ខណៈដែលមេដឹកនាំនយោបាយជាន់ខ្ពស់ទាំងពីររូប គឺលោក ហ៊ុន សែន និងលោក សម រង្ស៊ី កំពុងលើកកម្ពស់វប្បធម៌សន្ទនា ដើម្បីដោះស្រាយបញ្ហាជាតិដោយសន្តិវិធី ដំណើរការដាំដុះផ្នត់គំនិតនៃវប្បធម៌សន្ទនានេះទទួលបានចំណាប់អារម្មណ៍ និងប្រតិកម្មចំរុះពីប្រជាពលរដ្ឋកម្ពុជា។
យោងតាមប្រវត្តិសាស្ត្រនយោបាយរបស់កម្ពុជា វប្បធម៌សន្ទនានេះធ្លាប់ចេញជារូបរាងឡើងតាំងពីទសវត្សរ៍៩០មកម្ល៉េះ។ នេះបើយោងតាមការបកស្រាយរបស់លោក ឈាង វណ្ណារិទ្ធិ សាស្ត្រាចារ្យខាងការសិក្សាអំពីតំបន់អាស៊ីបាស៊ីហ្វិកនៃសាកលវិទ្យាល័យ Leeds នៃចក្រភពអង់គ្លេស។
«យើងឃើញថាកាលពីទសវត្សរ៍៩០ ក៏មានវប្បធម៌សន្ទនា និងចរចារវាងភាគីដែលឈ្លោះគ្នា ហើយបានឈានទៅដល់កិច្ចព្រមព្រៀងទីក្រុងប៉ារីស ឆ្នាំ១៩៩១។ បន្ទាប់មកឆ្នាំ១៩៩៣ ក្រោយការបោះឆ្នោត ក៏មានការវិវាទនយោបាយជ្រាលជ្រៅដែរ ហើយក៏មានការចែករំលែកអំណាចគ្នារវាងគណបក្សហ៊្វុនស៊ិនប៉ិច ដែលឈ្នះឆ្នោត និងគណបក្សប្រជាជនដែលជាប់បន្ទាប់ និងគណបក្សផ្សេងទៀត ហើយបានបង្កើតជារដ្ឋាភិបាលចម្រុះ»។
ក៏ប៉ុន្តែ លោកយល់ថា វប្បធម៌សន្ទនាកាលពីអតីតកាលមានលក្ខណៈខុសពីវប្បធម៌សន្ទនានាពេលសព្វថ្ងៃនេះ ដែលមិនមែនក្នុងរូបភាពបែងចែកអំណាចនោះទេ។
«អ្វីដែលកើតឡើងវាខុសពីមុនគឺត្រង់ថា គណបក្សសង្គ្រោះជាតិ គឺជាគណបក្សប្រឆាំង ហើយនៅក្រៅរដ្ឋាភិបាល មិនចូលនៅក្នុងរដ្ឋាភិបាលទេ ហើយប្រើគេហៅថាឥទ្ធិពលនយោបាយ គេហៅថា សម្ពាធនយោបាយរបស់ខ្លួនតាមសភា ដែលជាអង្គនីតិបញ្ញត្តិមួយដែលឯករាជ្យ ដើម្បីដាក់សម្ពាធទៅលើផ្នែកនីតិប្រតិបត្តិរបស់រដ្ឋាភិបាល អនុវត្តគោលនយោបាយកំណែទម្រង់មួយចំនួន»។
លោក រ៉ែន នឿត អ្នកតាមដានព័ត៌មានរបស់វីអូអេ បានបង្ហាញការយល់ឃើញរបស់លោកចំពោះវប្បធម៌សន្ទនានេះជាសារតាមប្រព័ន្ធសង្គមរបស់វីអូអេ ដោយផ្តល់និយមន័យនៃវប្បធម៌សន្ទនាថាជា«ការផ្លាស់ប្តូរមតិយោបល់ គំនិត ទស្សនៈក្នុងន័យដោះស្រាយបញ្ហា»។ លោកបន្ថែមទៀតថា វប្បធម៌សន្ទនានេះមិនមែនជាការសន្ទនាបែបផ្អែមល្អែមនោះទេ តែជាការសន្ទនាមួយដែលជំរុញឲ្យមានការផ្តល់យោបល់ទៅវិញទៅមកយ៉ាងសកម្មដើម្បីស្ថាបនាសង្គម។
