​រដ្ឋាភិបាល​ស៊ីប​គ្រោង​នឹង​ដក​សញ្ជាតិ​វិញ​ពី​ជន​បរទេស​ដែល​រួម​មាន​ខ្មែរ​៨​​នាក់​

រូបឯកសារ៖ រូបថតបង្ហាញលិខិតឆ្លងដែនប្រកាស​ស៊ើប​ (Cyprus)

កន្លង​ទៅ សារព័ត៌មាន​ Reuters បាន​រក​ឃើញ​ថា​ ក្មួយ​ស្រី​របស់​លោក ​ហ៊ុន​ សែន​ គឺ​ លោក​ស្រី​ ហ៊ុន គីមឡេង ​បាន​ទទួល​សញ្ជាតិ​ស៊ីប​ ហើយ​ស្វាមី​របស់​លោកស្រី គឺ​លោក​ឧត្ដមសេនីយ៍ ​នេត សាវឿន​ អគ្គស្នងការ​នគរបាល​ជាតិ ​ព្រម​ទាំង​កូន​ស្រី​កំពុង​ស្នើសុំ​សញ្ជាតិ​នេះ​ដែរ។

រដ្ឋាភិបាល​ប្រទេស​ស៊ីប (Cyprus) ​គ្រោង​នឹង​ដក​សញ្ជាតិ​វិញ​ពី​បុគ្គល​ចំនួន​២៦​នាក់​ដែល​ទទួល​បាន​សញ្ជាតិ​ពី​កម្មវិធី​វិនិយោគ​យក​សញ្ជាតិ ដែល​ក្នុង​នោះ​មាន​សែស្រឡាយ​ និង​មន្ត្រី​ស្និទ្ធិ​នឹង​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​ ចំនួន​៨នាក់​ផង​ដែរ​បន្ទាប់​ពីមានការ​ស៊ើប​អង្កេត​របស់​រដ្ឋាភិបាល​នេះ​ ដែល​កើត​ឡើង​ក្រោយ​ពី​ការ​ស៊ើប​អង្កេតរបស់​សារព័ត៌មាន ​Reuters។

ក្នុង​ការ​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃទី​១៦ ខែ​តុលា ទីភ្នាក់ងារ​សារព័ត៌មាន​ Reuters បាន​រក​ឃើញ​ថា​សែស្រឡាយ មន្ត្រីជាន់​ខ្ពស់ និង​អ្នក​ជំនួញ​ដែល​ស្និទ្ធ​នឹង​លោក​នាយករដ្ឋមន្ត្រី ​ហ៊ុន ​សែន​ មាន​ទ្រព្យ​សម្បត្តិ​ដែល​មាន​តម្លៃ​រាប់​សិប​លាន​ដុល្លារ​អាមេរិក​នៅ​ក្នុង​ប្រទេស​ដែល​ជា​សមាជិក​សហគមន៍​អឺរ៉ុប។

រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​របស់​ប្រទេស​ស៊ីប ​លោក​ Constantinos Petrides ​ត្រូវ​បាន​ដក​ស្រង់​សម្ដី​ដោយ​ទី​ភ្នាក់ងារ​សារព័ត៌មាន​ Reuters​ ថា៖ «ទីស្តី​ការ​គណ:រដ្ឋមន្ត្រី​នៅ​ថ្ងៃ​នេះ​ បាន​បញ្ជាក់​អំពី​ឆន្ទ:របស់​រដ្ឋាភិបាល​អំពី​ការ​ប្រកាន់​ខ្ជាប់​យ៉ាង​តឹង​រ៉ឹង​នូវ​លក្ខន្តិកៈ​របស់​កម្មវិធី​វិនិយោគ​នៃ​ប្រទេសស៊ីប»។

លោក​បាន​ថ្លែង​បែប​នេះ​ទៅ​កាន់​អ្នក​សារព័ត៌មាន​នៅ​ថ្ងៃ​ពុធ បន្ទាប់​ពី​កិច្ច​ប្រជុំ​គណៈរដ្ឋមន្ត្រី​រយៈ​ពេល​៤​ម៉ោង។

