រដ្ឋាភិបាលបានក្រើនរម្លឹកដល់ផលិតករភាពយន្តក្នុងស្រុក និងក្រៅប្រទេសឱ្យធ្វើការផលិតស្នាដៃផងខ្លួនសម្រាប់ប្រយោជន៍ពាណិជ្ជកម្មស្របទៅតាមបញ្ញត្តិណែនាំកាលពី៦ឆ្នាំមុន។នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។
បើតាមសេចក្តីប្រកាសចុះថ្ងៃទី៧ ខែមីនា ឆ្នាំ២០២២ផលិតករភាពយន្តទាំងអស់នឹងមិនខាតបង់ពេលវេលាប្រសិនបើពួកគេសុំការអនុញ្ញាតដោយផ្ទាល់ក្នុងការទទួលបានសិទ្ធិផលិតស៉្បតពាណិជ្ជកម្មថតភាពយន្តឯកសារនិងចម្រៀងកាយវិការផ្សេងៗនៅនាយកដ្ឋានភាពយន្តនិងផ្សព្វផ្សាយវប្បធម៌របស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ។
ក្រសួងវប្បធម៌និងវិចិត្រសិល្បៈបានយោងទៅតាមអនុក្រឹត្យមួយចុះថ្ងៃទី៨ ខែវិច្ឆិកាឆ្នាំ២០១៦ស្តីពី«ការគ្រប់គ្រងឧស្សាហកម្មភាពយន្ត» ដែលបានលើកឡើងថារាល់ការស្នើសុំការអនុញ្ញាតថតភាពយន្តភាពយន្តឯកសារ ចម្រៀងកាយវិការឬស្ប៉តពាណិជ្ជកម្មផលិតករត្រូវដាក់ពាក្យស្នើសុំផ្ទាល់មកនាយកដ្ឋានសិល្បៈភាពយន្តនិងផ្សព្វផ្សាយវប្បធម៌នៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈដោយភ្ជាប់មកជាមួយនូវឯកសារពាក់ព័ន្ធមានជាអាទិ៍៖ លិខិតស្នើសុំថតអត្ថបទនិពន្ធរឿងពិស្តារអត្ថបទសង្ខេបខ្លឹមសារកម្មវិធីទីកន្លែងថត។ល។
សេចក្តីប្រកាសបានថ្លែងក្នុងន័យដើមថា៖ «ឯកសារទាំងនេះនឹងសម្រួលរាល់ទម្រង់នៃការស្នើសុំថតភាពយន្តភាពយន្តឯកសារ ចម្រៀងកាយវិការឬស្ប៉តពាណិជ្ជកម្មផ្សេងៗចៀសវាងការខាតបង់ពេលវេលានៃការស្នើសុំដោយប្រយោលឬដោយវិធីផ្សេងតាមរយៈអង្គភាពផ្សេងៗទៀត»។
នាយកប្រតិបត្តិសមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជាហៅកាត់ថាខេមបូចា លោក ណុប វីបានប្រាប់វីអូអេនៅថ្ងៃអង្គារថា សេចក្តីណែនាំរបស់ក្រសួងនឹងមិនជួយកិច្ចការរបស់ផលិតករភាពយន្តប៉ុន្តែវាអាចនឹងធ្វើឱ្យមានភាពយឺតយ៉ាវទៅវិញទេ។
លោកថ្លែងយ៉ាងដូច្នេះថា៖ «យើងត្រូវសុំការអនុញ្ញាតពីក្រសួងពីអីហ្នឹងវាធ្វើឱ្យប៉ះពាល់ទៅដល់ដំណើរការនៃការផលិតហ្នឹងមានភាពយឺតយ៉ាវហើយវាគឺជាទម្រង់នៃការរឹតត្បិតមួយសម្រាប់ខ្ញុំ។ ពីព្រោះវាគឺជាសេរីភាពនៃការគិតរបស់ផលិតករនីមួយៗទេ។ បើសិនជាគាត់មានការគិតពិចារណាច្នៃប្រតិដ្ឋក្នុងមធ្យោបាយបែបណាគឺជាសេរីភាពរបស់គាត់ទេកុំឱ្យតែដែលការរៀបចំការធ្វើទាំងអស់ហ្នឹងវារំលោភបំពានទៅដល់ច្បាប់អាហ្នឹងបានវាខុស»។
