សង្គម​ស៊ីវិល​មើល​ឃើញ​ថា​លោក​ហ៊ុន សែន​លូកដៃ​កាន់​តែ​ជ្រៅ​ចូល​ក្នុង​ស្ថាប័ន​តុលាការ

រូបថតឯកសារ៖ ប្រជា​ពលរដ្ឋ​​​នាំគ្នា​តវ៉ា​យ៉ាង​ខ្លាំង​នៅ​ពី​មុខ​សាលាដំបូង​រាជធានី​ភ្នំពេញ។

ការ​ដក​ហូត​មុខ​តំណែង​លោក​ អាំង មាលតី​ ចេញពី​ប្រធាន​សាលា​ដំបូង​ក្រុង​ភ្នំពេញ​យ៉ាង​តក់​ក្រហល់​បាន​ធ្វើ​ឱ្យមានមតិមួយ​ចំនួន​សារ​ទរ​ចំពោះ​វិធាន​ការ​ក្តៅ​របស់​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន។ ​ក៏​ប៉ុន្តែ​ទន្ទឹម​គ្នា​នេះ​ក៏​មាន​ការ​រិះគន់​ថា​ស្ថាប័ន​នីតិ​ប្រតិបត្តិ​កំពុង​លូក​ដៃ​យ៉ាង​ជ្រៅ​ចូល​នៅ​ក្នុង​អំណាច​តុលាការ​ដែល​ជា​ស្ថាប័ន​ពីរ​ដាច់​ស្រឡះពី​គ្នា។

ការ​ចោទ​ប្រកាន់​ថាលោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​បានជ្រៀត​ចូល​ក្នុង​ស្ថាប័ន​តុលាការ​នេះ​បាន​ធ្វើ​ឱ្យក្រុម​អ្នក​ឃ្លាំ​មើល​ការ​រំលោភ​សិទ្ធិ​មនុស្ស​ខ្លះ​យល់​ឃើញ​ថា​មន្ត្រី​តុលាការ​កាន់​តែ​ខ្លាច​អំណាច​លោក​ ហ៊ុន សែន​ កាន់​តែ​ខ្លាំង ​ដែល​ធ្វើ​ឱ្យពួកគេ​មាន​ពេល​ខ្លះ​សម្រេច​វិនិច្ឆ័យ​ក្តី​មិន​ស្រប​ទៅ​តាម​ច្បាប់​ និង​ រង់​ចាំ​តែ​ស្តាប់​បទ​បញ្ជា​ពី​ថ្នាក់​លើ​ជា​ពិសេស​រឿង​ក្តី​ពាក់​ព័ន្ធ​នឹង​រឿង​នយោបាយ។​

លោក​ នី ចរិយា ​ប្រធាន​ក្រុម​ស៊ើប​អង្កេត​របស់សមាគម​អាដហុក​មាន​ប្រសាសន៍​ថា​រឿង​ដក​ហូត​មុខ​តំណែង​តុលាការ​មិន​មែន​ទាក់​ទង​ទៅ​នឹង​រឿង​យុត្តិធម៌​ទេ​ដោយ​សារ​តែ​លោក​ ហ៊ុន សែន​ មិន​ដែល​គិត​រឿង​យុត្តិធម៌​ទេ។​

ចំណុច​នេះ​លោក​នី ចរិយា​បាន​ធ្វើ​ការ​ប្រៀប​ធៀប​រវាង​សកម្មជន​ដីធ្លី​ និង​ សកម្មជន​នយោបាយ​ ព្រម​ទាំង​ព្រះ​សង្ឃ​ខ្មែរ​កម្ពុជា​ក្រោម​ ត្រូវ​បាន​ចាប់​ដាក់​ពន្ធនាគារ​តែមិន​ដែល​ឃើញ​លោក​ ហ៊ុន សែន​ចេញ​មុខ​អន្តរាគម​ទេ។​

លោក​បាន​បញ្ជាក់​ថា​ចំណាត់​ការ​ថ្មី​ៗរបស់​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ ​ទាក់​ទិន​នឹង​ប្រព័ន្ធ​តុលាការ​នឹងធ្វើ​ឱ្យមន្ត្រី​តុលាការ​ឯទៀតៗ​កាន់​តែ​ខ្លាច​អំណាច​របស់​លោក​ហ៊ុន សែន​កាន់​តែ​ខ្លាំង។​