លោក Petrides និយាយ​ថា៖ «ប្រសិន​បើ​មាន​ករណី​វិនិយោគ​ចំនួន​៩ ដែល​ជាប់​ពាក់​ព័ន្ធ​នឹង​មនុស្ស​២៦​នាក់ ក្នុង​ចំណោម​ពាក្យ​សុំ​៤.០០០ នោះ វាអាច​ទៅ​រួច​ដែល​មាន​ករណី​ខ្លះ​មាន​បញ្ហា​[មិន​មាន​ភាព​ប្រក្រតី]​ ប្រសិន​បើ​ការ​ត្រួត​ពិនិត្យ​មិន​តឹងតែង​នោះ។ ពេល​នោះ​ពិត​ជា​មាន​កំហុស​នៃ​ការ​ធូរ​រលុង​បាន​កើត​ឡើង។ វា​ពិត​ជា​កំហុស​ដែល​យើង​មិន​មាន​លក្ខខណ្ឌ​មួយ​ចំនួន ដូច​ជាលក្ខខណ្ឌ​សម្រាប់​ជន​ដែល​មាន​ហានិភ័យខ្ពស់»។

ទោះជា​យ៉ាងណា​ នៅ​ក្នុង​របាយការណ៍​របស់​សារព័ត៌មាន ​Reuters​ លោក​រដ្ឋមន្ត្រីមិន​បាន​បញ្ចេញ​ថា​ជនជាតិ​ណា​ ឬ​អត្តសញ្ញាណ​របស់​ជនជាតិណា​ដែល​ត្រូវ​ប៉ះពាល់​នោះ​ទេ​ ប៉ុន្តែ​លោក​ថា ​អ្នក​ដែល​ត្រូវ​បាន​លើក​ឡើង​ក្នុង​សារព័ត៌មាន​ នឹង​ប្រឈម​នឹង​ការ​ដក​សញ្ជាតិ។ នេះ​បើ​តា​ម​ការ​បញ្ជាក់​របស់ ​Reuters។

លោក​ ព្រាប ​កុល ​នាយក​ប្រតិបត្តិ​នៃ​អង្គការ​តម្លាភាព​កម្ពុជា​បាន​ថ្លែង​ថា ​ប្រទេស​ដែល​ផ្តល់​សញ្ជាតិ​គួរ​ពិនិត្យ​ឲ្យ​បាន​ម៉ត់ចត់​ទៅ​លើ​ប្រភព​ថវិកា​របស់​បុគ្គល​ដែល​សុំ​សញ្ជាតិ​ ដើម្បី​ធានា​ថា​ប្រភព​លុយ​ទាំង​នោះ​ស្រប​ច្បាប់​ មិន​ពាក់ព័ន្ធ​នឹង​អំពើ​ពុក​រលួយ​និង​មិនមែន​ជា​ការ​លាង​លុយ​កខ្វក់។

លោក​បាន​ថ្លែង​ថា៖ «ខ្ញុំ​គិត​ថា ​វា​ជា​រឿង​ត្រឹមត្រូវ​ដែល​ម្ចាស់​ប្រទេស​ មុន​នឹង​ផ្តល់​សញ្ជាតិ​ត្រូវ​ការ​ត្រួតពិនិត្យ​ ស៊ើប​អង្កេត​ ដើម្បី​បាន​ដឹង​អំពី​ប្រភព​ថវិកា​គ្រប់​ជនជាតិ​ គ្រប់​បុគ្គល​ដែល​ទៅ​សុំ​សញ្ជាតិ​របស់​ខ្លួន»។

លោក Phil Robertson អនុប្រធាន​ប្រចាំ​តំបន់​អាស៊ាននៃ​អង្គការ​សិទ្ធិ​មនុស្ស Human Rights Watch និយាយ​ថា៖ «ពលរដ្ឋ​កម្ពុជា​ត្រូវ​សួរ​សំណួរ​ខ្លាំងៗ​អំពី​ថា ​តើ​ហេតុ​អ្វី​ទើបអគ្គស្នងការ​នគរបាលជាតិ និង​សែស្រឡាយ​លោក​ ហ៊ុន សែន អាច​មាន​លុយចំនួន​ដ៏​ច្រើន​បែប​នេះ រហូត​អាច​ទិញ​សញ្ជាតិ​នៅ​ក្រៅ​ប្រទេស​បាន»។

