង្ស័យចំពោះវត្តមាននៃគណបក្សប្រឆាំងទាំងនេះ។
ប៉ុន្តែ ពួកគេនិយាយថាមានបញ្ហាជាក់ស្តែងច្រើនទៀតដែលចាំបាច់ត្រូវពិភាក្សា និងព្រមព្រៀងជាមុន ប្រសិនបើសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ចង់បានការបោះឆ្នោតប្រកបដោយសន្តិភាព។
ការបោះឆ្នោតជ្រើសរើសប្រធានាធិបតី ត្រូវបានគ្រោងធ្វើឡើងនៅមុនដំណាច់ឆ្នាំនេះ ដោយសារតែអាណត្តិទីពីររបស់លោកប្រធានាធិបតី Joseph Kabila នឹងបញ្ចប់នៅចុងខែធ្នូ និងស្ថិតនៅក្រោមច្បាប់រដ្ឋធម្មនុញ្ញកំណត់ដែលលោកអាចកាន់អំណាចបានត្រឹមតែពីរអាណត្តិប៉ុណ្ណោះ។
ប៉ុន្តែ បក្សសម្ព័ន្ធដែលកំពុងកាន់អំណាច បានតវ៉ាអស់ពេលមួយរយៈកន្លងមកថា ការបោះឆ្នោតឆ្នាំនេះ មិនច្បាស់លាស់ ពីព្រោះបញ្ជីឈ្មោះអ្នកបោះឆ្នោតត្រូវការធ្វើបច្ចុប្បន្នភាព។ យោងតាមគណៈ កម្មាធិការបោះឆ្នោត ការធ្វើបច្ចុប្បន្នភាពបញ្ជីឈ្មោះនេះ នឹងត្រូវការប្រើរយៈពេល១៦ខែ។
ក្រុមអ្នកជំនាញយល់ស្របថាមានជម្រើសបីក្នុងការដោះស្រាយទាក់ទងនឹងបញ្ជីឈ្មោះអ្នកបោះឆ្នោត។ ជម្រើសមួយ គឺមិនបញ្ចូលបន្ថែមឈ្មោះអ្នកបោះឆ្នោតថ្មីដែលគ្រប់អាយុពីឆ្នាំ២០១១។ វិធីនេះ ធ្វើឲ្យការបោះឆ្នោតមុនខែធ្នូនៅតែអាចដំណើរការទៅបាន។
ប៉ុន្តែ អ្នកនាំពាក្យរបស់បក្សសម័ន្ធដែលកំពុងកាន់អំណាច លោក Leonard She Okitundu បាននិយាយ កាលពីថ្ងៃទី៨ ខែកញ្ញានេះថា ជម្រើសមួយនេះក៏មិនស្របតាមរដ្ឋធម្មនុញ្ញដែរ។
លោកនិយាយថា វានឹងរំលោភគោលការណ៍ច្បាប់របស់រដ្ឋធម្មនុញ្ញស្តីពីការចូលរួមរបស់មនុស្សគ្រប់គ្នា។ ការកំណត់ពេលវេលាក្នុងរដ្ឋធម្មនុញ្ញ អាចគោរពតាមបាន ប៉ុន្តែបើអនុវត្តតាមការកំណត់នៃពេលវេលានេះដោយមិនរាប់បញ្ចូលឈ្មោះអ្នកបោះឆ្នោតចំនួនពាក់កណ្តាលនោះ គឺមិនអាចទទួលយកបានឡើយ។
មានចចាមអារ៉ាមជាច្រើននិយាយថា គួរតែមានឈ្មោះអ្នកបោះឆ្នោតប្រហែល៤៥លាននាក់នៅបញ្ជីឈ្មោះអ្នកបោះឆ្នោត ប៉ុន្តែបច្ចុប្បន្ន ក្នុងបញ្ជីមានតែ២៣លាននាក់ប៉ុណ្ណោះ។
