សហគមន៍​ខេត្ត​ស្ទឹងត្រែង​មិន​ពេញ​ចិត្ត​នឹង​សំណង​ពី​​ការ​ប៉ះពាល់​ដោយ​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​២

រូប​ឯកសារ៖ ការ​តវ៉ា​កន្លង​មក​​របស់​ប្រជាជន​ប្រឆាំង​នឹង​ទំនប់​វារី​អគ្គិសនី​សេសាន​ក្រោម​២។

​គម្រោង​វារីអគ្គិសនី​នេះ​ដំណើរការ​បាន​៤០%​ និង​បាន​បង្ក​ឲ្យ​មាន​ការ​ផ្លាស់​ប្តូរ​ទីលំនៅ​របស់​ប្រជា​សហគមន៍​ប្រមាណ​ជិត​១​ពាន់​គ្រួសារ​​។

អ្នក​តំណាង​សហគមន៍​ដែល​រង​ផល​ប៉ះពាល់​ពី​ការ​សាងសង់​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម២​ លើ​កឡើង​ថា​ សំណង​ដែល​រាជ​រដ្ឋាភិបាល​ផ្តល់​ឲ្យ​ជា​ថ្នូរ​នឹង​ការ​ផ្លាស់ប្តូរ​ទីតាំង​ថ្មី​នោះ​មិន​ទាន់​គ្រប់​គ្រាន់​សម្រាប់​ប្រជា​សហគមន៍ចាប់ផ្តើម​ជីវភាពជា​ថ្មី​នោះ​ទេ។​

នៅ​ក្នុង​វេទិកា​សាធារណៈ​ស្តី​ពី​គម្រោង​អភិវឌ្ឍន៍​ទំនប់វារីអគ្គិសនី​សេសាន​ក្រោម២៖​ គោល​នយោបាយ​សំណង​ និង​តម្លៃ​ទ្រព្យ​តាម​ទីផ្សារ​ នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ​ លោក​ ស្រី​ លីបិ​ តំណាង​សហគមន៍​បាន​ស្នើ​សុំ​ឲ្យ​មាន​ការ​ផ្តល់​សំណង​ឲ្យ​បាន​សមស្រប ​រាប់បញ្ចូលទាំង​តម្លៃ​ជីវភាព​រស់​នៅ​ តម្លៃ​ទិន្នផល​កសិកម្ម​ និង​តម្លៃ​អចលនទ្រព្យ​ផ្សេងៗ។​

«យើង​ខ្ញុំ​មិន​មែន​ជា​អ្នក​ប្រឆាំង​ដាច់ខាត​មិន​ឲ្យ​រាជ​រដ្ឋាភិបាល​សាងសង់​នោះ​ទេ ​ប៉ុន្តែ​សូម​ឲ្យ​រាជ​រដ្ឋាភិបាល​ និង​អាជ្ញាធរទុក​ឱកាស​ឲ្យ​ប្រជា​សហគមន៍មាន​សិទ្ធិ​ទាម​ទារ​នូវ​តម្លៃ​សម្ភារៈ​ អចលន​ទ្រព្យ​របស់​យើង​ខ្ញុំ។​ ​ ដោយឡែក​ ផល​ដំណាំ​ ផល​ប៉ះពាល់ ​យើង​ខ្ញុំសូម​ទទូចសុំ​ទុក​ឱកាស​ឲ្យ​ខ្ញុំ​បាន​និយាយ​ជាមួយ​ក្រុម​ហ៊ុន​ដើម្បី​ទាមទារ​តម្លៃ​សមស្រប»។​

តំណាង​សហគមន៍​ដដែលនេះ​លើកឡើង​ថា​ ប្រជា​សហគមន៍​ទាំង​អស់​រស់​នៅ​ដោយ​ពឹង​ផ្អែក​លើ​អាជីវកម្ម​ ការ​ចិញ្ចឹម​សត្វ​ និង​ការ​ធ្វើ​កសិកម្ម​ ដែល​ទាំង​អស់​នេះអាច​នឹង​ត្រូវ​បាត់​បង់ ​បន្ទាប់​ពី​ការ​ផ្លាស់​ប្តូរ​លំនៅថ្មី​នោះ។