លោក​និយាយ​ថា៖​«ដើម្បី​បង្ហាញ​ប្រព័ន្ធ​តុលាការ​ហ្នឹង​ឱ្យកាន់​តែ​រឹង​មាំ​ថែម​ទៀត​គឺ​មាន​ន័យ​ថា​គឺ​ឱ្យតុលាការ​ ចៅក្រម ​ព្រះ​រាជ​អាជ្ញា​ទាំង​អស់​ហ្នឹង​រិត​តែ​រណប​ សម្តេច​នាយក​រដ្ឋមន្រ្តី​ ហ៊ុន សែន​ថែម​ទៀត​ពី​ព្រោះ​គឺ​ថា​ប្រព័ន្ធ​តុលាការ​ទាំង​មូល​ស្ថិត​នៅ​ក្រោម​កណ្តាប់​ដៃ​សម្តេច​ហ៊ុន សែន​ទាំង​អស់»។​

កាល​ពី​ថ្ងៃ​ពុធ​លោក​ អាំង មាលតី ​អតីត​ប្រធាន​តុលាការ​ក្រុង​ភ្នំពេញ​ត្រូវ​បាន​ដក​ហូត​ចេញ​ពី​មុខ​តំណែង​ គឺ​បាន​កើត​ឡើង​តែ​មួយ​ថ្ងៃ​ប៉ុណ្ណោះ។ ​ក្រោយ​ពី​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​បាន​ស្នើ​ដល់ឧត្តម​ក្រុម​ប្រឹក្សា​នៃ​អង្គ​ចៅ​ក្រម​ដែល​មាន​ព្រះ​មហា​ក្សត្រ​ជា​ប្រធាន​ធ្វើការ​ស៊ើប​អង្កេត​ជា​បន្ទាន់​ពាក់​ព័ន្ធ​នឹង​ការ​ដោះ​លែង​ឪពុក​ម្តាយ​លោក​ថោង​សារ៉ាត់​ទាក់​ទិន​នឹង​ករណី​ឃាតកម្ម​កាល​ពី​ឆ្នាំ​២០១៤។​

លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ក៏​បាន​ថ្លែង​ការពារ​ខ្លួន​លោក​ដែរ​ថា​លោក​មិន​បាន​លូក​ដៃ​ចូល​ក្នុង​ស្ថាប័ន​តុលាការ​ទេ។​ក៏ប៉ុន្តែ​ក្រោយ​ពី​ការ​ប្រកាស​របស់​លោក​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ​ប្រធាន​តុលាការ​ក្រុងត្រូវ​បាន​ដក​ហូត​ភ្លាម​និង​បាន​ប្រកាស​តែង​តាំង​លោក​ចៅ​ក្រម​ តាំង ស៊ុនឡាយ​ ជា​ប្រធាន​តុលាការ​ថ្មី​ដែល​លោក​ត្រូវ​បាន​កត់​សម្គាល់​ថា​ជា​ចៅ​ក្រម​មួយ​រូប​ដែល​បាន​កាត់​ទោស​អ្នក​ស្រី​យ៉ោម​ បុប្ជា ​សកម្មជន​បឹងកក់​ឱ្យជាប់​ក្នុង​ពន្ធនាគារ។​

លោក​ ចាន់ ពុទ្ធិស័ក​ សកម្មជន​ដីធ្លី​នៅ​តំបន់​បឹង​កក់​មាន​ប្រសាសន៍​ថា​កន្លង​មក​មិនដែល​ឃើញ​លោក​ហ៊ុន សែន​អន្តរាគម​ឱ្យ​ដោះ​លែង​សកម្ម​ជន​នៅ​ក្នុង​តំបន់​បឹងកក់​ទេ​ មាន​តែ​ករណី​ដាក់​បន្ទុក​បន្ថែម។ ​លោក​បាន​ស្តី​បន្ទោស​ថា​ចំណាត់​ការ​របស់​លោក​ហ៊ុន សែន​ បាន​បង្កប់​ដោយ​នយោបាយ។​