លោកបន្ថែមថា៖ ​«ការណ៍​មាន​សញ្ជាតិ​បរទេស​ក៏​មាន​សារៈសំខាន់​ផង​ដែរ​នៅ​ក្នុង​ស្ថានភាព​អាសន្ន ប្រសិន​បើ​ពួក​គេ​ត្រូវ​រត់​គេច​ចេញ​ពី​ប្រទេស​កម្ពុជា​ដោយ​មូលហេតុ​ណា​មួយ។ គំនិត​ដែល​ថា​ពួក​គេ​ត្រូវការ​និងចង់​បាន​សញ្ជាតិ​បរទេស​ គួរ​តែ​នាំ​ឲ្យ​មាន​ចម្ងល់​អំពី​ចេតនា​របស់​ពួក​គេ​នៅ​ប្រទេស​កម្ពុជា​វិញ»។

សារព័ត៌មាន ​Reuters បាន​បញ្ជាក់​ថា​ តាម​ប្រភព​ព័ត៌មាន​ដែល​ពួកគេទទួល​បាន​ ក្រុម​មនុស្ស​ទាំង​២៦នាក់​នោះ ​រួមមាន​ជនជាតិ​រុស្ស៊ី​ចំនួន​៩នាក់ ខ្មែរ​៨នាក់ ចិន​៥នាក់ កេនយ៉ា២នាក់​ ម៉ាឡេស៊ី​១នាក់ និង​អ៊ីរ៉ង់១នាក់។

កន្លង​ទៅ សារព័ត៌មាន​ Reuters បាន​រក​ឃើញ​ថា​ ក្មួយ​ស្រី​របស់​លោក ​ហ៊ុន​ សែន​ គឺ​ លោក​ស្រី​ ហ៊ុន គីមឡេង ​បាន​ទទួល​សញ្ជាតិ​ស៊ីប​ ហើយ​ស្វាមី​របស់​លោកស្រី គឺ​លោក​ឧត្ដមសេនីយ៍ ​នេត សាវឿន​ អគ្គស្នងការ​នគរបាល​ជាតិ ​ព្រម​ទាំង​កូន​ស្រី​កំពុង​ស្នើសុំ​សញ្ជាតិ​នេះ​ដែរ។

រូប​ថតពី​គេហទំព័រ​ក្រុមហ៊ុន​ប្រឹក្សា​ផ្នែក​ច្បាប់ ​ឈ្មោះ HML Law Group កាល​ពី​ថ្ងៃ​ទី​៧ ខែ​វិច្ឆិកា ឆ្នាំ​២០១៩ បង្ហាញ​ពី​លោកស្រី​ ហ៊ុន គីមឡេង គឺ​ជា​ប្រធាន​និង​ស្ថាបនិក​នៃ​ក្រុមហ៊ុន​ប្រឹក្សា​ច្បាប់​នេះ។

ដោយ​ឡែក​លោក​ឧកញ៉ា ​ឡៅ ​ម៉េងឃីន ​ព្រឹទ្ធ​សមាជិក​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ និង​ជា​អ្នក​ជំនួញ​ដ៏​ល្បី​ឈ្មោះ​មួយ​រូប និង​ភរិយា​របស់​លោក​ ដែល​ស្និទ្ធ​ជាមួយ​គ្រួសារ​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន ក៏​បាន​ទទួល​សញ្ជាតិ​ពី​សាធារណរដ្ឋ​ស៊ីប​នេះ​ផង​ដែរ។ រីឯ រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ​លោក ​អូន ​ព័ន្ធមុនីរ័ត្ន​ និង​ភរិយា​របស់​លោក ក៏កំពុង​ស្នើ​សុំ​សញ្ជាតិ​ពី​ប្រទេស​ស៊ីប​ផង​ដែរ។

ក្រោយ​ការ​ចុះ​ផ្សាយការ​រក​ឃើញ​នេះ គណបក្ស​ប្រឆាំង​នៅ​ប្រទេស​ស៊ីប​ បាន​អំពាវនាវ​ឲ្យ​មាន​ការ​ពន្យល់​ពី​រដ្ឋាភិបាល​ទៅ​លើ​ការ​ផ្ដល់​សញ្ជាតិ​ដល់​សាច់ញាតិ​ និង​មន្ត្រី​ស្និទ្ធ​ជាមួយ​លោក​នាយករដ្ឋមន្ត្រី​ខ្មែរ​នេះ។ ការ​ស៊ើបអង្កេត​មួយ​បាន​ចាប់​ផ្តើម។