«ការ​ផ្លាស់​ប្តូរ​ពី​លំនៅដ្ឋានចាស់​ទៅ​លំនៅដ្ឋានថ្មី​មួយ​ចំនួន​ត្រូវ​បាត់បង់​ជីវភាព​ប្រចាំ​ថ្ងៃ​ក្នុង​ការ​រក​បាន​ចំណូល។ ​បើ​អត់​ទាំង​អស់​នេះ​ហើយ​គឺ​ថា​ ជីវភាព​គឺ​អាច​ថម​ថយ។​ អ្នក​នៅភូមិ​ថ្មី​ ដែល​សុខ​ចិត្ត​ទទួល​សំណង​ ​បាន​ទៅ​ដល់​កន្លែង​នោះ​អត់​បាន​ធ្វើ​ចម្ការទេ​ក្នុង​ឆ្នាំ​នេះ»។

ខណៈ​ពេល​ដែល​គម្រោង​វារីអគ្គិសនី​នេះ​ដំណើរការ​បាន​៤០%​ និង​បាន​បង្ក​ឲ្យ​មាន​ការ​ផ្លាស់​ប្តូរ​ទីលំនៅ​របស់​ប្រជា​សហគមន៍​ប្រមាណ​ជិត​១​ពាន់​គ្រួសារនោះ​ មាន​ប្រជាជន​មួយ​ចំនួន​ព្រម​ទទួល​យក​សំណង ​រួច​ផ្លាស់ប្តូរ​លំនៅមួយ​ចំនួន​មិន​ទាន់​ពេញ​ចិត្ត​នឹង​សំណង​ដែល​ផ្តល់​ដោយ​រដ្ឋាភិបាល ​និង​មួយ​ចំនួន​ទៀត​បដិសេធ​មិន​ផ្លាស់​ប្តូរ​ទី​លំនៅ។

ថ្លែង​នៅ​ក្នុង​សិក្ខា​សាលា​ផ្សព្វផ្សាយ​របាយការណ៍​អង្កេត​គោល​នយោបាយ​សំណង​នៃ​គម្រោង​ទំនប់​វារី​អគ្គិសនី​សេសាន​ក្រោម​២​នោះ​ ​លោក ​កែម ឡី ​ជា​អ្នក​សិក្សា​ស្រាវ​ជ្រាវ​សង្គម​ និង​ជា​អ្នក​សរសេរ​របាយ​ការណ៍​នេះ​ឲ្យដឹង​ថា​ ក្រៅ​ពី​សំណង​ចំពោះ​តម្លៃ​អចលន​ទ្រព្យ​ដែល​អាច​មើល​ឃើញ​ច្បាស់​នឹង​ភ្នែក​ហើយ​នោះ ​ក៏​នៅ​មានការ​ខាត​បង់​ជាអរូបិយ​ខ្លះ​ទៀត​ផង​ដែរ​ ដែល​រដ្ឋាភិបាល​មិន​គួរ​មើល​រំលង។​

«គាត់​ត្រូវ​ការ​រើ​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ​ គាត់ត្រូវ​ការ​ចំណាយ​ជា​លក្ខណៈគ្រួសារ​អស់ពី​៥០០$​ទៅ​១.០០០$​អី​ដែរ។​ ​តើ​សំណង​បាន​គិត​អាហ្នឹង​ឬ​អត់​ក្រៅពី​តម្លៃ​អចលន​ទ្រព្យ​របស់​ពួក​គាត់? តម្លៃ​មួយ​ទៀត ​នៅ​ពេល​គាត់​រើ​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ​ មិន​ងាយ​មាន​ម៉ូយទេ។ ​ដើម្បី​ឲ្យ​ជីវភាព​របស់​ពួក​គាត់​ សមរម្យ​ហើយ​ធម្មតា​ឡើង​វិញ​ វា​ប្រើ​រយៈ​ពេល​ពី​៦​ខែ​ទៅ​មួយ​ឆ្នាំ»។​

