ប្រទេស​គុយបា​រំឭក​ខួប​៦ទសវត្សរ៍​នៃ​ការ​​ដាក់​ទណ្ឌកម្ម​របស់​សហរដ្ឋ​អាមេរិក

រូបឯកសារ៖ ពលរដ្ឋ​គុយបា​តម្រង់​ជួរ​ទិញ​ម្ហូបអាហារ​​នៅ​​ក្នុង​ហាង​​លក់​ទំនិញ​មួយ​ក្នុង​ទីក្រុង​ឡាហាវ៉ាន ប្រទេស​គុយបា ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២០។ (AFP)

ប្រទេស​គុយបា​នៅ​ថ្ងៃ​ចន្ទ​នេះបាន​រំឭក​ខួប​៦០​ឆ្នំា​នៃ​ការ​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​របស់​សហរដ្ឋ​អាមេរិក​ ដែល​បាន​ធ្វើ​ឲ្យប៉ះពាល់​ជា​ខ្លាំង​ដល់​ជោគវាសនា​របស់ប្រទេស​កុម្មុយនីស្ត​មួយ​នេះ ​ហើយ​គ្មាន​សញ្ញា​ណា​មួយ​បង្ហាញ​ថា ការ​ដាក់​ទណ្ឌកម្ម​នោះត្រូវ​បាន​ដកចេញ​ឡើយ។ នេះ​បើ​តាម​សេចក្តីរាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP។

ការ​ដាក់​ទណ្ឌកម្ម​លើ​ប្រទេស​គុយបា​ត្រូវ​បាន​ចូល​ជា​ធរមាន​ក្នុង​រយៈពេល​៤ថ្ងៃ​ក្រោយ​មក ​បន្ទាប់​ពីអតីត​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ លោកJohn F. Kennedyបាន​ចុះ​ហត្ថលេខាលើ​ក្រឹត្យ​ប្រតិបត្តិ​មួយកាល​ពី​ថ្ងៃ​ទី​៣ ខែ​កុម្ភៈ ឆ្នាំ​១៩៦២ ដើម្បី​ដាក់​ទណ្ឌកម្ម​រាល់ទំនាក់​ទំនងពាណិជ្ជកម្ម​ទ្វេភាគី​ទាំង​អស់​ជាមួយគុយបា។

បទបញ្ជា​ប្រតិបត្តិ​របស់អតីត​ប្រធានាធិបតី​សហរដ្ឋ​អាមេរិករូប​នេះ​ គឺ​ក្នុង​គោលបំណង​ដើម្បី​កាត់​បន្ថយនូវ​ការ​គំរាមកំហែង​របស់ប្រទេស​ដែន​កោះ​មួយ​នេះ​ដែល​បានងាក​ទៅ​រកមហា​អំណាច​កុម្មុយនីស្តនៅ​ពេល​នោះ។

បើ​ទោះ​បី​ជាការ​ដាក់​ទណ្ឌកម្ម​នេះ​ មិន​បាន​បង្ខំឲ្យ​គុយបា​ផ្លាស់ប្តូរនូវ​គោលជំហរ​របស់​ខ្លួន​ចាប់​តាំង​ពី​ពេល​នោះ​ក្តី ក៏​ការដាក់​ទណ្ឌកម្ម​នេះ​នៅ​តែ​ស្ថិតជា​ធរមាននៅឡើយ​ចាប់​តាំង​ពី​ពេល​នោះ​មក​ ហើយ​អាជ្ញាធរគុយបា​បាន​ស្តី​បន្ទោស​ថា ការដាក់​ទណ្ឌកម្ម​នេះ​ ​បាន​ធ្វើ​ឲ្យ​ខូច​ខាតដល់​សេដ្ឋកិច្ច​របស់​ខ្លួន​អស់​ទឹក​ប្រាក់​ប្រមាណ១៥០ពាន់លាន​ដុល្លារ។