អ្នកការពារសិទ្ធិសារព័ត៌មានរូបនេះយល់ថា ការចេញសេចក្តីណែនាំខាងលើមិនមានភាពចាំបាច់ទេខណៈកម្ពុជាមានច្បាប់ពាក់ព័ន្ធសមល្មមនឹងឆ្លើយតបទៅនឹងសកម្មភាពបំពានណាមួយរបស់ផលិតករ។
រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោកឡុង ប៉ុណ្ណាស៊ីរីវត្ថប្រតិកម្មតបថាអនុក្រឹត្យខាងលើមិនមែនជារឿងថ្មីទេហើយក៏នឹងមិនបង្កការរំខានដល់អ្នកកាសែតដែរ ដោយថា អនុក្រឹត្យនោះមានវិសាលភាព ចម្បងលើអ្នកផលិតភាពយន្តដូចជាខ្សែភាពយន្តឯកសារដែលនឹងត្រូវបានតម្រូវឱ្យបង្ហាញពីសេណារីយោឬការរៀបចំឈុតឆាកសម្ដែងដល់អាជ្ញាធរមានសមត្ថកិច្ចនៅមុនការចាប់ផ្តើមផលិតកម្ម។
លោកប្រាប់វីអូអេនៅថ្ងៃអង្គារថា ប្រកាសរបស់ក្រសួងនាពេលថ្មីៗនេះគឺគ្រាន់តែចង់ជាការបញ្ជាក់ជាថ្មីថាផលិតករត្រូវមកសុំការអនុញ្ញាតពីនាយកដ្ឋានភាពយន្តដើម្បីបញ្ចៀសការខាតបង់ពេលវេលាទៅស្នើសុំស្ថាប័នផ្សេងដែលមិនទទួលខុសត្រូវក្នុងផ្នែកភាពយន្តនេះ។
លោកបញ្ជាក់ថា៖ «យើងសុំថា ពេលដែលគាត់សុំហ្នឹងឱ្យគាត់ដាក់សេណារីយោ [ឆាក]ដាក់កម្មវិធីថតអីនៅកន្លែងណាៗឱ្យយើងដឹងផង ដើម្បីយើងអនុញ្ញាតទៅយើងធ្វើលិខិតព្រោះអាហ្នឹងវាកាតព្វកិច្ចរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈឱ្យយល់អញ្ចឹង។ ពេលខ្លះមានដែរ គាត់មកអញ្ចឹងទៅគាត់ទៅតាមរយៈ ជួនកាលគាត់បរទេសគាត់ហ្នឹងមកតាមរយៈការបរទេសអញ្ចឹងទៅ។ ក្រសួងការបរទេសគាត់ធ្វើសុំមកក្រសួងដើម្បីអនុញ្ញាតឱ្យចឹងបន្តមួយគន្លាក់ទៀតទៅ។ ជួនកាលមកទៅតាមរយៈក្រសួងណាទេសចរណ៍ឬក្រសួងព័ត៌មានអីទៀតទៅគាត់អន្តរាគមន៍មកយើងយើងអនុញ្ញាតឱ្យថតអញ្ចឹងទៀតទៅ។ល។ និង។ល។»។
លោកបន្ថែមថា៖ «ហើយខ្លះទៀតឧបមាដូចពួកសារព័ត៌មានខ្លីៗអីពាក់ព័ន្ធដូចប្អូននិយាយមិញហ្នឹងគឺជាច្បាប់សារព័ត៌មានឬមួយខាងណាដែលវាផុតពីរឿងខ្សែភាពយន្តវែងៗឧបមាបទយកការណ៍ អីខ្លីៗ អា ហ្នឹងក្រសួងព័ត៌មាន។ អាហ្នឹងវាមិនមែនភាពយន្តទេ»។