លោក ផៃ ស៊ីផាន អ្នក​នាំ​ពាក្យ​របស់​រដ្ឋាភិបាល បានថ្លែង​ប្រាប់​ VOA ថា ​រដ្ឋាភិបាល​ស៊ីប ​មាន​យន្តការ​ច្បាស់​លាស់​ក្នុង​ការ​ផ្ដល់​សញ្ជាតិ​ឲ្យ​ទៅ​ឲ្យ​ជនបរទេស។ ប៉ុន្តែ​លោក​ថា ​នេះ​ជា​រឿង​ឯកជន​សុទ្ធសាធ​ ហើយ​វិធានការ​របស់​រដ្ឋាភិបាល​ស៊ីប ជា​រឿង​អធិបតេយ្យ​របស់​ពួក​គេ។

លោក​បាន​ថ្លែង​ប្រាប់ VOA នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា៖ «កម្ពុជា​យើង​មើល​ឃើញ​ថា យើង​គ្មាន​ច្បាប់​ណា​ទៅ​ហាមឃាត់​ប្រជាពលរដ្ឋ​កម្ពុជា​ទៅ​បណ្តាក់​ទុន​នៅ​ខាង​ក្រៅ ឬ​សុំ​សញ្ជាតិ​នៅ​ខាង​ក្រៅ​នោះ​ទេ។ យើង​អត់​មាន​គោលការណ៍​ហ្នឹង​ទេ»។

លោក ផៃ ស៊ីផាន ក៏​បាន​ច្រានចោល​ការ​លើក​ឡើង​ថា ការ​រក​សញ្ជាតិ​បរទេស​នេះ​ ដើម្បី​ងាយ​ស្រួល​ចេញ​ពី​ប្រទេស​កម្ពុជា នៅ​ពេល​ណា​មួយ។

លោក​មាន​ប្រសាសន៍​ថា៖ «ហើយ​អ្នក​ទៅ​រក​សញ្ជាតិ​ក្រៅ​ មិនមែន​មាន​ន័យ​ថា ចង់​រត់​ចោល​ស្រុក​នោះ​ទេ»។

លោក ផៃ​ ស៊ីផាន បាន​បន្ត​ថា​ លោក​កំពុង​ពិនិត្យ​មើល​ការ​ស៊ើប​អង្កេត​របស់ ​Reuters ថា​ពិត​ឬ​យ៉ាងណា។ ប៉ុន្តែ​លោក​ថា​ បើ​រក​ឃើញ​ថា​មាន​សញ្ជាតិ​ពីរ វា​ជា​រឿង​ធម្មតា​ ដែល​អ្នក​វិនិយោគ​ទុន​ទទួល​បាន​សញ្ជាតិ​បរទេស។

ទីភ្នាក់ងារ​ព័ត៌មាន​ Reuters ​បាន​រក​ឃើញថា លោកស្រី ហ៊ុន គីមឡេង បាន​ទិញ​ផ្ទះ​ល្វែង​មួយ​នៅ​កណ្ដាល​ទីក្រុង​ឡុងដ៍ ប្រទេស​អង់គ្លេស កាល​ពី​ឆ្នាំ​២០១០ ក្នុង​តម្លៃ​ប្រហែល​ ២,៥លាន​ដុល្លារ​អាមេរិក ដែល​រហូត​មក​ដល់​ឥឡូវ​អាច​មាន​តម្លៃ​ប្រហែល​ ៤,៥​លាន​ដុល្លារ​អាមេរិក។ លោកស្រី​ក៏​មាន​ផ្ទះ​ល្វែង​តម្លៃ​រាប់​លាន​ដុល្លារ​ផ្សេង​ទៀត​នៅ​ប្រទេស​សិង្ហបុរី​ផង​ដែរ។

ជាង​នេះ​ទៀត​កូនស្រី​ច្បង​របស់​លោកស្រី ឈ្មោះ នេត ធីតាវិឈុណា ដែល​មាន​អាយុ​២៦​ឆ្នាំ ក៏​មាន​ផ្ទះ​ល្វែង​តម្លៃ​ប្រហែល​៧​លាន​ដុល្លារ នៅ​ក្បែរ​ផ្ទះ​លោកស្រី​ផង​ដែរ​នៅ​ក្នុង​ទីក្រុង​ឡុងដ៍។

VOA​ មិន​អាច​សុំ​ការ​ឆ្លើយតប​ពី​លោកស្រី ហ៊ុន គីមឡេង និង​ស្វាមី​របស់​លោកស្រី គឺ​លោក នេត សាវឿន បាន​នៅ​ឡើយ​ទេ។