ប្រទេស​គុយបា​បានឆ្លង​កាត់​នូវ​វិបត្តិសេដ្ឋកិច្ចដ៏ខ្លាំង​របស់​ខ្លួនក្នុង​រយៈពេល៣០​ឆ្នាំ​កន្លង​ទៅ ដោយអតិផរណាមាន​ទំហំ៧០% ហើយមាន​ការ​ខ្វះ​ខាត​ជា​ខ្លាំង​នូវស្បៀង​អាហារ​និង​ថ្នាំសង្កូវ​ស្រប​ពេល​នៃ​ការ​រាតត្បាត​ជំងឺ​កូវីដ១៩ កំពុង​ធ្វើ​ឲ្យប៉ះពាល់​នូវ​ប្រភព​ចំណូល​ដ៏សំខាន់​មួយ​របស់​ប្រទេស​នេះ​ គឺ​វិស័យ​ទេសចរណ៍។

វា​ជា​ការធម្មតា​មួយ​ទៅ​ហើយ​សម្រាប់​ពលរដ្ឋ​គុយបា​តម្រង់​ជួរ​ដ៏វែង​ដើម្បី​ទិញ​ទំនិញ​ចាំបាច់​នានា​ ​ស្រប​ពេល​ដែលការ​នាំចូល​នូវ​ស្បៀង​អាហារ​ពី​ក្រៅប្រទេស​ ត្រូវ​បាន​រដ្ឋាភិបាល​កាត់ទុក​មួយ​ផ្នែក​ សម្រាប់​ជាការ​បម្រុង​របស់​ខ្លួន។

រដ្ឋាភិបាល​ក្រុង​ឡាហាវ៉ាន​បាន​ស្តី​បន្ទោស​ការដាក់​ទណ្ឌកម្ម​នេះ​លើ​សត្រូវ​របស់​ខ្លួន។

អាជ្ញាធរ​គុយបា​បាន​ពង្រឹង​នូវ​សារ​របស់​ខ្លួនអស់​រយៈ​ពេល​ជា​ច្រើន​ខែ ដែល​មាន​ន័យ​ថា «ការដាក់​ទណ្ឌកម្ម​លើ​គុយបា​ ក៏​ជា​វីរុស​មួយ​ផង​ដែរ»ហើយ​បាន​រៀប​ចំ​ក្បួន​រថយន្ត ម៉ូតូ កង់ ដង្ហែ​ពាស​ពេញ​ផ្ទៃ​ប្រទេស​ ដោយ​ថ្កោល​ទោស​ទៅ​លើការ​ដាក់​ទណ្ឌកម្ម​នេះ។

ប៉ុន្តែ​អ្នក​រិះគន់លើក​ឡើង​ថា ការគ្មាន​ប្រសិទ្ធភាព​និង​រចនាសម្ព័ន្ធនៅ​ក្នុងសេដ្ឋកិច្ច​ដែល​គ្រប់គ្រង​ដោយប្រទេស​ដែល​មាន​គណបក្ស​តែ​មួយ​នេះ ​ក៏​ត្រូវ​រងការ​ស្តីបន្ទោស​ផង​ដែរ។

សកម្មជន​គុយបា​លោកស្រី Rosa Maria Payaនៃ​ក្រុមបញ្ចុះបញ្ចូលCubadecideដែលលោកស្រី​ដឹកនាំពី​ក្រៅ​ប្រទេស​បានលើក​ឡើង​ថា៖ «រដ្ឋ​គុយបា​ខ្លួន​ឯង​ជា​អ្នកដាក់​ទណ្ឌកម្ម​ពិត​ប្រាកដ»។

ប្រទេស​គុយបា​មាន​លទ្ធភាព​ផលិត​បន្តិច​បន្តួច​ប៉ុណ្ណោះ​ ហើយ​បាន​ពឹងផ្អែក​ទៅលើកការ​នាំចូល​ប្រមាណ​៨០%​ ​នៃ​ស្បៀងអាហារ​សម្រាប់​សេចក្តី​ត្រូវ​ការចាំបាច់​របស់​ខ្លួន៕