អ្វីដែលគួរឲ្យចាប់អារម្មណ៍ផងដែរនោះគឺថា មេដឹកនាំទាំងពីរមិនទាន់បានកំណត់ថា បញ្ហាជាតិអ្វីខ្លះដែលគួរតែត្រូវយកមកដោះស្រាយ តាមដំណើរការនៃវប្បធម៌សន្ទនានេះនៅឡើយទេ។ លោក សុខ លាំង ជាប្រជាពលរដ្ឋម្នាក់ដែលតាមដានបញ្ហាក្នុងសង្គមយ៉ាងដិតដល់យល់ថា ជាដំបូង វប្បធម៌សន្ទនានេះគួរតែយកបញ្ហាតូចៗមកដោះស្រាយ។
«អញ្ចឹងមេដឹកនាំទាំងពីរគួរតែពិចារណានៅក្នុងការជ្រើសរើសបញ្ហាណាដែលតូចល្មមហើយគិតថា យើងមានការខ្វែងគំនិតគ្នាតិចតួច ហើយរកជោគជ័យឲ្យបានមួយចំនួនសិន មុននឹងដោះស្រាយបញ្ហាធំៗរបស់ជាតិទៅខាងមុខទៀត»។
ចាប់តាំងពីគំនិតនៃវប្បធម៌សន្ទនានេះត្រូវបានបណ្តុះឡើង មានប្រតិកម្មអវិជ្ជមាន និងមន្ទិលសង្ស័យលើដំណើរការ និងប្រសិទ្ធភាពនៃវប្បធម៌នេះមួយកម្រិតដែរ។ ឧទាហរណ៍ ថ្មីៗនេះព្រះអង្គម្ចាស់ នរោត្តម រាណឫទ្ធិ ដែលជាអតីតប្រធានគណបក្សហ៊្វុនស៊ិនប៉ិច បានរិះគន់លោក សម រង្ស៊ី និងគំនិតវប្បធម៌សន្ទនានេះថា គ្រាន់តែជាការបោកប្រាស់ប៉ុណ្ណោះ។
យ៉ាងណាមិញ លោក សុខ លាំង មានប្រតិកម្មវិជ្ជមាន ចំពោះការបណ្តុះគ្រាប់ពូជនៃវប្បធម៌សន្ទនានេះ ដោយយល់ថា វាជាការផ្លាស់ប្តូរពីការប្រើប្រាស់អំពើហិង្សាមកស្វែងរកដំណោះស្រាយបែបសន្តិភាពវិញ។
«ខ្ញុំគិតថា ការសន្ទនានេះ គឺបើសិនជាវាមានបញ្ហាអ្វីមួយទាក់ទងនឹងបញ្ហាជាតិ ឬបញ្ហារវាងគណបក្សទាំងពីរនេះគឺគេជជែកគ្នា។ កាលណាបានជជែកគ្នាកាន់តែច្រើនដង គឺនឹងមានការយល់គ្នាកាន់តែច្រើន ហើយវានឹងកាន់បន្ថយនូវការគិតដែលគ្មានភស្តុតាង ការគិតពិចារណាមិនបានដិតដល់ ហើយដែលចេះតែសន្និដ្ឋានដោយខ្លួនឯង និងវិនិច្ឆ័យដោយខ្លួនឯងហ្នឹងដែលនាំឲ្យមានការប្រព្រឹត្តជាអំពើអ្វីមួយ ឧទាហរណ៍ដូចជាអំពើហិង្សាជាដើម »។
ឆន្ទៈនយោបាយគឺជាគន្លឹះដ៏សំខាន់ក្នុងការអនុវត្តគោលនយោបាយទៅតាមគោលដៅ។ លោក ឈាង វណ្ណារិទ្ធិ យល់ថា មេដឹកនាំទាំងពីរពិតជាមានឆន្ទៈនយោបាយដ៏ប្រាកដមួយក្នុងការបណ្តុះវប្បធម៌សន្ទនា ដើម្បីទុកជាគំរូនៃវិធីសាស្ត្រក្នុងការដោះស្រាយបញ្ហាជាតិតាមបែបសន្តិវិធី។