លោក​កែម ឡីបានបន្ថែម​ថា ប្រទេស​អភិវឌ្ឍន៍​ខ្លះ​បាន​ប្រើប្រាស់​ថាមពល​ផ្សេងៗ​ ដូចជា​ថាមពល​ព្រះ​អាទិត្យ ​និង​ថាមពល​ជីវឧស្ម័ន​ជំនួសការ​សាងសង់​ទំនប់​វារី​អគ្គិសនី​ ដែល​ប៉ះពាល់​ដល់​បរិស្ថាន​ និង​ការ​រស់​នៅ​របស់មនុស្ស។​

លោក ​អ៊ិត ប្រាំង​ រដ្ឋ​លេខាធិការ​ក្រសួង​រ៉ែ និង​ថាមពលបាន​ឲ្យដឹង​ថា​ មក​ទល់​ពេល​នេះ​មាន​ប្រជា​សហគមន៍​ចំនួន​ប្រមាណ​៦០%​ព្រម​ទទួល​យក​សំណង​ និង​ផ្លាស់ប្តូរ​លំនៅដ្ឋានទៅ​កន្លែង​ថ្មី​តាម​ការ​រៀបចំ​របស់​រដ្ឋាភិបាល។​ លោក​បញ្ជាក់​ថា​ ដើម្បី​ឆ្លើយតប​ទៅ​នឹង​ផល​ប៉ះពាល់​ចំពោះ​ប្រជាជន​ រដ្ឋាភិបាល​បាន​នឹង​កំពុង​សាងសង់​ភូមិ ​ឃុំ​ថ្មី​សម្រាប់​ប្រជាជន​តាំង​លំនៅ។​

«ការ​ដោះស្រាយ​ផល​ប៉ះពាល់​ក៏​បាន​ដោះស្រាយ​មួយ​ចំនួន​ធំ​ហើយ។​ មាន​ឃុំ​៦​ដែល​ទទួល​រង​នូវ​ការ​ប៉ះពាល់។​ នៅ​ពេល​បើក​ទំនប់​ទៅ​ វាលិច​ហើយ។ ​ចឹង​ហើយ​បាន​ត្រូវ​រៀបចំ​រើ​ភូមិ ហើយ​សាងសង់​ភូមិថ្មី​នៅ​តាម​ផ្លូវ​ជាតិ​លេខ​៧៨»។​

ទំនប់​វារី​អគ្គិសនី​សេសាន​ក្រោម​២​គឺ​ជា​គម្រោង​អភិវឌ្ឍន៍​ដ៏​ធំ​ជាង​គេ​ដំបូង​បង្អស់​ នៅ​ក្នុង​ប្រទេស​កម្ពុជា​ ដែល​ស្ថិត​នៅ​តាម​ដង​ទន្លេ​សេសាន​ ក្នុង​ខេត្ត​ស្ទឹងត្រែង​ ដែល​មាន​កម្ពស់​៧៥​ម៉ែត​ និង​មាន​បណ្តោយ​លាត​សន្ធឹង​៦​គីឡូម៉ែត។​

ទំនប់​វារី​អគ្គិសនី​នេះ​អាច​ផលិត​ថាមពល​អគ្គិសនី​បាន​ចំនួន​៤០០​ មេហ្គាវ៉ាត់​និងគ្រោង​ចំណាយ​អត់​ប្រមាណ​៨០០​លាន​ដុល្លារសហ​រដ្ឋ​អាមេរិក។​ ទំនប់​នេះ​ត្រូវ​បាន​អនុម័ត​ដោយ​រដ្ឋាភិបាល​កម្ពុជា​នៅ​ចុង​ឆ្នាំ​២០១២ ​និង​ចាប់​ផ្តើម​ការ​សាងសង់​នៅ​ដើម​ឆ្នាំ​២០១៤៕