ជម្រើសទីពីរ គឺត្រូវពិនិត្យបញ្ជីតាមផ្នែកឡើងវិញ និងជម្រើសទីបី គឺត្រូវពិនិត្យឡើងវិញទាំងស្រុង។ បក្សកាន់អំណាចយល់ស្របចំពោះជម្រើសទីបី ហើយយោងតាមលោក She Okitundu នោះ គឺជាចំណុចដែលត្រូវបានគេយកមកពិភាក្សាផុសផុលក្នុងកិច្ចពិភាក្សានោះ។
អ្នកនាំពាក្យរបស់គណបក្សប្រឆាំង លោក Jean Lucien Mbusa បានប្រាប់ឲ្យសារព័ត៌មានថា ការពិភាក្សាអំពីជម្រើសទាំងនេះនៅតែបន្ត។ លោកមិនបាននិយាយថាជម្រើសណាមួយដែលគណបក្សប្រឆាំងយល់ស្របតាមនោះទេ ប៉ុន្តែលោកបានបញ្ចេញយោបល់ថា រដ្ឋាភិបាលបានទទួលជោគជ័យក្នុងការធ្វើឲ្យការបោះឆ្នោតនៅក្នុងឆ្នាំនេះមិនអាចប្រព្រឹត្តិទៅបាន។
លោកនិយាយថា ក្រុមរបស់លោកយល់ថារដ្ឋាភិបាលបានបង្កើតយន្តការទាំងអស់ ដើម្បីបញ្ចៀសមិនឲ្យមានការបោះឆ្នោតជ្រើសរើសប្រធានាធិបតីទាន់ពេលវេលា ហើយការទទួលខុសត្រូវចំពោះបញ្ហានេះ ត្រូវតែធ្វើឲ្យបានច្បាស់លាស់។
ក្រុមអ្នកជំនាញមកពីអង្គការសហប្រជាជាតិ និងមកពីអង្គការអន្តរជាតិនៃបណ្តាប្រទេសនិយាយភាសាបារាំងជឿថា បញ្ជីឈ្មោះអ្នកបោះឆ្នោតអាចនឹងត្រូវពិនិត្យឡើងវិញទាំងស្រុង ហើយការបោះឆ្នោតនឹងត្រូវធ្វើឡើងក្នុងរយៈពេលប្រហែល១០ខែកន្លះខាងមុខនេះ។
អ្នកនាំពាក្យរបស់គណបក្សប្រឆាំងមួយរូបទៀត លោក Basil Olongo ដែលមកពីគណបក្សតែមួយដូច លោក Jean-Lucien Mbusa ដែរនោះ បានឲ្យយោបល់ថា រឿងនេះអាចនឹងទទួលយកបាន។
លោកនិយាយថាដំណើរការនេះអាចអូសបន្លាយពេលពីបួនទៅប្រាំខែ (លើសពេលកំណត់ក្នុងរដ្ឋធម្មនុញ្ញ) ប៉ុន្តែវាមិនងាយដូច្នេះទេ។ លោកបាននិយាយថា រឿងសំខាន់គឺត្រូវរៀបចំការបោះឆ្នោតឲ្យបានល្អ ដើម្បីជៀសវាងកុំឲ្យប្រធានាធិបតី Kabila ទទួលបានអាណត្តិទីបី និងត្រូវដោះស្រាយបញ្ហាប្រជាធិបតេយ្យរបស់ប្រទេស។
ក្រុមអ្នកនាំពាក្យរបស់បក្សសម័្ពន្ធដែលកំពុងកាន់អំណាច និងក្រុមអ្នកនាំពាក្យគណបក្សប្រឆាំង បាននិយាយថាគណៈកម្មការកិច្ចពិភាក្សា នឹងសម្រេចថាតើបញ្ជីឈ្មោះអ្នកបោះឆ្នោត គួរតែត្រូវធ្វើបច្ចុប្បន្នភាពដោយរបៀបណា។
ប្រែសម្រួលដោយ សើ សាយ្យាណា