«ខ្ញុំគិតថា ភាគីទាំងពីរមានឆន្ទៈនយោបាយ។ ឆន្ទៈនយោបាយសំខាន់ណាស់។ ទាល់តែយើងមានឆន្ទៈនយោបាយហើយ ទើបយើងអាចធ្វើអ្វីៗទៅមុខបាន»។
ដោយឡែក ពាក្យថាវប្បធម៌មានន័យស៊ីជម្រៅ ហើយការបណ្តុះគោលគំនិតនីមួយៗត្រូវការពេលវេលាយូរ ដើម្បីបញ្ជ្រាបគំនិតនោះឲ្យក្លាយទៅជាវប្បធម៌។ លោក សុខ លាំង យល់ថា គោលគំនិតនៃវប្បធម៌សន្ទនានេះមិនទាន់ក្លាយជាវប្បធម៌នៅឡើយទេ។
«ការពិតវាមិនទាន់ក្លាយជាវប្បធម៌នៅឡើយទេ។ វាគ្រាន់តែ យើងថា ឥឡូវយើងដាំវប្បធម៌សន្ទនា។ អញ្ចឹងយើងត្រឹមតែរើសពូជវប្បធម៌សន្ទនានេះយកមកដាំ ដើម្បីឲ្យវាមានដុះជាផ្លែ ជាស្លឹក ជាមែក។ អញ្ចឹងយើងត្រូវតែមានការស្រោចទឹក ដាក់ជីថែទាំវាឲ្យបានល្អ»។
លោក សុខ លាំង បានបន្ថែមទៀតថា គោលគំនិតនៃវប្បធម៌សន្ទនានេះអាចក្លាយជា និងត្រូវបានចាត់ទុកជាវប្បធម៌សន្ទនាបាន លុះត្រាតែប្រជាពលរដ្ឋគ្រប់រូបយល់ដឹងបានទូលាយ ទទួលស្គាល់ និងអនុវត្តវប្បធម៌នេះ។
«ដើម្បីឲ្យប្រជាពលរដ្ឋយល់ពីវប្បធម៌សន្ទនា គឺមេដឹកនាំទាំងពីរនៃគណបក្សទាំងពីរត្រូវផ្សព្វផ្សាយ។ កាលដែលយើងផ្សព្វផ្សាយ ហើយនិងពន្យល់ឲ្យបានច្បាស់លាស់ ថាអ្វីទៅជាវប្បធម៌សន្ទនា ហើយគេធ្វើយ៉ាងម៉េចនៅក្នុងវប្បធម៌សន្ទនាហ្នឹង។ នៅពេលណាដែលប្រជាជនបានកាន់តែយល់ច្បាស់ និងចាប់ផ្តើមអនុវត្តវប្បធម៌សន្ទនា នៅពេលដែលមន្ត្រីគណបក្សចាប់ផ្តើមអនុវត្តវប្បធម៌សន្ទនា មនុស្សទាំងអស់ចាប់ផ្តើមអនុវត្តវប្បធម៌សន្ទនាហើយ ទើបវប្បធម៌សន្ទនានេះបានក្លាយជាដើមឈើមួយដែលរឹងមាំ ខ្យល់បក់មកល្មមៗវាអត់រលំ»។
លោក ឈាង វណ្ណារិទ្ធិ ក៏ទទួលស្គាល់ថា វប្បធម៌សន្ទនានេះអាចរីកលូតលាស់ទៅបានល្អប្រសើរ លុះត្រាតែមានការចូលរួម និងគាំទ្រពីសំណាក់មេដឹកនាំថ្នាក់លើ និងថ្នាក់ក្រោម។
«បើខាងលើមានឆន្ទៈនយោបាយ ហើយខាងក្រោមអត់ជឿ ទៅអត់រួចទេ។ នេះវាប្រហែលជាអាចបរាជ័យ។ អញ្ចឹងទេ វាត្រូវការមួយរយៈ ដើម្បីឲ្យគេហៅថាគំនិត និងទ្រឹស្តី ក៏ដូចជាគោលការណ៍នៃវប្បធម៌សន្ទនានេះ វាជ្រាបចូលទៅដល់ ពីលើរហូតមកដល់ក្រោម»។
