ការបន្តកាប់ឈើនៅកម្ពុជាធ្វើឲ្យមានបញ្ហាប្រឈមសម្រាប់​ការអភិរក្ស

រូបឯកសារ៖ អ្នក​អភិរក្ស​ព្រៃ​ឈើ​ម្នាក់​ឈរ​នៅ​ជិត​ឈើ​ប្រណិត​ដែល​ត្រូវ​បាន​កាប់​ផ្តួល​ដោយ​ខុស​ច្បាប់​នៅ​ក្នុង​តំបន់​អភរិក្ស ភ្នំត្នោត ក្នុង​ខេត្ត​ព្រះវិហារ កាល​ពី​ខែ​មេសា ២០១៨។

ឈើ​ម្រះ​ព្រៅ​កម្ពុជា​បាន​គង់វង្ស​រាប់​រយ​ឆ្នាំ​មក​ហើយ ​នៅ​ប្រទេស​កម្ពុជា​ ​ប៉ុន្តែ​នៅ​ទីបំផុត​ដោយ​សារ​ឈើ​នេះ​មាន​តម្លៃ​ខ្ពស់​បាន​ធ្វើ​ឲ្យ​វា​នេះ​លំបាក​ទប់​ទល់​នឹង​ជន​ល្មើស​កាប់​យក​ទៅ​លក់​សូម្បី​តែ​នៅ​ក្នុង​តំបន់​ព្រៃ​អភិរក្ស។​

គេ​មិន​អាច​ដឹង​ច្បាស់​បាន​ទេ​ថា ​អ្នក​ណា​នៅ​ពី​ក្រោយ​ការ​កាប់​រំលំ​ឈើ​ម្រះ​ព្រៅ​ ព្រោះ​គ្មាន​នរណា​ម្នាក់​ត្រូវ​បាន​គេ​ចោទ​ប្រកាន់​នោះ​ទេ​ ប៉ុន្តែ​បទ​ឈ្មើ​កាប់​ដើម​ម្រះ​ព្រៅ​កើត​មាន​ជា​បន្ត​បន្ទាប់ ដែល​បាន​ធ្វើ​ឲ្យ​អ្នកភូមិ​រាប់​រយ​នាក់​បោះ​បង់​ចោល​គម្រោង​ការពារ​ព្រៃ​សហគមន៍​របស់​ពួក​គេហើយ​មាន​ការ​កាប់​ដើម​ឈើ​កាន់​តែ​ច្រើន។​

ឧបទ្ទវហេតុ​នេះ​គូស​បញ្ជាក់ពី​បញ្ហា​ប្រឈម​ក្នុង​ការ​ការ​ពារ​ព្រៃ​ឈើ​របស់​ប្រទេស​នេះ​ដែល​ក្រុម​អ្នក​ស្រាវជ្រាវ​និយាយ​ថា បាន​បាត់​យ៉ាង​ឆាប់​រហ័ស​ដោយសារ​តែ​ការ​កាប់​ឈើ​ និង​ការ​ផ្តល់ដី​សម្បទាន​កសិកម្ម​ឱ្យ​ក្រុមហ៊ុន។

យោង​តាម​ការ​សិក្សាមួយ​ដែល​ត្រូវ​បាន​ចេញ​ផ្សាយ​នៅ​ក្នុង​ទស្សនាវដ្តី ​Science Advances​ ក្នុង​ឆ្នាំ​២០១៧​ ប្រទេស​កម្ពុជា​បាន​បាត់​បង់​ព្រៃ​ឈើ​ចំនួន​១​លាន​៦​សែន​ហិកតា​នៅ​ចន្លោះ​ឆ្នាំ​២០០១​ និង​ឆ្នាំ ២០១៤​ រួម​មាន​៣៨​ភាគ​រយ​នៃ​ «ទេសភាព​ព្រៃ​ឈើ»​ដែល​ការសិក្សា​បាន​គេកំណត់​ថា​ ជា​«ព្រៃ​ឈើ​ដែល​ពី​មុន​គ្មាន​ស្នាម​កាប់​និង​ជា​ប្រព័ន្ធ​អេកូ​ធម្មជាតិ​ដែល​គ្មាន​ដើម​ឈើ​ណា​ត្រូវ​ការ​ប៉ះ​ពាល់​នោះ​ទេ»។

អ្នក​អភិរក្ស​បាន​ធ្វើការ​អស់​ជា​ច្រើន​ឆ្នាំ​ដើម្បី​បញ្ចុះ​បញ្ចូល​រដ្ឋាភិបាល​ និង​ ប្រជាជន​នៅ​តំបន់​ដាច់​ស្រយាល​ដើម្បី​ពិនិត្យ​មើល​ការ​បាត់បង់​ព្រៃ​ឈើ​ហើយ ​ ការ​អភិរក្ស​គំរូ​ព្រៃឈើ​សហគមន៍គឺ​ជាយុទ្ធ​សាស្ត្រ​សំខាន់។ ​

ប្រជាពល​រដ្ឋ​យល់​ស្រប​ក្នុង​ការ​ថែរក្សា​ព្រៃ​សហគមន៍ ​ ទោះ​ជា​យ៉ាង​ណាក្តី​ ពួក​គេ​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​បន្ត​ធ្វើ​ចំការ​លើ​ដី​ដែល​កំពុង​ដាំដុះ ហើយ​ពួក​កេ​អាច​ប្រមូល​អនុផល​ព្រៃឈើ​ កាប់​ឈើ​សម្រាប់​សំណង់​ផ្ទះ ឬ​សំណង​នានា​ ប្រសិន​បើ​ពួក​គេ​ទទួល​បាន​ការ​អនុញ្ញាត។ ​

លោក ​Ben Davis ​ដែល​បាន​ធ្វើ​ការ​អភិរក្ស​ព្រៃឈើនៅ​កម្ពុជា​ចាប់​តាំង​ពីឆ្នាំ​១៩៩២​មក​ ​ហើយ​ដែល​បានជួយ​បង្កើត​កម្ម​វិធី​អភិរក្ស​ព្រៃ​សហគមន៍​ឈើ​ជិត​ភូមិ​តាបូស​ក្នុង​ខេត្ត​ព្រះវិហារ​ បាន​និយាយ​ថា ​កម្មវិធី​នេះ​មិន​ទទួល​បាន​ជោគ​ជ័យ​ទេ។ ​លោក​និយាយ​ថា ​ការ​កាប់​ដើម​ឈើ​កើត​មាន​ភ្លាមៗ ​បើគ្មាន​អ្នក​ការពារ​នៅទី​នោះ។ ​កម្មវីធី​នេះ​ធ្វើបាន​ជោគជ័យ​លុះ​ត្រា​អង្គការក្រៅ​រដ្ឋាភិបាល​បង្កើត​ការិយាល័យ​នៅ​ក្នុង​ព្រៃ៕​