រូប​ឯកសារ៖ លោកនាយឧត្ដមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ មានវត្តមានក្នុង មហាសន្និបាតប្រចាំឆ្នាំរបស់នគរបាលជាតិ ក្នុងបរិវេណក្រសួងមហាផ្ទៃ រាជធានីភ្នំពេញ កាលពីថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០១៨។ (អូន ឆេងប៉រ/VOA)

VOA ក៏​មិន​អាច​សុំ​ការ​ឆ្លើយ​តប​ពី​លោក ឡៅ ម៉េងឃីន និងលោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច បាន​នៅ​ឡើយ​ទេ ទាក់​ទង​នឹង​ការ​ស៊ើប​អង្កេត​លើ​ការ​ស្នើសុំ ​និង​ទទួល​បាន​សញ្ជាតិ​ស៊ីប​នេះ។

លោកស្រី​ ហ៊ុន គីមឡេង គឺ​ជា​កូនស្រី​របស់​បង​ប្រុស​លោក ហ៊ុន សែន គឺ​លោក ហ៊ុន ណេង ដែល​ជា​តំណាងរាស្ត្រ និង​ជា​អតីត​អភិបាល​ខេត្ត​កំពង់ចាម។ លោកស្រី​ទទួល​បាន​សញ្ជាតិ​ស៊ីប នៅ​ឆ្នាំ​២០១៦។​

តាម​ឯកសារ​នានា​ដែល​ VOA បាន​រក​ឃើញ​ លោកស្រី​ ហ៊ុន គីមឡេង គឺ​ជា​ប្រធាន និង​ស្ថាបនិក​នៃ​ក្រុមហ៊ុន​ប្រឹក្សា​ផ្នែក​ច្បាប់ ​ឈ្មោះ HML Law Group ដែល​កន្លង​ទៅ​មាន​អតិថិជន​នៃ​ក្រុមហ៊ុន​ធំៗ​នៅ​កម្ពុជា រួម​មាន NagaCorp ដែល​គ្រប់គ្រង​កាស៊ីណូ ណាហ្គាវើល​នៅ​ភ្នំពេញ តំបន់​សេដ្ឋកិច្ច​ពិសេស Manhattan នៅ​ក្នុង​ខេត្ត​ស្វាយ​រៀង ធនាគារ​ស្ថាបនា ធនាគារ RHB Indochina ក្រុមហ៊ុន​អាកាសចរណ៍​ Bassaka Air Limited និង​សាលា ​International School of Phnom Penh។

សាធារណរដ្ឋ​ស៊ីប ​គឺជា​ប្រទេស​ដែន​កោះ​មួយ​ដែល​ប្រជា​ពលរដ្ឋ​ក្នុង​ប្រទេស​នេះ​មាន​ស្តង់ដា​រស់​នៅ​ក្នុង​កម្រិត​ខ្ពស់​ខ្លាំង ហើយ​ស្ថិត​នៅ​តំបន់សមុទ្រ​មេឌីទែរ៉ាណេ​ខាង​កើត ​ជាប់​នឹង​ប្រទេស​ក្រិក តួកគី និង​អេហ្ស៊ីប។

ប្រទេស​ស៊ីប​បានបើក​ឲ្យ​មាន​ការ​ទទួល​បាន​សញ្ជាតិ​តាម​រយ:​គម្រោង​វិនិយោគ​ តាំងពី​ឆ្នាំ​២០១៣ ក្រោម​ការ​វិនិយោគ​ទឹក​ប្រាក់​ប្រមាណ​២,២លាន​ដុល្លារ​អាមេរិក។ បើ​តាម​សារព័ត៌មាន​Reuters រហូត​មក​ដល់​ពេល​នេះ​មាន​ការ​ដាក់​ពាក្យក្នុង​កម្មវិធី​នេះ​ចំនួន​ជិត​៤.០០០។

លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន​ សែន ធ្លាប់​បាន​រិះគន់​អ្នក​នយោបាយ​កម្ពុជា​ដែល​មាន​សញ្ជាតិ​ពីរ​ថា​ជា​អ្នក​ដែល​ងាយរត់​គេច​ពី​ប្រទេស​កម្ពុជា​ នៅ​ពេលដែល​មាន​បញ្ហា​ក្នុង​ប្រទេស៕