ការដាក់បញ្ចាំងឬផលិតខ្សែភាពយន្តមួយចំនួននៅប្រទេសកម្ពុជាត្រូវបានមើលឃើញថាមានភាពចម្រូងចម្រាសនៅពេលដែលខ្សែភាពយន្តនោះធ្វើឡើងដោយមិនបានសុំសិទ្ធិស្របច្បាប់សម្រាប់ការផលិតពីអាជ្ញាធរកម្ពុជា។ តួយ៉ាងខ្សែភាពយន្ត ដែលមានចំណងជើងថា«នរណាសម្លាប់ជា វិជ្ជា» ដែលជាស្នាដៃរបស់ពលរដ្ឋអាមេរិកាំងលោកBradley Coxបានប្រឈមមុខនឹងការរារាំងពីអាជ្ញាធរកម្ពុជាមិនឱ្យចាក់បញ្ចាំងក្រោមហេតុផលថាខ្សែភាពយន្តផលិតឡើងដោយមិនមានការសុំអនុញ្ញាតពីអាជ្ញាធរក្នុងប្រទេសកម្ពុជា។
ផលិតករភាពយន្តនៅប្រទេសកម្ពុជាលោក ឆាយ បូរ៉ា បាននិយាយថាក្នុងការស្នើសុំផលិតភាពយន្តខ្នាតធំដែលផ្សាភ្ជាប់នឹងបញ្ហាសង្គមនិងនយោបាយអាជ្ញាធរដែលទទួលបន្ទុកកិច្ចការផលិតភាពយន្តរមែងតែស្នើសុំពិនិត្យមើលខ្លឹមសារសាច់រឿងជាមុនដើម្បីវាយតម្លៃថាផ្នែកណាដែលអាចថតបានឬចំណុចណាដែលគួររំលងនោះ។
លោកបញ្ជាក់ថា៖ «កាលណាយើងសុំទៅគេទាមទារសង្ខេបរឿងហ្នឹងបើយើងថតកុនខ្នាតធំគេទាមទារអត្ថបទរឿងហ្នឹងទៀត។ អញ្ចឹងគេមានគណៈកម្មការគេពិនិត្យមើលខ្លឹមសារឱ្យយើងកែកន្លែងណាប៉ះពាល់ច្រើនពេកដល់កន្លែងគេដែលមិនចង់ឱ្យនិយាយអាហ្នឹងយើងគេតម្រូវឱ្យកាត់ចោលអញ្ចឹង»។
បើតាមលោក ឆាយ បូរ៉ា ការសុំលិខិតអនុញ្ញាតពីក្រសួងវប្បធម៌និងវិចិត្រសិល្បៈអាចបង្កលក្ខណៈងាយស្រួលក្នុងការថតដោយក្រុមអ្នកផលិតភាពយន្តនឹងមិនប្រឈមជាមួយនឹងអាជ្ញាធរមូលដ្ឋាន។ យ៉ាងក៏ដោយលោកថា នៅប្រទេសជិតខាងកម្ពុជា ដូចជាថៃមិនបានតម្រូវឱ្យផលិតករសុំការអនុញ្ញាតបើសិនជាការផលិតខ្សែភាពយន្តនោះមិនរំខានដល់សណ្តាប់ធ្នាប់សាធារណៈ។
លោកថ្លែងថា៖ «តាមដឹងនៅថៃអីមិនតម្រូវឱ្យមានការសុំហ្នឹងទេយើងថតខ្នាតតូចល្មមៗ កុំឱ្យតែពាក់ព័ន្ធនឹងបិទផ្លូវអាហ្នឹង ត្រូវតែសុំអាជ្ញាធរគេព្រោះតែសុំគេនៅថៃគេមានប៉ូលិសក្រសួងអីមកធ្វើចរាចរណ៍ឱ្យយើង»។
អតីតប្រធានសមាគមភាពយន្តកម្ពុជារូបនេះឱ្យដឹងទៀតថា បើសិនការផលិតកុនឬភាពយន្តមានរយៈពេលខ្លីៗ ផលិតករអាចនឹងមិនត្រូវតម្រូវឱ្យសុំការអនុញ្ញាតពីក្រសួងនោះទេ។
ដោយឡែកលោកអំ សំអាតនាយករងទទួលបន្ទុកឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការលីកាដូយល់ថា អនុក្រឹត្យរបស់រដ្ឋាភិបាលមានភាពសមស្របសម្រាប់ដំណើរការផលិតភាពយន្តដើម្បីរកប្រាក់ចំណេញដូចជាវីដេអូខារ៉ាអូខេ (Karaoke) ជាដើម ប៉ុន្តែលោកបារម្ភអំពីការបកស្រាយផ្ទុយពីអនុក្រឹត្យដែលអាចបង្កការលំបាកដល់អ្នកដែលចងក្រងភាពយន្តឯកសារទាក់ទិនការអប់រំនិងសកម្មភាពសាធារណៈជាក់ស្តែងផ្សេងៗ៕