លោក វណ្ណារិទ្ធិ បានបន្ថែមទៀតថា បរិបទមូលដ្ឋានអំណាចរបស់គណបក្សនយោបាយធំៗនៅកម្ពុជានាពេលបច្ចុប្បន្នមានអំណោយផលដល់ដំណើរការអនុវត្តវប្បធម៌សន្ទនានេះ។
«មូលដ្ឋានអំណាចនៃភាគីទាំងពីរវាប្រហាក់ប្រហែលគ្នា។ អញ្ចឹងភាគីមួយមិនអាចគ្របដណ្តប់ច្រើនលើភាគីមួយទៀតបានទេ។ ដូច្នេះ យើងឃើញថា ភាគីពីរហ្នឹងមានមូលដ្ឋានអំណាចប្រហាក់ប្រហែលគ្នា ជាពិសេសទាក់ទងនឹងការគាំទ្ររបស់ប្រជាជន។ ដូច្នេះ ការចរចារវាងភាគីដែលមានមូលដ្ឋានអំណាចប្រហាក់ប្រហែលគ្នា វាអាចផ្តល់លទ្ធផលល្អជាងដល់ផលប្រយោជន៍ជាតិ»។
ខណៈដែលមេដឹកនាំគណបក្សទាំងពីរមិនទាន់បានកំណត់វិសាលភាពនៃវប្បធម៌សន្ទនានេះ ប្រតិកម្មរបស់សាធារណៈជនមួយចំនួនជំរុញឲ្យគ្រាប់ពូជនៃវប្បធម៌សន្ទនានេះបញ្ជ្រាបដល់ថ្នាក់ក្រោម។ នេះបើយោងតាមការយល់ឃើញរបស់លោក រ៉ែន នឿត អ្នកតាមដានព័ត៌មានរបស់វីអូអេតាមបណ្តាញសង្គម។
លោក រ៉ែន នឿត បានសរសេរថា៖ «វប្បធម៌នេះគួរតែត្រូវយកទៅអនុវត្តនៅតាមថ្នាក់ភូមិ ឃុំ និងស្រុកដែរ។ ហើយបញ្ហាដែលជាកង្វល់របស់ប្រជាពលរដ្ឋដូចជា បញ្ហាការអប់រំកុមារ សុខាភិបាល បរិស្ថាន សិទ្ធិពលរដ្ឋជាដើម ត្រូវតែយកមកដោះស្រាយតាមបែបវប្បធម៌សន្ទនានេះ»។
លោក សុខ លាំង ក៏ទទួលស្គាល់ថា ការបញ្រ្ជាបគោលគំនិតនៃវប្បធម៌សន្ទនានេះដល់ថ្នាក់មូលដ្ឋានមានសារៈសំខាន់ ហើយអាចជាគន្លឹះមួយក្នុងការលុបបំបាត់វប្បធម៌ហិង្សា និងបង្កើនការយល់ដឹងរបស់ប្រជាពលរដ្ឋអំពីដំណើរការតាក់តែងគោលនយោបាយជាតិ។
បើទោះបីជាវប្បធម៌សន្ទនានេះអាចប្រឈមនឹងមន្ទិលសង្ស័យ និងការមិនជឿទុកចិត្តចំពោះគោលការណ៍នៃវប្បធម៌សន្ទនានេះក្តី ក៏ប្រតិកម្មពីសាធារណៈជនមួយភាគធំបានគាំទ្រចំពោះការបណ្តុះវប្បធម៌នេះឡើង ហើយសង្ឃឹមថា ទាំងមេដឹកនាំថ្នាក់ជាតិ និងថ្នាក់ក្រោមចាប់យក និងអនុវត្តវប្បធម៌សន្ទនាតាមបែបសន្តិវិធីនេះប្រកបដោយភាពជឿទុកចិត្តគ្នាទៅវិញទៅមក និងដោយសុច្ចរិតភាព៕