លោក​និយាយ​ថា​៖​«សង្ឃឹម​ថា​បញ្ហា​នេះ​បើ​សិន​ជា​គាត់​មាន​ចេតនា​ពង្រឹង​ប្រព័ន្ធ​តុលាការ​ឱ្យមាន​ភាព​ឯក​រាជ្យ​ សេរី​ និង​ យុត្តិ​ធម៌​សង្ឃឹម​ថា​សង្គម​ខ្មែរ​អាច​នឹង​មាន​ភាព​យុត្តិធម៌​ទៅ​ថ្ងៃ​អនាគត។​ប៉ុន្តែ​ប្រសិន​បើ​សម្រែក​ដើម្បី​ជា​នយោបាយ​ទេ​ អញ្ចឹង​ប្រជា​ពលរដ្ឋ​ខ្មែរ​នៅ​តែ​មិន​មាន​យុត្តិ​ធម៌​ដដែល​ទេ»។​

លោក​ គឹម សន្តិភាព​ អ្នក​នាំ​ពាក្យ​ក្រសួង​យុត្តិធម៌​បាន​ច្រាន​ចោល​ចំពោះ​ការ​ចោទ​ប្រកាន់​ទាំង​នេះ។​

លោក​និយាយ​ថា៖‍«ចំណាត់​ការ​នេះ​មិន​មែន​ពាក់​ព័ន្ធ​នឹង​បញ្ហា​លូក​ដៃ​ទៅ​ក្នុង​ប្រព័ន្ធ​តុលាការ​អ្វី​ទេ។​ នេះ ​អ្វី​ដែល​ធ្វើ​ការ​ពិនិត្យ​នេះ​គឺ​យោង​តាម​ការ​ស្នើ​សុំ​ឱ្យមាន​ការ​ពិនិត្យ​គឺ​មិន​មាន​ បាន​ន័យ​ថា​លូក​ដៃ​ចូល​ទៅ​ក្នុង​ប្រព័ន្ធ​តុលាការ​ គឺ​ស្នើ​សុំ​ទៅ​លើ​ការ​ពិនិត្យ​ដែល​ជា​ការ​ចាប់​អារម្មណ៍​មួយ​ដែល​ថា​ករណី​នេះ​មាន​ភាព​មិន​ប្រក្រតី»។​

យ៉ាង​តិច​មាន​សកម្មជន​បឹងកក់​ សកម្មជន​ នយោបាយ​ រួម​ទាំង​អតីត​ព្រះ​សង្ឃ​ខ្មែរ​កម្ពុជា​ក្រោម​ប្រមាណ​១៩​នាក់​កំពុង​ជាប់ឃាំង​ក្នុង​ពន្ធនាគារ​ក្រោម​បទ​ចោទ​ប្រកាន់​ផ្សេងៗ​គ្នា។​

លោក​ ចាន់ ពុទ្ធិស័ក​ បាន​បញ្ជាក់ថា​រដ្ឋាភិបាល​មិនគួរ​មាន​ភាព​លម្អៀង​រឿង​ក្តី​អ្នក​ភូមិ​បឹងកក់​និង​រឿង​ក្តី​ឃាតកម្ម​ទៅ​លើ​លោក​ ឧកញ៉ា អ៊ឹង ម៉េង​ជឺ​ទេ។​

រឿង​ក្តី​ពាក់​ព័ន្ធ​នឹង​ករណី​ឃាតកម្ម​នេះ​ឧត្តម​ក្រុម​ប្រឹក្សា​នៃ​អង្គ​ចៅ​ក្រម​ជំហាន​ដំបូង​គ្រាន់​តែ​ដក​ហូត​មុខ​តំណែង​ប្រធាន​តុលាការ​ក្រុង​ភ្នំពេញ​តែ​ប៉ុណ្ណោះ។​ក៏ប៉ុន្តែ​មិន​មាន​ចៅ​ក្រម​ និង​ ព្រះ​រាជ​អាជ្ញា​ណា​ម្នាក់​ត្រូវ​ចាប់​ខ្លួន​នាំ​យក​មក​កាត់​ទោស​ទេ​ពាក់​ព័ន្ធ​នឹង​ការ​ដោះ​លែង​ឪពុក​ម្តាយ​លោក​ ថោង​ សារ៉ាត៕