ក្រុមអង្គការសង្គមស៊ីវិលចំនួន២២ បានចេញសេចក្តីថ្លែងការណ៍រួមមួយកាលពីថ្ងៃអង្គារ ស្នើឲ្យអាជ្ញាធរដោះលែងលោក ហ៊ុន វណ្ណៈ និងលោក ឌឹម គុនឌី ជាសកម្មជនបរិស្ថានដែលមានសម្ព័ន្ធភាពជាមួយអង្គការមាតាធម្មជាតិ ដែលទើបតែត្រូវបានលុបឈ្មោះចេញពីបញ្ជីរបស់ក្រសួងមហាផ្ទៃនាពេលថ្មីៗនេះ។
ក្រុមអង្គការសង្គមស៊ីវិលបានបញ្ជាក់ថា សកម្មជនបរិស្ថានទាំងពីរ ត្រូវបានឃុំខ្លួនពុំសមហេតុផលអស់រយៈពេលជាងពីរខែមកហើយ ទាក់ទិននឹងបទចោទគ្មានមូលដ្ឋានច្បាស់លាស់។
សកម្មជនទាំងពីរ ត្រូវបានព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកោះកុង សាកសួរដោយពុំមានវត្តមានមេធាវី និងបន្ទាប់មកត្រូវបានឃុំខ្លួននៅពន្ធនាគារព្រែកស្វាយ ខេត្តកោះកុង។ ពួកគេទាំងពីរនាក់ ក្រោយមកទៀតត្រូវបានចោទប្រកាន់ពីបទ «ញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍» និងបទ «ប៉ះពាល់ដល់សិទ្ធិខាងរូបភាពបុគ្គល»។
ក្រុមអង្គការសង្គមស៊ីវិល បានលើកឡើងក្នុងសេចក្តីថ្លែងការណ៍រួមរបស់ខ្លួនតាមន័យដើមថា៖ «យើងខ្ញុំសូមអំពាវនាវដល់អាជ្ញាធរកម្ពុជា គោរពតាមកាតព្វកិច្ចរបស់ខ្លួនក្នុងរដ្ឋធម្មនុញ្ញ និងសិទ្ធិមនុស្សអន្តរជាតិនានា តាមរយៈការដោះលែងលោក ហ៊ុន វណ្ណៈ និងលោក ឌឹម គុនឌី និងធានាការគោរពពេញលេញចំពោះការសន្មត់ជាមុនថា គ្មានទោស និងសិទ្ធិទទួលបានការជំនុំជម្រះដោយយុត្តិធម៌ដទៃទៀត។ យើងខ្ញុំក៏សូមស្នើឲ្យទម្លាក់ចោលការចោទប្រកាន់ ដែលគ្មានមូលដ្ឋានច្បាស់លាស់ទាំងនេះ និងផ្តល់សំណងសមរម្យទៅដល់លោក ឌឹម គុណឌី និងលោក ហ៊ុន វណ្ណៈ ដើម្បីជាការទទួលស្គាល់ចំពោះការដកហូតសេរីភាពរបស់ពួកគាត់តាមអំពើចិត្ត»។
ការឃាត់ និងការឃុំខ្លួនយុវជនទាំងពីរនាក់នោះ ធ្វើឡើងបន្ទាប់ពីសកម្មជនចលនាមាតាធម្មជាតិ កាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ ២០១៧ បានចេញផ្សាយវីដេអូមួយទាក់ទងនឹងការរកឃើញភាពមិនប្រក្រតីនៃការនាំចេញខ្សាច់ស៊ីលីកា ឬខ្សាច់ស ទៅកោះតៃវ៉ាន់ចំនួនជាង១លានតោន ដែលគិតជាទឹកប្រាក់ជាង៣០លានដុល្លារអាមេរិក។ ក្នុងវីដេអូនោះ ពួកគេក៏ទាមទារឲ្យរដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល លោក ស៊ុយ សែម ពិចារណាចុះចេញពីតំណែងដើម្បីឲ្យថ្នាក់ដឹកនាំថ្មីផ្សេងទៀតស្ដារកេរ្តិ៍ឈ្មោះរដ្ឋាភិបាលឡើងវិញ។
តាមសេចក្តីថ្លែងការណ៍រួមរបស់ក្រុមអង្គការសង្គមស៊ីវិលចំនួន២២ដដែលនោះ បានឲ្យដឹងថា មានសេចក្តីរាយការណ៍ថា ការចាប់ខ្លួនលោក ឌឹម គុណឌី និងលោក ហ៊ុន វណ្ណៈ ធ្វើឡើងដោយផ្អែកលើបណ្តឹងចោទថា បានរំលោភលើសិទ្ធិខាងរូបភាពបុគ្គល និងញុះញង់របស់លោក លី យ៉ុងផាត់ ជាអ្នកជំនួញម្នាក់ដ៏មានឥទ្ធិពលបំផុត និងមានទំនាក់ទំនងសិ្នទ្ធជាមួយអ្នកមានអំណាចនៅកម្ពុជា។ លោក លី យ៉ុងផាត់ ជាម្ចាស់ក្រុមហ៊ុន អ៊ិលវ៉ាយភី គ្រុប និងជាសមាជិកព្រឹទ្ធសភាមកពីគណបក្សប្រជាជនកម្ពុជាដែលជាបក្សកាន់អំណាច៕