ភ្លើង​ឆេះ​ព្រៃ​នៅ​សហរដ្ឋ​អាមេរិក​ធ្វើ​ឲ្យ​មនុស្ស​យ៉ាង​តិច ៤០ នាក់​ស្លាប់​និង​មាន​​ការ​បំផ្លិច​បំផ្លាញ​កើន​ឡើង

ក្រុម​ពន្លត់​អគ្គិភ័យ​កំពុង​ពន្លត់ភ្លើង​ឆេះ​ព្រៃ​នៅ​ក្នុង​ទីក្រុង Santa Rosa រដ្ឋកាលីហ្វ័រញ៉ាកាលពី​ថ្ងៃទី​១៤ តុលា ២០១៧។

ភ្លើង​ឆេះ​ព្រៃ​នៅ​តំបន់​ជនបទ​ដ៏​ល្បី​ឈ្មោះ​ខាង​ផលិត​ស្រា​ក្នុង​រដ្ឋ California សហរដ្ឋ​អាមេរិក កំពុងតែ​រីក​រាលដាល​បន្ថែម​ទៀត បន្ទាប់ពី​បាន​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ​ដ៏​សាហាវ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​ភ្លើង​ឆេះ​ព្រៃ​របស់​រដ្ឋ California។

គិត​ត្រឹម​ថ្ងៃ​សៅរ៍​ម្សិលមិញ ចំនួន​អ្នក​ស្លាប់​បាន​កើន​ដល់​យ៉ាង​តិច ៤០ នាក់ ដែល​ក្នុង​នោះ​យ៉ាង​ហោច​ណាស់​មាន​មនុស្ស ១៦ នាក់​បាន​ស្លាប់​ដោយសារ​ភ្លើង​ឆេះ។ ផ្នែក​មួយ​នៃ​តំបន់​ដែល​ឆាបឆេះ​ដោយ​អគ្គិភ័យ​នេះ​បាន​រីក​រាលដាល​រហូត​ដល់​ទំហំ ១៦០ គីឡូម៉ែត្រ​ការ៉េ ដោយ​បាន​បំផ្លាញ​ផ្ទះ​សម្បែង និង​កន្លែង​អាជីវកម្ម​នានា​ប្រហែល ៥ ពាន់ ៧ រយ​ខ្នង។ មនុស្ស​ប្រហែល ១ សែន​នាក់ បាន​ជម្លៀស​ចេញ​ពី​ផ្ទះ​សម្បែង​របស់​ខ្លួន។

កាល​ពី​យប់​ថ្ងៃ​សុក្រ​ឈាន​ចូល​ថ្ងៃ​សៅរ៍​ម្សិលមិញ អណ្ដាត​ភ្លើង​បាន​ឆាបឆេះ​រហូត​ដល់​ក្រុង Sonoma ដោយ​បាន​បង្ខំ​ឲ្យ​មនុស្ស​ចំនួន ៤ រយ​គ្រួសារ​ក្នុង​ចំណោម​ពលរដ្ឋ​សរុប​ចំនួន ១ ម៉ឺន ១ ពាន់​នាក់​នៅ​ក្នុង​ក្រុង​នេះ ជម្លៀស​ចេញ​ពី​ផ្ទះ​សម្បែង។ ក្រុង Santa Rosa ដែល​នៅ​ក្បែរ​នោះ​ក៏​មាន​មនុស្ស​ជា​ច្រើន​ជម្លៀស​ខ្លួន​ចេញ​ពី​ផ្ទះ​សម្បែង​ផង​ដែរ។

ខ្យល់ Santa Ana ដែល​ជា​ខ្យល់​ខ្លាំង​និង​ស្ងួត​បោក​បក់​មក​ពី​តំបន់​ភ្នំ​នៅ​រាល់​ចុង​រដូវ​ក្ដៅ និង​ដើម​រដូវ​ស្លឹកឈើ​ជ្រុះ បាន​បង្ក​នូវ​លក្ខខណ្ឌ​ឲ្យ​ភ្លើង​រីក​រាលដាល​យ៉ាង​ងាយ​ស្រួល។ ខ្យល់​ខ្លះ​មាន​ល្បឿន​រហូត​ដល់ ៦៤ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​ឯ​ណោះ។

មនុស្ស​ជាង ៩ ពាន់​នាក់​កំពុង​ព្យាយាម​ពន្លត់​ភ្លើង​ឆេះ​ព្រៃ​នេះ ដែល​ក្នុង​នោះ​មាន​ទាំង​អ្នក​ពន្លត់​អគ្គិភ័យ​នៅ​ក្នុង​រដ្ឋ California និង​អ្នក​ស្ម័គ្រចិត្ត​រាប់​ពាន់​នាក់​ទៀត៕